ថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២៣
ខព្រះគម្ពីរប្រចាំថ្ងៃ:យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម។ យ៉ូហានទី១ ៥:១៤
លោកយ៉ូហានបានខិតខំដឹកនាំពួកអ្នកជឿឲ្យយល់ពីឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ ដែលនឹងកើតឡើងដល់ពួកគេតាមរយៈការអនុវត្តន៍វិញ្ញាណនៃក្តីស្រឡាញ់។ អំណាចនៃការប្រោសលោះ និងបំពេញចិត្តនឹងគ្រប់គ្រងរាល់គោលបំណង ផ្សេងៗ និងលើកអ្នកមានអំណាចនេះឲ្យខ្ពស់ផុតពីឥទ្ធិពលអាក្រក់នៃលោកិយ។ ហើយនៅពេលដែលសេចក្ដីស្រឡាញ់នេះត្រូវបានអនុញ្ញាតិឲ្យក្លាយទៅជាអំណាចនៃគោលបំណងនៅក្នុងជីវិតភាពស្មោះត្រង់និងទំនុកចិត្ត របស់ពួកគេទៅលើព្រះ និងដំណោះស្រាយរបស់ទ្រង់ជាមួយពួកគេនឹងបានពេញលេញ។ បន្ទាប់មក ពួកគេអាចមករកទ្រង់ដោយទំនុកចិត្តនៃជំនឿដ៏ពោរពេញ ដោយដឹងថាពួកគេនឹងទទួលបានពីទ្រង់នូវអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការសម្រាប់សេចក្ដីល្អ នៅពេលបច្ចុប្បន្ននិងពេលអនាគតដ៏អស់កល្ប ។ លោកយ៉ូហានបានសរសេរថា «គឺយ៉ាងនោះហើយ ដែលសេចក្តីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្តីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះ នៅក្នុងលោកិយនេះដែរ គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាច ចេញ»។ «យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថាបើយើង នឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម … នោះ យើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ»។
«តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយមួយអង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រិស្ត ជាព្រះដ៏សុចរិត ដែលទ្រង់ជាតង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកិយទាំងមូលដែរ»។ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសម្អាតយើង ពីគ្រប់អំពើ ទុច្ចរិតទាំងអស់ផង» ។ លក្ខខណ្ឌនៃការទទួលបាននូវសេចក្ដីមេត្ដាករុណាមកពីព្រះ គឺសាមញ្ញនិងសមហេតុសមផលណាស់។ ព្រះអម្ចាស់មិនតម្រូវឲ្យយើងធ្វើការអាក្រក់ណាមួយដើម្បីទទួលបានការលើកលែងទោសនោះទេ។ យើងមិនចាំបាច់ធ្វើដំណើរធម្មយាត្រាជាយូរអង្វែងយ៉ាងហត់នឿយ ឬធ្វើការលះបង់ដ៏ឈឺចាប់ដើម្បីតម្រូវចិត្តរបស់យើងឲ្យព្រះនៃឋានសួគ៌សព្វព្រះហឫទ័យ ឬដើម្បីបំបាត់ការរំលងរបស់យើងនោះទេ។ អ្នកណាដែល «គ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយ លះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ» (សុភាសិត ២៨:១៣)។
ព្រះគ្រិស្តកំពុងតែទូលអង្វរជំនួសពួកជំនុំរបស់ទ្រង់ នៅឯតុលាការនៅឋានសួគ៌ ទ្រង់អង្វរករជំនួសអ្នកដែលទ្រង់បានខ្ចាយព្រះលោហិតរបស់ទ្រង់ ដើម្បីជាតម្លៃប្រោសលោះដល់ពួកគេ ។ រាប់សតវត្សរ៍ រាប់សម័យកាល មិនអាចបន្ថយប្រសិទ្ធិភាពនៃតង្វាយធួននឹងបាបរបស់ទ្រង់បានទេ។ ទោះបីជាជីវិតឬសេចក្ដីស្លាប់ ក៏គ្មានកម្ពស់ឬទីជម្រៅណាអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រិស្តយេស៊ូវបានដែរ មិនមែនដោយសារយើងចាប់តោងទ្រង់ជាប់នោះទេ ប៉ុន្ដែ ដោយសារតែទ្រង់ចាប់យើងយ៉ាងជាប់វិញ។ ប្រសិនបើសេចក្ដីសង្រ្គោះរបស់យើងពឹងផ្អែកលើការខំប្រឹងប្រែងរបស់យើង នោះយើងមិនអាចបានសង្រ្គោះទេ។ ប៉ុន្តែ សេចក្តីសង្រ្គោះនោះអាស្រ័យលើព្រះជាអ្នកដែលនៅពីក្រោយសេចក្តីសន្យាទាំងឡាយ។ ការចាប់របស់យើងជាប់នឹងទ្រង់ហាក់ដូចជាខ្សោយទេ ប៉ុន្ដែ សេចក្ដីស្រឡាញ់របស់ទ្រង់ដែលជាបងច្បងរឹងមាំណាស់ ដរាបណាយើងរក្សាទំនាក់ទំនងរបស់យើងជាមួយទ្រង់ នោះគ្មាននរណាម្នាក់អាចទាញយើងចេញពីព្រះហស្តរបស់ទ្រង់បានឡើយ។
លុះពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំ ហើយចំនួនពួកអ្នកជឿក៏កាន់តែកើនឡើងលោកយ៉ូហានបានធ្វើការដើម្បីបងប្អូនរបស់លោកដោយភក្តីភាពនិងសច្ចភាព។ គ្រានោះពួកជំនុំមានពេញទៅដោយគ្រោះថ្នាក់។ ការបោកបញ្ឆោតរបស់សាតាំងកើតមាននៅគ្រប់ទីកន្លែង ភាពជាសត្រូវរបស់ សាតាំង បានបំផុសឲ្យមានការប្រឆាំងទាស់នឹងគោលលទ្ធិរបស់ព្រះគ្រិស្ត ដោយការនិយាយមូលបង្កាច់និងភាពក្លែងក្លាយ ហើយជាលទ្ធផល ការបែកបាក់និងការបង្រៀនខុសឆ្គងបានបំផ្លាញដល់ពួកជំនុំ។ អ្នកដែលបានប្រកាសពីព្រះគ្រិស្តមួយចំនួនបានអះអាងថា សេចក្ដីស្រឡាញ់របស់ទ្រង់បានដោះលែងពួកគេ ពីការគោរពតាមក្រឹត្យវិន័យរបស់ព្រះហើយ ។ ម៉្យាងវិញទៀត មនុស្សជាច្រើនបានបង្រៀនថា ការគោរពទំនៀមទម្លាប់និងប្រពៃណីរបស់ សាសន៍យូដាគឺជាការចាំបាច់ និងថាការគ្រាន់តែគោរពតាមក្រឹត្យវិន័យដោយគ្មានជំនឿលើព្រះលោហិតរបស់ព្រះគ្រិស្តគឺគ្រប់គ្រាន់សម្រាប់ការសង្គ្រោះហើយ ។ អ្នកខ្លះជឿថាព្រះគ្រិស្តគឺជាមនុស្សល្អម្នាក់ ហើយគេបានបដិសេធភាពជាព្រះរបស់ទ្រង់ ។ អ្នកខ្លះទៀតធ្វើពុតជាអ្នកស្មោះត្រង់ទៅនឹងកិច្ចការរបស់ព្រះ ក៏ត្រូវបោកបញ្ឆោត ហើយពួកគេបានបដិសេធព្រះគ្រិស្តនិងដំណឹងល្អរបស់ទ្រង់ នៅក្នុងការអនុវត្តន៍របស់ពួកគេ ។ ពួកគេបាននាំយកភាពខុសឆ្គងចូលក្នុងពួកជំនុំដោយរស់នៅក្នុងការរំលងក្រឹត្យវិន័យ ។ ដូច្នេះ មនុស្សជាច្រើនត្រូវបានដឹកនាំទៅរកភាពច្របូកច្របល់និងការភ័ន្តច្រឡំ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ។ ( យ៉ូហានទី១ ៤:៧ )