ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៥០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ។ ធីម៉ូថេទី២ ៣:១២

ពួកគ្រីស្ទានជាន់ដើម ជាមនុស្សចម្លែកពិតមែន។ ពួកគេមានគ្នាតិច គ្មានទ្រព្យសម្បត្តិ មុខតំណែង ឬស័ក្តិយសអ្វីទេ ហើយពួកមនុស្សទុច្ចរិតបាន ស្អប់គេ ដូចជាការអ៊ីនបានស្អប់ដល់អេបិលដែរ។ សូមអានលោកុប្បត្តិ ៤:១-១០។ ចាប់ពីសម័យនៃព្រះគ្រីស្ទរហូតមកដល់សព្វថ្ងៃនេះ ពួកសាវ័ក ដែលមានភក្តីភាពចំពោះទ្រង់ បានរំជួលឱ្យអ្នកដែលស្រឡាញ់អំពើបាប មានសម្អប់ និងសេចក្តីជំទាស់។

បើដូច្នេះ តើត្រូវហៅដំណឹងល្អ ថាជាដំណឹងនៃសន្តិភាពដូចម្តេច កើត? ពួកទេវតាបានច្រៀងនៅលើទីវាលបេថ្លេហិមថា៖ «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហប្ញទ័យដល់ទ្រង់»។ លូកា ២:១៤។ ឃើញថាមានការ ផ្ទុយគ្នារវាងបទទំនាយដែលបានទាយ និងព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលចែងថា៖ «ខ្ញុំមិនមែនមក ដើម្បីតាំងឱ្យមានសេចក្តីមេត្រីទេ គឺឱ្យមានដាវ វិញ» ។ ម៉ាថាយ ១០:៣៤។ ប៉ុន្តែ សូមយល់ឱ្យច្បាស់ថា ទាំងពីរនេះគឺត្រូវគ្នា ឥតខ្ចោះ។ ដំណឹងល្អជាដំណឹងនៃសន្តិភាព។ សាសនារបស់ព្រះគ្រីស្ទកាល បានទទួលជឿ និងប្រតិបត្តិតាម នៅនឹងផ្សព្វផ្សាយនូវសុខសន្តិភាព និង​សុភមង្គល គ្រប់ទីកន្លែងនៅផែនដីនេះ។ បេសកកម្មរបស់ព្រះយេស៊ូវ គឺដើម្បីផ្សះផ្សាមនុស្សឱ្យបានទៅឯព្រះហើយនិងផ្សះផ្សាគ្នាទៅវិញទៅមក រវាងមនុស្សនឹងមនុស្ស។ ប៉ុន្តែ ពិភពលោកទូទៅ គឺស្ថិតនៅក្រោមការ គ្រប់គ្រងរបស់សាតាំង ដែលជាបច្ចាមិត្រដ៏ជូរចត់បំផុតរបស់ព្រះគ្រីស្ទ។ ដំណឹងល្អ បង្ហាញដល់គេនូវគោលសំខាន់នៃជីវិត ដែលផ្ទុយស្រឡះពីទម្លាប់ និងសេចក្តីប៉ងប្រាថ្នារបស់គេ បានជាគេបានជំទាស់នឹងដំណឹងល្អនេះ។ គេស្អប់ភាពបរិសុទ្ធដែលថ្កោលទោសដល់អំពើបាប ម៉្លោះហើយបានជាគេធ្វើ ទុក្ខទោសដល់អ្នកដែលជំរុញភាពបរិសុទ្ធនោះដល់គេ។ ក្នុងអត្ថន័យនេះ ហើយដែលជាដំណឹងល្អត្រូវបានហៅថាដាវនោះ។ សូមអានម៉ាថាយ ១០:៣៤។

ជនជាច្រើនដែលមានជំនឿខ្សោយ ហៀបតែនឹងលែងទុកចិត្តដល់ ព្រះ ពីព្រោះទ្រង់អនុញ្ញាតឱ្យមនុស្សអាក្រក់ចម្រើនបរិបូរណ៍ឡើង ហើយ អ្នកដែលល្អសុចរិតត្រូវទទួលទារុណកម្ម ដោយអំណាចសាហាវយង់ឃ្នង របស់ពួកគេវិញ។ តើព្រះដែលប្រកបដោយយុត្តិធម៌ មេត្តាធម៌ និងអំណាច ព្រះចេស្តាទ្រាំទ្រនឹងអំពើអយុត្តិធម៌របៀបនេះដូចម្តេចកើត? ព្រះទ្រង់ប្រទានភ័ស្តុតាងនៃសេចក្តីស្រឡាញ់ឱ្យយើងគ្រប់គ្រាន់ហើយ។ យើងមិនត្រូវសង្ស័យអំពីសេចក្តីល្អរបស់ទ្រង់ទេ ដោយព្រោះតែយើងមិនអាចយល់នូវទិព្វ​ញ្ញាណ​របស់ទ្រង់បាននោះ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលថា៖ «ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយ ទេ បើគេបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នកដែរ»។ យ៉ូហាន ១៥:២០។ អ្នកដែលព្រះបានហៅឱ្យទទួលរងទុក្ខ និងប្តូរបង់ជីវិត គឺកំពុងតែដើរតាមជំហាននៃព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ព្រះហើយ។

អ្នកសុចរិតត្រូវបានដាក់ក្នុងឡភ្លើងនៃសេចក្តីវេទនា ប្រយោជន៍ឱ្យ គេបានបរិសុទ្ធឡើង ដើម្បីឱ្យគំរូរបស់គេធ្វើទីបន្ទាល់ដល់អ្នកដទៃ ឱ្យគេជឿ ដល់សេចក្តីពិតនៃជំនឿ និងភាពដែលមានព្រះនៅក្នុងខ្លួន ហើយនិងប្រយោជន៍ឱ្យការប្រព្រឹត្តតាមគន្លងធម៌របស់គេ ផ្ចាញ់ផ្ចាលដល់អ្នកដែលឥតមាន​ព្រះ​នៅក្នុងខ្លួន និងដល់អ្នកមិនជឿផងដែរ។ ព្រះអនុញ្ញាតឱ្យមនុស្សទុច្ចរិត​ចម្រើនឡើង និងឱ្យគេបញ្ចេញអមិត្តភាពរបស់គេដល់ទ្រង់ ប្រយោជន៍ ឱ្យមនុស្សទាំងអស់ឃើញយុត្តិធម៌ និងមេត្តាធម៌របស់ទ្រង់ ក្នុងមហាវិនាសកម្ម​របស់គេ។ គ្រប់ទាំងអំពើព្រៃផ្សៃដែលបានប្រព្រឹត្តដល់ជនស្មោះត្រង់របស់​ព្រះ នឹងត្រូវទទួលទណ្ឌកម្មឱ្យដូចនឹងការដែលគេបានប្រព្រឹត្តដល់​ព្រះគ្រីស្ទ​ដែរ។

សាវ័កប៉ុលបានថ្លែងថា៖ «ឯអស់អ្នកណាដែលចង់រស់ ដោយគោរព ប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀន»។​ធីម៉ូថេទី២ ៣:១២។ បើដូច្នោះ ហេតុអ្វីបានជាការបៀតបៀនហាក់បីដូចជាលង់លក់ទៅវិញ? មានមូលហេតុតែមួយគត់ គឺក្រុមជំនុំបានសម្របសម្រួលទៅនឹងខ្នាតនៃលោកីយ៍ ម៉្លោះហើយបានជាគ្មានគេក្រោកមកប្រឆាំង។ សាសនាក្នុងសម័យយើងឥឡូវនេះ ពុំមានជំនឿបរិសុទ្ធដូចនៅសម័យ ព្រះគ្រីស្ទ និងពួកសាវ័ករបស់ទ្រង់ទេ ពីព្រោះគេមិនសូវយកចិត្តទុកដាក់ មិនគោរពសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ និងពីព្រោះភាពប្រតិបត្តិតាមព្រះ មានតិចតួចណាស់ក្នុងព្រះវិហារ ពោលគឺគ្រីស្ទសាសនាមានប្រជាប្រិយ ជាមួយនឹងលោកីយ៍។ ចូរឱ្យមានការភ្ញាក់រលឹកឡើងវិញនូវជំនឿរបស់ក្រុម ជំនុំសម័យដើមចុះ នោះភ្លើងនៃការធ្វើទុក្ខបៀតបៀននឹងឆេះឡើងវិញជា​ប្រាកដ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ ម៉ាថាយ ២០:២៧-២៨

Powered by CAM