កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នករាល់គ្នាដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយក៏នៅក្នុងទ្រង់ នោះគ្មានបាបសោះ ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង។ យ៉ូហានទី១ ៣:៥-៦
ចំណែកអ្នកដែលបានមើលឃើញព្រះគ្រិស្តក៏នឹងបានដូច្នេះដែរ ។ យើងចូលកាន់តែជិតព្រះយេស៊ូវ ហើយមើលឃើញភាពបរិសុទ្ធនៃអត្តចរិតរបស់ទ្រង់កាន់តែច្បាស់ យើងក៏នឹងឃើញភាពខុសឆ្គងនៃអំពើបាបដ៏លើសលុបរបស់យើងកាន់តែច្បាស់ ហើយយើងនឹងចង់លើកតម្កើងខ្លួនឯងកាន់តែតិចដែរ ។ នឹងមានការខិតខំប្រឹងប្រែងឥតឈប់ឈរចេញពីក្នុងចិត្ត ចង់ដើរតាមព្រះ គឺជាការលន់តួបាបអស់ពីចិត្តនិងការបន្ទាបខ្លួន នៅចំពោះទ្រង់ ។ ការកែប្រែចិត្តរបស់យើងនឹងកាន់តែស៊ីជម្រៅខ្លាំងឡើង នៅរៀងរាល់ជំហាននៃបទពិសោធន៍ជាគ្រិស្តបរិស័ទរបស់យើង ។ យើងនឹងដឹងថាភាពពេញខ្នាតរបស់យើងគឺមានតែនៅក្នុងព្រះគ្រិស្តប៉ុណ្ណោះ ហើយយើងនឹងធ្វើឲ្យការលន់តួទោសរបស់សាវ័កប៉ុលបានក្លាយជារបស់យើង។ «ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ» ។ «ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកិយបានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកិយដែរ» (រ៉ូម ៧:១៨ និង កាឡាទី ៦:១៤)។
សូមឲ្យទេវតាដែលជាអ្នកកត់ត្រា សរសេរប្រវត្តិសាស្រ្តនៃការតស៊ូដ៏បរិសុទ្ធ និងជម្លោះនៃរាស្រ្តរបស់ព្រះ សូមឲ្យលោកកត់ត្រានូវការអធិដ្ឋាននិងទឹកភ្នែករបស់ពួកគេ ប៉ុន្ដែ សូមកុំឲ្យព្រះត្រូវអាប់ឱនព្រះកិត្ដិនាមដោយសារសេចក្តីប្រកាសពីបបូរមាត់មនុស្សថា «ខ្ញុំជាមនុស្សគ្មានបាប ខ្ញុំគឺជាមនុស្សបរិសុទ្ធ» នោះឡើយ ។ បបូរមាត់បរិសុទ្ធនឹងមិននិយាយពាក្យប្រមាថនោះទេ។
ព្រះបាននាំសាវ័កប៉ុលទៅកាន់ឋានសួគ៌ជាន់ទីបី ហើយលោកបានឃើញនិងបានឮពីអ្វីដែលមនុស្សមិនអាចបរិយាយបាន ប៉ុន្តែ លោកមានប្រសាសន៍ ថា «មិនមែនថា ខ្ញុំបានទទួលឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំ កំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រិស្តយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ»(ភីលីព ៣:១២)។ សូមឲ្យពួកទេវតានៅឋានសួគ៌សរសេរអំពីជ័យជម្នះរបស់លោកប៉ុលនៅក្នុងការតយុទ្ធដ៏ល្អខាងជំនឿ ។ សូមឲ្យឋានសួគ៌មានអំណរនៅក្នុងភាពខ្ជាប់ខ្ជួនរបស់លោក ហើយដោយរក្សារង្វាន់នេះនៅក្នុងចិត្ត លោកបានចាត់ទុកអ្វីៗទាំងអស់ថាជាសំរាម។ ពួកទេវតារីករាយក្នុងការថ្លែងប្រាប់ពីជ័យជម្នះរបស់លោក ប៉ុន្ដែ លោកប៉ុលមិនបានអួតអំពីការដែលលោកបានធ្វើនោះទេ ។ អាកប្បកិរិយារបស់លោកប៉ុល គឺជាអាកប្បកិរិយាដែលអ្នកដើរតាមព្រះគ្រិស្តគួរធ្វើតាម នៅពេលលោកជំរុញផ្លូវរបស់លោកឆ្ពោះទៅមុខ នៅក្នុងការពុះពារឲ្យបានមកុដជីវិត។
ចូរឲ្យអស់អ្នកដែលមានបំណងក្នុងការបំពេញតួនាទីនៃភាពបរិសុទ្ធដ៏ខ្ពង់ខ្ពស់ មើលទៅក្នុងកញ្ចក់នៃក្រឹត្យវិន័យរបស់ព្រះ។ នៅពេលដែលពួកគេមើលឃើញការទាមទារដ៏ទូលំទូលាយរបស់ក្រឹត្យវិន័យនោះ ហើយយល់ពី ការងាររបស់ក្រឹត្យវិន័យ ថាជាការយល់ដឹងពីគំនិតនិងបំណងនៃចិត្ត នោះពួកគេនឹងមិនអួតអំពីភាពគ្មានបាបរបស់ខ្លួនឡើយ។ លោកយ៉ូហាននិយាយថាកុំឲ្យបំបែកខ្លួនចេញពីបងប្អូនរបស់លោកឡើយ «បើសិនជាយើងថា យើង គ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនឋិតនៅក្នុងយើងទេ»។ «បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»។ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយ សុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសម្អាតយើង ពីគ្រប់ អំពើទុច្ចរិតទាំងអស់ផង» (យ៉ូហានទី១ ១:៨, ១០, ៩)។
មានអ្នកដែលប្រកាសថាខ្លួនជាមនុស្សបរិសុទ្ធ ដែលអះអាងថាពួកគេជារបស់ព្រះអម្ចាស់ទាំងស្រុង ដែលមានសិទ្ធិទទួលសេចក្តីសន្យារបស់ព្រះ ខណៈដែលគេបដិសេធមិនព្រមស្ដាប់បង្គាប់តាមក្រឹត្យវិន័យរបស់ទ្រង់ទៅវិញនោះ ។ ពួកអ្នកដែលប្រព្រឹត្ដរំលងនឹងក្រឹត្យវិន័យទាំងនេះទាមទារនូវអ្វីៗទាំងអស់ដែលព្រះបានសន្យាប្រទានដល់កូនៗរបស់ទ្រង់ ប៉ុន្តែ នេះគឺជាផ្នែកដែលឥតកោតក្រែងរបស់ពួកគេ ព្រោះលោកយ៉ូហានបានប្រាប់យើងថាសេចក្ដីស្រឡាញ់ពិតចំពោះព្រះ នឹងត្រូវបានបើកសម្តែងដោយការគោរពតាមក្រឹត្យវិន័យទាំងអស់របស់ទ្រង់ ។ ការគ្រាន់តែជឿទៅលើទ្រឹស្ដីនៃសេចក្តីពិតដើម្បីប្រកាសជំនឿដល់ព្រះគ្រិស្ត ការជឿថាព្រះយេស៊ូវមិនមែនជាអ្នកក្លែងបន្លំ ហើយថាសាសនានៃព្រះគម្ពីរមិនមែនជារឿងលេងសើច នោះមិនទាន់គ្រប់គ្រាន់ទេ ។ លោកយ៉ូហានបានសរសេរថា «អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តិទ្រង់ទេ អ្នកនោះឈ្មោះថា ជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់» ។ «អ្នកណាដែលកាន់តាមបញ្ញត្តិទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ យើងដឹងថា ទ្រង់គង់នៅក្នុងយើង ដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក» (យ៉ូហានទី១ ២:៤, ៥ និង ៣:២៤)។
លោកយ៉ូហានមិនបានបង្រៀនថា សេចក្តីសង្គ្រោះបានមកដោយការគោរពក្រឹត្យវិន័យទេ ។ ប៉ុន្តែ ការគោរពក្រឹត្យវិន័យគឺជាផលផ្លែនៃសេចក្តីជំនឿនិងសេចក្ដីស្រឡាញ់ ។ លោកបានមានប្រសាសន៍ថា «អ្នករាល់គ្នាដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយក៏នៅក្នុងទ្រង់ នោះគ្មានបាបសោះ ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង» (យ៉ូហានទី១ ៣:៥, ៦) ។ ប្រសិនបើយើងនៅជាប់ក្នុងព្រះគ្រិស្ត ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះគង់នៅក្នុងចិត្ដ នោះអារម្មណ៍ គំនិត និងការប្រព្រឹត្ដ របស់យើងនឹងស្របទៅនឹងព្រះហឫទ័យរបស់ព្រះ ។ ចិត្តដ៏ពិតបរិសុទ្ធនឹងស្របទៅតាមបញ្ញត្តិនៃក្រឹត្យវិន័យរបស់ព្រះ។
មានមនុស្សជាច្រើនដែលទោះបីជាខំប្រឹងប្រែងគោរពតាមព្រះបញ្ញត្តិរបស់ព្រះក្ដីក៏មានសេចក្ដីសុខសាន្តឬក្ដីអំណរតិចតួចដែរ ។ កង្វះបទពិសោធន៍របស់ពួកគេនេះ គឺជាលទ្ធផលនៃការបរាជ័យក្នុងការអនុវត្តន៍សេចក្ដីជំនឿ ។ ពួកគេដើរដូចជានៅក្នុងដីអំបិលនៃវាលរហោស្ថានដ៏ស្ងួតហួតហែង ។ ពួកគេបានទទួលតិចតួច នៅពេលដែលពួកគេអាចទទួលបានជាច្រើន ។ ដ្បិតសេចក្តីសន្យារបស់ព្រះមិនមានដែនកំណត់ទេ ។ មនុស្សបែបនោះមិនបានបង្ហាញពីភាពបរិសុទ្ធត្រឹមត្រូវ ដែលកើតចេញពីការស្តាប់បង្គាប់ចំពោះសេចក្ដីពិតទេ ។ ព្រះអម្ចាស់នឹងមានកូនប្រុសកូនស្រីទាំងអស់របស់ទ្រង់សប្បាយរីករាយ មានសេចក្តីសុខសាន្ត និងស្តាប់បង្គាប់ ។ ពួកអ្នកជឿទទួលបានព្រះពរទាំងនេះតាមរយៈការអនុវត្តន៍សេចក្ដីជំនឿ ។ រាល់កង្វះខាតនៃអត្តចរិតអាចត្រូវបានផ្គត់ផ្គង់ រាល់កំហុសត្រូវបានកែលម្អ រាល់ភាពល្អប្រសើរនឹងកើនឡើង តាមរយៈសេចក្តីជំនឿ។
ការអធិដ្ឋានគឺជាមធ្យោបាយនៃការទទួលបានជោគជ័យ ដែលព្រះបានរៀបចំពីឋានសួគ៌ នៅក្នុងទំនាស់ជាមួយអំពើបាប និងការអភិវឌ្ឍន៍អត្តចរិតរបស់គ្រិស្តបរិស័ទ ។ ឥទ្ធិពលនៃព្រះ ដែលកើងឡើងពីចម្លើយតបទៅនឹងការអធិដ្ឋាននៃសេចក្តីជំនឿនឹងសម្រេចបាននៅក្នុងចិត្តរបស់អ្នកទូលសុំទាំងអស់ ដែលគេបានទូលអង្វរ ។ យើងអាចនឹងទូលសូមការអត់ឱនទោសពីអំពើបាប ព្រះវិញ្ញាណបរិសុទ្ធ ការប្រព្រឹត្ដដូចព្រះគ្រិស្ត ប្រាជ្ញានិងកម្លាំងដើម្បីធ្វើកិច្ចការរបស់ទ្រង់ អំណោយទានណាមួយដែលទ្រង់បានសន្យា ហើយសេចក្តីសន្យារបស់ព្រះគឺថា «អ្នកនឹងទទួលបាន»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ។ ( យ៉ូហានទី១ ៤:៧ )