ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៤៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។ ម៉ាថាយ ២៤:៤២
យើងមិនអាចដឹងថា យើងជំពាក់គុណព្រះគ្រីស្ទចំពោះសេចក្តីសុខសាន្តដែលជាទីស្កប់ចិត្តដល់ទៅប៉ុនណាទេ ព្រោះថា អំណាចឥទ្ធិប្ញទ្ធិរបស់ ទ្រង់ ទប់មនុស្សជាតិ មិនឱ្យស្ថិតនៅក្រោមការគ្រប់គ្រងពេញធឹងរបស់សាតាំង។ អ្នកដែលមិនស្តាប់បង្គាប់ និងមនុស្សរមិលគុណជំពាក់គុណចំពោះសេចក្តីមេត្តាករុណារបស់ព្រះច្រើនណាស់។ ប៉ុន្តែ នៅពេលមនុស្សឆ្លងហួសកម្រិតនៃសេចក្តីអត់ធ្មត់របស់ព្រះ ការថែរក្សានឹងត្រូវដកចេញ។ ព្រះទ្រង់ពុំមែនជាអ្នកដាក់ទោសទាស់នឹងការប្រព្រឹត្តល្មើសទេ។ ទ្រង់ទុកឱ្យ អ្នកបដិសេធសេចក្តីមេត្តាករុណារបស់ទ្រង់ ច្រូតនូវអ្វីដែលគេបានសាបព្រោះវិញ។ គ្រប់ទាំងកាំរស្មីនៃពន្លឺដែលត្រូវបានបដិសេធ គឺជាគ្រាប់ពូជដែល បានសាបព្រោះ ហើយនឹងហុចឱ្យទិន្នផលនៅពេលចម្រូត។ ព្រះវិញ្ញាណ របស់ព្រះដែលគេបដិសេធ ម្តងហើយម្តងទៀតគឺត្រូវដកចេញនៅទីបំផុត។ ពេលនោះនឹងគ្មានអំណាចអ្វី ដើម្បីនឹងទប់ទល់កម្សួលចិត្តរបស់មនុស្សគ្មាន សេចក្តីការពារពីការព្យាបាទ និងភាពជាខ្មាំងរបស់សាតាំងបានឡើយ។
សេចក្តីហិនវិនាសនៃក្រុងយេរូសាឡិម គឺជាការព្រមានដ៏ខ្លាំងក្លាមួយដល់អស់អ្នកណាដែលបដិសេធការអង្វករនៃសេចក្តីមេត្តាករុណារបស់ព្រះ។ ទំណាយនៃព្រះអង្គសង្គ្រោះស្តីពីការកាត់ទោសដល់ក្រុងយេរូសាឡិម គឺជាការទាយទុកដ៏ត្រឹមត្រូវមួយទៀត។ ក្នុងវាសនានៃទីក្រុងដែលត្រូវបានជ្រើសរើស យើងឃើញសេចក្តីហិនវិនាសនៃពិភពមួយដែលបដិសេធមេត្តាធម៌របស់ព្រះ ហើយជាន់ឈ្លីដល់ក្រឹត្យវិន័យរបស់ទ្រង់។ ប្រវត្តិនៃសេចក្តីវេទនារបស់មនុស្សដែលពិភពលោកបានឃើញនោះគឺអាក្រក់ពេកក្រៃ។ លទ្ធផលនៃការបដិសេធអំណាចពីស្ថានសួគ៌ នោះអាក្រក់ណាស់ទៅហើយ។ ប៉ុន្តែ ទស្សនីយភាពមួយដែលងងឹតជាងមុនទៅទៀត នឹងមានកើតឡើងក្នុង អនាគតកាល។ នៅពេលព្រះដកព្រះវិញ្ញាណថែរក្សារបស់ទ្រង់ចេញទាំងស្រុងទៅ នោះគ្មានអ្វីដើម្បីនឹងបញ្ឈប់កម្សួលចិត្តមនុស្ស និងកំហឹងឆេះឆួល របស់សាតាំងបានឡើយ ហើយពិភពលោកនឹងឃើញលទ្ធផលនៃការកាន់ក្តាប់របស់សាតាំង ដូចមិនដែលមានឃើញពីមុនឡើយ។
នៅថ្ងៃនោះ រាស្ត្ររបស់ទ្រង់នឹងត្រូវបានរំដោះ ដូចជានៅក្នុងវិនាស កម្មនៃក្រុងយេរូសាឡិមដែរ។ សូមអាន អេសាយ ៤:៣; ម៉ាថាយ ២៤:៣០, ៣១។ ព្រះគ្រីស្ទនឹងយាងមកជាលើទីពីរ ដើម្បីនឹងប្រមូលអ្នកស្មោះត្រង់ទៅឯទ្រង់។ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូន មនុស្សមកលើពពក មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង ហើយទ្រង់នឹង ចាត់ពួកទេវតារបស់ព្រះអង្គឱ្យមក ដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះ នឹងប្រមូលពួករើសតាំងរបស់ទ្រង់ពីទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។ ម៉ាថាយ ២៤:៣០,៣១។
ចូរឱ្យមនុស្សប្រុងប្រយ័ត្ន ក្រែងគេភ្លេចព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ ដូចជាទ្រង់បានព្រមានប្រាប់សាវ័កទ្រង់ ឱ្យគេចខ្លួនពីការបំផ្លាញក្រុងយេរូសាឡិម ទ្រង់ក៏ព្រមានពិភពលោកពីថ្ងៃនៃសេចក្តីហិនវិនាសចុងក្រោយដែរ។ អស់អ្នកណាដែលចង់នឹងអាចគេចខ្លួនរួចពីសេចក្តីក្រោធដែលនឹងមក។ «នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងផ្កាយទាំងអស់ហើយនៅលើផែនដីនឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍»។ លូកា ២១:២៥។ សូមអាន ម៉ាថាយ ២៤:២៩; ម៉ាកុស ១៣:២៤-២៦; វិវរណៈ ៦:១២-១៧។ ព្រះបន្ទូល ដាស់តឿនរបស់ព្រះគ្រីស្ទគឺ «ដូច្នេះចូរចាំយាម ចុះ»។ ម៉ាកុស ១៣:៣៥។ អ្នកណាដែលយកចិត្តទុកដាក់នឹងការព្រមាននេះ នឹងមិនត្រូវស្ថិតនៅក្នុងទីងងឹតឡើយ។
ពិភពលោកមិនបានយកព្រះរាជសារនេះមករៀបចំខ្លួនដើម្បីសម្រាប់ ពេលនេះ ជាងពេលដែលសាសន៍អ៊ីស្រាអែលទទួលការព្រមានរបស់ព្រះអង្គ សង្គ្រោះ ស្តីពីក្រុងយេរូសាឡិមទេ។ ថ្ងៃរបស់ព្រះនឹងមកដល់អ្នកដែលគ្មាន ព្រះនៅក្នុងខ្លួនដូចជាចោរប្លន់។ នៅពេលជីវិតចេះតែបន្តទៅមុខមិនចេះឈប់ឈរនៅពេលមនុស្សឈ្លក់នឹងការសប្បាយហ៊ឺហាក្នុងជំនួញ ក្នុងការ រកប្រាក់កាស នៅពេលអ្នកដឹកនាំសាសនាកំពុងតែពង្រីកមើលវឌ្ឍនភាពនៃពិភពលោក ហើយប្រជាជនស្ងប់នឹងសន្តិសុខក្លែងក្លាយ ពេលនោះដូចជាចោរកណ្តាលអាធ្រាត្រចូលផ្ទះដែលគ្មានអ្នកយាម សេចក្តីវិនាសដ៏សាហាវ នឹងមកដល់មួយរំពេច ដល់អ្នកដែលប្រហែស និងឥតព្រះក្នុងខ្លួន «ហើយ គេគេចមិនរួចឡើយ»។ ថែស្សាឡូនីចទី១ ៥:២៥។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។ ម៉ាកុស ១៤:៩