ថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២
ខព្រះគម្ពីរប្រចាំថ្ងៃ: ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦
ក្នុងអំឡុងពេលជំនុំជម្រះចុងក្រោយបង្អស់របស់លោកប៉ុល នៅចំពោះមុខស្តេចនេរ៉ូ ព្រះចៅអធិរាជបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំងនៃពាក្យសម្តីរបស់សាវ័កប៉ុល ដែលធ្វើឲ្យទ្រង់បានពន្យារពេលការសម្រេចរឿងក្ដីនេះថា តើត្រូវដោះលែងឬថ្កោលទោសចំពោះជនជាប់ចោទដែលជាអ្នកបម្រើព្រះនេះ ។ ប៉ុន្ដែ អំពើអាក្រក់របស់ព្រះចៅអធិរាជប្រឆាំងនឹងលោកប៉ុលបានត្រឡប់មកវិញយ៉ាងរហ័ស ។ ដោយសារទ្រង់មិនមានសមត្ថភាពបង្រ្កាបការរីកចម្រើននៃសាសនាគ្រិស្ត សូម្បីតែនៅក្នុងរាជវង្សរបស់ទ្រង់ផ្ទាល់ផងនោះ ព្រះអង្គបានសម្រេចព្រះទ័យថានៅពេលដែលមានភស្តុតាងដែលអាចជឿទុកចិត្តបាន សាវ័កប៉ុលត្រូវតែស្លាប់ ។ មួយរយៈក្រោយមក ស្តេចនេរ៉ូបានប្រកាសការសម្រេចកាត់ទោសប្រហារជីវិតលោកប៉ុល ដោយសារតែសេចក្តីជំនឿ ។ ដោយលោកជាជនជាតិរ៉ូម គេមិនអាចធ្វើទារុណកម្មលោកបានទេ ដូច្នេះ ស្តេចបានកាត់ទោសឲ្យត្រូវកាត់ក្បាល។
គេបាននាំលោកប៉ុលទៅកាន់កន្លែងប្រហារជីវិតតែម្នាក់ឯង ។ គេបានអនុញ្ញាតឲ្យអ្នកចូលរួមមានវត្តមាននៅទីនោះតែពីរបីនាក់ប៉ុណ្ណោះ។ ពួកអ្នកដែលធ្វើទុក្ខបៀតបៀនលោកប៉ុលគេភ័យខ្លាចក្រែងឥទ្ធិពលរបស់លោកនឹងធ្វើឲ្យពួកអ្នកកែប្រែចិត្ដ អាចនឹងត្រូវបានទាក់ទាញឲ្យមានជំនឿទៅលើគ្រិស្តសាសនាកាន់តែខ្លាំងឡើង ដោយសារទស្សនីយភាពនៃការស្លាប់របស់លោក។ ប៉ុន្តែ សូម្បីតែពួកទាហានដ៏រឹងរូសដែលបាននៅជាមួយលោក ក៏ស្តាប់តាមពាក្យរបស់លោក ហើយភ្ញាក់ផ្អើលដោយបានឃើញលោករីករាយនិងមានអំណរ សូម្បីតែនៅពេលប្រឈមនឹងការបាត់បង់ជីវិតផងដូច្នេះ។ ចំពោះអ្នកខ្លះដែលបានឃើញការធ្វើទុក្ករកម្មរបស់លោក បានឃើញវិញ្ញាណនៃការអត់ទោសរបស់លោកចំពោះឃាតករបស់លោក ហើយនិងទំនុកចិត្តឥតប្រែប្រួលរបស់គាត់ ទៅលើព្រះគ្រិស្ត រហូតដល់ដង្ហើមចុងក្រោយនោះ បានយល់ឃើញថា លោកគឺជាអ្នកជួយសង្រ្គោះជីវិតមនុស្សជាច្រើន។ មានមនុស្សជាច្រើនបានទទួលយកព្រះអង្គសង្គ្រោះដែលលោកប៉ុលបានអធិប្បាយ ហើយនឹងបិទត្រាសេចក្ដីជំនឿរបស់ពួកគេដោយឈាមរបស់ខ្លួននៅពេលឆាប់ៗខាងមុខ។
រហូតដល់ដង្ហើមចុងក្រោយបង្អស់របស់គាត់ ជីវិតរបស់លោកប៉ុលបានបញ្ចេញទីបន្ទាល់អំពីសេចក្ដីពិតនៃពាក្យសម្តីរបស់លោក ទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូសថា «ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រិស្ត។ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលុបបានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបកាយយើងខ្ញុំដែរ» (កូរិនថូសទី២ ៤:៦-១០) ។ ភាពគ្រប់គ្រាន់របស់លោកគឺមិនមែននៅក្នុងខ្លួនរបស់លោកទេ ប៉ុន្តែ នៅក្នុងវត្តមាននិងភ្នាក់ងារនៃព្រះវិញ្ញាណរបស់ព្រះ ដែលបានបំពេញចិត្តលោក ហើយនាំគ្រប់គំនិតទាំងអស់របស់លោកឲ្យចុះចូលនឹងព្រះហឫទ័យរបស់ព្រះគ្រិស្ត ។ ហោរាអេសាយបានមានប្រសាសន៍ថា «ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់» (អេសាយ ២៦:៣) ។ សេចក្តីសុខសាន្តនៃឋានសួគ៌ដែលបានបង្ហាញនៅលើទឹកមុខលោកប៉ុលបានទាក់ទាញចិត្តមនុស្សជាច្រើនមកដំណឹងល្អ។
លោកប៉ុលបាននាំយកមកជាមួយលោកនូវបរិយាកាសនៃឋានសួគ៌ ។ អស់អ្នកដែលមានទំនាក់ទំនងជាមួយលោកបានដឹងពីឥទ្ធិពលនៃការរួបរួមរបស់លោកជាមួយព្រះគ្រិស្ត។ ការពិតដែលជីវិតរបស់លោកផ្ទាល់បានបញ្ជាក់ពីសេចក្ដីពិតដែលបានប្រកាស បានផ្ដល់ឲ្យអំណាចដែលនាំឲ្យជឿជាក់ដល់ការអធិប្បាយរបស់លោក ។ នៅទីនេះមានអំណាចនៃសេចក្តីពិត ។ ឥទ្ធិពលនៃជីវិតដ៏បរិសុទ្ធដែលពិតប្រាកដនិងមិនដឹងខ្លួន គឺជាសេចក្ដីអធិប្បាយដ៏ខ្លាំងបំផុត ដែលអាចបញ្ចុះបញ្ចូលមនុស្សឲ្យជឿសម្រាប់អ្នកកាន់គ្រិស្តសាសនា។ ការជជែកវែកញែក សូម្បីនៅពេលដែលមិនអាចឆ្លើយបានក៏ដោយ បានត្រឹមតែបង្កឲ្យមានការប្រឆាំងជំទាស់ប៉ុណ្ណោះ ។ ប៉ុន្តែ គំរូរបស់ព្រះមានអំណាចដែលមិនអាចប្រឆាំងទប់ទល់បានឡើយ។
សាវ័កប៉ុលមើលលែងឃើញការរងទុក្ខវេទនាដែលលោកកំពុងរងទ្រាំ ដោយសារការខ្វល់ខ្វាយរបស់លោកចំពោះអស់អ្នកដែលលោកនឹងចាកចេញពីគេ ដែលត្រូវតស៊ូទប់ទល់ជាមួយនឹងការប្រកាន់ពូជសាសន៍ ការស្អប់ខ្ពើម និងការបៀតបៀន ។ លោកបានព្យាយាមពង្រឹង និងលើកទឹកចិត្តដល់គ្រិស្តបរិស័ទពីរបីនាក់ដែលបានដើរជាមួយលោកទៅកាន់កន្លែងប្រហារជីវិត ដោយរំឭកឡើងវិញនូវសេចក្តីសន្យាដែលព្រះបានប្រទានដល់អស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះសេចក្ដីសុចរិត ។ លោកបានធានាអះអាងប្រាប់ពួកគេថា គ្មានអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីទុក្ខលំបាករបស់ទ្រង់ និងកូនៗរបស់ទ្រង់ ដែលបានខំប្រឹងប្រែង និងស្មោះត្រង់របស់ទ្រង់ ដែលនឹងមិនបានសម្រេចនោះឡើយ ។ ក្នុងរយៈពេលដ៏ខ្លី ពួកគេអាចមានសេចក្តីលំបាកក្នុងការល្បួងផ្សេងៗ ។ ពួកគេអាចនឹងខ្វះខាតការកម្សាន្តចិត្តខាងលោកិយ ប៉ុន្ដែ គេអាចលើកទឹកចិត្តរបស់គេដោយការធានារ៉ាប់រងនៃភាពស្មោះត្រង់របស់ព្រះ ដោយនិយាយថា «គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ដរាបដល់ថ្ងៃនោះឯង» (ធីម៉ូថេទី២ ១:១២) ។ មិនយូរប៉ុន្មានទេ យប់នៃការពិបាកនិងទុក្ខវេទនានឹងត្រូវបញ្ចប់ ហើយបន្ទាប់មក នឹងមានពន្លឺព្រះអាទិត្យនៃសេចក្តីសុខសាន្តនិងថ្ងៃដ៏ល្អឥតខ្ចោះរះឡើង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើងដោយសារសេចក្តីកម្ររបស់ទ្រង់។ ( កូរិនថូសទី២ ៨:៩ )