កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៤១
ខព្រះគម្ពីរប្រចាំថ្ងៃ: ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង ។ ធីម៉ូថេទី២ ៤:២
បណ្តាំដ៏ឧឡារិកចំពោះអ្នកដែលមានចិត្ដខ្នះខ្នែងនិងស្មោះត្រង់ដូចធីម៉ូថេនេះ គឺជាទីបន្ទាល់ដ៏រឹងមាំអំពីសារៈសំខាន់និងការទទួលខុសត្រូវនៃការងាររបស់គ្រូគង្វាលនៃដំណឹងល្អ ។ លោកប៉ុលបានបង្គាប់ដល់ធីម៉ូថេ ដែលព្រះបានត្រាស់ហៅ ឲ្យអធិប្បាយពីព្រះបន្ទូល ឲ្យត្រៀមខ្លួនធ្វើជាទីបន្ទាល់អំពីព្រះ នៅចំពោះមុខពួកជំនុំធំនិងក្នុងរង្វង់គ្រួសារ នៅតាមផ្លូវនិងនៅជុំវិញភ្នក់ភ្លើង ដល់មិត្តភក្តិនិងសត្រូវ ទោះបីជាពេលមានសុវត្ថិភាពឬត្រូវប្រឈមនឹងការលំបាកនិងគ្រោះថ្នាក់ ការប្រមាថ និងការបាត់បង់ជីវិតក៏ដោយ នៅពេលឱកាសផ្តល់ឲ្យ មិនមែនតាមពាក្យសម្តីនិងទំនៀមទម្លាប់របស់មនុស្សទេ។
ដោយបារម្ភក្រែងចិត្ដស្លូតបូតនិងរាបទាបរបស់ធីម៉ូថេអាចនាំឲ្យគាត់ជៀសចេញពីផ្នែកដ៏សំខាន់នៃកិច្ចការរបស់គាត់ លោកប៉ុលបានដាស់តឿនគាត់ឲ្យស្មោះត្រង់ក្នុងការប្រដៅតម្រង់ដល់អំពើបាប ហើយថែមទាំងស្ដីបន្ទោសយ៉ាងខ្លាំងៗចំពោះអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ប៉ុន្ដែ គាត់ត្រូវធ្វើដូច្នេះ «ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង» ។ គាត់ត្រូវបង្ហាញពីការអត់ធ្មត់ និងសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ត ដោយពន្យល់និងអនុវត្តតាមការប្រដៅតម្រង់របស់គាត់តាមសេចក្តីពិតនៃព្រះបន្ទូល។
ការស្អប់និងការស្តីបន្ទោសដល់អំពើបាប ហើយបង្ហាញពីការអាណិតអាសូរនិងការថ្នាក់ថ្នមចំពោះមនុស្សមានបាប ក្នុងពេលជាមួយគ្នាគឺជាការដ៏ពិបាក ។ យើងខិតខំប្រឹងប្រែងដើម្បីឲ្យបានទទួលភាពបរិសុទ្ធនៃជីវិតនិងចិត្តកាន់តែខ្លាំង យើងយល់ដឹងកាន់តែច្បាស់អំពីអំពើបាបនិងធ្វើការសម្រេចចិត្តប្រឆាំងនឹងភាពខុសឆ្គងកាន់តែខ្លាំងឡើងដែរ ។ យើងត្រូវប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តធ្ងន់ធ្ងរហួសហេតុចំពោះអ្នកប្រព្រឹត្តខុស តែយើងក៏ត្រូវប្រុងប្រយ័ត្នកុំមើលរំលងការបង្កើនអំពើបាបឲ្យកាន់តែកើនឡើងផងដែរ។ យើងចាំបាច់ត្រូវតែបង្ហាញពីការអត់ធ្មត់និងសេចក្តីស្រឡាញ់ដូចព្រះគ្រិស្ត ចំពោះអ្នកប្រព្រឹត្តខុស ប៉ុន្ដែ ក៏អាចមានគ្រោះថ្នាក់ផងដែរ ក្នុងការបង្ហាញការអត់ធ្មត់ខ្លាំងពេកចំពោះកំហុសរបស់គេ ដែលធ្វើឲ្យគេមើលមកខ្លួនឯងថាជាកំហុសនោះមិនបានទទួលការស្តីបន្ទោសនោះទេ ហើយនឹងបដិសេធមិនទទួលស្គាល់ថាកំហុសនោះគឺជារឿងមិនសមរម្យនិងអយុត្តិធម៌នោះឡើយ។
ជួនកាលអ្នកបម្រើនៃដំណឹងល្អមានគ្រោះថ្នាក់ជាខ្លាំង ដោយអនុញ្ញាតឲ្យការអត់ធ្មត់របស់ពួកគេចំពោះអំពើខុសឆ្គងកើតឡើង ដោយការសម្របសម្រួលជាមួយនឹងអំពើបាប ហើយរហូតដល់បានចូលរួមនៅក្នុងអំពើបាបទាំងនោះថែមទៀតផង។ ដូច្នេះ អំពើនោះបានដឹកនាំពួកគេឲ្យលើកលែងនិងបន្ធូរបន្ថយចំពោះអំពីដែលព្រះដាក់ទោស ហើយមួយរយៈក្រោយមក ពួកគេមើលលែងឃើញអ្នកដែលព្រះបង្គាប់ឲ្យពួកគេស្តីបន្ទោស ។ អ្នកណាដែលបានកាត់បន្ថយការយល់ដឹងខាងវិញ្ញាណរបស់ខ្លួន ដោយការអត់ឱនឲ្យអំពើបាបរបស់អ្នកដែលព្រះបានផ្ដន្ទាទោស នោះនឹងធ្វើឲ្យអំពើបាបកាន់តែធំឡើងនៅពេលឆាប់ៗ ដោយភាពតឹងតែងនិងភាពឃោរឃៅចំពោះអ្នកដែលព្រះសព្វព្រះហឫទ័យ។
ដោយមោទនភាពនៃប្រាជ្ញារបស់មនុស្ស ដោយការប្រមាថដល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ និងដោយការមិនពេញចិត្តចំពោះសេចក្ដីពិតនៃព្រះបន្ទូល មនុស្សជាច្រើនដែលអះអាងថាជាគ្រិស្តសាសនិក ហើយដែលមានសមត្ថភាពអាចបង្រៀនដល់អ្នកដទៃ នឹងត្រូវបានដឹកនាំឲ្យងាកចេញពីតម្រូវការរបស់ព្រះ ។ សាវ័កប៉ុលបានប្រាប់ធីម៉ូថេថា «ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ( ធីម៉ូថេទី២ ៤:៧ )