ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងគំនិតគេ ហើយនិងកត់ទុកនៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ។ ហេព្រើរ ៨:១០
ជាងដប់ប្រាំបីសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីពួកសាវ័កបានសម្រាកពីការងាររបស់ពួកគេមក ប៉ុន្តែ ប្រវត្តិសាស្រ្តនៃការពិបាកនិងការលះបង់របស់ពួកគេ ចំពោះព្រះគ្រិស្ត នៅតែជាសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងចំណោមពួកជំនុំដដែល ។ ប្រវត្តិសាស្ត្រដែលបានសរសេរនៅក្រោមការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធនេះ ត្រូវបានកត់ត្រាទុកដើម្បីជំរុញឲ្យពួកអ្នកដើរតាមព្រះគ្រិស្តនៅគ្រប់ជំនាន់មានចិត្តខ្នះខ្នែងកាន់តែផុសផុលឡើង នៅក្នុងកិច្ចការនៃព្រះអង្គសង្រ្គោះតាមរយៈកំណត់ត្រាទាំងនោះ។
ពួកសិស្សបានសម្រេចបេសកកម្មដែលព្រះគ្រិស្តបានប្រទានដល់ពួកគេ ។ នៅពេលពួកអ្នកនាំសារនៃឈើឆ្កាងបានចេញទៅប្រកាសដំណឹងល្អ នោះមានការបើកសម្តែងពីសិរីល្អនៃព្រះ ដែលមនុស្សបានរស់នៅលើផែនដីនេះតាំងពីដើមរៀងមកមិនធ្លាប់ជួបប្រទះឡើយ ។ ពួកសាវ័កបានធ្វើកិច្ចការដែលធ្វើឲ្យរញ្ជួយដល់ពិភពលោក ដោយកិច្ចសហការជាមួយព្រះវិញ្ញាណរបស់ព្រះ ។ ដំណឹងល្អត្រូវបានប្រកាសផ្សាយដល់មនុស្សគ្រប់ទាំងសាសន៍ តែក្នុងមួយជំនាន់ប៉ុណ្ណោះ។
ភាពរុងរឿង គឺជាលទ្ធផលដែលបានកើតឡើងពីការចូលរួមក្នុងកិច្ចបម្រើរបស់ពួកសាវ័កដែលបានជ្រើសរើសរបស់ព្រះគ្រិស្ត ។ នៅដើមដំបូងនៃកិច្ចការបម្រើរបស់ពួកគេ មានអ្នកខ្លះជាមនុស្សមិនបានរៀនសូត្រចេះដឹងប៉ុន្មានទេ ប៉ុន្តែ ការលះបង់របស់ពួកគេដល់បុព្វហេតុនៃព្រះជាម្ចាស់របស់គេ អស់ពីចិត្តពីថ្លើមគ្មានលាក់លៀមអ្វីឡើយ ហើយនៅក្រោមការណែនាំរបស់ទ្រង់ ពួកគេបានរៀបចំខ្លួនសម្រាប់កិច្ចការដ៏ធំអស្ចារ្យដែលព្រះបានប្រទានដល់ពួកគេ ។ ព្រះគុណនិងសេចក្ដីពិតបានសោយរាជ្យនៅក្នុងចិត្តរបស់ពួកគេ ជំរុញដល់គំនិតរបស់ពួកគេ និងគ្រប់គ្រងសកម្មភាពរបស់ពួកគេ ។ ជីវិតរបស់ពួកគេត្រូវបានលាក់ខ្លួននៅជាមួយព្រះគ្រិស្ត នៅក្នុងព្រះវរបិតា ហើយភាពអាត្មានិយមត្រូវបានរលាយបាត់បង់ ដោយលិចទៅក្នុងសេចក្ដីស្រឡាញ់ដ៏គ្មានព្រំដែន។
ពួកសិស្សគឺជាមនុស្សដែលចេះនិយាយនិងចេះអធិដ្ឋានយ៉ាងស្មោះស្ម័គ្រ ជាមនុស្សដែលមានអំណាចរបស់ព្រះនៃសាសន៍អ៊ីស្រាអែលដ៏ខ្លាំងពូកែ។ ពួកគេបានឈរយ៉ាងជិតស្និទ្ធនៅក្បែរព្រះ ហើយបានចងភ្ជាប់កិត្តិយសផ្ទាល់របស់ពួកគេទៅនឹងបល្ល័ង្ករបស់ទ្រង់ ព្រះយេហូវ៉ាជាព្រះរបស់ពួកគេ។ កិត្តិយសរបស់ទ្រង់គឺជាកិត្តិយសរបស់ពួកគេ។ សេចក្តីពិតរបស់ទ្រង់ គឺជាសេចក្តីពិតរបស់ពួកគេ ។ រៀងរាល់ការវាយប្រហារដែលបានកើតឡើងដល់ដំណឹងល្អ ដែលហាក់ដូចជាចូលជ្រៅទៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេបានប្រយុទ្ធដើម្បីបុព្វហេតុនៃព្រះគ្រិស្ត អស់ពីកម្លាំងជាមនុស្សរបស់ពួកគេ ។ ពួកគេអាចទទួលយកព្រះបន្ទូលនៃជីវិតដោយសារពួកគេបានទទួលការចាក់ប្រេងតាំងពីឋានសួគ៌ ។ ពួកគេបានរំពឹងទុកជាច្រើន ហើយដូច្នេះពួកគេក៏បានទទួលជាច្រើនដែរ ។ ព្រះគ្រិស្តបានបើកសម្តែងអង្គទ្រង់នៅចំពោះពួកគេ ហើយពួកគេបានសម្លឹងមើលទៅឯទ្រង់ដើម្បីការណែនាំ ។ ការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត និងអំណាចដើម្បីទប់ទល់នឹងការប្រឆាំង សមាមាត្រទៅនឹងការអនុវត្តន៍តាមបំណងព្រះហឫទ័យរបស់ព្រះ។ ព្រះយេស៊ូវគ្រិស្ត ដែលជាប្រាជ្ញានិងព្រះចេស្ដានៃព្រះ គឺជាប្រធានបទនៃការបង្រៀនទាំងអស់ ។ ព្រះនាមរបស់ទ្រង់ ជាឈ្មោះតែមួយគត់ដែលបានប្រទានឲ្យនៅក្រោមមេឃ ជានាមដែលមនុស្សអាចទទួលបានសេចក្តីសង្រ្គោះ នឹងបានថ្កើងឡើងដោយសារពួកគេ នៅពេលពួកគេប្រកាសពីភាពគ្រប់លក្ខណ៍នៃព្រះគ្រិស្ត ជាព្រះអង្គសង្រ្គោះដែលបានមានព្រះជន្មរស់ឡើងវិញ នោះពាក្យសម្ដីរបស់ពួកគេបានប៉ះពាល់ចិត្ដ ហើយបុរសនារីជាច្រើនត្រូវបានទាក់ទាញមកឯដំណឹងល្អ ។ មនុស្សជាច្រើនដែលបានប្រមាថព្រះនាមព្រះអង្គសង្រ្គោះ ហើយបានមើលងាយព្រះចេស្តារបស់ទ្រង់ ឥឡូវនេះបានចូលខ្លួនមកធ្វើជាសិស្សរបស់ព្រះដែលគេបានឆ្កាង។
ពួកសាវ័កមិនបានសម្រេចបេសកកម្មរបស់ពួកគេ ដោយអំណាចរបស់ខ្លួនទេ ប៉ុន្តែដោយព្រះចេស្តារបស់ព្រះដ៏មានព្រះជន្មរស់វិញ ។ កិច្ចការរបស់ពួកគេមិនងាយស្រួលទេ ។ ការងារបើកចំហនៃពួកជំនុំគ្រិស្តបរិស័ទត្រូវបានជួបនឹងការពិបាកនិងទុក្ខព្រួយដ៏ជូរចត់ជាច្រើន ពួកសិស្សតែងតែជួបប្រទះនឹងបញ្ហាឯកោ ការថប់បារម្ភនិងការធ្វើទុក្ខបុកម្នេញ នៅក្នុងកិច្ចការរបស់ពួកគេ ។ ប៉ុន្ដែ ពួកគេមិនបានចាត់ទុកជីវិតខ្លួនជាទីស្រឡាញ់ចំពោះខ្លួនឯងទេ ហើយពួកគេមានអំណរដោយសារព្រះបានត្រាស់ហៅឲ្យពួកគេរងទុក្ខវេទនាដោយសារព្រះគ្រិស្ត ។ ភាពស្ទាក់ស្ទើរ ការរួញរា ភាពកម្សោយនៃគោលបំណង មិនមាននៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេឡើយ ។ ពួកគេសុខចិត្តលះបង់និងទទួលការលះបង់។ ស្មារតីនៃការទទួលខុសត្រូវដែលបានកើតឡើងទៅលើពួកគេ បានបន្សុទ្ធនិងបង្កើនបទពិសោធន៍របស់ពួកគេ ហើយព្រះបានបង្ហាញព្រះគុណនៃឋានសួគ៌នៅក្នុងជ័យជម្នះដែលពួកគេសម្រេចបាន សម្រាប់ព្រះគ្រិស្ត ព្រះបានធ្វើការតាមរយៈពួកគេដើម្បីធ្វើឲ្យដំណឹងល្អមានជ័យជម្នះ ដោយព្រះចេស្ដានៃឫទ្ធានុភាពរបស់ទ្រង់។
ពួកសាវកបានស្ថាបនាពួកជំនុំរបស់ព្រះ នៅលើគ្រឹះដែលព្រះគ្រិស្តបានរៀបចំដោយផ្ទាល់ ។ នៅក្នុងបទគម្ពីរ និមិត្តសញ្ញានៃការសាងសង់ព្រះវិហារត្រូវបានប្រើជាញឹកញាប់ ដើម្បីបង្ហាញពីការស្ថាបនាពួកជំនុំ ។ លោកសាការីសម្តែងពីព្រះគ្រិស្តថាជាលំពង់ដែលត្រូវសង់ព្រះវិហារនៃព្រះអម្ចាស់ ។ លោកនិយាយពីពួកសាសន៍ដទៃថាជាអ្នកជួយដល់កិច្ចការសាងសង់ «ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ» ។ ហើយលោកអេសាយបានមានប្រសាសន៍ថា «ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង» (សាការី ៦:១២, ១៥ និងអេសាយ ៦០:១០)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ( ម៉ាថាយ ៥:១៦ )