ថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៤៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។ ម៉ាថាយ ២៤:១៤
ព្រះគ្រីស្ទបានឃើញក្រុងយេរូសាឡិម ជានិមិត្តរូបនៃពិភពលោកដែល រឹងរូសក្នុងភាពមិនជឿ និងការប្រឆាំង ហើយនិងកំពុងវិវឌ្ឍទៅមុខយ៉ាងរហ័ស ទៅរកសេចក្តីវិនិច្ឆ័យរបស់ព្រះ ដោយសារតែពៀរវេរារបស់ខ្លួន។ ព្រះហប្ញទ័យ ទ្រង់ បានរំជួលដោយសេចក្តីអាណិតអាសូរដល់អ្នកមានអំពល់ទុក្ខ និងអ្នករងទុក្ខវេទនានៅផែនដី។ ព្រះអង្គចង់ជួយសម្រាលទុក្ខគេណាស់ ទ្រង់បានស៊ូសុគត ដើម្បីផ្តល់សេចក្តីសង្គ្រោះដល់គេ។
ព្រះករុណានៃស្ថានសួគ៌ទ្រង់ព្រះកន្សែង! ទស្សនីយភាពនេះសម្តែង ឱ្យយើងឃើញថា ជាភារកិច្ចដ៏ពិបាកមួយ ក្នុងការជួយសង្គ្រោះអ្នកទោសពី ផលវិបត្តិនៃការប្រព្រឹត្តល្មើសក្រឹត្យវិន័យរបស់ព្រះ។ ព្រះយេស៊ូវបានទតឃើញ ពិភពលោកច្របូកច្របល់នឹងការបោកបញ្ឆោត ដែលស្រដៀងគ្នានឹងការដែល បណ្តាលឱ្យក្រុងយេរូសាឡិមហិនវិនាសដែរ។ អំពើបាបដ៏ធំរបស់ពួកជូវ គឺការ បដិសេធព្រះគ្រីស្ទ ហើយអំពើបាបដ៏ធំធេងរបស់ពិភពលោក គឺការបដិសេធ ក្រឹត្យវិន័យរបស់ព្រះ ដែលជាគ្រឹះគ្រប់គ្រងស្ថានសួគ៌ និងផែនដីរបស់ ទ្រង់។ មនុស្សរាប់លាននាក់ដែលស្ថិតនៅក្នុងចំណងនៃអំពើបាប ហើយមិនព្រមស្តាប់ព្រះបន្ទូលនៃសេចក្តីពិត ក្នុងវេលាដែលព្រះយាងមកប្រោសគេនោះ ប្រាកដជានឹងរងទុក្ខក្នុងសេចក្តីស្លាប់ទីពីរជាមិនខាន។
ព្រះវិហារដ៏ត្រចះត្រចង់ត្រូវសាបសូន្យ
ពីរថ្ងៃមុនបុណ្យរំលង ព្រះគ្រីស្ទបានយាងជាមួយសាវ័កទ្រង់ ឆ្ពោះទៅ ភ្នំអូលីវម្តងទៀត ដើម្បីទតមើលទីក្រុង។ ទ្រង់បានទតមើលសាជាថ្មីម្តងទៀត ដល់វិហារដែលជាមកុដនៃសោភ័ណភាពក្នុងភាពត្រចះត្រចង់របស់វា។ ស្តេច សាឡូម៉ូន ជាមហាក្សត្រដ៏មានប្រាជ្ញាឈ្លាសវៃជាងគេបង្អស់ក្នុងប្រទេស អ៊ីស្រាអែល បានបញ្ចប់ការកសាងវិហារទីមួយ ដែលជាសំណង់ដ៏ល្អបំផុតនៅក្នុងពិភពលោក។ បន្ទាប់ពីស្តេចនេប៊ូក្នេសាបានធ្វើវិនាសកម្មដល់វិហារមក គេបានសង់ឡើងវិញក្នុងអំឡុងប្រាំរយឆ្នាំមុនកំណើតព្រះគ្រីស្ទ។
ប៉ុន្តែ ភាពរុងរឿងនៃវិហារទីពីរ មិនបានស្មើនឹងព្រះវិហារទីមួយទេ។ គ្មានពពកនៃសិរីល្អ ឬភ្លើងពីស្ថានសួគ៌ធ្លាក់មកលើអាសនាទេ។ ហិបនៃសេចក្តីសញ្ញាទីសន្តោសប្រោស និងបន្ទះថ្មនៃទីបន្ទាល់ នឹងមិនត្រូវបានឃើញនៅ ទីនោះឡើយ។ គ្មានព្រះសូរសៀងពីស្ថានសួគ៌បន្លឺប្រាប់សង្ឃពីព្រះហប្ញទ័យ របស់ព្រះឡើយ។
វិហារទីពីរពុំមានពពកនៃសិរីល្អរបស់ព្រះជាកិត្តិយសទេ ប៉ុន្តែ ត្រូវទទួលកិត្តិយសដោយសារវត្តមាននៃព្រះមួយអង្គ ដែលជាព្រះផ្ទាល់ សម្តែងក្នុងភាពជាសាច់ឈាមវិញ។ «សេចក្តីប្រាថ្នានៃអស់ទាំងសាសន៍»† បានយាងមកដល់វិហាររបស់ទ្រង់ ហើយទ្រង់ដែលជាអ្នកស្រុកណាសារ៉ែតបានបង្រៀន និងព្យាបាលគេនៅទីធ្លាបរិសុទ្ធផង។ ប៉ុន្តែ សាសន៍អ៊ីស្រាអែលបានផាត់ព្រះអង្គដែលជាអំណោយផ្តល់មកពីស្ថានសួគ៌ចោល។ ចាប់តាំងពីពេលដែលលោក គ្រូដ៏ស្រទន់បានឆ្លងផុតពីក្លោងទ្វារធ្វើពីមាសនៅថ្ងៃនោះមក សិរីល្អបានឃ្លាត ចេញពីវិហារនោះជារៀងរហូតទៅ។ ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះបានសម្រេចរួចស្រេចទៅហើយ «ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឱ្យឯង»។ ម៉ាថាយ ២៣:៣៨។
ពួកសាវ័កបានមានការអស្ចារ្យជាខ្លាំង ដល់ទំនាយរបស់ព្រះគ្រីស្ទ អំពី ការរលំនៃព្រះវិហារ ហើយគេបានប៉ងចង់យល់ន័យនៃព្រះបន្ទូលរបស់ទ្រង់ ឱ្យបានពិស្តារថែមទៀត។ ព្រះមហាក្សត្រហេរ៉ូឌដ៏មហិមា បានចំណាយទ្រព្យ សម្បត្តិរបស់សាសន៍រ៉ូម និងសាសន៍អ៊ីស្រាអែលអស់មួយចំនួនធំទៅលើវិហារ។ ផ្នែកខ្លះនៃគ្រោងវិហារ បានធ្វើមកពីផ្ទាំងថ្លើមថ្មដ៏ធំៗ ដែលបញ្ជូនមកពីទីក្រុងរ៉ូម។ ពួកសាវ័កបានទាញស្មារតីគ្រូរបស់ខ្លួនដល់ការទាំងនេះថា៖ «មើលន៍ថ្មហើយ និងមន្ទីរល្អណាស់ហ្ន៎?» ម៉ាកុស ១៣:១។
ព្រះយេស៊ូវបានតបចំពោះពាក្យទាំងនោះយ៉ាងម៉ឺងម៉ាត់ និងគួរឱ្យភ្ញាក់ ផ្អើលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មត្រួតនៅលើថ្ម ដែលមិនត្រូវទម្លាក់ចុះនោះទេ»។ ម៉ាថាយ ២៤:២។ ព្រះអម្ចាស់បានប្រាប់ គេថា ទ្រង់នឹងយាងមកជាលើកទីពីរ។ ម៉្លោះហើយបានជានៅពេលទ្រង់មានបន្ទូលពីការវិនិច្ឆ័យដល់ក្រុងយេរូសាឡិម ចិត្តគេនឹងភ្នកទៅដល់ការយាងមកនោះភ្លាម បានជាគេសួរថា៖ «តើការទាំងនេះ កាលណានឹងមកដល់ តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?» ម៉ាថាយ ២៤:៣។
ព្រះគ្រីស្ទបានបង្ហាញគម្រោងព្រឹត្តិការណ៍ដ៏ធំ ដែលនឹងកើតឡើងមុនគ្រាចុងបញ្ចប់ដល់ពួកគេ។ ទំនាយដែលទ្រង់បានទាយមានន័យពីរយ៉ាង៖ ក្នុងពេលដែលកំពុងទាយពីវិនាសកម្មនៃក្រុងយេរូសាឡិម ទ្រង់ក៏ប្រាប់ឱ្យដឹងជាមុនពីសេចក្តីភិតភ័យយ៉ាងខ្លាំងនៅគ្រាចុងក្រោយបំផុតផងដែរ។
ការវិនិច្ឆ័យនឹងធ្លាក់ដល់សាសន៍អ៊ីស្រាអែល ដោយបានបដិសេធ និង បានឆ្កាងព្រះមែស្ស៊ី។ «កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែល បានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅទីបរិសុទ្ធ (អ្នកណាដែលអាន មើលឱ្យយល់ចុះ) នោះត្រូវឱ្យអ្នករាល់គ្នានៅស្រុកយូដា រត់ចេញទៅឯភ្នំ»។ ម៉ាថាយ ២៤:១៥,១៦។ សូមអានលូកា ២១:២០,២១។ នៅពេលរូបចម្លាក់នៃពួករ៉ូមនឹងត្រូវបានតាំងឡើងលើដីបរិសុទ្ធនៅក្រៅជញ្ជាំង ទីក្រុង នោះអ្នកដើរតាមព្រះគ្រីស្ទត្រូវភៀសខ្លួនរកសន្តិសុខ។ អស់អ្នកដែលនឹងរត់គេចមិនត្រូវបង្អង់ឡើង។ ដោយព្រោះតែបាបកម្មរបស់គេ យេរូសាឡិម ត្រូវទទួលសេចក្តីក្រោធពិរោធរបស់ព្រះ។ ការចចេសមិនជឿបានផ្តល់សេចក្តី វិនាសដល់គេជាប្រាកដ។ សូមអាន មីកា ៣:៩-១១។
អ្នកស្រុកយេរូសាឡិម បានចោទថាព្រះគ្រីស្ទជាអ្នកបណ្តាលអស់ទាំង បញ្ហា ដែលបានធ្លាក់មកលើគេ ដោយព្រោះតែផលនៃអំពើបាបរបស់ខ្លួន។ ទោះបើគេបានដឹងថាទ្រង់គ្មានបាបសោះក៏ដោយ ក៏គេបានប្រកាសថា សេចក្តីស្លាប់របស់ទ្រង់ គឺជាការចាំបាច់សម្រាប់សន្តិសុខរបស់គេ ក្នុងនាមជា ប្រជាជាតិមួយ។ គេបានយល់ស្របនឹងការសម្រេចចិត្តរបស់សម្តេចសង្ឃរបស់ខ្លួនថា ជាការប្រសើរណាស់ដែលមនុស្សម្នាក់ស្លាប់ ជាជាងប្រទេស ជាតិទាំងមូលសាបសូន្យទៅ។ សូមអានយ៉ូហាន ១១:៤៧-៥៣។
ក្នុងពេលដែលគេសម្លាប់ព្រះអង្គសង្គ្រោះរបស់ខ្លួន ពីព្រោះទ្រង់បានបន្ទោសដល់បាបកម្មរបស់គេ គេបានគិតថាខ្លួនគេជារាស្ត្រសំណព្វរបស់ព្រះ ហើយរំពឹងឱ្យព្រះអម្ចាស់រំដោះគេចេញពីពួកសត្រូវ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។ ម៉ាកុស ១៤:៩