ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៧)៖ ​

គម្ពីរវិវរណៈ ឬការបើកសម្តែង

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំងឡាយ​ដែរ។ ថែស្សាឡូនីចទី១ ៥:១៥

នៅសម័យពួកសាវ័ក ពួកអ្នកជឿជាគ្រិស្តបរិស័ទបានពេញដោយភាពស្មោះត្រង់និងភាពរីករាយ ។ ដូច្នេះ ពួកគេបានធ្វើការយ៉ាងនឿយហត់ថ្វាយដល់ព្រះជាម្ចាស់របស់ពួកគេ ដែលធ្វើឲ្យដំណឹងល្អនៃនគរព្រះត្រូវបានឮសុះសាយដល់មនុស្សនៅគ្រប់ទីកន្លែងលើផែនដីនៅក្នុងរយៈពេលខ្លី បើទោះបីជាមានការប្រឆាំងដ៏សាហាវឃោរឃៅក៏ដោយ។ ទឹកចិត្តពុះកញ្រ្ជោលដែល ពួកអ្នកដើរតាមព្រះយេស៊ូវបានបង្ហាញនៅពេលនេះ ត្រូវបានកត់ត្រាដោយស្លាបប៉ាកកាដែលព្រះវិញ្ញាណបានបណ្តាល សម្រាប់ជាការលើកទឹកចិត្តដល់ពួកអ្នកជឿនៅគ្រប់ជំនាន់។ ព្រះអម្ចាស់យេស៊ូវបានប្រើពួកជំនុំនៅក្រុងអេភេសូរជានិមិត្ដរូបនៃពួកជំនុំគ្រិស្តបរិស័ទនៅសម័យពួកសាវ័កព្រះយេស៊ូវដែលជាស្មរបន្ទាល់ស្មោះត្រង់និងពិតប្រាកដបានប្រកាសថា៖

«អញស្គាល់អស់ទាំងការដែលឯងធ្វើ និងសេចក្តីនឿយហត់ ហើយ​សេចក្តី​​អត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នកដែលហៅខ្លួនជាសាវ័ក តែមិនមែនជាសាវ័កទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ»​ (វិវរណៈ ២:២, ៣)។

ដំបូងឡើយ បទពិសោធន៍របស់ពួកជំនុំនៅក្រុងអេភេសូរ ត្រូវបានកត់សម្គាល់ដោយភាពសាមញ្ញនិងភាពរីករាយដូចកូនក្មេង ។ ពួកអ្នកជឿបានខំប្រឹងប្រែងស្តាប់តាមព្រះបន្ទូលរបស់ព្រះយ៉ាងស្មោះត្រង់ ហើយជីវិតរបស់ពួកគេបានបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះព្រះគ្រិស្ត។ ពួកគេរីករាយនឹងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ពីព្រោះព្រះអង្គសង្រ្គោះគង់នៅក្នុងចិត្ដពួកគេ ជាព្រះវត្តមានដែលនៅជាប់ជានិច្ច។ ពោរពេញទៅដោយក្ដីស្រឡាញ់ចំពោះព្រះដ៏ប្រោសលោះរបស់ពួកគេ គោលបំណងដ៏ខ្ពស់បំផុតរបស់ពួកគេគឺដើម្បីនាំមនុស្សមកឯព្រះ ។ ពួកគេមិនបានគិតពីការសន្សំទ្រព្យសម្បត្តិដ៏មានតម្លៃនៃព្រះគុណរបស់ព្រះគ្រិស្តទេ ។ ពួកគេដឹងពីសារៈសំខាន់នៃការត្រាស់ហៅរបស់ខ្លួន ហើយផ្ទុកដោយសារដែល​មាន​សេចក្តីថា «ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស» ពួកគេមានចិត្តឆេះឆួលចង់នាំដំណឹងល្អនៃសេចក្ដីសង្គ្រោះទៅកាន់ចុងដែនដីបំផុត ។ ហើយពិភពលោកបានដឹងថាពួកគេបានធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ។ មនុស្សមានបាប ដែលបានកែប្រែចិត្ត បានលើកលែងទោស បានលាងសម្អាតនិងបានលាងសម្អាតឲ្យបរិសុទ្ធ ត្រូវបាននាំមកឲ្យរួបរួមជាមួយព្រះ តាមរយៈព្រះរាជបុត្រារបស់ទ្រង់។

សមាជិកពួកជំនុំបានរួបរួមគ្នាទាំងខាងចិត្ត គំនិតនិងសកម្មភាព។ សេចក្ដីស្រឡាញ់ចំពោះព្រះគ្រិស្តគឺជាច្រវាក់មាសដែលចងភ្ជាប់ពួកគេជាប់ជាមួយគ្នាទៅវិញទៅមក។ ពួកគេបានបន្តស្គាល់ព្រះអម្ចាស់កាន់តែខ្លាំងឡើងៗយ៉ាង​គ្រប់លក្ខណ៍ ហើយបានបង្ហាញឲ្យឃើញពីសេចក្ដីអំណរនិងសេចក្ដីសុខសាន្ដរបស់ព្រះគ្រិស្ត នៅក្នុងជីវិតពួកគេ។ ពួកគេបានទៅសួរសុខទុក្ខក្មេងកំព្រានិងស្ត្រីមេម៉ាយដែលរងទុក្ខវេទនា ហើយបានរក្សាខ្លួនពួកគេមិនឲ្យប្រឡាក់ដោយលោកិយឡើយ ដោយដឹងថាការខកខានមិនបានធ្វើកិច្ចការនេះ គឺ​ជា​ការផ្ទុយពីការអះអាងរបស់ខ្លួន និងជាការបដិសេធព្រះដ៏ប្រោសលោះរបស់ពួកគេផងដែរ។

កិច្ចការនេះត្រូវបានពាំនាំទៅផ្សព្វផ្សាយគ្រប់ទាំងទីក្រុង ។ មនុស្ស​ជា​ច្រើន​បានកែប្រែចិត្ដ ជាអ្នកដែលដឹងថាគេមានតួនាទីប្រាប់ដល់​អ្នកដទៃបន្ត​ពី​កំណប់​ទ្រព្យដ៏មានតម្លៃដែលគេទទួលបាន ។ ពួកគេមិនអាចរង់ចាំរហូតដល់ពន្លឺដែលបានបំភ្លឺដល់គំនិតរបស់ពួកគេបានចែងចាំងដល់អ្នកដទៃនោះឡើយ ។ មនុស្សដែលមិនជឿជាច្រើនត្រូវបានប្រាប់ឲ្យដឹងពីមូលហេតុនៃសេចក្តីសង្ឃឹមរបស់ពួកគ្រិស្តជន ។ ពាក្យសម្ដីអំពាវនាវដ៏កក់ក្តៅដែល​ព្រះវិញ្ញាណបានបណ្តាល ត្រូវបានបំផុសគំនិតអ្នកមានកំហុសដល់អ្នក​ដែល​ទន់ទាប និងដល់អ្នកដែលស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ នៅពេលដែលគេអះអាងថាគេស្គាល់សេចក្តីពិត ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មក។ ( ថែស្សាឡូនីចទី១ ៥:២៣ )

Powered by CAM