ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥០)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣
ខព្រះគម្ពីរប្រចាំថ្ងៃ:នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ យូ៉ហាន ៦:៤០
សាវ័កប៉ុលកំពុងសម្លឹងមើលទៅឯត្រើយនាយដ៏អស្ចារ្យ មិនមែនដោយភាពមិនច្បាស់លាស់ឬភ័យខ្លាចនោះទេ ប៉ុន្តែ ដោយក្ដីសង្ឃឹមដ៏មានអំណរនិងក្តីរំពឹងដ៏រំភើប ។ ពេលដែលលោកឈរនៅកន្លែងធ្វើទុក្ករកិរិយា (ស្លាប់ដោយសារសេចក្តីជំនឿ) លោកមិនបានមើលឃើញដាវរបស់ពេជ្ឈឃាដ ឬផែនដីដែលនឹងទទួលឈាមរបស់លោកនៅពេលបន្តិចទៀតនោះទេ លោកបានសម្លឹងមើលទៅឯបល្ល័ង្កដ៏អស់កល្បនៅឋានសួគ៌ ដែលមានពណ៌ខៀវដ៏ស្ងប់ស្ងាត់នៃថ្ងៃដ៏ស្រស់បំព្រងនៅរដូវក្តៅ។
បុរសដែលមានជំនឿដ៏អស្ចារ្យនេះ បានឃើញជណ្តើរក្នុងការបើកសម្តែងរបស់លោកយ៉ាកុប ជាតំណាងឲ្យព្រះគ្រិស្ត ដែលបានភ្ជាប់ផែនដីជាមួយឋានសួគ៌ ហើយនិងមនុស្សដែលមានដែនកំណត់ជាមួយនឹងព្រះដ៏គ្មានដែនកំណត់។ ជំនឿរបស់លោកត្រូវបានពង្រឹងនៅពេលដែលលោកបាននឹកឃើញពីរបៀបដែលពួកបុព្វបុរសនិងពួកហោរាបានទីពឹងទៅលើព្រះដែលជាអ្នកគាំទ្រ ជាព្រះដែលកម្សាន្តចិត្តរបស់លោក និងដែលបានប្រទានជីវិតដល់លោក។ លោកបានឮការធានាអះអាងថា ព្រះគឺជាព្រះដ៏ពិតចេញពីបុព្វបុរសដ៏ពិសិដ្ឋទាំងនោះ ដែលបានធ្វើទីបន្ទាល់ពីសេចក្ដីជំនឿរបស់លោកពីសតវត្សរ៍ទៅមួយសតវត្សរ៍មួយ។ សាវ័កឯទៀតជាគូកនរបស់លោក ដែលបានផ្សាយដំណឹងល្អរបស់ព្រះគ្រិស្ត បានចេញទៅជួបនឹងមនុស្សដែលឈ្លក់វង្វេងនឹងសាសនា និងអបិយជំនឿនៃសាសន៍ដទៃ ការបៀតបៀននិងការមើលងាយ ដែលមិនបានរាប់ជីវិតរបស់ខ្លួនជាទីស្រឡាញ់ចំពោះខ្លួនឯង ដើម្បីឲ្យពួកគេអាចបង្កើតពន្លឺនៃឈើឆ្កាងនៅចំពោះទីងងឹតនៃភាពមិនស្មោះត្រង់ រឿងទាំងអស់នេះ លោកបានឮទីបន្ទាល់នៃព្រះយេស៊ូវថាជាព្រះរាជបុត្រានៃព្រះគឺជាព្រះអង្គសង្រ្គោះនៃពិភពលោក។ សម្រែកជ័យជម្នះនៃទុក្ករបុគ្គលបានធ្លាក់មកលើត្រចៀករបស់លោក ចេញពីរនាំង អន្ទាក់ គុកងងឹតពីរូងក្នុងដី និងរូងភ្នំ លោកបានឮស្មរបន្ទាល់ដែលមានជំនឿរឹងមាំ ជាអ្នកដែលទន់ខ្សោយ ដែលរងទុក្ខវេទនា និងទោសទណ្ឌ តែមានភស្តុតាងដ៏គួរឲ្យភ័យខ្លាច ហើយជាទីបន្ទាល់ដ៏រឹងមាំសម្រាប់សេចក្ដីជំនឿដែលប្រកាសថា «ដ្បិតខ្ញុំបានស្គាល់ព្រះដែលខ្ញុំបានជឿតាម» ។ ពួកគេបានលះបង់ជីវិត ដើម្បីសេចក្ដីជំនឿ ដោយប្រកាសប្រាប់ដល់ពិភពលោកថាព្រះដែលពួកគេជឿទុកចិត្តអាចជួយសង្គ្រោះរហូតដល់ទីបំផុត។
ដោយបានលោះដោយយញ្ញបូជារបស់ព្រះគ្រិស្ត បានលាងសម្អាតអំពើបាបដោយព្រះលោហិតរបស់ទ្រង់ ហើយបានស្លៀកពាក់ដោយសេចក្ដីសុចរិតរបស់ទ្រង់ លោកប៉ុលមានទីបន្ទាល់នៅក្នុងខ្លួនរបស់លោកផ្ទាល់ ថាជីវិតរបស់លោកមានតម្លៃនៅចំពោះព្រះនេត្រនៃព្រះដ៏ប្រោសលោះរបស់គាត់ ។ ជីវិតរបស់គាត់ត្រូវបានលាក់ខ្លួនជាមួយព្រះគ្រិស្តនៅក្នុងព្រះ ហើយលោកត្រូវបានបញ្ចុះបញ្ចូលថា ព្រះដែលមានជ័យជម្នះលើសេចក្តីស្លាប់ ទ្រង់អាចនឹងរក្សាអ្វីៗដែលលោកបានប្រព្រឹត្តនៅក្នុងកិច្ចការរបស់ទ្រង់ ។ គំនិតរបស់លោកយល់ពីសេចក្តីសន្យារបស់ព្រះអង្គសង្គ្រោះថា «ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត» (យ៉ូហាន ៦:៤០) ។ គំនិតនិងក្តីសង្ឃឹមរបស់លោកផ្តោតទៅលើការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់របស់លោក ។ ហើយនៅពេលដែលដាវរបស់ពេជ្ឈឃាតធ្លាក់មក ហើយស្រមោលនៃសេចក្ដីស្លាប់ព័ទ្ធជុំវិញទុក្ករបុគ្គលរូបនេះ គំនិតចុងក្រោយបង្អស់របស់លោកក៏ដុះពន្លកចេញមក ដើម្បីជួបនឹងព្រះដែលជាអ្នកប្រទានជីវិត ដែលនឹងស្វាគមន៍លោកដោយក្តីអំណរនៃព្រះពរ តាមចំណេះដឹងដ៏ឧត្តមរបស់លោកដែលធ្លាប់ដឹងកន្លងមក។
ជិតម្ភៃសតវត្សរ៍បានកន្លងផុតទៅ តាំងពីលោកប៉ុលដ៏ចំណាស់បានខ្ចាយឈាមរបស់លោកជាទីបន្ទាល់សម្រាប់ព្រះបន្ទូលរបស់ព្រះ និងជាទីបន្ទាល់របស់ព្រះយេស៊ូវគ្រិស្ត។ មិនមានដៃដ៏ស្មោះត្រង់ណាបានកត់ត្រាឈុតឆាកចុងក្រោយ នៅក្នុងជីវិតរបស់បុរសដ៏ពិសិដ្ឋនេះទុកសម្រាប់មនុស្សជំនាន់ក្រោយទេ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធបានរក្សាទុកទីបន្ទាល់នៃការស្លាប់របស់លោកសម្រាប់យើងគ្រប់គ្នា។ សំឡេងរបស់លោកបានបន្លឺឡើងដូចជាសំឡេងត្រែ នៅគ្រប់សម័យកាល ហើយដោយភាពក្លាហានរបស់លោក ស្មរបន្ទាល់សម្រាប់ព្រះគ្រិស្តរាប់ពាន់នាក់ និងអ្នកដែលងើបពីមានចិត្តក្រៀមក្រំរាប់ពាន់នាក់បន្លឺសំឡេងនៃជ័យជម្នះដ៏មានអំណររបស់ពួកគេឡើងថា «ដ្បិតខ្ញុំកំពុងតែត្រូវច្រូចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅក៏បានមកដល់ហើយ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ» (ធីម៉ូថេទី២ ៤: ៦-៨) ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើងដោយសារសេចក្តីកម្ររបស់ទ្រង់។ ( កូរិនថូសទី២ ៨:៩ )