ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៤១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។ កូរិនថូសទី១ ៣:៩
សត្រូវនៃសេចក្ដីសុចរិតដឹងថាការខំប្រឹងប្រែងរបស់វាមិនអាចបញ្ឈប់កិច្ចការដែលព្រះបានប្រទានដល់អ្នកសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់បានទេ ។ ប៉ុន្ដែ ព្រះ «ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ» (កិច្ចការ ១៤:១៧) ។ ព្រះបានលើកអ្នកធ្វើការដែលបានការពារជំនឿយ៉ាងស្មោះត្រង់ឡើង ដែលទ្រង់ធ្លាប់បានប្រទានដល់ពួកបរិសុទ្ធ ។ ប្រវត្ដិសាស្ដ្រកត់ត្រាពីភាពក្លាហាននិងវីរភាពរបស់វីរបុរសទាំងនេះ ។ ដូចជាពួកសាវ័កជាដើម ពួកគេជាច្រើននាក់បានធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ប៉ុន្ដែ ការកសាងព្រះវិហារនៅតែបន្ដទៅមុខ យ៉ាងរឹងមាំដដែល ។ ពួកជាងសាងសង់ត្រូវបានគេសម្លាប់ ប៉ុន្តែ ការសាងសង់នៅតែបន្តទៅមុខ ។ លោកវៀលដិនស៊ី ហ្ចនគ្លីហ្វ៊ី ហាស និងហ្ជេរ៉ូមី ម៉ាទីន លូធើរ ព្រមទាំងស្វិងគ្លី ហ្គ្រេនមើរឡាទីមើ ណុក្ស ហ៊ូហ្គូអេណុត យ៉ូហាន និងឆាលិស វ៉េស្លី និងអ្នកដទៃជាច្រើនទៀត បាននាំយកសម្ភារៈសម្រាប់ចាក់គ្រឹះដែលនឹងអាចធន់នៅរហូតដល់អស់កល្បជានិច្ច ។ ហើយប៉ុន្មានឆ្នាំក្រោយមកទៀត អ្នកដែលខំប្រឹងប្រែងយ៉ាងក្លាហាន ដើម្បីលើកកម្ពស់ដំណើរការនៃព្រះបន្ទូលរបស់ព្រះ និងអស់អ្នកដែលបម្រើការនៅទឹកដីនៃសាសន៍ដទៃ បានរៀបចំផ្លូវដើម្បីប្រកាសសារចុងក្រោយដ៏អស្ចារ្យ ការទាំងនេះក៏បានជួយទ្រទ្រង់ដល់រចនាសម្ព័ន្ធខាងក្រោយផងដែរ។
តាមរយៈសម័យកាលដែលបានកន្លងផុតទៅ តាំងពីជំនាន់ពួកសាវ័កមក ការសាងសង់ព្រះវិហាររបស់ព្រះ មិនដែលឈប់ទេ ។ យើងអាចក្រឡេកមើលក្រោយឆ្លងកាត់ពេលវេលាជាច្រើនសតវត្សរ៍ ហើយឃើញថ្មដ៏រស់បានមានពន្លឺដូចជាកាំរស្មី ឆ្លងកាត់ភាពងងឹតនៃកំហុសនិងជំនឿឆ្វេងនិយម ។ គ្រឿងអលង្ការដ៏មានតម្លៃទាំងនេះនឹងភ្លឺចិញ្ចាចជាមួយនឹងការរីកចម្រើនកាន់តែខ្លាំង អស់កល្បជានិច្ច ដែលជាទីបន្ទាល់ពីអំណាចនៃសេចក្ដីពិតរបស់ព្រះ ។ ពន្លឺដ៏ចែងចាំងនៃថ្មដាដ៏ភ្លឺរលោងទាំងនេះ បង្ហាញពីភាពផ្ទុយគ្នាស្រឡះរវាងពន្លឺនិងភាពងងឹត មាសនៃសេចក្ដីពិត និងច្រេះនៃកំហុសឆ្គង។
សាវ័កប៉ុលនិងពួកសាវ័កឯទៀតព្រមទាំងមនុស្សសុចរិតទាំងអស់ ដែលបានរស់នៅតាំងពីពេលនោះមក បានចូលរួមក្នុងការកសាងព្រះវិហាររបស់ព្រះនេះ ។ ប៉ុន្តែ សំណង់នោះ មិនទាន់បានបញ្ចប់នៅឡើយទេ។ យើងទាំងអស់គ្នាដែលរស់នៅក្នុងសម័យនេះ មានកិច្ចការដែលត្រូវធ្វើ ជាផ្នែកមួយដែលត្រូវបំពេញ ។ យើងត្រូវតែនាំយកសម្ភារៈសម្រាប់ចាក់គ្រឹះ ដែលនឹងត្រូវសាកល្បងដោយភ្លើង ដូចជាមាស ប្រាក់និងត្បូងដ៏មានតម្លៃ «ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង» (ទំនុកតម្កើង ១៤៤:១២) ។ លោកប៉ុលបានមានប្រសាសន៍ពាក្យពេចន៍លើកទឹកចិត្ដនិងព្រមានចំពោះអស់អ្នកដែលបានសាងសង់សម្រាប់ព្រះនោះថា «បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង» (កូរិនថូសទី១ ៣:១៤, ១៥) ។ គ្រិស្តបរិស័ទដែលបានបង្ហាញនូវព្រះបន្ទូលនៃជីវិតដោយចិត្ដស្មោះត្រង់ និងនាំបុរសនារីជាច្រើនឲ្យចូលទៅក្នុងមាគ៌ានៃភាពបរិសុទ្ធនិងសេចក្តីសុខសាន្ត គឺកំពុងតែនាំមកនូវសម្ភារៈសម្រាប់ចាក់គ្រឹះ ដែលនឹងធន់ទ្រាំ ហើយព្រះនឹងកោតសរសើរថា ជាអ្នកសាងសង់ដ៏ចំណាន នៅក្នុងនគររបស់ទ្រង់។
មានសេចក្តីចែងពីពួកសាវ័កថា «គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសម្គាល់ដែលកើតមកតាមក្រោយផង» (ម៉ាកុស ១៦:២០) ។ នាពេលបច្ចុប្បន្ននេះព្រះគ្រិស្តបានចាត់សមាជិកនៃពួកជំនុំរបស់ទ្រង់ឲ្យចេញទៅ ដូចជាទ្រង់បានបញ្ជូនពួកសិស្សរបស់ទ្រង់ឲ្យចេញទៅដូច្នោះដែរ ។ អំណាចដែលសាវ័កមាន គឺសម្រាប់ពួកសមាជិកពួកជំនុំនាពេលសព្វថ្ងៃនេះដូចគ្នា។ ប្រសិនបើពួកគេយកព្រះជាម្ចាស់ធ្វើជាកម្លាំងរបស់ពួកគេ ព្រះអង្គនឹងធ្វើការរួមជាមួយពួកគេ ហើយការខំប្រឹងប្រែងរបស់គេនឹងមិនអត់ប្រយោជន៍ឡើយ ។ ត្រូវឲ្យពួកគេដឹងថាកិច្ចការដែលពួកគេបានធ្វើ គឺជាកិច្ចការដែលព្រះអម្ចាស់បានបោះត្រារបស់ទ្រង់ ។ ព្រះបានមានបន្ទូលទៅកាន់លោកយេរេមាថា «កុំឲ្យថាឯងជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ ហើយសេចក្តីអ្វីដែលអញបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច» ។ បន្ទាប់មក ព្រះដាក់ព្រះហស្តរបស់ទ្រង់ប៉ះមាត់អ្នកបម្រើរបស់ទ្រង់ ដោយមានបន្ទូលថា «មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ» (យេរេមា ១:៧-៩) ។ ហើយទ្រង់បង្គាប់យើងឲ្យចេញទៅនិយាយពីព្រះបន្ទូលដែលទ្រង់ប្រទានឲ្យយើងដោយដឹងថា ការប៉ះដ៏បរិសុទ្ធរបស់ទ្រង់គង់នៅលើបបូរមាត់របស់យើង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ( ម៉ាថាយ ៥:១៦ )