ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៤០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។ យ៉ាកុប ១:១៧

ការសរសេរពីការកសាងវិហារនេះដែរ លោកពេត្រុសបានមាន​ប្រសាសន៍​ថា «ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបាន​បោះបង់​​ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាង​ឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សម្រាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រិស្ត» (ពេត្រុសទី១ ២: ៤, ៥)។

ពួកសាវ័កបានធ្វើការនៅក្នុងកន្លែងជីកយកថ្មនៃសាសន៍យូដានិងសាសន៍ដទៃ ដោយនាំយកដុំថ្មមកចាក់គ្រឹះ ។ នៅក្នុងសំបុត្ររបស់គាត់ទៅកាន់ពួកអ្នកជឿនៅក្រុងអេភេសូរ លោកប៉ុលបានមានប្រសាសន៍ថា «ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជា​ជាតិតែមួយនឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រិស្តនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ» (អេភេសូរ ២:១៩-២២)។

ហើយលោកបានសរសេរទៅកាន់បងប្អូននៅក្រុងកូរិនថូសថា «ខ្ញុំបាន​ដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែ​ល​ព្រះ​បាន​ប្រទាន​មកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែ ត្រូវឲ្យមនុស្សប្រយ័ត្នរៀង​ខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជា​ព្រះយេស៊ូវគ្រិស្ត បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹកដើម្បី​នឹងធ្វើពីលើជើងជញ្ជាំងនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេច​មកឲ្យ​ឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសម្តែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនីមួយៗធ្វើឲ្យដឹងជាយ៉ាងណា» (កូរិនថូសទី១ ៣:១០-១៣)។

ពួកសាវ័កបានសាងសង់នៅលើគ្រឹះដ៏រឹងមាំ គឺព្រះគ្រិស្ទដែលជាថ្មដានៅគ្រប់សម័យកាល។ ពួកគេបាននាំយកថ្មដែលពួកគេបានយកចេញពីលោកិយមកដាក់លើគ្រឹះនេះ ។ ពួកជាងសាងសង់ទាំងនោះមិនបានធ្វើការដោយគ្មានឧបសគ្គរារាំងនោះទេ ។ ពួកសត្រូវដែលប្រឆាំងជាមួយនឹងព្រះគ្រិស្តបានធ្វើឲ្យការងាររបស់ពួកគេមានការលំបាកជាខ្លាំង ។ ពួកគេត្រូវតតាំងជាមួយនឹងការវង្វេងសាសនា ការប្រកាន់ពូជសាសន៍ និងសម្អប់ពីសំណាក់ពួកអ្នកដែលកំពុងតែសាងសង់នៅលើគ្រឹះមិនពិត ។ មនុស្សជាច្រើនដែលជាអ្នកសាងសង់ព្រះវិហារអាចប្រៀបធៀបនឹងអ្នកសាងសង់កំផែងទីក្រុងនៅសម័យលោកនេហេមា ជាអ្នកដែលលោកបានសរសេរថា៖ «ចំណែកពួកអ្នកដែលធ្វើកំផែង និងពួកអ្នកដែលលីសែង ហើយពួកអ្នក​ដែល​ជញ្ជូនដាក់ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ» (នេហេមា ៤:១៧)។

ពួកស្តេចនិងពួកចៅហ្វាយ ពួកសង្ឃនិងពួកមេដឹកនាំសាសនា បានព្យាយាមបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់។ ប៉ុន្តែ ពួកអ្នកស្មោះត្រង់បានបន្តការងារនេះទៅមុខនៅចំពោះការជាប់គុកច្រវាក់ ការធ្វើទារុណកម្ម និង​សេចក្តីស្លាប់ ហើយអាគារនោះលូតកាន់តែខ្ពស់ឡើង ល្អឆើត​ឆាយ​និង​ស្កឹមស្កៃ ។ ពេលខ្លះ ពួកអ្នកធ្វើការស្ទើរតែងងឹតភ្នែកដោយសារតែអបិយជំនឿដែលនៅជុំវិញពួកគេ ។ ពេលខ្លះ ពួកគេស្ទើរតែបរាជ័យដោយអំពើហិង្សានៃគូប្រជែងរបស់ពួកគេ ។ ប៉ុន្តែ ពួកគេបានបន្តការងារឆ្ពោះទៅមុខដោយជំនឿឥតប្រែប្រួល និងភាពក្លាហានឥតឈប់ឈរ។

ពួកអ្នកសាងសង់បានដួលចុះដោយសារដៃសត្រូវរបស់ពួកគេ ម្នាក់​ហើយម្នាក់ទៀត ។ ស្ទេផានត្រូវគេគប់នឹងដុំថ្ម ។ លោកយ៉ាកុបត្រូវ​គេសម្លាប់​ដោយដាវ លោកប៉ុលត្រូវគេកាត់ក្បាល ។ លោកពេត្រុសត្រូវគេឆ្កាង ។ លោកយ៉ូហានត្រូវបាននិរទេសខ្លួន។ ប៉ុន្ដែ ពួកជំនុំបានរីកចម្រើនឡើង។ អ្នកធ្វើការថ្មីបានកើតឡើងមកជំនួសអ្នកដែលបានដួល ហើយមានថ្មមួយ​ហើយមួយទៀត ត្រូវបានបន្ថែមទៅលើការសាងសង់ ។ ដូច្នេះ ព្រះវិហារនៃពួកជំនុំក៏បានលេចរូបរាងឡើងបន្តិចម្តងៗ។

ការធ្វើទុក្ខបុកម្នេញដ៏សាហាវបានកើតឡើងព្រមជាមួយនឹងការបង្កើតពួកជំនុំគ្រិស្តជន ប៉ុន្តែ មិនដែលមានមនុស្សដែលមានមហិច្ឆតាណាអាចបន្ទុចបង្អាក់ការកសាងព្រះវិហាររបស់ព្រះដែលជាទីស្រឡាញ់ជាងជីវិតនោះបានឡើយ ។ ដូចមានសេចក្តីចែងទុកមកថា «ខ្លះទៀតត្រូវសេចក្តីល្បង ដោយ​មានគេចំអកឲ្យទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង និងជាប់គុកផង ត្រូវគេចោលនឹងថ្ម ល្បួង ហើយអារបណ្តាច់ ក៏ត្រូវស្លាប់នឹងដាវ ត្រូវដើរ​រវីមរវាម ទាំងស្លៀកស្បែកចៀម និងស្បែកពពែ ត្រូវកម្សត់ទុគ៌ត ត្រូវគេ​សង្កត់សង្កិន ហើយធ្វើបាប ក៏ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយ​នៅ​ទីភ្នំ ទាំងនៅក្នុងរអាង ហើយនិងរូងក្នុងដី លោកិយមិនគួរនឹង​ពួកអ្នក​ទាំង​នោះទេ» (ហេព្រើរ ១១:៣៦-៣៨)។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើងដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ( ម៉ាថាយ ៥:១៦ )

Powered by CAM