ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៦)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។ យ៉ូហានទី១ ៥:១២

មានមេរៀនស្តីពីភាពរឹងមាំនិងការកម្សាន្តចិត្តដ៏អស្ចារ្យសម្រាប់ពួកគ្រិស្តជន នៅក្នុងបទពិសោធន៍របស់សាវ័កយ៉ូហានដែលរងការបៀតបៀន។ ព្រះជាម្ចាស់មិនរារាំងផែនការរបស់មនុស្សទុច្ចរិតទេ តែទ្រង់បណ្ដាលឲ្យផែនការទាំងនោះក្លាយជាឧបករណ៍សម្រាប់ធ្វើកិច្ចការល្អ ដល់ពួកអ្នកដែលនៅក្នុងការពិបាកវេទនា និងទំនាស់ ឲ្យរក្សាសេចក្តីជំនឿនិងភក្ដីភាពរបស់ពួកគេទៅវិញ ។ ជាញឹកញាប់ អ្នកធ្វើកិច្ចការផ្សាយដំណឹងល្អ ធ្វើកិច្ចការរបស់គេនៅកណ្តាលព្យុះនៃការធ្វើទុក្ខបុកម្នេញ ការប្រឆាំងដ៏ជូរចត់ និង​ការ​ប្រមាថដ៏អយុត្តិធម៌ ។ នៅក្នុងឱកាសបែបនេះ សូមឲ្យអ្នកនោះចងចាំថា បទពិសោធន៍ដែលគេទទួលបានក្នុងឡនៃការពិបាកនិងទុក្ខវេទនា ទាំងអស់នេះ​គឺ​ជាតម្លៃនៃការឈឺចាប់។ ដូច្នេះ ព្រះនាំកូនៗរបស់ទ្រង់មកឯទ្រង់ ដើម្បីឲ្យពួកគេបង្ហាញពីភាពកម្សោយរបស់ពួកគេនិងកម្លាំងរបស់ទ្រង់ ។ ទ្រង់​បង្រៀន​​ពួកគេឲ្យទីពឹងលើទ្រង់ ។ ដូច្នេះ ទ្រង់បានរៀបចំពួកគេដើម្បីបំពេញតាមតម្រូវការបន្ទាន់ៗ ដើម្បីបំពេញតួនាទីនៃការស្មោះត្រង់ និងដើម្បីសម្រេចគោលបំណងដ៏អស្ចារ្យទៅតាមអំណាចដែលព្រះបានប្រទានឲ្យពួកគេ។

នៅគ្រប់សម័យកាល ទីបន្ទាល់ដែលបានតែងតាំងរបស់ព្រះបានលាតត្រដាងពីការស្តីបន្ទោសនិងការធ្វើទុក្ខបុកម្នេញចំពោះសេចក្តីពិតដោយផ្ទាល់។ លោកយ៉ូសែបត្រូវបានគេបោកបញ្ឆោតនិងធ្វើទុក្ខបៀតបៀន ពីព្រោះ​​​លោកបានរក្សាគុណធម៌និងភាពសុចរិតរបស់លោក ។ សេ្តចដាវីឌ ជាអ្នក​នាំសាររបស់ព្រះ ត្រូវបានតាមប្រមាញ់ ដូចសត្វម្រឹកតាមចាប់រំពា ពី​សំណាក់​​ខ្មាំងសត្រូវ ។ លោកដានីយ៉ែលត្រូវបានគេបោះចូលទៅក្នុងរូងសិង្ហ ដោយព្រោះតែលោកស្មោះត្រង់ទៅនឹងឋានសួគ៌ ។ លោកយ៉ូបត្រូវបានគេដកហូតទ្រព្យសម្បត្តិនៅលើផែនដី ហើយទទួលរងការឈឺចាប់ខាងរូបកាយ ត្រូវទទួលសម្អប់ពីសំណាក់បងប្អូននិងមិត្តភក្តិ ។ ប៉ុន្ដែ លោកបានរក្សាចិត្ដស្មោះគ្រប់លក្ខណៈរបស់លោក ។ លោកយេរេមាមិនអាចអត់ទ្រាំមិននិយាយពាក្យដែលព្រះបានឲ្យគាត់និយាយបានទេ។ ហើយទីបន្ទាល់របស់លោកបានធ្វើឲ្យស្តេចនិងពួកមេទ័ពខឹងសម្បារជាខ្លាំង ធ្វើឲ្យលោកត្រូវបានគេបោះចូលទៅក្នុងរណ្តៅដ៏គួរឲ្យស្អប់ខ្ពើម ។ លោកស្ទេផានត្រូវគេគប់នឹងដុំថ្ម ព្រោះលោកបានអធិប្បាយអំពីព្រះគ្រិស្តនិងការសុគតរបស់ទ្រង់ ។ លោកប៉ុល​ត្រូវគេចាប់ដាក់គុក វាយនឹងដំបង គប់នឹងដុំថ្មហើយត្រូវគេសម្លាប់ ដោយព្រោះលោកជាអ្នកនាំសារដ៏ស្មោះត្រង់ អំពីព្រះដល់សាសន៍ដទៃ។ ហើយលោកយ៉ូហានត្រូវបានគេនិរទេសទៅកោះប៉ាត់ម៉ុស «ដោយសារព្រះបន្ទូល​របស់ព្រះ និងដោយសារទីបន្ទាល់នៃព្រះយេស៊ូវគ្រិស្ត»។

គំរូនៃភាពរឹងមាំរបស់មនុស្សទាំងនេះគឺជាទីបន្ទាល់នៃភាពស្មោះត្រង់ នៃសេចក្ដីសន្យារបស់ព្រះ នៃការនៅជាប់នឹងព្រះវត្តមាននិងព្រះគុណដែលទ្រទ្រង់របស់ព្រះអង្គ ។ គំរូទាំងនេះធ្វើទីបន្ទាល់ពីអំណាចនៃសេចក្ដីជំនឿ ដើម្បីទប់ទល់នឹងអំណាចនៃលោកិយ ។ គឺជាកិច្ចការនៃសេចក្ដីជំនឿ ដែលត្រូវសម្រាកនៅក្នុងព្រះ នៅពេលដ៏ខ្មៅងងឹតបំផុត ដើម្បីឲ្យដឹងថាទោះបីជាមានការពិបាកនិងព្យុះដែលបក់បោកខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ព្រះវរបិតារបស់យើងកំពុងដឹកនាំយើងដែរ ។ មានតែភ្នែកនៃសេចក្តីជំនឿ​ប៉ុណ្ណោះ​ទេ ដែលអាចមើលទៅហួសពីរឿងរ៉ាវនៃលោកិយ ដើម្បីប៉ាន់ប្រមាណពីតម្លៃទ្រព្យសម្បត្តិដ៏អស់កល្បយ៉ាងត្រឹមត្រូវ។

ព្រះយេស៊ូវមិនបង្ហាញដល់ពួកសិស្សរបស់ទ្រង់នូវក្តីសង្ឃឹមនៃការទទួលបានសិរីល្អនិងទ្រព្យសម្បត្តិនៅលើផែនដី ដោយរស់នៅក្នុងជីវិតដែលរួចផុតពីការពិបាកវេទនានោះទេ ។ ផ្ទុយទៅវិញ ទ្រង់អំពាវនាវឲ្យពួកគេដើរតាមទ្រង់ ក្នុងផ្លូវនៃការលះបង់ខ្លួន និងការស្តីបន្ទោស ។ ព្រះអង្គដែលយាងមកដើម្បីរំដោះមនុស្សលោកត្រូវបានប្រឆាំងជំទាស់ ដោយកងកម្លាំងនៃអំពើអាក្រក់ដែលបានរួបរួមគ្នា ។ នៅក្នុងសម្ព័ន្ធដ៏គ្មានមេត្តា មនុស្ស និងទេវតាអាក្រក់បានរៀបចំខ្លួនប្រឆាំងនឹងព្រះអម្ចាស់នៃមេត្រីភាព ។ រាល់ព្រះ​បន្ទូលនិង​សកម្មភាពរបស់ទ្រង់ បានបង្ហាញពីការអាណិតអាសូររបស់ព្រះ ហើយភាពមិនដូចគ្នារបស់ទ្រង់ចំពោះពិភពលោកបានបង្កឲ្យមានការទំនាស់ដ៏ឈឺចាប់។

ដូច្នេះ ការទាំងអស់នេះនឹងកើតឡើងដល់អស់អ្នកដែលរស់​នៅដោយគោរពដល់ព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូវ ។ ការបៀតបៀន​និងការស្តីបន្ទោសកំពុងរង់ចាំអស់អ្នកដែលមានព្រះវិញ្ញាណនៃព្រះគ្រិស្តជោកជាំ ។ លក្ខណៈនៃការបៀតបៀនបានផ្លាស់ប្តូរទៅតាមពេលវេលា ប៉ុន្ដែ គោលការណ៍នៃវិញ្ញាណដែលឋិតនៅក្រោមការបៀតបៀននេះ គឺជាវិញ្ញាណដដែល ដែលបានសម្លាប់អ្នកជ្រើសរើសរបស់ព្រះអម្ចាស់ ចាប់តាំងពីសម័យអេបិលមក។

សាតាំងបានបៀតបៀនរាស្ដ្ររបស់ព្រះនៅគ្រប់ជំនាន់។ វាបានធ្វើ​ទារុណកម្មពួកគេនិងបានសម្លាប់ពួកគេ ហើយនៅក្នុងការស្លាប់នេះ ពួកវា​បានក្លាយជាអ្នកឈ្នះ ។ ពួកគេបានធ្វើបន្ទាល់ពីអំណាចរបស់ព្រះដែលខ្លាំងក្លាជាងសាតាំង ។ មនុស្សទុច្ចរិតអាចធ្វើទារុណកម្មនិងសម្លាប់រូបកាយមែន ប៉ុន្ដែ ពួកគេមិនអាចប៉ះពាល់ជីវិតអ្នកដែលបានលាក់ខ្លួនជាមួយព្រះគ្រិស្តក្នុងព្រះជាម្ចាស់បានឡើយ ។ ពួកគេអាចឃុំខ្លួនបុរសនិងស្រ្តីទាំងឡាយនៅក្នុងជញ្ជាំងគុក តែពួកគេមិនអាចចងវិញ្ញាណបានទេ។

លក្ខណៈរបស់ព្រះត្រូវបានបើកសម្តែងនៅក្នុងមនុស្សដែលទ្រង់បានជ្រើសរើសតាមរយៈការពិបាកវេទនានិងការបៀតបៀនដល់សិរីល្អរបស់ព្រះ ។ អ្នកមានជំនឿលើព្រះគ្រិស្ត ត្រូវលោកិយស្អប់ខ្ពើមនិងធ្វើទុក្ខបុកម្នេញ ត្រូវបានអប់រំនិងបានដាក់វិន័យនៅក្នុងសាលានៃព្រះគ្រិស្ត ។ រៀងរាល់ពេលដែលពួកគេដើរនៅតាមផ្លូវតូចចង្អៀត ពួកគេត្រូវបានបន្សុទ្ធនៅក្នុងឡភ្លើង​នៃ​ការរងទុក្ខ ។ ពួកគេដើរតាមព្រះគ្រិស្តតាមរយៈទំនាស់ដ៏ឈឺចាប់ ពួកគេស៊ូរងទ្រាំនូវការលះបង់ខ្លួនឯង និងជួបប្រទះនឹងការខកចិត្តដ៏ជូរចត់ ។ ប៉ុន្តែ តាមរយៈរឿងរ៉ាវដូច្នេះ ពួកគេរៀនសូត្រពីកំហុសនិងសេចក្តីវេទនានៃអំពើបាប ហើយពួកគេមើលទៅកំហុសនេះដោយការស្អប់ខ្ពើម ។ ដោយរួមចំណែកក្នុងការរងទុក្ខវេទនារបស់ព្រះគ្រិស្ត ពួកគេអាចមើលទៅហួស​ពី​ភាពងងឹត ឆ្ពោះទៅកាន់សិរីរុងរឿង ដោយនិយាយថា «ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្តែងមកឲ្យយើងរាល់គ្នាឃើញនោះទេ» (រ៉ូម ៨:១៨)។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មក។ ( ថែស្សាឡូនីចទី១ ៥:២៣ )

Powered by CAM