ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-០១)
ទំនាយនៃវាសនាលោកីយ៍
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៤៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច។ លូកា ៤:១៨
ព្រះយេស៊ូវបានទតមើលទីក្រុងយេរូសាឡិមពីលើកំពូលភ្នំអូលីវ។ នៅចំពោះព្រះភ័ក្ត្រទ្រង់គឺព្រះវិហារដ៏ស្កឹមស្កៃ។ កាំរស្មីនៃព្រះអាទិត្យដែលកំពុង អស្តង្គតបានបំភ្លឺជញ្ជាំងថ្លើមថ្មដែលមានសភាពដូចហិមៈភ្លឺចាំងជះរស្មីចេញ ពីប៉មស និងកំពូលស្រួចនៃព្រះវិហារ។ តើកូនចៅអ៊ីស្រាអែលណាដែល ទតមើលទស្សនីយភាពដ៏ល្អប្រណីតនេះ ហើយគ្មានអំណរ និងសេចក្តីកោត សរសើនោះ? តែមានព្រះតំរិះផ្សេងទៀត ជ្រាបចូលក្នុងព្រះហប្ញទ័យទ្រង់ ធ្វើឱ្យទ្រង់ព្រះកន្សែង កាលទ្រង់យាងទៅឃើញទីក្រុងនោះហើយ។ លូកា ១៩:៤១។
ព្រះជលនេត្ររបស់ទ្រង់ ពុំមែនស្រក់មកសម្រាប់ព្រះអង្គទ្រង់ទេ ថ្វីត្បិត តែនៅចំពោះមុខព្រះភ័ក្ត្រទ្រង់ ជាសួនឧទ្យានគែតសេម៉ានី ជាទស្សនីយភាព នៃសេចក្តីចុកចាប់ដែលកំពុងមកដល់ក៏ដោយ ហើយមិនឆ្ងាយប៉ុន្មាន គឺកាល់វ៉ារី ជាកន្លែងព្រះអង្គត្រូវជាប់ឆ្កាង។ តែពុំមែនការសញ្ជឹងគិតអំពីទស្សនីយភាពទាំងនេះទេ ដែលធ្វើឱ្យទ្រង់ព្រះកន្សែងក្នុងវេលាដ៏រីករាយនេះ។ ព្រះអង្គបានព្រះកន្សែងចំពោះជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ ដែលនឹងត្រូវបាត់បង់
ប្រវត្តិដែលសម្តែងពីសំណព្វព្រះទ័យដ៏ពិសេសនិងការថ្នាក់ថ្នមថែរក្សារបស់ព្រះអង្គ អស់រយៈពេលជាងមួយពាន់ឆ្នាំ ដល់រាស្ត្រដែលទ្រង់បានជ្រើសរើសនោះ បានលាតត្រដាងចំពោះព្រះភ័ក្ត្ររបស់ព្រះយេស៊ូវ។ ព្រះទ្រង់បានប្រទានកិត្តិយសដល់យេរូសាឡិម លើអស់ទាំងពិភពលោក។ ព្រះអម្ចាស់ បានជ្រើសរើសយកក្រុងនេះសម្រាប់ជាព្រះរាជដំណាក់របស់ទ្រង់។ ទំនុកតំកើង ១៣២:១៣។ ហោរាបរិសុទ្ធបានផ្សាយព្រះរាជសារ ព្រមានជាមុនរាប់សិប សម័យមកហើយ។ គេបានថ្វាយឈាមកូនចៀមនៅទីនោះរាល់ថ្ងៃ គឺជានិមិត្តរូបដែលចង្អុលទៅកូនចៀមរបស់ព្រះ។
បើប្រទេសអ៊ីស្រាអែលបានរក្សាសេចក្តីស្មោះត្រង់ដល់ព្រះ នោះក្រុង យេរូសាឡិម នឹងបានស្ថិតស្ថេរនៅជាប្រទេសដែលទ្រង់ជ្រើសរើសជាដរាប ប៉ុន្តែ ប្រវត្តិសាស្ត្រនៃរាស្ត្រសំណព្វនោះ ត្រូវបានជាសំណេរអំពីការឃ្លាតចាកពីជំនឿ និងការប្រឆាំងដោយមានះទៅវិញ។ ព្រះទ្រង់ស្រឡាញ់គេលើសពីសេចក្តីស្រឡាញ់របស់ឪពុកដល់កូនទៅទៀត បានជាទ្រង់ «មានព្រះទ័យ អាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់»។ របាក្សត្រទី២ ៣៦:១៥។ នៅពេលដែលការទទូចអង្វរ និងការស្តីបន្ទោសត្រូវបានបរាជ័យទៅ ព្រះទ្រង់បានបញ្ជូនអំណោយដ៏ថ្លៃវិសេសបំផុតពីស្ថានសួគ៌ គឺព្រះរាជបុត្រារបស់ទ្រង់ ដើម្បីមកអង្វរទីក្រុងដ៏រឹងចចេសនោះ។
អស់រយៈពេលបីឆ្នាំ ព្រះអម្ចាស់នៃរស្មី និងសិរីល្អបានចូលក្នុងចំណោមរាស្ត្រទ្រង់ដោយ «បានយាងចុះឡើងធ្វើអំពើល្អ ព្រមទាំងប្រោសអ្នកដែលមានអារក្សសង្កត់សង្កិនឱ្យបានជា» កំសាន្តចិត្តអ្នកមានទុក្ខព្រួយ ស្រាយអ្នក ជាប់ចំណងឱ្យមានសេរីភាព ព្យាបាលមនុស្សខ្វាក់ឱ្យភ្លឺ មនុស្សខ្វិនឱ្យដើរ និងមនុស្សថ្លង់ឱ្យឮ ព្យាបាលមនុស្សកើតឃ្លង់ ប្រោសមនុស្សស្លាប់ឱ្យរស់ និងផ្សាយដំណឹងល្អដល់អ្នកទ័លក្រ។ កិច្ចការ ១០:៣៨; លូកា ៤:១៨; ម៉ាថាយ ១១:៥។
ដោយព្រោះទ្រង់ជាអ្នកត្រាច់ចរគ្មានទីលំនៅជាក់លាក់ ទ្រង់បានមាន ព្រះជន្មរស់នៅ ដើម្បីថែទាំអ្នកខ្វះខាត សម្រាលទុក្ខមនុស្ស និងដើម្បីអង្វរគេឱ្យទទួលអំណោយទានជីវិត។ រលកនៃសេចក្តីមេត្តាករុណា ត្រូវបានបោកមក វិញដោយចិត្តមានះ ធ្វើឱ្យទ្រង់មានសេចក្តីអាណិតអាសូរ និងសេចក្តីស្រឡាញ់ រកអ្វីមកប្រៀបផ្ទឹមពុំបាន។ ប៉ុន្តែ សាសន៍អ៊ីស្រាអែល បានងាកចេញពីព្រះ ដែលជាកល្យាណមិត្ត និងជាជំនួយតែមួយគត់របស់ខ្លួន។ គេបានស្អប់ខ្ពើមដល់ការអង្វរកររបស់ទ្រង់។
ពេលវេលានៃសេចក្តីសង្ឃឹម និងសេចក្តីលើកលែងទោស ចេះតែ កន្លងទៅយ៉ាងរហ័ស។ ពពកដែលបានប្រមូលផ្តុំក្នុងគ្រប់គ្រានៃការបែកចេញ ពីជំនឿ និងគ្រប់គ្រានៃការប្រឆាំង គឺហៀបតែនឹងបង្អុរមកលើមនុស្សមានទោស។ ព្រះអង្គតែមួយគត់ដែលអាចសង្គ្រោះគេពីវាសនា ដែលមិនអាចប្តូរបាន ត្រូវ បានគេមើលងាយ ធ្វើទុក្ខទោស បដិសេធចោល ហើយបន្តិចទៀតនឹងត្រូវ គេឆ្កាងផង។
នៅពេលព្រះគ្រីស្ទទតមើលក្រុងយេរូសាឡិម ទ្រង់បានឃើញសេចក្តី ហិនវិនាសនៃទីក្រុង និងប្រជាជាតិទាំងមូលនៅចំពោះព្រះភ័ក្ត្រទ្រង់។ ទ្រង់បាន ទតមើលទេវតាធ្វើវិនាសកម្ម ដោយលើកដាវទាស់នឹងទីក្រុងដែលជាលំនៅស្ថានរបស់ព្រះយេហូវ៉ាជាយូរអង្វែងមកហើយ។ ទ្រង់បានផ្តោតព្រះនេត្រកាត់ ជ្រលងភ្នំ ឆ្ពោះទៅឯធ្លាបរិសុទ្ធ និងខ្លោងទ្វារទាំងឡាយ ពីទីកន្លែងទីតុស [Titus] និងកងទ័ពរបស់ពួកគាត់តាំងទីលំនៅក្រោយមកនោះ។ ទ្រង់បានឃើញទីក្រុងដែលពួកមនុស្សចម្លែកឡោមព័ទ្ធ ទាំងមានព្រះជលនេត្ររលីងរលោង។ ទ្រង់បានឮសំរឹបជើងនៃដំណើរព្រមគ្នានៃពួកពលទាហានរៀបចំខ្លួនសម្រាប់ចម្បាំង និងសំឡេងម្តាយ និងក្មេងយំរកចំណីអាហារ ក្នុងទីក្រុងដែលគេ ឡោមព័ទ្ធ។ ទ្រង់បានឃើញផ្ទះស្អាតបរិសុទ្ធ វាំង និងប៉មទាំងឡាយត្រូវបាន គេដុតចោល ទុកបន្សល់តែសំណល់មួយគំនរ ដែលមានផ្សែងហុយទ្រលោម។
ដោយមើលទៅកាន់កាលសម័យខាងមុខ ទ្រង់ទតឃើញរាស្ត្រទ្រង់ខ្ចាត់ខ្ចាយទៅគ្រប់ស្រុកដូចកម្ទេចសំរាមរាយប៉ាយនៅលើឆ្នេរទីរហោស្ថាន។ សេចក្តីអាណិតអាសូរ និងសេចក្តីស្រឡាញ់ឥតឧបមាត្រូវបានឮនៅក្នុងព្រះបន្ទូលដ៏ពោរពេញទៅដោយក្តីទុក្ខព្រួយនេះ៖ «ឱយេរូសាឡិម ក្រុងយេរូសាឡិម អើយ ឯងដែលសម្លាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឱ្យជ្រកក្រោមស្លាបតែឯងមិនព្រមទេ»។ ម៉ាថាយ ២៣:៣៧។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។ ម៉ាកុស ១៤:៩