ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០២) ​

គ្រីស្ទានសម័យដើម

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៤៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ៍ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ។ ម៉ាថាយ ២៤:២១

ព្រះយេស៊ូវបានបើកសម្តែងឱ្យពួកសាវ័កទ្រង់ដឹងនូវការពិសោធរបស់ រាស្ត្រទ្រង់ ចាប់តាំងពីពេលដែលព្រះលើកទ្រង់ចេញពីពួកគេទៅ រហូតដល់ ពេលទ្រង់យាងមកវិញក្នុងព្រះចេស្តា និងសិរីល្អ។ ដោយសម្លឹងផ្តោតឆ្ពោះទៅ អនាគតកាល ព្រះនេត្រទ្រង់បានឃើញព្យុះកំណាច ដែលនឹងត្រូវបក់បោកមកលើអ្នកដើរតាមទ្រង់ ក្នុងសម័យនៃការបៀតបៀនដែលកំពុងមកដល់។ សូម អានម៉ាថាយ ២៤:៩,២១,២២។ អ្នកដើរតាមព្រះគ្រីស្ទ ត្រូវតែឆ្លងកាត់ផ្លូវនៃ សេចក្តីប្រមាថមើលងាយ និងសេចក្តីឈឺចាប់ ដូចព្រះបរមគ្រូរបស់គេបានឆ្លងកាត់ដែរ ព្រោះភាពជាខ្មាំងដែលបានផ្ទុះឡើងទាស់នឹងព្រះអង្គប្រោសលោះនៃពិភពលោក នឹងត្រូវសម្តែងទាស់អស់អ្នកដែលជឿដល់ព្រះនាមទ្រង់។

សាសនាដទៃបានដឹងជាមុនថា បើដំណឹងល្អមានជ័យជម្នះ នោះវត្ត អារាម និងអាសនារបស់ខ្លួននឹងត្រូវបាត់បង់អស់ទៅ ដូច្នេះភ្លើងនៃការធ្វើទុក្ខទោសក៏បានឆេះឆួលឡើង។ គេបានរឹបអូសយកទ្រព្យសម្បត្តិពីពួកគ្រីស្ទាន និងបណ្តេញឱ្យចេញពីគេហដ្ឋានរបស់គេ។ គេបានសម្លាប់ជនជាច្រើន មាន ទាំងអភិជន និងទាសករ អ្នកមាន និងអ្នកក្រ អ្នកមានវិជ្ជា និងអ្នកអវិជ្ជា ដោយឥតត្រាប្រណី។

ការធ្វើទុក្ខបុកម្នេញបានចាប់ផ្តើមឡើងក្រោមការត្រួតត្រារបស់ អធិរាជនេរ៉ូ (Nero) ហើយបានបន្តជាច្រើនសតវត្ស។ គេបានចោទប្រកាន់ ពួកអ្នកគ្រីស្ទានថាជាអ្នកបណ្តាលឱ្យកើតមានអំណត់ ជំងឺអាសន្នរោគ និង ការរញ្ជួយផែនដី។ មានអ្នកសុើបការណ៍ដែលបម្រុងតែក្បត់ជនឥតមាន ទោស ដើម្បីឱ្យបានផលប្រយោជន៍ដល់ខ្លួន ដោយចោទថាគេជាពួកឧទ្ទាម និងជាមនុស្សចង្រៃដល់សង្គម។ គេបានបោះមនុស្សជាច្រើនឱ្យសត្វសាហាវស៊ី ឬដុតទាំងរស់ក្នុងមណ្ឌលកំសាន្តអារម្មណ៍។ អ្នកខ្លះត្រូវគេឆ្កាង ខ្លះទៀតត្រូវបានគេរុំនឹងស្បែកសត្វព្រៃ ហើយបោះទៅក្នុងសៃវៀនឱ្យហ្វូង ឆ្កែហែកស៊ី។ នៅពេលមានបុណ្យសាធារណៈ មនុស្សដ៏ច្រើនកុះករបានប្រជុំគ្នា ដើម្បីអបអរកំសាន្តនឹងទស្សនីយភាពនេះ ដោយទះដៃហ៊ោកញ្ជៀវដល់ការឈឺចាប់ស្ទើរមរណានៃជនរងគ្រោះ។

កាលៈទេសៈបានបង្ខំពួកអ្នកដើរតាមព្រះគ្រីស្ទ ឱ្យស្វែងរកកន្លែង លាក់ខ្លួនក្នុងទីស្ងាត់ដាច់ស្រយាលពីគេ។ នៅក្រោមភ្នំ ក្រៅទីក្រុងរ៉ូម គេ បានជីករូងអន្លាយកាត់ដី និងថ្ម អស់រាប់គីឡូម៉ែត្រផុតពីជញ្ជាំងទីក្រុង។ ក្នុង កន្លែងជ្រកពួកក្រោមដីនេះ ពួកគ្រីស្ទបរិស័ទបានបញ្ចុះសាកសពរបស់ពួកគេ ព្រមទាំងតាំងធ្វើជាទីលំនៅ នៅទីនោះផង។ ពួកគេជាច្រើនបាននឹកដល់ព្រះបន្ទូលនៃព្រះបរមគ្រូរបស់ខ្លួន ថានៅពេលគេរងទុក្ខវេទនាដោយព្រោះ ព្រះគ្រីស្ទ គេនឹងត្រូវមានអំណរយ៉ាងខ្លាំង។ គេនឹងទទួលរង្វាន់ដ៏ធំនៅស្ថាន សួគ៌ ពីព្រោះហោរានៅសម័យមុន ក៏ត្រូវបានគេធ្វើទុក្ខទោសក្នុងបែបនេះដែរ។ សូមអាន ម៉ាថាយ ៥:១១,១២។

ចម្រៀងជ័យជម្នះបានឮរំពងឡើងចេញពីកណ្តាលអណ្តាតភ្លើង ដែលឆេះលាន់សូរប្រឹបៗ។ ដោយជំនឿ ពួកគេបានឃើញព្រះគ្រីស្ទ និងពួក ទេវតាកំពុងទតមើលមកគេ ទាំងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយទាំងគាប់ ព្រះទ័យជាខ្លាំងដល់ភាពរឹងមាំរបស់គេ។ សំឡេងមួយបានបន្លឺចេញពីបល្ល័ង្ករបស់ព្រះថា៖ «ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹង​ឱ្យ​មកុដ នៃជីវិតដល់ឯង»។ វិវរណៈ ២:១០។

ការប្រឹងប្រែងរបស់សាតាំង ដើម្បីបំផ្លាញក្រុមជំនុំរបស់ព្រះគ្រីស្ទ ដោយអំពើហិង្សានោះបានក្លាយទៅជាអសារឥតការទាំងស្រុង។ អ្នកធ្វើការបម្រើព្រះត្រូវបានគេសម្លាប់ តែដំណឹងល្អបានបន្តសុសសាយជាលំដាប់ឡើង ចំណែកអ្នកកាន់ខ្ជាប់នូវដំណឹងល្អ ក៏បានកើនឡើងដែរ។ អ្នកគ្រីស្ទានម្នាក់បានមានប្រសាសន៍ថា៖ «ពួកអស់អ្នកកម្ទេចយើងអស់ច្រើនប៉ុនណា នោះយើងនឹងកើនចំនួនឡើងកាន់តែច្រើនថែមទៀត ព្រោះលោហិតរបស់ ពួកគ្រីស្ទាន គឺជាគ្រាប់ពូជ»។

ហេតុដូច្នេះបានជាសាតាំងដាក់គម្រោងការរបស់វា ដើម្បីធ្វើសង្គ្រាមទាស់នឹងព្រះឱ្យបានជោគជ័យថែមទៀត ដោយប្រើឧបាយកល បោះទង់ ជ័យរបស់វាក្នុងក្រុមជំនុំគ្រីស្ទាន ដើម្បីកេងយកប្រយោជន៍នូវអ្វីដែលវាយកមិនបានដោយប្រើកម្លាំងបង្ខំ។ ការបៀតបៀនក៏លែងមានតទៅទៀត។ ហើយមនុស្សបានយកសេចក្តីឈ្លក់ចិត្តនឹងសេចក្តីចម្រើននៃលោកីយ៍ និង កិត្តិយសមកជំនួសវិញ។ គេបាននាំពួកអ្នកគោរពរូបចម្លាក់ឱ្យទទួលជឿ គ្រីស្ទសាសនាក្នុងផ្នែកខ្លះៗ តែឯសេចក្តីពិតដ៏សំខាន់នោះ ពួកគេបាន បដិសេធចោលវិញ។ ពួកគេបានអះអាងថាជឿព្រះយេស៊ូវ ប៉ុន្តែ ពុំដឹងថាខ្លួន មានបាបទេ ម៉្លោះហើយក៏មានអារម្មណ៍ថាពុំបាច់ត្រូវការលន់តួខ្លួន ឬផ្លាស់ ប្តូរចិត្តគំនិតអ្វីដែរ។ ដោយព្រោះគេបានចុះចូលខ្លះៗ គេបានដាក់សំណូមពរ ថា ពួកគ្រីស្ទានគប្បីធ្វើការចុះចូលខ្លះៗដែរ ប្រយោជន៍ឱ្យគេទាំងអស់គ្នា អាចរួបរួមលើវេទិកានៃ «ជំនឿក្នុងព្រះគ្រីស្ទ» ផងដែរ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សំរាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។ ម៉ាកុស ១៤:៩

Powered by CAM