ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៧)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ព្រះវិញ្ញាណ ទ្រង់​មាន​ព្រះបន្ទូល​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាកចាកចេញ​ពី​សេចក្តី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្តី​បង្រៀន​របស់​ពួក​អារក្ស។ ធីម៉ូថេទី១ ៤:១

ក័ណ្ឌគម្ពីរទាំងអស់នៃព្រះគម្ពីរបានជួបគ្នានិងបញ្ចប់នៅក្នុងគម្ពីរវិវរណៈ។ នៅទីនេះគឺជាការបំពេញបន្ថែមទៅនឹងគម្ពីរដានីយ៉ែល។ មួយ (គម្ពីរដានីយ៉ែល) គឺទំនាយ ហើយមួយទៀត (គម្ពីរវិវរណៈ) គឺជាការបកស្រាយ ឬការបើក សម្តែង។ ក័ណ្ឌគម្ពីរដែលបានបិទត្រានោះមិនមែនជាគម្ពីរវិវរណៈទេ ប៉ុន្តែ ផ្នែកនៃបទទំនាយក្នុងគម្ពីរដានីយ៉ែលនោះ ទាក់ទងទៅនឹងថ្ងៃចុងក្រោយ បំផុត។ ទេវតាបានបង្គាប់ថា «តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំង ពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ» (ដានីយ៉ែល ១២:៤)។

គឺព្រះគ្រិស្តបានបង្គាប់ឲ្យសាវ័កយ៉ូហានកត់ត្រានូវអ្វី ដែលទ្រង់បាន បើកបង្ហាញនៅចំពោះលោក។ ទ្រង់បានបង្គាប់ថា «ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុក អាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុង សើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ» ។ «អញជាព្រះ ដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ … ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្តីដែលឯងបានឃើញ ព្រមទាំងសេចក្តីដែលមានសព្វថ្ងៃនេះ និងសេចក្តីទាំងប៉ុន្មាន ដែលត្រូវកើតមក តាមក្រោយទៀតផង ឯសេចក្តីអាថ៌កំបាំងពីផ្កាយទាំងប្រាំពីរ ដែលឯងបាន ឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំងប្រាំពីរ នោះស្រាយថា ផ្កាយទាំងប្រាំពីរនោះ គឺជាទេវតារបស់ពួកជំនុំទាំងប្រាំពីរ ហើយជើងចង្កៀង ទាំងប្រាំពីរ នោះគឺជាពួកជំនុំទាំងប្រាំពីរនោះឯង» (វិវរណៈ ១:១១, ១៨-២០)។

ឈ្មោះនៃពួកជំនុំទាំងប្រាំពីរ គឺជានិមិត្តរូបតំណាងពួកជំនុំនៅសម័យផ្សេងៗគ្នានៃយុគសម័យរបស់គ្រិស្តបរិស័ទ ។ លេខ ៧ បង្ហាញពីភាពពេញ លេញ ឬភាពគ្រប់លក្ខណ៍ និងជានិមិត្តរូបនៃការពិតដែលថា សារទាំងនេះបានពង្រីករហូតដល់ទីអវសាន្ត នៅពេលដែលនិមិត្តសញ្ញាដែលលោកបានប្រើបង្ហាញពីស្ថានភាពនៃពួកជំនុំនៅសម័យផ្សេងៗគ្នា នៅក្នុងប្រវត្តិសាស្ត្រ នៃពិភពលោក។

លោកយ៉ូហានបានមានប្រសាសន៍ថា ព្រះគ្រិស្តបានយាងនៅកណ្តាលជើងចង្កៀងមាស ។ ដូច្នេះ និមិត្តរូបនេះតំណាងឲ្យទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងពួកជំនុំទាំងនោះ ។ ទ្រង់គង់នៅក្នុងទំនាក់ទំនងជាមួយនឹងរាស្រ្តរបស់ទ្រង់ជានិច្ច។ ទ្រង់ជ្រាបពីសភាពពិតប្រាកដរបស់ពួកគេ។ ទ្រង់សង្កេតមើលរបៀបរៀបរយរបស់ពួកគេ ការគោរពប្រតិបត្តិចំពោះព្រះជាម្ចាស់និង ការថ្វាយបង្គំរបស់ពួកគេ ។ ទោះបីជាព្រះអង្គជាសម្ដេចសង្ឃនិងជាអយ្យការនៅក្នុងទីបរិសុទ្ធនៅឋានសួគ៌ក៏ដោយ ក៏និមិត្តរូបនេះបង្ហាញថាទ្រង់កំពុងតែយាងនៅកណ្តាលពួកជំនុំរបស់ទ្រង់នៅលើផែនដីនេះដែរ ។ ទ្រង់សម្លឹង មើលដោយការមិនរលីវ ដោយមិនចេះនឿយហត់និងដោយប្រុងប្រយ័ត្នឥតឈប់ឈរ ដើម្បីឲ្យដឹងថា តើពន្លឺនៃពួកអ្នកយាមល្បាតរបស់ទ្រង់ កំពុងតែ ស្រអាប់ឬរលត់បាត់ទៅហើយ ។ ប្រសិនបើទ្រង់ទុកឲ្យមនុស្សថែរក្សាជើងចង្កៀង នោះភ្លើងដែលឆេះនឹងកាន់តែស្រអាប់ ហើយទីបំផុតប្រាកដជានឹងរលត់បាត់ជាក់ជាមិនខាន ប៉ុន្តែ ព្រះអង្គគឺជាអ្នកយាមល្បាតពិតប្រាកដនៅក្នុងព្រះរាជដំណាក់របស់ព្រះអម្ចាស់ ដែលជាអ្នកយាមល្បាតនៃទីលានព្រះវិហារ ។ ការថែរក្សាជាបន្តនិងព្រះគុណដែលជួយទ្រទ្រង់របស់ទ្រង់ គឺជាប្រភពនៃជីវិតនិងពន្លឺ។

ព្រះគ្រិស្តត្រូវបានតំណាងដោយនិមិត្តរូបដែលកាន់ផ្កាយទាំងប្រាំពីរ នៅព្រះហស្ដស្តាំរបស់ទ្រង់ ។ ការនេះធានាដល់យើងថាគ្មានពួកជំនុំណាដែលស្មោះត្រង់នឹងកិច្ចការរបស់ខ្លួន ត្រូវព្រួយបារម្ភខ្លាចក្រែងកិច្ចការរបស់ខ្លួននឹងមិនមានប្រយោជន៍នោះឡើយ ព្រោះគ្មានផ្កាយណាមួយដែលមានការការពារពីព្រះដ៏មានសព្វចេស្តា អាចត្រូវដកចេញពីព្រះហស្តរបស់ព្រះគ្រិស្ត ឡើយ។

«ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា» (វិវរណៈ ២:១) ។ ពាក្យទាំងនេះព្រះអង្គបានមានបន្ទូល ទៅកាន់គ្រូបង្រៀន នៅក្នុងពួកជំនុំ ជាអស់អ្នកដែលព្រះមានការទទួលខុសត្រូវដ៏ធ្ងន់ ។ ឥទ្ធិពលដ៏ផ្អែមល្ហែមដែលមានហូរហៀរនៅក្នុងពួកជំនុំ ត្រូវបានចងភ្ជាប់ជាមួយពួកអ្នកបម្រើព្រះ ដែលនឹងបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ត ។ ផ្កាយនៅឋានសួគ៌ឋិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ។ ទ្រង់បំពេញពន្លឺដល់ហ្វូងតារាទាំងនោះ ។ ទ្រង់ដឹកនាំនិងតម្រង់ទិសនៃចលនារបស់ផ្កាយទាំងឡាយនោះ ។ ប្រសិនបើព្រះអង្គមិនធ្វើដូច្នោះទេ ផ្កាយទាំងនោះនឹងក្លាយជា ផ្កាយដែលធ្លាក់ចាកមេឃជាក់ជាមិនខាន ។ ចំណែកឯពួកអ្នកបម្រើ (គ្រូគង្វាល) របស់ព្រះអង្គក៏យ៉ាងដូច្នោះដែរ ។ ពួកគេគឺជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់ ហើយអំពើល្អដែលពួកគេធ្វើអាចនឹងបានសម្រេចតាមរយៈព្រះចេស្តារបស់ទ្រង់ ។ ពន្លឺរបស់ទ្រង់ត្រូវតែភ្លឺចែងចាំងតាមរយៈពួកគេ។ ព្រះអង្គសង្គ្រោះគឺជាព្រះដ៏ជាទីគាប់ចិត្តរបស់ពួកគេ ។ ប្រសិនបើពួកគេនឹងសម្លឹងមើលទៅឯទ្រង់ ដូចជាព្រះអង្គទតមើលទៅឯព្រះវរបិតាដែរ នោះ ព្រះអង្គនឹងជួយឲ្យពួកគេអាចធ្វើកិច្ចការរបស់ទ្រង់បាន ។ នៅពេលដែលពួកគេយកព្រះធ្វើជាទីពឹងផ្អែករបស់ពួកគេ ទ្រង់នឹងប្រទានពន្លឺរបស់ទ្រង់ដល់ពួកគេ ដើម្បីបំភ្លឺបន្តដល់ពិភពលោកទាំងមូល។

អាថ៌កំបាំងនៃភាពទុច្ចរិតដែលលោកប៉ុលបានទាយទុកជាមុន បានចាប់ ផ្ដើមកិច្ចការរបស់ខ្លួន នៅដើមដំបូងនៃប្រវត្ដិសាស្ដ្ររបស់ពួកជំនុំ ហើយនៅ ពេលពួកគ្រូក្លែងក្លាយ ដែលលោកពេត្រុសបានព្រមានដល់ពួកអ្នកជឿឲ្យប្រុងប្រយ័ត្ន បានជម្រុញឲ្យមានភាពខុសឆ្គង មនុស្សជាច្រើនត្រូវបានជាប់នៅក្នុងគោលលទ្ធិមិនត្រឹមត្រូវ។ មនុស្សខ្លះបានរងទុក្ខក្នុងការល្បងល ហើយត្រូវបានល្បួងឲ្យបោះបង់ចោលសេចក្ដីជំនឿ ។ នៅពេលដែលព្រះបានប្រទានការបើកសម្តែងនេះដល់លោកយ៉ូហាន មានមនុស្សជាច្រើនបាន បាត់បង់សេចក្តីស្រឡាញ់ទៅលើសេចក្តីពិតនៃដំណឹងល្អ លើកដំបូងរបស់ ពួកគេរួចទៅហើយ។ ប៉ុន្តែ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះមិនបានទុកពួកជំនុំឲ្យបន្តលក្ខណៈនៃការបោះបង់ជំនឿឡើយ ។ ទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ និងបំណងប្រាថ្នារបស់ទ្រង់ចង់ឲ្យពួកគេដឹងច្បាស់អំពីកិច្ចការសម្រាប់ភាពអស់កល្ប នៅក្នុងសារដ៏ទន់ភ្លន់គ្មានព្រំដែន។ ព្រះអង្គបានអង្វរថា «ដូច្នេះ ចូរនឹកចាំដែលឯងបាន ធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ» (ខ ៥)។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើងដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ( ម៉ាថាយ ៥:១៦ )

Powered by CAM