ថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៧)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​និង​សេចក្តី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្តី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។ ធីម៉ូថេទី១ ៤:១៦

ពួកជំនុំត្រូវចុះខ្សោយ ហើយត្រូវការការស្ដីបន្ទោសយ៉ាងម៉ឺងម៉ាត់ និង ការដាក់ទណ្ឌកម្មផង ហើយព្រះបានបណ្តាលចិត្តលោកយ៉ូហានឲ្យកត់ត្រានូវការព្រមាន ការស្ដីបន្ទោស និងការអង្វរករដល់អស់អ្នកដែលមើលមិនឃើញគោលការណ៍គ្រឹះនៃដំណឹងល្អ ដែលអាចបំផ្លាញដល់ក្តីសង្ឃឹមនៃសេចក្ដីសង្គ្រោះរបស់ពួកគេ។ ប៉ុន្តែ ពាក្យពេចន៍នៃការស្ដីបន្ទោសដែលព្រះ បានយល់ឃើញថាវាចាំបាច់សម្រាប់ផ្ញើជូនពួកជំនុំ ត្រូវតែបាននិយាយដោយ សេចក្ដីស្រឡាញ់ដ៏ទន់ភ្លន់និងដោយសេចក្តីសន្យានៃសេចក្តីសុខសាន្ត ដល់អ្នកជឿដែលមានចិត្ដស្តាយក្រោយគ្រប់ៗគ្នា ។ ព្រះអម្ចាស់មានព្រះបន្ទូលថា «មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើក ទ្វារឲ្យនោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ» (វិវរណៈ ៣:២០)។

ហើយហោរាយ៉ូហានបានផ្តល់ពាក្យសរសើរនិងសេចក្តីសន្យា សម្រាប់អ្នកទាំងឡាយដែលកំពុងនៅកណ្តាលជម្លោះឲ្យរក្សាជំនឿរបស់គេនៅក្នុងព្រះ «អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហ នៅមុខ ឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះ អញ ទេ» ។ «ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកិយទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នកដែលនៅលើផែនដីទាំងប៉ុន្មាន» ។ លោកបាន ដាស់តឿនដល់ពួកអ្នកជឿថា «ចូរប្រុងប្រយ័ត្ន ហើយចម្រើនកម្លាំងដល់អ្វីៗដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ» ។ «មើល អញមក ជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្តីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ» (ខ ៨, ១០, ២, ១១)។

ព្រះគ្រិស្តបានបើកសម្តែងទៅកាន់ពួកជំនុំរបស់ទ្រង់ អំពីការដែលពួកគេត្រូវរងទុក្ខដោយសារទ្រង់ តាមរយៈអ្នកដែលបានប្រកាសថាខ្លួន «ជាបង ប្អូននៃអ្នករាល់គ្នា» (វិវរណៈ ១:៩) ដោយសម្លឹងមើលទៅ ភាពងងឹតនៃ ពេលវេលា និងជំនឿឆ្វេងនិយម នៅពេលខាងមុខជាច្រើនសតវត្សរ៍ និរទេសជនដ៏ចំណាស់នេះបានឃើញមនុស្សជាច្រើនត្រូវរងទុក្ខវេទនាដោយសារតែសេចក្ដីជំនឿរបស់ពួកគេចំពោះសេចក្ដីពិត ។ ប៉ុន្តែ លោកក៏ បានមើលឃើញផងដែរថា ព្រះដែលបានទ្រទ្រង់ដល់ស្មរបន្ទាល់ដើមដំបូងរបស់ទ្រង់ ព្រះអង្គនឹងមិនបោះបង់ពួកអ្នកដែលដើរតាមទ្រង់ដោយស្មោះត្រង់របស់ទ្រង់ ក្នុងអំឡុងពេលនៃការបៀតបៀនជាច្រើនសតវត្សរ៍ដែលពួកគេត្រូវឆ្លងកាត់ មុនពេលជិតដល់គ្រាអវសាន្តកាលនោះដែរ ។ ព្រះអម្ចាស់បាន មានព្រះបន្ទូលថា «កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើល ឯង … ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដ នៃជីវិតដល់ឯង» (វិវរណៈ ២:១០) ។

ហើយលោកយ៉ូហានបានឮសេចក្ដីសន្យាដែលបានធ្វើឡើងចំពោះអស់អ្នកស្មោះត្រង់ដែលខំប្រឹងប្រឆាំងនឹងអំពើអាក្រក់ថា «ឯអស់អ្នកណាដែល ឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅឋានបរមសុខ របស់ព្រះ» ។ «អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់សហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះ អ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ» ។ «ឯអ្នក ណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញ បានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ» (ខ ៧ និង ៣:៥, ២១)។

លោកយ៉ួហានបានមើលឃើញសេចក្ដីមេត្តាករុណា ភាពទន់ភ្លន់និង សេចក្តីស្រឡាញ់របស់ព្រះ លាយជាមួយភាពបរិសុទ្ធ សេចក្តីយុត្ដិធម៌និង អំណាចរបស់ទ្រង់។ លោកបានឃើញពួកមនុស្សមានបាបបានរកឃើញព្រះវរបិតានៅក្នុងទ្រង់ ដែលអំពើបាបរបស់ពួកគេធ្វើឲ្យពួកគេភ័យខ្លាច។ ហើយដោយសម្លឹងមើលទៅហួសពីចំណុចកំពូលនៃវិវាទដ៏ធំ នោះលោក បានឃើញក្រុងស៊ីយ៉ូន «ដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នក ដែលបានឈ្នះ… គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា” គេច្រៀង ‘ទំនុករបស់លោកម៉ូសេ’ និងទំនុករបស់កូនចៀម»(វិវរណៈ ១៥:២, ៣)។

ព្រះអង្គសង្រ្គោះបានបង្ហាញអង្គទ្រង់នៅចំពោះមុខលោកយ៉ូហាន នៅ ក្រោមនិមិត្តសញ្ញានៃ «សត្វសិង្ហដែលកើតពីពូជអំបូរយូដា កូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ» (វិវរណៈ ៥:៥, ៦) ។ និមិត្តរូបទាំងនេះតំណាងឲ្យការរួបរួមគ្នានៃអំណាចដែលមានឫទ្ធានុភាពនិងសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ។ សត្វសិង្ហដែលកើតពីអំបូរយូដាតំណាងឲ្យពួកអ្នកដែលបដិសេធព្រះគុណរបស់ទ្រង់ដ៏គួរឲ្យស្ញែងខ្លាច ឯកូនចៀមនៃព្រះតំណាងឲ្យអ្នកស្តាប់បង្គាប់និងអ្នកស្មោះត្រង់ ។ បង្គោលភ្លើងដែលនិយាយពាក្យគួរឲ្យតក់ស្លុត និងសេចក្ដីក្រោធដល់អ្នកដែលបំពាននឹងក្រឹត្យវិន័យរបស់ព្រះ គឺជាសញ្ញានៃពន្លឺនិងសេចក្ដីមេត្ដាករុណានិង ការ រំដោះ ដល់អ្នកដែលបានកាន់តាមបញ្ញត្ដិរបស់ទ្រង់ ។ ព្រះហស្តដ៏ខ្លាំងពូកែដែលវាយដំអ្នកបះបោរ គឺជាការរំដោះអ្នកស្មោះត្រង់។ អស់អ្នកដែលស្មោះត្រង់នឹងបានសង្រ្គោះ ។ «ហើយលោកនឹងចាត់ពួកទេវតារបស់លោកឲ្យមកដោយ សូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង» (ម៉ាថាយ ២៤:៣១)។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើងដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ( ម៉ាថាយ ៥:១៦ )

Powered by CAM