ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៥៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប ២ខួប ហើយកន្លះខួប។ ដានីយ៉ែល ៧:២៥
ដើម្បីសម្រេចនូវកិច្ចការដែលវាបានរៀបចំឡើងសម្រាប់មនុស្សមុនពេលព្រះគ្រីស្ទយាងមកសាតាំងក៏បានដឹកនាំពួកជូវឱ្យផ្ទុកទៅលើថ្ងៃសប្បាតហ៍នូវប្រការដ៏លំបាកជាបន្ទុកដ៏ធ្ងន់ដល់អ្នករក្សា។ ឥឡូវនេះ ដើម្បីទាញយកប្រយោជន៍នៃពន្លឺក្លែងក្លាយដែលវាបានបណ្តាលឡើងឱ្យពួកគេឱបក្រសោប នោះវាក៏បញ្ចេញសេចក្តីស្អប់ខ្ពើមដល់ថ្ងៃសប្បាតហ៍ ថាជាស្ថាប័ន «របស់ពួក ជូវ» ទៅវិញ។ ក្នុងពេលដែលពួកគ្រីស្ទាននៅតែរក្សាថ្ងៃអាទិត្យជាទូទៅទុកជាថ្ងៃបុណ្យអរសប្បាយ វាបាននាំពួកគេឱ្យធ្វើថ្ងៃសប្បាតហ៍ជាថ្ងៃតមអត់ ជាថ្ងៃ នៃសេចក្តីទុក្ខព្រួយ និងអាប់រស្មី ដើម្បីឱ្យគេស្អប់ដល់សាសនារបស់ពួកជូវ។
បទបញ្ជាឱ្យគោរពថ្ងៃអាទិត្យជាលើកដំបូង
នៅសម័យខាងដើមនៃសតវត្សទី៤* អធិរាជកុងស្តង់ទីនបានចេញ បទបញ្ជាឱ្យធ្វើថ្ងៃអាទិត្យជាថ្ងៃសាធារណៈ នៅទូទាំងចក្រភពរ៉ូម។ ថ្ងៃនៃព្រះ អាទិត្យ ត្រូវបានគោរពដោយពួកកាន់សាសនាដទៃ ដែលនៅក្រោមបទ បញ្ជារបស់ទ្រង់ ហើយក៏ត្រូវបានលើកតម្កើងដោយពួកគ្រីស្ទាន គឺជា នយោបាយរបស់អធិរាជ ក្នុងការបង្រួបបង្រួមនូវការប្រទាំងផលប្រយោជន៍នៃសាសនារបស់ពួកគោរពព្រះដទៃ និងគ្រីស្ទសាសនា។ ព្រះចៅកុងស្តង់ទីន ត្រូវបានជំរុញឱ្យធ្វើដូច្នេះដោយពួកសង្គ្រាជនៃវិហារ (ដែលប្រកបដោយ មហិច្ឆតា និងការស្រេកឃ្លានអំណាច) ដែលបានដឹងក្នុងខ្លួនថា បើថ្ងៃដដែល នេះត្រូវបានរក្សាដោយពួកគ្រីស្ទានផង និងពួកគោរពព្រះដទៃផង នោះពួកកាន់សាសនាដទៃនឹងទទួលស្គាល់គ្រីស្ទសាសនាជាមិនខាន ហើយអំណាច និងសិរីរុងរឿងរបស់វិហារ ក៏នឹងចម្រើនឡើងដែរ។ ប៉ុន្តែ ក្នុងខណៈដែលជន គ្រីស្ទានជាច្រើនដែលកោតខ្លាចដល់ព្រះ ត្រូវបានដឹកនាំឱ្យចាត់ទុកថ្ងៃ អាទិត្យថាជាបរិសុទ្ធដែរនោះ គេនៅតែកាន់ថ្ងៃសប្បាតហ៍ពិតប្រាកដជាថ្ងៃ បរិសុទ្ធរបស់ព្រះ ព្រមទាំងរក្សាដោយស្តាប់បង្គាប់ទៅតាមក្រឹត្យវិន័យទី៤ ដដែល។
មេកំភូតពុំទាន់បានបញ្ចប់កិច្ចការវានៅឡើយទេ វាបានសម្រេចចិត្តថានឹងប្រមូលពួកគ្រីស្ទានទូទាំងពិភពលោក ឱ្យមកនៅក្រោមនឹមរបស់វា ព្រម ទាំងប្រើអំណាចរបស់វាតាមរយៈអ្នកតំណាងវា ពោលគឺប៉ាបដែលបានអះអាង ថាខ្លួនជាតំណាងព្រះគ្រីស្ទ។ វាបានសម្រេចគោលបំណងរបស់វាតាមរយៈ ពួកកាន់សាសនាដទៃដែលមានការផ្លាស់ប្រែតែពាក់កណ្តាល តាមពួកកាន់ តំណែងខ្ពស់ប្រចាំវិហារដែលពោរពេញទៅដោយមហិច្ឆតា និងក្រុមជំនុំ ដែលស្រឡាញ់លោកីយ៍។ ក្រុមប្រឹក្សាដ៏ធំបានកោះគ្នាប្រជុំជាបន្តបន្ទាប់ ដោយ មានទាំងអ្នកមានតំណែងខ្ពង់ខ្ពស់ប្រចាំវិហារពីគ្រប់ទិសទីនៃសាកលលោក មកចូលរួមសន្និសីទ។ ស្ទើរតែរៀងរាល់ការប្រជុំក្រុមប្រឹក្សា ថ្ងៃសាបាថដែល ព្រះបានតាំងឡើងនោះ ត្រូវបានគេសង្កត់ចុះបន្តិចម្តងៗ ចំណែកថ្ងៃអាទិត្យ ត្រូវបានគេលើកតម្កើងវិញ។ ម៉្លោះហើយ នៅទីបំផុត ថ្ងៃបុណ្យរបស់ពួកកាន់សាសនាដទៃក៏ត្រូវបានលើកតម្កើងជាស្ថាប័នរបស់ព្រះ តែថ្ងៃបរិសុទ្ធនៃព្រះគម្ពីរត្រូវបានប្រកាសថាជាសំណាកនៃសាសនារបស់ពួកជូវទៅវិញ។
មេប្រាសចាកជំនឿបានសម្រេចជោគជ័យក្នុងការលើកសរសើរខ្លួនឯង «ខ្ពស់លើសអស់ទាំងអ្វីដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរព ប្រតិបត្តិផង»។ ថែស្សាឡូនីចទី២ ២:៤។ លោកបានហ៊ានកែប្រែសិក្ខាបទនៃច្បាប់របស់ព្រះ ដែលតម្រង់មនុស្សទាំងអស់ទៅឯសេចក្តីពិត និងព្រះដ៏មាន ព្រះជន្មរស់។ ក្នុងក្រឹត្យវិន័យទី៤ ព្រះបានសម្តែងអង្គទ្រង់មកជាព្រះអាទិករនៃស្ថានសួគ៌ និងផែនដី ត្រង់នេះហើយដែលជាការខុសប្លែកពីព្រះក្លែង ក្លាយទាំងឡាយ។ ថ្ងៃទី៧ត្រូវបានញែកជាបរិសុទ្ធ ទុកជាថ្ងៃឈប់សម្រាក របស់មនុស្ស ដើម្បីចងចាំកិច្ចបង្កបង្កើត។ ក្រឹត្យវិន័យទី៤ ត្រូវបានចែងមកដើម្បីរក្សាព្រះដ៏មានព្រះជន្មរស់ ឱ្យស្ថិតនៅក្នុងគំនិតមនុស្សជានិច្ច ទុកជា ប្រភពនៃជីវិត ជាទីសក្ការៈបូជា និងជាកម្មវត្ថុសម្រាប់ថ្វាយបង្គំ។ សាតាំងខំព្យាយាមបង្វែរមនុស្សឱ្យចេញអំពីភក្តីភាពរបស់គេចំពោះព្រះ ហើយនិងអំពីការស្តាប់បង្គាប់តាមច្បាប់របស់ទ្រង់ទៀតផង ម៉្លោះហើយវាក៏បញ្ចេញនូវការប្រឹងប្រែងរបស់វា ជាពិសេសដើម្បីប្រឆាំងនឹងក្រឹត្យវិន័យ ដែលចង្អុលប្រាប់ថាព្រះជាអ្នកបង្កបង្កើត។
បណ្តាប្រូតេស្តង់ ឥឡូវនេះបានជំរុញឱ្យធ្វើថ្ងៃអាទិត្យដែលជាថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ទៅជាថ្ងៃសប្បាតហ៍របស់ពួកគ្រីស្ទាន ប៉ុន្តែ ពុំមានភ័ស្តុតាងនៅក្នុងបទគម្ពីរទេ។ ការលើកតម្កើងបែបនេះ ពុំមានផ្តាំទុកមក ដោយព្រះគ្រីស្ទ ឬដោយពួកសាវ័កឡើយ។ ការរក្សាថ្ងៃអាទិត្យជាច្បាប់តែង តាំងអ្នកគ្រីស្ទាននោះ មានប្រភពមកអំពី «សេចក្តីអាថ៌កំបាំងនៃការទទឹង ច្បាប់។» ថែស្សាឡូនិចទី២ ២:៧។ កិច្ចការនេះបានចាប់ផ្តើមតាំងពីសម័យសាវ័កប៉ុលមកម៉្លេះ។ តើព្រះអម្ចាស់បានទទួលចិញ្ចឹមកូនរបស់ប្រព័ន្ធកាតូលិកនេះ នៅកន្លែងណា នាពេលណាដែរ? តើមានមូលហេតុអ្វីសមរម្យសម្រាប់ការផ្លាស់ប្តូរ ដោយគ្មានការយល់ស្របពីបទគម្ពីរនោះ?
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។ ម៉ាថាយ ២០:២៧-២៨