ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៤២
នៅទីនេះសាវ័កប៉ុលមិនបានសំដៅទៅលើអ្នកដែលមិនមានជំនឿស៊ប់ដោយបើកចំហនោះទេ ប៉ុន្ដែ ចំពោះពួកអ្នកដែលអះអាងថាជាគ្រិស្តសាសនិក ជាអ្នកដែលមានភាពលម្អៀងក្នុងការដឹកនាំរបស់ពួកគេ ដូច្នេះ ពួកគេក៏ក្លាយជាទាសករនៃខ្លួនឯង ។ មនុស្សបែបនេះមានឆន្ទៈស្តាប់តាមតែគោលលទ្ធិណាដែលមិនដាក់កំហុសដល់អំពើបាបរបស់ខ្លួន ឬថ្កោលទោសចំពោះការប្រព្រឹត្ដដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ពួកគេប៉ុណ្ណោះ ។ ពួកគេត្រូវបានមើលងាយដោយពាក្យសម្តីត្រង់ៗនៃពួកអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ត ហើយជ្រើសរើសពួកគ្រូដែលសរសើរនិងបញ្ជោរដល់ពួកគេវិញ។ ហើយក្នុងចំណោមពួកអ្នកអះអាងថាជាគ្រូ គង្វាល ក៏មានអ្នកដែលអធិប្បាយពីទស្សនៈរបស់មនុស្ស ជាជាងព្រះបន្ទូលរបស់ព្រះដែរ ។ ដោយមិនស្មោះត្រង់ចំពោះកិច្ចការរបស់ខ្លួន ពួកគេនោះនាំមនុស្សដែលសម្លឹងមើលទៅកាន់ការដឹកនាំរបស់ពួកគេឲ្យវង្វេង។
ព្រះទ្រង់បានប្រទាននូវការគ្រប់គ្រងនៃជីវិតដ៏ល្អគ្រប់លក្ខណ៍ នៅក្នុងព្រះឱវាទនៃក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់ ហើយទ្រង់បានប្រកាសថា មិនមានសូម្បីតែក្បៀសឬបាំងឈើមួយនៅក្នុងក្រឹត្យវិន័យនោះ ត្រូវបានផ្លាស់ប្តូរឡើយ ហើយមនុស្សគ្រប់គ្នាត្រូវតែគោរពទៅតាមការទាមទាររបស់ក្រឹត្យវិន័យនោះ ។ ព្រះគ្រិស្តបានយាងមកដើម្បីនឹងលើកតម្កើងក្រឹត្យវិន័យនេះឲ្យកាន់តែមានកិត្តិយសឡើង។ ព្រះអង្គបានបង្ហាញថា ក្រឹត្យវិន័យនោះមានមូលដ្ឋាននៅលើសេចក្ដីស្រឡាញ់ចំពោះព្រះនិងសេចក្ដីស្រឡាញ់ចំពោះមនុស្ស និងថាការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិនៃក្រឹត្យវិន័យនោះគឺជាកាតព្វកិច្ចរបស់មនុស្សទាំងស្រុង ។ ព្រះអង្គបានប្រទានគំរូនៃការគោរពប្រតិបត្តិដល់ក្រឹត្យវិន័យរបស់ព្រះ នៅក្នុងព្រះជន្មរបស់ព្រះអង្គផ្ទាល់ ។ ព្រះអង្គបានបង្ហាញពីតម្រូវការរបស់ក្រឹត្យវិន័យនោះ មិនត្រឹមតែសកម្មភាពខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែ គឺរហូតដល់ការយល់ដឹងដែលនៅក្នុងគំនិតនិងបំណងនៅក្នុងចិត្តថែមទៀត។
ការគោរពក្រឹត្យវិន័យដឹកនាំមនុស្ស «ឲ្យលះចោលសេចក្តីទមិលល្មើស និងសេចក្តីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្តីធ្ងន់ធ្ងរ សេចក្តីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ» (ទីតុស ២:១២) ។ ប៉ុន្តែ សត្រូវនៃសេចក្តីសុចរិត បានចាប់លោកិយធ្វើជាទាសករ ហើយបានដឹកនាំមនុស្សប្រុសស្រីទាំងឡាយមិនឲ្យគោរពតាមក្រឹត្យវិន័យនោះ ។ ដូចលោកប៉ុលមើលឃើញជាមុន មនុស្សជាច្រើនបានងាកចេញពីសេចក្ដីពិតដ៏ជាក់ច្បាស់នៃព្រះបន្ទូលរបស់ព្រះ ហើយបានជ្រើសរើសគ្រូបង្រៀនដែលបង្ហាញនូវរឿងប្រឌិតដែលពួកគេចង់បាន ។ ទាំងអ្នកបម្រើព្រះនិងមនុស្សជាច្រើនបានជាន់ឈ្លីបទបញ្ញត្តិរបស់ព្រះ ។ ដូច្នេះ ព្រះដែលបង្កើតពិភពលោកត្រូវគេប្រមាថមើលងាយ ហើយសាតាំងសើចសប្បាយដោយឧបាយកលរបស់វាមានជ័យជម្នះ។
ជាមួយនឹងការមើលងាយកាន់តែខ្លាំងឡើងចំពោះក្រឹត្យវិន័យរបស់ព្រះនេះ ក៏មានការស្អប់ខ្ពើមកាន់តែច្រើនឡើងចំពោះសាសនា ការបង្កើនមោទនភាព ការចូលចិត្តនឹងការសប្បាយ ការមិនស្ដាប់បង្គាប់ឪពុកម្ដាយ ការមិនប្រកាន់ទោសខ្លួនឯង និងមានការទ័លគំនិតគ្រប់ទីកន្លែងដែរ តើគេអាចធ្វើអ្វីដើម្បីកែតម្រូវអំពើអាក្រក់ដ៏គួរឲ្យភ្ញាក់ផ្អើលទាំងនេះ? ចម្លើយត្រូវបានរកឃើញនៅក្នុងការដាស់តឿនរបស់លោកប៉ុលទៅកាន់ធីម៉ូថេថា «ចូរអធិប្បាយព្រះបន្ទូលរបស់ព្រះ» ។ មានតែនៅក្នុងព្រះគម្ពីរទេ ដែលគេបានរកឃើញគោលការណ៍នៃសកម្មភាពដ៏មានសុវត្ថិភាព។ គឺជាចំណារនៃព្រះហឫទ័យរបស់ព្រះ និងជាការបង្ហាញពីប្រាជ្ញារបស់ទ្រង់ ។ ព្រះគម្ពីរនេះបើកគំនិតរបស់មនុស្សឲ្យយល់អំពីបញ្ហាដ៏ធំនៃជីវិត ហើយចំពោះអស់អ្នកដែលស្តាប់តាមបញ្ញត្តិទាំងអស់របស់ក្រឹត្យវិន័យនោះ ក្រឹត្យវិន័យនឹងបង្ហាញពីការដឹកនាំដែលមិនចេះខុស ដោយរក្សាជីវិតពួកគេឲ្យរួចផុតពីការខ្ជះខ្ជាយក្នុងការខំប្រឹងប្រែងឥតប្រយោជន៍។
ព្រះជាម្ចាស់បានបង្ហាញឲ្យមនុស្សបានដឹងពីបំណងព្រះហឫទ័យរបស់ទ្រង់ ហើយគឺជាសេចក្តីល្ងីល្ងើរបស់មនុស្ស ដែលចេះតែសង្ស័យអំពីព្រះបន្ទូលដែលបានចេញពីព្រះឱស្ឋទ្រង់មកនោះ ។ បន្ទាប់ពីព្រះអង្គបានមានបន្ទូលអំពីព្រះប្រាជ្ញាញ្ញាណដ៏គ្មានទីបញ្ចប់របស់ទ្រង់រួចមក មនុស្សមិនគួរមានសំណួរនៃការសង្ស័យទេ ហើយក៏គ្មានលទ្ធភាពនៃការប្រែប្រួលដែលពួកគេត្រូវកែសម្រួលដែរ ។ អ្វីៗទាំងអស់ដែលព្រះបានតម្រូវពីគេគឺការនិយាយដោយស្មោះត្រង់និងការគោរពចំពោះបំណងព្រះហឫទ័យរបស់ព្រះ។ ការគោរពប្រតិបត្តិគឺជាការត្រាស់បង្គាប់ ខ្ពស់បំផុតនៃហេតុផលក៏ដូចជាមនសិការដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ( ធីម៉ូថេទី២ ៤:៧ )