ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០១) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៤៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេកបន្ទោរ ដែល​ភ្លឺផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ។ ម៉ាថាយ ២៤:២៧

សេចក្តីអត់ធ្មត់របស់ព្រះ

ព្រះយេហូវ៉ា បានពន្យារការជំនុំជម្រះរបស់ទ្រង់អស់រយៈជិតសែសិបឆ្នាំ។ មានសាសន៍ជូវជាច្រើនដែលមិនស្គាល់អំពីចរិតលក្ខណៈ និងកិច្ចការ របស់ព្រះគ្រីស្ទទេ។ ហើយកូនចៅទាំងឡាយមិនបានអរសប្បាយនឹងពន្លឺ ដែលមាតាបិតាខ្លួនបានបិទចោលទាំងស្អប់ខ្ពើមនោះទេ។ តាមរយៈការផ្សាយ ដំណឹងនៃពួកសាវ័ក ព្រះនឹងបណ្តោយឱ្យមានពន្លឺភ្លឺជះមកលើពួកគេ។ គេ នឹងឃើញថា ទំនាយបានសម្រេចមិនមែនគ្រាន់តែក្នុងកំណើត និងព្រះជន្ម នៃព្រះគ្រីស្ទតែប៉ុណ្ណោះទេ ប៉ុន្តែ នៅក្នុងមរណភាព និងការមានព្រះជន្មរស់ឡើងវិញផងដែរ។ កូនចៅទាំងឡាយមិនបានជាប់ទោសដោយសារបាបកម្មរបស់ឪពុកម្តាយខ្លួនទេ ប៉ុន្តែ នៅពេលគេបដិសេធពន្លឺបន្ថែមដែលបានប្រទានដល់ខ្លួន នោះគេនឹងក្លាយទៅជាអ្នកយកចំណែកនៃអំពើបាបរបស់មាតាបិតាខ្លួនព្រមទាំងបំពេញកម្រិតនៃភាពទុច្ចរិតរបស់ខ្លួនទៀតផង។

ពួកជូវ បានបដិសេធអំណោយព្រះគុណចុងក្រោយដោយភាពរឹង ចចេសរបស់ខ្លួន។ បន្ទាប់មកព្រះក៏បានដកសេចក្តីការពាររបស់ទ្រង់ចេញពីគេ។ ហើយប្រទេសជាតិទាំងមូលក៏ស្ថិតនៅក្នុងការគ្រប់គ្រងនៃមេដឹកនាំដែល គេបានជ្រើសរើសវិញ។ សាតាំងបានបញ្ចេញភាពឃោរឃៅដ៏សាហាវបំផុត ដល់មនុស្សលោក។ មនុស្សលែងរិះគិតរកមូលហេតុ ព្រោះគេត្រូវបានគ្រប់ គ្រងដោយកម្សួល និងចិត្តកម្រោល ថែមទាំងមានភាពឃោរឃៅដូចជាសាតាំងផង។ មិត្តភក្តិ និងញាតិសន្តានក្បត់គ្នាទៅវិញទៅមក។ ឪពុកម្តាយ បានសម្លាប់កូនរបស់ខ្លួន ហើយកូនបានសម្លាប់ឪពុកម្តាយខ្លួន។ អ្នកដឹកនាំប្រជារាស្ត្រគ្មានអំណាចនឹងដឹកនាំខ្លួនឯងផង។ កិលេសបានធ្វើឱ្យគេក្លាយទៅជាមនុស្ស ប្រើអំណាចផ្តាច់ការ។ ពួកជូវបានជឿទីបន្ទាល់ក្លែងក្លាយ ដើម្បីកាត់ទោសព្រះរាជបុត្រារបស់ព្រះដែលឥតមានទោសសោះ។ ឥឡូវនេះ ពាក្យចោទក្លែងក្លាយទាំងប៉ុន្មាន បានធ្វើឱ្យជីវិតរបស់គេមិនទៀង។ សេចក្តី កោតខ្លាចដល់ព្រះលែងមាននៅក្នុងចិត្តគេទៀតឡើយ។ សាតាំងក៏ធ្វើជា ប្រមុខនៃប្រជាជាតិ។

ប្រផ្នូលនៃសេចក្តីអន្តរាយ

អ្នកដឹកនាំនៃភាគីប្រឆាំង បានកេងកម្លាំងគ្នាទៅវិញទៅមក ហើយសម្លាប់ គ្នាដោយឥតធម៌មេត្តាឡើយ សូម្បីតែភាពបរិសុទ្ធនៃព្រះវិហារ ក៏ទប់ទល់នឹងភាពសាហាវយង់ឃ្នងរបស់គេមិនបានផង។ រោងឧបោសថត្រូវបានរាយប៉ាយ ដោយសាកសព។ ប៉ុណ្ណឹងហើយ ពួកអ្នកអុចអាលឱ្យមានអំពើនរកនេះបាន ប្រកាសថា គេគ្មានភ័យខ្លាចយេរូសាឡិមនឹងត្រូវអន្តរាយឡើយ ពីព្រោះវាជា ទីក្រុងរបស់ព្រះ។ សូម្បីតែនៅពេលកងទ័ពរ៉ូមកំពុងឡោមព័ទ្ធព្រះវិហារហើយ ក៏ដោយ មនុស្សទាំងពួងជឿជាក់ថា ព្រះដ៏ប្រកបដោយមហិទ្ធិប្ញទ្ធិនឹងធ្វើឱ្យពួក សត្រូវបរាជ័យជាពុំខាន។ ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធសេចក្តីការពាររបស់ព្រះទាំងមើលងាយ ហើយឥឡូវនេះគេគ្មានអ្វីការពារខ្លួនសោះ។

អស់ទាំងទំនាយដែលព្រះគ្រីស្ទបានទាយទុកស្តីពីការវិនាសខ្ចាត់ ខ្ចាយនៃក្រុងយេរូសាឡិម ត្រូវបានសម្រេចសព្វគ្រប់គ្មានខុសមួយចំណុចឡើយ។ សញ្ញានិងការអស្ចារ្យបានលេចឡើងប្រាប់ឱ្យដឹងជាមុនអំពីមហន្តរាយ និងសេចក្តីហិនវិនាស។ អស់រយៈពេលប្រាំពីរឆ្នាំ មនុស្សម្នាក់បានបន្តការ ប្រកាសផ្សាយទៅមកតាមវិថីក្រុងយេរូសាឡិមពីសេចក្តីវេទនាដែលនឹង កើតឡើង។ ជនចម្លែកនេះ ត្រូវបានគេដាក់ក្នុងគុក និងវាយដំ។ គាត់បាន ឆ្លើយទៅនឹងការប្រមាថមើលងាយថា៖ «វីវរហើយៗ ក្រុងយេរូសាឡិម!» ហើយគាត់ក៏បានស្លាប់ក្នុងការឡោមព័ទ្ធដែលគាត់បានទស្សន៍ទាយនោះទៅ។

គ្មានគ្រីស្ទានណាម្នាក់ បានបាត់បង់ក្នុងវិនាសកម្មនៃក្រុងយេរូសាឡិម ឡើយ។ បន្ទាប់ពីពួករ៉ូម (ក្រោមអំណាចសេស្ទៀស) បានព័ទ្ធជុំវិញក្រុងហើយ ស្រាប់តែគេដកការឡោមព័ទ្ធចេញវិញក្នុងឱកាសដ៏ល្អនោះ។ ឧត្តមសេនីយ៍ រ៉ូម បានដកពលទ័ពរបស់គាត់ដោយគ្មានមូលហេតុសោះ។ សញ្ញាដែលបាន សន្យាបានប្រាប់ដល់ពួកគ្រីស្ទានដែលកំពុងរង់ចាំ។ លូកា ២១:២០,២១។

ព្រឹត្តិការណ៍ដែលបានកើតឡើងនោះមានឥទ្ធិពលខ្លាំងណាស់ បាន ជាសូម្បីតែពួកជូវ ឬពួករ៉ូមក្តី ក៏ពុំបានរារាំងការភៀសខ្លួនរបស់ពួកគ្រីស្ទានដែរ។ នៅក្នុងការដកថយនៃពួកសេស្ទៀស [Cestius] ពួកជូវបានរត់សម្រុក ដេញតាម ហើយក្នុងខណៈដែលកងពលទាំងពីរកំពុងជាប់ដៃគ្នា ពួកគ្រីស្ទាន បានឱកាស ភៀសខ្លួនចេញពីទីក្រុង ទៅកន្លែងសន្តិសុខនៅទីក្រុងផែល្លាដោយសុវត្ថិភាព។

កងពលរបស់ពួកជូវបានដេញតាមសេស្ទៀស និងកងទាហានរបស់ គាត់យ៉ាងប្រកិត។ ពួករ៉ូមបានថយរួចខ្លួនដោយមានការលំបាកជាទីបំផុត។ ពួកជូវបានត្រឡប់មកយេរូសាឡិមវិញក្នុងជ័យជម្នះដោយមានជ័យភ័ណ្ឌមកជាមួយផង។ តែជ័យជម្នះនេះបានគ្រាន់តែនាំអំពើអាក្រក់ដល់គេតែប៉ុណ្ណោះ។ វាបានធ្វើឱ្យគេមានចិត្តរឹងមិនខ្លាចពួករ៉ូម ហើយគំនិតរបៀបនេះបាននាំមកនូវសេចក្តីវេទនាដ៏រកថ្លែងពុំបានដល់ទីក្រុងអន្តរាយ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សំរាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។ ម៉ាកុស ១៤:៩

Powered by CAM