ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៧)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣៥

លោកយ៉ូហានបានសរសេរថា «កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូល ថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង» (ខ ១៧)។

ព្រះបានលើកទឹកចិត្តឲ្យលោកយ៉ូហានរស់នៅក្នុងព្រះវត្តមាននៃព្រះជាម្ចាស់ដ៏មានសិរីល្អរបស់លោក។ ពេលនោះសិរីល្អនៃឋានសួគ៌បានបើកឡើងនៅចំពោះការបើកសម្តែងរបស់លោក។ ព្រះបានអនុញ្ញាតឲ្យលោកមើលឃើញបល្ល័ង្ករបស់ព្រះ ហួសផុតពីទំនាស់នៃផែនដី ដើម្បីឲ្យមើលឃើញហ្វូងមនុស្សដែលព្រះបានប្រោសលោះនៅក្នុងសម្លៀកបំពាក់នៃអាវផាយពណ៌ស។ លោកបានឮសំឡេងតន្រ្តីរបស់ពួកទេវតានៅឋានសួគ៌និងបទចម្រៀងនៃជ័យជម្នះរបស់ពួកអ្នកដែលបានឈ្នះ ដោយឈាមរបស់កូនចៀមនិងទីបន្ទាល់របស់ពួកគេ។ នៅក្នុងការបើកសម្តែងដែលព្រះបានប្រទានដល់លោកនេះ មានទស្សនីយភាពមួយហើយមួយទៀត ដែលបានលាតត្រដាងបន្ទាប់ពីការ ចាប់អារម្មណ៍ដ៏រំភើប នៅក្នុងបទពិសោធន៍នៃរាស្រ្តរបស់ព្រះនិងប្រវត្តិសាស្រ្តនៃពួកជំនុំ ដែលព្រះបានទាយទុកជាមុនរហូតដល់ទីអវសាន្តនៃប្រវត្តិសាស្រ្តពិភពលោក។ ប្រធានបទដែលមានសារៈសំខាន់ជាខ្លាំងត្រូវបានបង្ហាញដល់លោកយ៉ូហាន ជាតួលេខនិងនិមិត្តសញ្ញា ដែលលោកត្រូវកត់ត្រាទុក សម្រាប់រាស្រ្តរបស់ព្រះដែលរស់នៅក្នុងយុគសម័យនេះនិងនៅពេលខាងមុខ អាចមានការយល់ដឹងដ៏ឈ្លាសវៃអំពីគ្រោះថ្នាក់និងទំនាស់ដែលនៅចំពោះមុខពួកគេ។

ព្រះប្រទានការបើកសម្តែងនេះសម្រាប់ជាការដឹកនាំនិងការកម្សាន្តចិត្តដល់ពួកជំនុំនៅទូទាំងការបែកបាក់របស់គ្រិស្តបរិស័ទ ។ តែគ្រូបង្រៀនសាសនាជាច្រើនបានប្រកាសថា ការបើកសម្តែងនេះគឺជាសៀវភៅបិទត្រា ជិត ហើយអាថ៌កំបាំងនៃការបើកសម្តែងនេះមិនអាចពន្យល់បានទេ។ ហេតុ ដូច្នេះហើយ បានជាមនុស្សជាច្រើនបានងាកចេញពីកំណត់ត្រា នៃបទទំនាយ នេះ ដោយមិនព្រមលះបង់ពេលវេលាដើម្បីសិក្សាពីអាថ៌កំបាំងនៃបទទំនាយនេះឡើយ ប៉ុន្តែ ព្រះមិនសព្វព្រះទ័យចង់ឲ្យរាស្ដ្រទ្រង់ចាត់ទុកសៀវភៅនេះយ៉ាងដូច្នេះទេ។ បទទំនាយនេះគឺជាការ «ដែលព្រះយេស៊ូវគ្រិស្តបានបើកឲ្យឃើញ ជាសេចក្តីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបម្រើទ្រង់ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមកទ្រង់ក៏បាន សម្តែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបម្រើទ្រង់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា «មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ» (ខ ១ និង ខ ៣) ។ «ខ្ញុំធ្វើបន្ទាល់ដល់អស់អ្នកណា ដែលឮសេចក្តីទំនាយ ក្នុងគម្ពីរនេះថា បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្តីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្តីវេទនា ដែលកត់ទុកក្នុងគម្ពីរនេះ ដល់អ្នកនោះផង ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្តីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត និងទីក្រុងបរិសុទ្ធ ហើយនិងសេចក្តីទាំង ប៉ុន្មានដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ។ ព្រះអង្គ ដែលធ្វើបន្ទាល់ពីសេចក្តី ទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់ ។ អាម៉ែន ព្រះអម្ចាស់ យេស៊ូវអើយ សូមយាងមក» (វិវរណៈ ២២: ១៨-២០)។

នៅក្នុងការបើកសម្តែងនេះ មានពណ៌នាអំពីរឿងរ៉ាវដ៏ជ្រាលជ្រៅរបស់ ព្រះ ។ ព្រះអង្គបានប្រទានឈ្មោះចំៗនៅក្នុងទំព័រដែលព្រះវិញ្ញាណបានបណ្តាល «គម្ពីវិវរណៈ» នេះ ដែលផ្ទុយពីការអះអាងថាគម្ពីរនេះគឺជាគម្ពីរដែលបានបិទបាំង ។ គម្ពីរវិវរណៈគឺជារឿងរ៉ាវដែលបានបើកបង្ហាញ ។ ព្រះអម្ចាស់បានបង្ហាញពីអាថ៌កំបាំងដែលមាននៅក្នុងក័ណ្ឌគម្ពីរនេះដល់អ្នកបម្រើ របស់ទ្រង់ ដោយផ្ទាល់ព្រះអង្គ ហើយទ្រង់បានបង្ហាញការសព្វព្រះហឫទ័យចង់ឲ្យគម្ពីរនេះត្រូវបានបើកចំហសម្រាប់ការសិក្សាដល់មនុស្សទាំងអស់ ។ ព្រះបានបញ្ជាក់ពីសេចក្ដីពិតនៃគម្ពីរនេះ ចំពោះពួកអ្នកដែលរស់នៅក្នុងសម័យចុងក្រោយនៃប្រវត្ដិសាស្ដ្រនៃផែនដី ក៏ដូចជាដល់ពួកអ្នកដែលរស់នៅសម័យលោកយ៉ូហានដែរ ។ ឈុតឆាកខ្លះដែលបានពិពណ៌នានៅក្នុងទំនាយនេះបានកើតឡើងកាលពីអតីតកាល ខ្លះទៀតកំពុងកើតឡើងនៅពេលសព្វថ្ងៃនេះ ខ្លះនាំឲ្យមើលឃើញទីបញ្ចប់នៃទំនាស់ដ៏ធំរវាងអំណាចនៃភាពងងឹត និងព្រះមហាក្សត្រនៃឋានសួគ៌ ហើយខ្លះទៀតបង្ហាញពីជ័យជម្នះនិងក្ដីអំណររបស់ពួកអ្នកដែលបានប្រោសលោះនៅលើផែនដីថ្មី។

សូមកុំឲ្យមាននរណាគិតថា ការខំប្រឹងប្រែងស្វែងយល់ពីអត្ថន័យនៃ សេចក្តីពិតដែលមាននៅក្នុងគម្ពីរនេះគឺជាការឥតប្រយោជន៍ ដោយព្រោះពួកគេមិនអាចពន្យល់ពីអត្ថន័យដែលមាននៅក្នុងការបើកសម្តែងនោះបានទេ នោះឡើយ ។ ព្រះអង្គដែលបានបង្ហាញអាថ៌កំបាំងទាំងនេះដល់លោកយ៉ូហាន ទ្រង់នឹងប្រទានរសជាតិនៃរឿងរ៉ាវនៅឋានសួគ៌ ដល់អ្នកដែលខំស្វែងយល់ពីសេចក្តីពិតនេះដោយស្មោះស្ម័គ្រ ។ អស់អ្នកដែលមានចិត្តបើក ចំហទទួលយក សេចក្តីពិតនេះ ព្រះនឹងអនុញ្ញាតឲ្យអ្នកនោះអាចយល់ពីការបង្រៀនរបស់ព្រះគម្ពីរនោះ ហើយព្រះអង្គនឹងប្រទានព្រះពរនៃសេចក្តីសន្យាដល់អ្នកដែលមើល និងអស់អ្នកដែល «ស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មក។ ( ថែស្សាឡូនីចទី១ ៥:២៣ )

Powered by CAM