កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១
ខព្រះគម្ពីរប្រចាំថ្ងៃ: ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ។ ទីតុស ២:១៣
លោកប៉ុលបានបន្តការទូន្មានរបស់លោកថា «តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង» ។ លោកប៉ុលហៀបនឹងបញ្ចប់កិច្ចការរបស់លោកទៅហើយ លោកចង់ឲ្យធីម៉ូថេទទួលកិច្ចការនេះជំនួសលោក ការពារពួកជំនុំពីរឿងប្រឌិតនិងការបង្រៀនខុសដោយសត្រូវ ដែលបានខំប្រឹងដឹកនាំពួកគេចេញពីភាពសាមញ្ញនៃដំណឹងល្អ តាមរបៀបផ្សេងៗ។ លោកបានដាស់តឿនគាត់ឲ្យគេចចេញពីការខិតខំប្រឹងប្រែងឲ្យបានលោកិយនិងការជាប់ជំពាក់ទៅនឹងកិច្ចការទាំងឡាយណា ដែលអាចរារាំងគាត់ពីការបំពេញការងារថ្វាយចំពោះព្រះទាំងស្រុង ដើម្បីស៊ូទ្រាំជាមួយនឹងការប្រឆាំងដ៏រាលដាល ការស្តីបន្ទោស ការបៀតបៀន ដែលនឹងកើតឡើងដោយសារភាពស្មោះត្រង់របស់គាត់ដើម្បីបង្ហាញភស្ដុតាងទាំងស្រុងអំពីកិច្ចបម្រើរបស់គាត់ ដោយប្រើគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើល្អចំពោះអស់អ្នកដែលព្រះគ្រិស្តបានសុគតជំនួស។
ជីវិតរបស់លោកប៉ុលគឺជាគំរូនៃសេចក្ដីពិតដែលលោកបានបង្រៀន ហើយអំណាចរបស់លោកមាននៅក្នុងការបង្រៀននេះ ។ ចិត្តរបស់លោកពោរពេញទៅដោយការយល់ដឹងយ៉ាងច្បាស់លាស់ពីការទទួលខុសត្រូវរបស់លោក ហើយលោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះ ដែលជាប្រភពនៃយុត្តិធម៌ សេចក្តីមេត្តាករុណានិងសេចក្តីពិត ។ លោកបានយកឈើឆ្កាងរបស់ព្រះគ្រិស្តជាការធានាតែមួយគត់ដើម្បីទទួលបានជោគជ័យ។ ក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះគឺជាការជំរុញដែលមិនចេះរីងស្ងួត ដែលបានគាំទ្រដល់លោក នៅក្នុងជម្លោះជាមួយនឹងខ្លួនឯង និងនៅក្នុងការតស៊ូប្រឆាំងនឹងអំពើអាក្រក់ ក៏ដូចជានៅក្នុងការបម្រើដល់ព្រះគ្រិស្តដែរ លោកបានបោះជំហានទៅមុខ ប្រឆាំងនឹងភាពអមិត្តនៃលោកិយ និងការប្រឆាំងពីសំណាក់សត្រូវរបស់លោក។
អ្វីដែលពួកជំនុំត្រូវការសព្វថ្ងៃនេះ គឺកងទ័ពនៃពួកអ្នកបម្រើការដែលបានអប់រំខ្លួនសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះ ហើយមានចិត្តពោរពេញដោយភាពស្មោះត្រង់និងភាពខ្នះខ្នែង ដូចជាសាវ័កប៉ុលដូច្នោះដែរ។ អ្នកញែកខ្លួនឲ្យបរិសុទ្ធ អ្នកលះបង់ខ្លួនឯង គឺជាមនុស្សដែលពួកជំនុំត្រូវការចាំបាច់ ជាមនុស្សដែលនឹងមិនគេចវេះចេញពីការពិបាកនិងការទទួលខុសត្រូវ មនុស្សដែលក្លាហាននិងស្មោះត្រង់ មនុស្សដែលមានព្រះគ្រិស្តនៅក្នុងចិត្ត «ជាសេចក្តីសង្ឃឹមដ៏មានសិរីល្អ» ហើយអ្នកណាដែលមានបបូរមាត់ប៉ះនឹងភ្លើងដ៏បរិសុទ្ធនឹង «ប្រកាសព្រះបន្ទូល» ។ កង្វះអ្នកធ្វើការបែបដូចជាលោកប៉ុលនេះ កិច្ចការរបស់ព្រះនឹងទ្រោមចុះ ហើយកំហុសឆ្គងកាន់តែធ្ងន់ធ្ងរ ប្រៀបបាននឹងថ្នាំពុលដែលសម្លាប់មនុស្ស ធ្វើឲ្យខូចសីលធម៌និងធ្វើឲ្យអន្តរាយដល់ក្តីសង្ឃឹមរបស់មនុស្សជាច្រើន។
ក្នុងនាមជាអ្នកស្មោះត្រង់ អ្នកដែលរក្សាខ្នាតគំរូ ដោយការទ្រាំទ្រនឹងការឈឺចាប់ កំពុងលះបង់ជីវិតខ្លួនឯង ដើម្បីជាប្រយោជន៍ដល់សេចក្តីពិត តើអ្នកណានឹងមកជំនួសតំណែងរបស់ពួកគេ? តើយុវជនរបស់យើងនឹងទទួលកិច្ចការដ៏បរិសុទ្ធពីដៃឪពុករបស់ពួកគេដែរឬទេ? តើពួកគេបានរៀបចំដើម្បីបំពេញកន្លែងទំនេរ ដែលបានកើតឡើងដោយការស្លាប់នៃពួកអ្នកស្មោះត្រង់ហើយឬនៅ? តើគេបានស្តាប់ការទូន្មានរបស់សាវ័កប៉ុល គេបានឮការអំពាវឲ្យចូលបម្រើការងារ នៅកណ្តាលការញុះញង់ឲ្យមានភាពអាត្មានិយមនិងមហិច្ឆតាក្នុងចំណោមយុវវ័យដែរឬទេ?
លោកប៉ុលបានបញ្ចប់សំបុត្ររបស់គាត់ដោយផ្ទាល់ខ្លួន ទៅកាន់អ្នកដទៃផ្សេងទៀត ហើយលោកបានប្រាប់ម្ដងទៀតនូវសំណូមពរជាបន្ទាន់ឲ្យធីម៉ូថេរូតរះមកជួបលោកឲ្យបានមុនរដូវរងាកុំខាន ។ លោកបាននិយាយអំពីភាពឯកោរបស់គាត់ ដែលបណ្តាលមកពីការបណ្តេញមិត្តភក្តិមួយចំនួនរបស់គាត់ចេញ និងអវត្តមានរបស់អ្នកដទៃ ។ ហើយក្រែងធីម៉ូថេស្ទាក់ស្ទើរដោយភ័យខ្លាចថា ពួកជំនុំនៅក្រុងអេភេសូរប្រហែលជាត្រូវការការងាររបស់គាត់ លោកប៉ុលបានបញ្ជាក់ថាលោកបានបញ្ជូនលោកទីឃីកូសឲ្យទៅជំនួសគាត់ហើយ។
បន្ទាប់ពីបាននិយាយអំពីទិដ្ឋភាពនៃការជំនុំជម្រះរបស់លោក នៅចំពោះមុខស្តេចនេរ៉ូ ការបណ្តេញបងប្អូនរបស់លោកនិងព្រះគុណរបស់ព្រះដែលទ្រទ្រង់ ដែលរក្សាសេចក្ដីសញ្ញារួចមក លោកប៉ុលបានបញ្ចប់សំបុត្ររបស់លោកដោយលើកសរសើរធីម៉ូថេ ដែលជាទីស្រឡាញ់របស់លោក ឲ្យធ្វើជាអាណាព្យាបាលរបស់ព្រះដែលជាមេលើអ្នកគង្វាលចៀម ដែលបានបង្រៀនដល់អ្នកគង្វាលចៀមនៅក្រោមបង្គាប់ ឲ្យនៅតែថែរក្សាហ្វូងចៀមរបស់ព្រះ ទោះបីជាត្រូវរងទុក្ខវេទនាយ៉ាងណាក៏ដោយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើងដោយសារសេចក្តីកម្ររបស់ទ្រង់។ ( កូរិនថូសទី២ ៨:៩ )