ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៧)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ។ ថែស្សាឡូនីចទី១ ៥:១៨

ប៉ុន្ដែ មួយរយៈក្រោយមក ចិត្តពុះកញ្រ្ជោលរបស់ពួកអ្នកជឿនេះក៏បានចាប់ផ្ដើមរួញរាវទៅៗ ហើយសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះនិងចំពោះគ្នាទៅវិញទៅមកបានថមថយដែរ ។ ភាពខ្វះសេចក្តីស្រឡាញ់​ក៏បាន​លូនចូលមកក្នុងពួកជំនុំ ។ អ្នកខ្លះបានភ្លេចពីលក្ខណៈដ៏អស្ចារ្យដែលពួកគេបានទទួលសេចក្ដីពិត ។ អ្នកដែលធ្លាប់កាន់ស្តង់ដារចាស់ពីមុនមកក៏បានធ្លាក់ចុះពីតួនាទីរបស់ពួកគេម្តងមួយៗ ។ អ្នកបម្រើការក្មេងៗខ្លះ ដែលប្រហែលជាបានចែករំលែកបន្ទុកនៃអ្នកត្រួសត្រាយទាំងនេះ ក៏ត្រូវបានរៀបចំសម្រាប់ឲ្យធ្វើជាអ្នកដឹកនាំដ៏ឈ្លាសវៃ ហើយបាននឿយណាយនឹងសេចក្ដីពិតម្តងហើយម្តងទៀត ។ នៅក្នុងបំណងប្រាថ្នារបស់ពួកគេចំពោះអ្វីដែលប្រលោមដល់ចិត្តនិងគួរឲ្យភ្ញាក់ផ្អើល ពួកគេបានព្យាយាមណែនាំមកនូវដំណាក់កាលនៃគោលលទ្ធិថ្មី ដែលធ្វើឲ្យចិត្តគំនិតមនុស្សជាច្រើនមានការពេញចិត្ត ប៉ុន្តែ មិនស្របតាមគោលការណ៍គ្រឹះនៃដំណឹងល្អទេ ។ នៅក្នុងទំនុកចិត្ត​លើខ្លួន​ឯង និងភាពពិការខាងវិញ្ញាណ ពួកគេមិនបានដឹងថាភាពស្មុគ្រស្មាញទាំងនេះនឹងធ្វើឲ្យមនុស្សជាច្រើនមានមន្ទិលសង្ស័យពីរឿងអតីតកាល ហើយនាំឲ្យមានការភ័ន្តច្រឡំនិងការមិនជឿផងដែរនោះទេ។

នៅពេលគោលលទ្ធិខុសឆ្គងទាំងនេះត្រូវបានលើកទឹកចិត្ត ភាពមិនចុះសម្រុងគ្នាក៏បានដុះពន្លកឡើង ហើយភ្នែករបស់មនុស្សជាច្រើនបានងាកចេញពីព្រះយេស៊ូវ ដែលជាអ្នកបង្កើតនិងជាអ្នកបញ្ចប់ជំនឿរបស់ពួកគេ ។ ការពិភាក្សាអំពីចំណុចមិនសំខាន់នៃគោលលទ្ធិ និងការសញ្ជឹងគិតពីរឿងមិនពិតដ៏គួរឲ្យរីករាយនៃអន្តរាគមន៍របស់មនុស្ស បានឆក់យក​ពេលវេលាដែលគួរតែត្រូវបានចំណាយក្នុងការប្រកាសដំណឹងល្អ ។ មហាជនដែលបានជឿជាក់និងបានកែប្រែចិត្ដដោយការបង្ហាញពីសេចក្ដីពិតដ៏ស្មោះត្រង់ ត្រូវបានគេទុកចោលលែងដាស់តឿនទូន្មាន ។ ការគោរពប្រត្តិបត្តិដល់​ព្រះ​ក៏បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយសាតាំងទំនងជាមានអំណាចលើពួកអ្នកដើរតាមព្រះគ្រិស្ត។

គឺនៅក្នុងពេលដ៏អាក្រក់នៅក្នុងប្រវត្តិសាស្រ្តរបស់គ្រិស្តបរិស័ទនេះហើយ ដែលលោកយ៉ូហានត្រូវបានកាត់ទោសប្រហារជីវិត ។ មិនដែលមានពេលណាដែលគេត្រូវការសំឡេងរបស់លោក ដូចជាពួកជំនុំនាសម័យសព្វថ្ងៃនេះឡើយ ។ អតីតសហការីរបស់លោកសឹងតែទាំងអស់សុទ្ធតែបានទទួលរងនូវការធ្វើទុក្ករកម្ម (រងទុក្ខវេទនាដោយសារសេចក្តីជំនឿនោះ) ។ ពួកអ្នកជឿដែលនៅសេសសល់ត្រូវប្រឈមមុខនឹងការប្រឆាំងដ៏សាហាវ ។ ចំពោះ​​លក្ខណៈ​ខាងក្រៅទាំងអស់ ថ្ងៃដែលសត្រូវនៃពួកជំនុំរបស់ព្រះគ្រិស្តនឹងយកជ័យជម្នះនោះហាក់នៅមិនឆ្ងាយប៉ុន្មានទេ។

ប៉ុន្តែ ព្រះហស្តរបស់ព្រះអម្ចាស់កំពុងលូនចូលមកក្នុងភាពងងឹតដោយ​គ្មាន​អ្នកណាមើលឃើញ ។ នៅក្នុងទិព្វញ្ញាណរបស់ព្រះ ព្រះអង្គបានដាក់លោកយ៉ូហាននៅកន្លែងដែលព្រះគ្រិស្តអាចប្រទានការបើកសម្តែងដ៏អស្ចារ្យពីអង្គទ្រង់ និងពីសេចក្តីពិតរបស់ព្រះ ដើម្បីបំភ្លឺដល់ពួកជំនុំ។

សត្រូវនៃសេចក្តីពិតបានសង្ឃឹមថា នឹងបំបាត់សំឡេងនៃស្មរបន្ទាល់ដ៏ស្មោះត្រង់របស់ទ្រង់ជារៀងរហូត ។ ប៉ុន្តែ នៅលើកោះប៉ាត់ម៉ុស ក្នុងសភាព​ជានិរទេសជន សាវ័កយ៉ូហានបានទទួលសារមួយ ដែលមានឥទ្ធិពលក្នុងការបន្តពង្រឹងពួកជំនុំរហូតដល់ទីបញ្ចប់នៃពេលវេលា ។ ទោះបីជាមិនត្រូវបានរំដោះពីការទទួលខុសត្រូវនៃទង្វើខុសឆ្គងរបស់ពួកគេក៏ដោយក៏អស់អ្នក ដែលបានបំបរបង់លោកយ៉ូហាន បានក្លាយជាឧបករណ៍ នៅក្នុងព្រះហស្តរបស់ព្រះដើម្បីសម្រេចគោលបំណងរបស់ឋានសួគ៌ដែរ ហើយការខិតខំប្រឹងប្រែងដើម្បីពន្លត់ពន្លឺ បានដាក់សេចក្ដីពិតនៅក្នុងជំនឿដ៏ក្លាហាន។

ព្រះអម្ចាស់នៃសិរីល្អបានលេចមកឲ្យសាវ័កដែលបាននិរទេសឃើញ នៅថ្ងៃសប្បាតហ៍ លោកយ៉ូហានបានគោរពថ្ងៃសប្បាតហ៍យ៉ាងពិសិដ្ឋនៅលើកោះប៉ាត់ម៉ុស ក៏ដូចជាគ្រាដែលលោកបានអធិប្បាយទៅកាន់មនុស្សនៅតាមទីប្រជុំជននិងទីក្រុងនៃស្រុកយូដាដែរ ។ លោកបានអះអាងថាថ្ងៃនោះគឺជាថ្ងៃដ៏មានតម្លៃដែលព្រះប្រទានឲ្យ ។ លោកយ៉ូហានសរសេរថា «ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮ សំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា អញជាអាល់ផាជា អូមេកា ជាដើម ហើយជាចុង … ។ ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមាន ព្រះបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧ នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមានមួយអង្គ ដូចជាកូន មនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឱរា» (វិវរណៈ ១: ១០-១៣)។

សិស្សជាទីស្រឡាញ់នេះមានការគាប់ដល់ព្រះហឫទ័យរបស់ព្រះជាខ្លាំង ។ លោកបានឃើញព្រះជាម្ចាស់របស់លោកនៅក្នុងសួនច្បារកេតសេម៉ានី តំណក់ញើសក្លាយជាឈាមបានស្រក់ចេញពីព្រះភក្រ្តរបស់ទ្រង់ដោយការឈឺចាប់ហើយ «…ព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង» (អេសាយ ៥២:១៤) ។ លោកបានឃើញទ្រង់នៅក្នុងដៃនៃទាហានរ៉ូម ដែលមានសម្លៀកបំពាក់ពណ៌ស្វាយកញ្ចាស់ ហើយបានពាក់ភួងបន្លាជាមកុដ។ លោកបានឃើញព្រះអង្គត្រូវគេព្យួរលើឈើឆ្កាងនៅកាល់វ៉ារី ជាការធ្វើ ទារុណកម្ម ដោយការចំអកនិងរំលោភបំពានយ៉ាងឃោរឃៅ ។ ឥឡូវនេះ ព្រះបានអនុញ្ញាតឲ្យលោកយ៉ូហានមើលឃើញព្រះអម្ចាស់របស់លោកម្តងទៀត ។ ប៉ុន្តែ លក្ខណៈរបស់ទ្រង់នៅពេលនេះ ខុសគ្នាពីមុនយ៉ាងខ្លាំង ទ្រង់មិនមែនជាមនុស្សដែលមានទុក្ខវេទនា ហើយត្រូវគេមើលងាយនិងមានភាពអាម៉ាស់ដូចមុនទេ។ ទ្រង់បានស្លៀកពាក់សម្លៀកបំពាក់នៃពន្លឺពីឋានសួគ៌ ។ «ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ ដូចជាអណ្តាតភ្លើង ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែល ភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង …» (វិវរណៈ ១:១៤, ១៥) ។ ព្រះសូរសៀងរបស់ទ្រង់ប្រៀបដូចជាតន្ត្រីនៃទឹកធ្លាក់។ ព្រះភក្រ្តរបស់ទ្រង់ភ្លឺដូចព្រះអាទិត្យ។ មានផ្កាយប្រាំពីរនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយចេញពីព្រះឱស្ឋទ្រង់មានដាវមុខពីរយ៉ាងមុត ដែលជានិមិត្តរូបនៃព្រះចេស្តារបស់ទ្រង់។ កោះប៉ាត់ម៉ុសទាំងមូលមានភាពរុងរឿងដោយសារសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មក។ ( ថែស្សាឡូនីចទី១ ៥:២៣ )

Powered by CAM