កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២៦
ខព្រះគម្ពីរប្រចាំថ្ងៃ:អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ។ យ៉ូហានទី១ ៣:៣
លោកយ៉ូហានគឺជាគ្រូបង្រៀននៃភាពបរិសុទ្ធ ហើយនៅក្នុងសំបុត្ររបស់លោក ផ្ញើទៅជូនពួកជំនុំ លោកបានដាក់ចុះនូវក្បួនច្បាប់ដ៏ត្រឹមត្រូវសម្រាប់ការប្រព្រឹត្ដរបស់ពួកគ្រិស្តបរិស័ទ លោកបានសរសេរថា «អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជម្រះសម្អាតចិត្តខ្លួនឲ្យដូចទ្រង់ដែលស្អាតដែរ» ។ «អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ» (យ៉ូហានទី១ ៣:៣ និង ២:៦) ។ លោកបានបង្រៀនថាគ្រិស្តបរិស័ទត្រូវតែមានភាពបរិសុទ្ធនៅក្នុងចិត្តនិងក្នុងជីវិត។ កុំឲ្យស្កប់ចិត្តនឹងការគ្រាន់តែអះអាងតែមាត់នោះឡើយ ។ ដោយព្រះទ្រង់បរិសុទ្ធនៅក្នុងរង្វង់របស់ទ្រង់ ដូច្នេះ មនុស្សដែលមានបាបក៏ត្រូវតែមានភាពបរិសុទ្ធនៅក្នុងរង្វង់របស់ខ្លួន តាមរយៈសេចក្តីជំនឿលើព្រះគ្រិស្តដែរ។
សាវ័កប៉ុលបានសរសេរថា «ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់ គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្តីកំផិតចេញ» (ថែស្សាឡូនីចទី១ ៤:៣) ។ ការញែកជាបរិសុទ្ធនៃពួកជំនុំគឺជាវត្ថុបំណងរបស់ព្រះ នៅក្នុងការប្រព្រឹត្ដរបស់ទ្រង់ជាមួយរាស្ដ្រទ្រង់ ។ ទ្រង់បានជ្រើសរើសពួកគេជាមនុស្សបរិសុទ្ធ តាំងពីដំបូងមក ។ ទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់ឲ្យមកសុគតជំនួសពួកគេ ដើម្បីឲ្យគេបានញែកជាបរិសុទ្ធតាមរយៈការគោរពដល់សេចក្តីពិត និងការដកយកចេញនូវភាពតូចចង្អៀតនៃភាពអាត្មានិយម ។ ព្រះអង្គតម្រូវឲ្យមានការងារផ្ទាល់ខ្លួន ពីក្នុងចំណោមពួកគេ គឺជាការចុះចូលផ្ទាល់ខ្លួន។ ព្រះអាចទទួលការលើកតម្កើង ដល់អស់អ្នកដែលអះអាងថាជឿដល់ទ្រង់ នៅពេលដែលពួកគេត្រូវបានត្រាប់តាមរូបអង្គរបស់ទ្រង់ ហើយគ្រប់គ្រងដោយព្រះវិញ្ញាណរបស់ទ្រង់ប៉ុណ្ណោះ។ បន្ទាប់មកពួកគេអាចធ្វើទីបន្ទាល់ពីព្រះគុណរបស់ព្រះដែលបានធ្វើការជំនួសពួកគេ។
ការញែកជាបរិសុទ្ធពិតប្រាកដកើតមានឡើងតាមរយៈការបំពេញកិច្ចការ តាមគោលការណ៍នៃសេចក្ដីស្រឡាញ់ ។ «ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ» (យ៉ូហានទី១ ៤:១៦)។ នៅក្នុងជីវិតរបស់អ្នកណាដែលមានព្រះគ្រិស្តគង់នៅក្នុងចិត្ត នឹងបង្ហាញពីភាពដូចព្រះយ៉ាងសាមញ្ញ ។ អត្តចរិតរបស់អ្នកនោះនឹងត្រូវបានសម្អាតឲ្យបានបរិសុទ្ធ លើកតម្កើង ធ្វើឲ្យថ្លៃថ្នូរ និងមានសិរីរុងរឿង ។ គោលលទ្ធិដ៏បរិសុទ្ធនឹងលាយបញ្ចូលគ្នាជាមួយនឹងសេចក្តីសុចរិត បញ្ញត្តិនៃឋានសួគ៌នឹងរួបរួមជាមួយនឹងការអនុវត្តន៍ដ៏បរិសុទ្ធ។
អស់អ្នកដែលនឹងទទួលបានព្រះពរនៃការញែកជាបរិសុទ្ធ ត្រូវតែស្វែងយល់ពីអត្ថន័យនៃការលះបង់ដោយខ្លួនឯងជាមុនសិន ។ ឈើឆ្កាងរបស់ព្រះគ្រិស្ត គឺជាសសរទ្រូងដែលព្យួរ «សិរីល្អយ៉ាងធ្ងន់លើសលុប ដ៏នៅអស់កល្បជានិច្ចវិញ» ។ ព្រះគ្រិស្តមានបន្ទូលថា «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (កូរិនថូសទី២ ៤:១៧ និង ម៉ាថាយ ១៦:២៤) ។ គឺជាក្លិនក្រអូបនៃសេចក្ដីស្រឡាញ់របស់យើងចំពោះមនុស្សដូចគ្នានេះហើយ ដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ។ គឺជាការអត់ធ្មត់ក្នុងការបម្រើការងារ ដែលនាំឲ្យចិត្តបានសម្រាក ។ គឺតាមរយៈកិច្ចការដ៏លំបាកដែលមានការបន្ទាបខ្លួន ឧស្សាហ៍ព្យាយាម និងស្មោះត្រង់នេះហើយ ដែលបានលើកកម្ពស់ដល់សុខុមាលភាពរបស់សាសន៍អ៊ីស្រាអែល ។ ព្រះគាំទ្រនិងលើកតម្កើងដល់អ្នកដែលព្រមដើរតាមមាគ៌ារបស់ព្រះគ្រិស្ត។
ការញែកជាបរិសុទ្ធមិនមែនជាការងារដែលត្រូវធ្វើតែមួយពេល មួយម៉ោង ឬមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ គឺអស់មួយជីវិត ។ ការនេះមិនមែនកើតឡើងដោយអារម្មណ៍ហោះហើរដ៏រីករាយនោះទេ ប៉ុន្តែ គឺជាលទ្ធផលនៃការស្លាប់ខាងឯអំពើបាបជាប្រចាំ ហើយរស់នៅសម្រាប់ព្រះគ្រិស្ត ជារៀងរហូត ។ កំហុសមិនអាចបានត្រឹមត្រូវឡើងវិញ ឬមានការកែទម្រង់ ដែលកើតឡើងដល់អត្តចរិត ដោយគ្មានការខំប្រឹងប្រែងនោះទេ ។ ការនេះកើតឡើងដោយសារតែការប្រឹងប្រែងយូរអង្វែង និងតស៊ូស្វិតស្វាញ ការគោរពវិន័យ និងការពុះពារនឹងទំនាស់តឹងរ៉ឹង ទើបយើងនឹងទទួលបានជ័យជម្នះ ។ យើងមិនដឹងថាមានថ្ងៃណាមួយនឹងជួបប្រទះទំនាស់លើកក្រោយទៀតខ្លាំងក្លាយ៉ាងណានោះទេ។ ដរាបណាសាតាំងនៅតែសោយរាជ្យ យើងត្រូវតែបង្ក្រាបអំពើបាប ដោយវាយប្រហារអំពើបាបឲ្យបរាជ័យ ដរាបណាយើងនៅមានជីវិតរស់នៅ នោះនឹងគ្មានកន្លែងឈប់សម្រាក គ្មានចំណុចដែលយើងអាចទៅដល់ហើយនិយាយថាខ្ញុំបានសម្រេចទាំងស្រុង ហើយនោះទេ។ ការញែកជាបរិសុទ្ធគឺជាលទ្ធផលនៃការស្តាប់បង្គាប់អស់មួយជីវិត។
គ្មានសាវ័កនិងហោរាណាម្នាក់ដែលធ្លាប់អះអាងថាគ្មានបាបឡើយ ។ មនុស្សដែលរស់នៅជិតស្និទ្ធបំផុតជាមួយនឹងព្រះ មនុស្សដែលសុខចិត្តលះបង់ជីវិតខ្លួនឯង ជាជាងប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា មនុស្សដែលព្រះបានលើកតម្កើងដោយពន្លឺនិងព្រះចេស្តារបស់ទ្រង់ សុទ្ធតែបានសារភាពពីអំពើបាបនៃនិស្ស័យពីកំណើតរបស់ពួកគេ ។ ពួកគេមិនបានមានទំនុកចិត្តលើនិស្ស័យសាច់ឈាមរបស់ខ្លួនទេ ហើយពួកគេក៏មិនបានអះអាងពីសេចក្ដីសុចរិតរបស់ខ្លួនផ្ទាល់ដែរ ប៉ុន្តែ ពួកគេបានជឿទុកចិត្តទាំងស្រុងលើសេចក្ដីសុចរិតរបស់ព្រះគ្រិស្ត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ។ ( យ៉ូហានទី១ ៤:៧ )