កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៤២
ព្រះគ្រិស្តបានប្រទានដំបូន្មានដ៏ពិសិដ្ឋដល់ពួកជំនុំ។ សមាជិកពួកជំនុំ គ្រប់រូបគួរតែជាបណ្តាញដែលព្រះអាចបញ្ជូនទ្រព្យសម្បត្តិនៃព្រះគុណរបស់ទ្រង់ ដែលជាសម្បត្តិមហាសាលដែលមិនអាចថ្លឹងថ្លែងបានរបស់ព្រះគ្រិស្ត ដល់ពិភពលោកតាមរយៈពួកគេ ។ គ្មានអ្វីដែលព្រះអង្គសង្រ្គោះប្រាថ្នាចង់បានខ្លាំងជាងភ្នាក់ងារដែលនឹងតំណាងឲ្យព្រះវិញ្ញាណនិងអត្តចរិតរបស់ទ្រង់ដល់ពិភពលោកនេះទេ ។ គ្មានអ្វីដែលពិភពលោកត្រូវការ ខ្លាំងដូចជាការសម្ដែងពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ តាមរយៈមនុស្សលោកនោះឡើយ ។ ពួកទេវតានៅឋានសួគ៌កំពុងរង់ចាំបុរសនិងនារីទាំងឡាយដែលព្រះអាចបង្ហាញពីអំណាចនៃគ្រិស្តសាសនា តាមរយៈពួកគេ។
ពួកជំនុំគឺជាភ្នាក់ងាររបស់ព្រះសម្រាប់ការប្រកាសសេចក្ដីពិត ដែលនឹងធ្វើកិច្ចការពិសេសដោយមានការប្រទានអំណាចមកពីទ្រង់ ហើយប្រសិនបើពួកគេស្មោះត្រង់ជាមួយនឹងទ្រង់ គោរពតាមបទបញ្ញត្តិទាំងអស់របស់ទ្រង់ នោះព្រះគុណដ៏បរិបូររបស់ព្រះនឹងគង់នៅជាមួយពួកគេ ។ ប្រសិនបើពួកជំនុំស្មោះត្រង់ទៅនឹងភក្តីភាពរបស់ខ្លួន ប្រសិនបើគេលើកតម្កើងព្រះអម្ចាស់ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះគ្មានអំណាចណាអាចឈរទាស់នឹងគេបានឡើយ។
ចិត្តពុះកញ្រ្ជោលចំពោះព្រះនិងកិច្ចការរបស់ទ្រង់ បានជំរុញពួកសិស្សឲ្យធ្វើទីបន្ទាល់ពីដំណឹងល្អដោយអំណាចដ៏ខ្លាំងក្លា ។ តើគួរឲ្យមានចិត្ដពុះកញ្រ្ជោលបែបនេះឆេះឆួលនៅក្នុងចិត្ត ក្នុងការប្តេជ្ញាចិត្តចង់ប្រាប់ពីសេចក្ដីស្រឡាញ់នៃការប្រោសលោះរបស់ព្រះគ្រិស្តនិងការដែលទ្រង់ជាប់ឆ្កាងដែរឬទេ? គឺជាឯកសិទ្ធិរបស់គ្រិស្តបរិស័ទគ្រប់គ្នា ដែលមិនគ្រាន់តែរង់ចាំការយាងមករបស់ព្រះអង្គសង្រ្គោះប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវជួយពន្លឿនការយាងមកនោះឲ្យមកដល់កាន់តែឆាប់ថែមទៀតផង។
ប្រសិនបើពួកជំនុំនឹងស្លៀកពាក់សម្លៀកបំពាក់នៃសេចក្ដីសុចរិតរបស់ព្រះគ្រិស្ត ដោយដកយកភក្តីភាពរបស់ខ្លួនចេញពីលោកិយ នោះនឹងមានព្រឹកព្រហាមដ៏ភ្លឺស្វាងនិងថ្ងៃដ៏មានសិរីរុងរឿង នៅចំពោះមុខពួកគេ។ សេចក្ដីសន្យារបស់ព្រះចំពោះគេនឹងឋិតថេរជារៀងរហូត ។ ទ្រង់នឹងធ្វើឲ្យគេមានភាពឧត្តុង្គឧត្តមជារៀងរហូត ជាក្តីអំណរដល់មនុស្សជាច្រើនជំនាន់។ សេចក្តីពិតដែលឆ្លងកាត់តាមរយៈពួកអ្នកដែលមើលងាយនិងបដិសេធសេចក្តីពិត នឹងមានជ័យជម្នះ ។ ទោះបីជាពេលខ្លះមើលទៅហាក់ដូចជាយឺតយ៉ាវក៏ដោយ ក៏គ្មានអ្វីអាចទប់ស្កាត់ មិនឲ្យសេចក្តីពិតនេះរីកចម្រើនបានដែរ។ ពេលវេលារបស់ព្រះជួបប្រទះនឹងការប្រឆាំង ព្រះអង្គប្រទានកម្លាំងបន្ថែមទៀតដល់សារនោះ ដើម្បីឲ្យមានឥទ្ធិពលកាន់តែខ្លាំងឡើង។ ដោយទទួលបានថាមពលរបស់ព្រះ សារនោះនឹងកាត់តម្រង់ផ្លូវរបស់ខ្លួន ឆ្លងកាត់របាំងទាំងឡាយ ហើយមានជ័យជម្នះលើឧបសគ្គគ្រប់យ៉ាង។
តើអ្វីទៅដែលទ្រទ្រង់ព្រះរាជបុត្រានៃព្រះក្នុងព្រះជន្មនៃទុក្ខលំបាក និងការលះបង់របស់ទ្រង់? ព្រះអង្គបានឃើញលទ្ធផលនៃការងារនៃមនុស្សរបស់ទ្រង់ ហើយទ្រង់ក៏សព្វព្រះហឫទ័យ ។ ដោយទតមើលទៅរហូតដល់ភាពអស់កល្ប ព្រះអង្គបានឃើញសុភមង្គលរបស់អស់អ្នកដែលបានទទួលការលើកលែងទោសនិងជីវិតអស់កល្ប តាមរយៈការបន្ទាបព្រះកាយរបស់ទ្រង់ ។ ព្រះកាណ៌របស់ទ្រង់បានឮសម្រែកនៃអ្នកដែលបានប្រោសលោះ។ ព្រះអង្គបានឮពួកអ្នកដែលទ្រង់បានចេញថ្លៃលោះ គេច្រៀងចម្រៀងរបស់លោកម៉ូសេនិងកូនចៀម។
យើងប្រហែលជាមានចក្ខុវិស័យអំពីអនាគតកាល ដែលជាព្រះពរនៃឋានសួគ៌ ។ មានចក្ខុវិស័យនៃសិរីល្អនាពេលអនាគតនៅក្នុងព្រះគម្ពីរជាឈុតឆាកដែលរៀបចំដោយព្រះហស្ដរបស់ព្រះ ហើយពួកជំនុំរបស់ទ្រង់ស្រឡាញ់ដល់ព្រះអង្គជាខ្លាំង ។ យើងអាចឈរនៅផ្លូវចូលទៅកាន់ទីក្រុងដ៏អស់កល្ប ដោយសេចក្តីជំនឿ ហើយឮសូរសំឡេងដ៏មានសិរីរុងរឿងស្វាគមន៍ដល់អ្នកដែលបានសហការជាមួយនឹងព្រះគ្រិស្តនៅក្នុងជីវិត ដោយចាត់ទុកការឈឺចាប់ថាជាកិត្តិយសដើម្បីទ្រង់។ នៅពេលដែលពាក្យទាំងនេះត្រូវបានបន្លឺឡើងថា «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរតកចុះ» ពួកគេបានបោះមកុដរបស់ពួកគេ ដាក់នៅទាបព្រះបាទនៃព្រះដ៏ប្រោសលោះ ហើយបន្លឺវាចាថា «កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ … សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ» (ម៉ាថាយ ២៥:៣៤ និង វិវរណៈ ៥:១២, ១៣)។
នៅទីនោះ ពួកអ្នកដែលបានប្រោសលោះស្វាគមន៍ចំពោះពួកអ្នកដែលនាំពួកគេមករកព្រះអង្គសង្គ្រោះ ហើយពួកគេរួបរួមគ្នាក្នុងការសរសើរតម្កើងដល់ព្រះ ដែលបានសុគតដើម្បីឲ្យមនុស្សមានជីវិត ដែលវាស់វែងដោយព្រះជន្មរបស់ព្រះ ។ វិវាទបានចប់ហើយ ។ ទុក្ខព្រួយនិងសេចក្តីវេទនាក៏បានចប់ដែរ។ បទចម្រៀងនៃជ័យជម្នះបានបន្លឺឡើងពាសពេញឋានសួគ៌ទាំងមូល នៅពេលមនុស្សដែលព្រះបានប្រោសលោះបានច្រៀងចម្រៀងនៃក្តីអំណរថា បរិសុទ្ធ បរិសុទ្ធ ដល់កូនចៀមដែលត្រូវបានសម្លាប់ ហើយរស់ឡើងវិញ ជាអ្នកមានជ័យជម្នះដ៏រុងរឿង។
«ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្សមួយហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃគេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង» (វិវរណៈ ៧: ៩, ១០)។
«ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងស ក្នុងឈាមរបស់កូនចៀម ហេតុនោះបានជាគេឋិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបម្រើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជា ត្រសាលបាំងឲ្យគេ គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ» ។ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ» (វិវរណៈ ៧: ១៤-១៧ និង ២១: ៤)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ( ម៉ាថាយ ៥:១៦ )