ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២៥
ខព្រះគម្ពីរប្រចាំថ្ងៃ: តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។ យ៉ូហានទី១ ១:៧
មានគំរូនៃការញែកជាបរិសុទ្ធពិតប្រាកដនៅក្នុងជីវិតរបស់លោកយ៉ូហាន។ នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងបញ្ចប់នៃទំនាក់ទំនងយ៉ាងជិត ស្និទ្ធរបស់លោក ជាមួយនឹងព្រះគ្រិស្ត ព្រះអង្គសង្រ្គោះបានព្រមាននិងប្រាប់ លោកជាញឹកញាប់ឲ្យប្រុងប្រយ័ត្ន ហើយលោកក៏បានទទួលយកការប្រដៅ តម្រង់ទាំងនេះ។ នៅពេលព្រះបានបង្ហាញអត្តចរិតរបស់ទ្រង់ដល់គាត់ លោកយ៉ូហានបានមើលឃើញការខ្វះចន្លោះរបស់លោកផ្ទាល់ ហើយលោកបាន បន្ទាបខ្លួនដោយគោរព។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកសង្កេតមើលភាពទន់ភ្លន់និងការអត់ធ្មត់របស់ព្រះយេស៊ូវ ដែលផ្ទុយពីវិញ្ញាណនៃអំពើហិង្សារបស់លោកទាំងស្រុងហើយលោកបានឮពីមេរៀននៃការបន្ទាបខ្លួននិងការអត់ធ្មត់របស់ទ្រង់ផងដែរ។ ចិត្តរបស់លោកត្រូវបានទាញនាំទៅរកព្រះគ្រិស្ត ពីមួយថ្ងៃទៅមួយថ្ងៃ រហូតទាល់តែលោកលែងគិតពីខ្លួនឯង ដោយសារសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់របស់លោក ។ អំណាចនិងភាពទន់ភ្លន់សិរីរុងរឿងនិងភាពស្លូតបូត ភាពរឹងមាំនិងការអត់ធ្មត់ ដែលលោកបានឃើញនៅក្នុងការរស់នៅប្រចាំថ្ងៃនៃព្រះរាជបុត្រារបស់ព្រះ បានបំពេញចិត្តរបស់លោកដោយកោតសរសើរ ។ លោកបានប្រគល់កំហឹងនិងមហិច្ឆតារបស់លោក ឲ្យចុះចូលជាមួយនឹងអំណាចនៃគំរូរបស់ព្រះគ្រិស្ត ហើយសេចក្ដីស្រឡាញ់ របស់ព្រះបាននាំមកនូវការកែប្រែអត្តចរិតរបស់លោក។
ផ្ទុយស្រឡះទៅនឹងការញែកជាបរិសុទ្ធ ដែលបានធ្វើការនៅក្នុងជីវិតរបស់លោកយ៉ូហានគឺជាបទពិសោធន៍របស់លោកយូដាស សិស្សម្នាក់ដែលជាមិត្តភក្តិរបស់លោក ។ ដូចជាទំនាក់ទំនងរបស់លោកដែរ យូដាសបានប្រកាសថាគាត់ជាសិស្សរបស់ព្រះគ្រិស្ត ប៉ុន្ដែ គាត់បានត្រឹមតែអះអាងថាមានភាពដូចជាព្រះប៉ុណ្ណោះ។ គាត់មិនមានភាពទន់ភ្លន់ទៅតាមសម្រស់នៃអត្តចរិតរបស់ព្រះគ្រិស្តទេ។ ហើយនៅពេលដែលលោកបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ការដឹងកំហុសខ្លួនឯងតែងតែបានកើតឡើងមកលើរូបគាត់ ប៉ុន្តែ គាត់មិនបានបន្ទាបចិត្តឬលន់តួអំពើបាបរបស់គាត់ឡើយ ។ ដោយការប្រឆាំងទៅនឹងឥទ្ធិពលរបស់ព្រះ គាត់បានធ្វើឲ្យអាប់កិត្ដិយសដល់ព្រះជាម្ចាស់ ដែលគាត់បានអះអាងថាគាត់ស្រឡាញ់ ។ លោកយ៉ូហានបានប្រយុទ្ធប្រឆាំងនឹងកំហុសរបស់លោកដោយស្មោះត្រង់ ។ ប៉ុន្ដែ យូដាសបានបំពានទៅនឹងមនសិការរបស់ខ្លួន ហើយបានទោរទន់ទៅរកសេចក្តីល្បួង ដោយភ្ជាប់ខ្លួនទៅនឹងទម្លាប់អាក្រក់កាន់តែខ្លាំងឡើង ។ ការអនុវត្តន៍សេចក្ដីពិតដែលព្រះគ្រិស្តបានបង្រៀន ខុសគ្នាស្រឡះពីគោលបំណងនិងសេចក្តីប្រាថ្នារបស់គាត់ ហើយគាត់មិនអាចបន្ទន់គំនិតរបស់ខ្លួន ដើម្បីទទួលបានប្រាជ្ញាពីឋានសួគ៌ទេ ។ ជំនួសឲ្យការដើរក្នុងពន្លឺ គាត់បានដើរក្នុងភាពងងឹតវិញ។ គាត់បានចូលចិត្តនឹងបំណងប្រាថ្នាអាក្រក់ ការលោភលន់តណ្ហានៃការសងសឹក គំនិតងងឹតងងល់និងស្រងូតស្រងាត់ រហូតទាល់តែសាតាំងគ្រប់គ្រងលើគាត់ទាំងស្រុង។
លោកយ៉ូហាននិងយូដាសគឺជាអ្នកតំណាងឲ្យអ្នកដែលអះអាងថា ជាអ្នកដើរតាមព្រះគ្រិស្ត ។ សិស្សទាំងពីរនេះមានឱកាសដើម្បីសិក្សាហើយធ្វើតាមគំរូរបស់ព្រះ ដូចគ្នា ។ ពួកគេទាំងពីរនាក់បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូវ ហើយមានឯកសិទ្ធិស្ដាប់ការបង្រៀនរបស់ទ្រង់ ដូចគ្នា ។ ម្នាក់ៗមានកំហុសឆ្គងធ្ងន់ធ្ងរ ហើយម្នាក់ៗទទួលបាននូវព្រះគុណរបស់ព្រះដែលអាចផ្លាស់ប្តូរអត្តចរិត។ ប៉ុន្តែ ខណៈដែលម្នាក់បន្ទាបខ្លួនកំពុងរៀនសូត្រពីព្រះយេស៊ូវ ម្នាក់ទៀតបានបង្ហាញថាខ្លួនមិនមែនជាអ្នកប្រព្រឹត្តតាមព្រះបន្ទូលទេ គឺគ្រាន់តែជាអ្នកស្តាប់ព្រះបន្ទូលប៉ុណ្ណោះ ។ ម្នាក់ដែលស្លាប់ខាងភាពអាត្មានិយមជារៀងរាល់ថ្ងៃបានឈ្នះអំពើបាប ត្រូវបានសម្អាតឲ្យបរិសុទ្ធតាមរយៈសេចក្តីពិត ហើយម្នាក់ទៀតដែលប្រឆាំងនឹងអំណាចនៃព្រះគុណដែលអាចផ្លាស់ប្តូរអត្តចរិត ហើយបានបណ្តោយខ្លួនទៅតាមសេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួន ត្រូវបាននាំឲ្យជាប់ចំណងទាសភាពរបស់សាតាំង។
ការផ្លាស់ប្តូរអត្តចរិតដែលបានឃើញនៅក្នុងជីវិតរបស់លោកយ៉ូហាននេះ គឺជាលទ្ធផលនៃទំនាក់ទំនងជាមួយព្រះគ្រិស្ត។ ប្រហែលជាមានកំហុសឆ្គងដែលគេឃើញមាននៅក្នុងអត្តចរិតរបស់បុគ្គលម្នាក់ៗ ប៉ុន្តែ នៅពេលអ្នកនោះបានក្លាយជាសិស្សដ៏ពិតប្រាកដរបស់ព្រះគ្រិស្ត អំណាចនៃព្រះគុណរបស់ព្រះបានកែប្រែ ហើយធ្វើឲ្យគេបានបរិសុទ្ធឡើង ។ ដោយការសម្លឹងមើលតាមវ៉ែនតានៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ គេនឹងបំផ្លាស់បំប្រែពី សិរីល្អមួយ ទៅសិរីល្អមួយ រហូតដល់បានដូចជាព្រះអង្គដែលគេសរសើរតម្កើងដូច្នោះដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ។ ( យ៉ូហានទី១ ៤:៧ )