កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពីព្រោះ ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ ។ ហេព្រើរ ៤:១២
បើប្រៀបធៀបទៅនឹងមនុស្សរាប់លាននាក់ក្នុងពិភពលោកនេះ រាស្ដ្រ របស់ព្រះដូចជាកូនចៀម ប៉ុន្តែ ប្រសិនបើពួកគេឈរដើម្បីសេចក្តីពិតដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ នោះព្រះនឹងធ្វើជាទីជ្រកកោនរបស់ពួកគេ។ ពួកគេឈរនៅក្រោមខែលដ៏ធំ នៃឫទ្ធានុភាពរបស់ព្រះ។ ព្រះជាម្ចាស់គឺតែងតែធំឧត្តមជានិច្ច។ នៅពេលដែលសំឡេងត្រែចុងក្រោយបង្អស់នឹងបន្លឺចូលទៅក្នុងគុកនៃអ្នកស្លាប់ ហើយមនុស្សសុចរិតនឹងចេញមកដោយជ័យជម្នះ និងស្រែកឡើងថា «ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជម្នះរបស់ឯងនៅឯណា?» (កូរិនថូសទី១ ១៥:៥៥) ឈរជាមួយព្រះ ជាមួយព្រះគ្រិស្ត ជាមួយពួកទេវតា និងជាមួយនឹងមនុស្សដែលមានភក្តីនិងភាពស្មោះត្រង់គ្រប់ជំនាន់ កូនរបស់ព្រះនឹងមានចំនួន ច្រើនអនេក។
ពួកសិស្សដ៏ស្មោះត្រង់របស់ព្រះគ្រិស្តដើរតាមទ្រង់ ឆ្លងកាត់ការឈឺចាប់ ដ៏ធ្ងន់ធ្ងរ ដោយស៊ូទ្រាំនឹងការលះបង់ខ្លួនឯង និងការខកចិត្តដ៏ជូរចត់ ប៉ុន្តែ ការទាំងនេះបង្រៀនពួកគេពីកំហុសនិងទុក្ខវេទនានៃអំពើបាប ហើយបានដឹកនាំពួកគេឲ្យមើលទៅឯអំពើបាបនោះដោយការស្អប់ខ្ពើម ។ ជាអ្នកទទួលរងទុក្ខវេទនារបស់ព្រះគ្រិស្ត ពួកគេក៏ជាអ្នកមានចំណែកជាមួយនឹងសិរីល្អរបស់ទ្រង់ដែរ ។ ហោរាយ៉ូហានបានមើលឃើញជ័យជម្នះចុងក្រោយបង្អស់នៃពួកជំនុំដែលនៅសេសសល់របស់ព្រះ នៅក្នុងការបើកសម្តែងដ៏បរិសុទ្ធនោះ ។ លោកសរសេរថា៖
«រួចខ្ញុំមើលទៅឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នក ដែលបានឈ្នះ …គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា គេច្រៀងទំនុករបស់លោកម៉ូសេជាបាវបម្រើនៃព្រះ និងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយ អស្ចារ្យ ឱស្តេចនៃសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់» (វិវរណៈ ១៥: ២, ៣)។
«ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស ១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ និងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ» (វិវរណៈ ១៤:១) ។ នៅក្នុងលោកិយ នេះ គេបានថ្វាយគំនិតរបស់ពួកគេចំពោះព្រះ ហើយពួកគេបានបម្រើទ្រង់ដោយប្រាជ្ញានិងដោយអស់ពីចិត្ត ហើយឥឡូវនេះ ទ្រង់អាចដាក់ ព្រះនាម ទ្រង់ «នៅថ្ងាសរបស់ពួកគេ» ។ «ហើយគេនឹងសោយរាជ្យនៅអស់កល្បជា និច្ចរៀងរាបទៅ» (វិវរណៈ ២២:៥) ។ ពួកគេមិនដើរចេញចូលដូចជាពួកអ្នកដើរសុំទាននោះទេ ។ ពួកគេគឺជាមនុស្សនៅក្នុងចំណោមអ្នកដែលព្រះគ្រិស្តមានបន្ទូលថា «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមក ទទួលមរតកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នាតាំងពី កំណើតលោកិយមក» ។ ទ្រង់ស្វាគមន៍ពួកគេដូចជាកូនចៅរបស់ទ្រង់ ដោយមានបន្ទូលថា «ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ» (ម៉ាថាយ ២៥:៣៤, ២១)។
«នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្ស លោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនិងកូនចៀម» (វិវរណៈ ១៤:៤) ។ ការបើកសម្តែងរបស់ហោរាបង្ហាញថា ពួកគេកំពុងឈរនៅលើភ្នំស៊ីយ៉ូន ក្រវាត់ដោយកិច្ចការដ៏បរិសុទ្ធ ស្លៀកពាក់សំពត់ខ្លូនទេសយ៉ាងស ដែលជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ ។ ប៉ុន្ដែ អស់អ្នកដែលដើរតាមកូនចៀមនៅឋានសួគ៌ដំបូងត្រូវតែដើរតាមទ្រង់នៅលើផែនដីជាមុនសិនមិនមែនដោយ មួម៉ៅ ឬដោយចិត្តសាវានោះទេ តែដោយទំនុកចិត្ត ដោយសេចក្តីស្រឡាញ់ និងដោយការស្តាប់បង្គាប់យ៉ាងស្មោះស្ម័គ្រ ដូចជាហ្វូងចៀមតាមអ្នកគង្វាលដូច្នោះដែរ។
«រួចខ្ញុំឮសំឡេងមកពីលើមេឃ ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់ យ៉ាងខ្លាំង រីឯសំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរស័ព្ទរបស់ពួកដន្ត្រីដែលកំពុងតែចាប់ស៊ុង គេច្រៀងបទមួយថ្មីនៅមុខបល្ល័ង្ក … មិនឃើញមានសេចក្តីភូតភរនៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង» (ខ ២-៥)។
«ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី» ។ «ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមាន តម្លៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវចរណៃ ១២ ក្រុង នោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២» ។ «ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវ ក្រុងក៏ធ្វើពីមាសសុទ្ធថ្លាដូចជាកែវ ខ្ញុំមិនឃើញមានព្រះវិហារណានៅក្នុង ក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតព្រមទាំងកូនចៀម ដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ» (វិវរណៈ ២១:២, ១១, ១២, ២១, ២២)។
«គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបម្រើទ្រង់ គេនឹងឃើញព្រះភក្ត្រទ្រង់ ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេ ក៏នឹងឥត មានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណាឬពន្លឺព្រះអាទិត្យ ទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យនៅ អស់កល្បជានិច្ចរៀងរាបទៅ» (វិវរណៈ ២២:៣-៥)។
«ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃដែលហូរ ចេញពីបល្ល័ង្កនៃព្រះនិងកូនចៀម ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ ទន្លេទាំងសងខាងនោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សម្រាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា»។ «មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ» (ខ ១, ២, ១៤)។
«ខ្ញុំមានឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោង ឧបោសថរបស់ព្រះបាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជា មួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ» (វិវរណៈ ២១:៣)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ( ម៉ាថាយ ៥:១៦ )