កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២៨
លោកម៉ូសេបានឃើញគំរូនៃអាគារដ៏អស្ចារ្យ ដែលជាទីលំនៅនៃសិរីល្អរបស់ទ្រង់ នៅលើភ្នំជាមួយព្រះជាម្ចាស់ ។ គឺនៅលើភ្នំជាមួយព្រះនោះហើយ ជាកន្លែងដ៏អាថ៌កំបាំងនៃការប្រស្រ័យទាក់ទង ដែលយើងត្រូវសញ្ជឹងគិតពីព្រះតម្រិះដ៏រុងរឿងរបស់ទ្រង់សម្រាប់មនុស្សលោក ។ ព្រះបានរៀបចំគោលបំណងរបស់ទ្រង់សម្រាប់កូនចៅទ្រង់ នៅគ្រប់ជំនាន់ តាមរយៈមធ្យោបាយនៃការរួបរួមជាមួយឋានសួគ៌ ដោយលាតត្រដាងដល់គំនិតរបស់ពួកគេបន្តិចម្តងៗ ពីគោលលទ្ធិនៃព្រះគុណ ។ លក្ខណៈនៃការចែកចាយសេចក្តីពិតរបស់ទ្រង់ ត្រូវបានបង្ហាញក្នុងពាក្យថា «ឯដំណើរដែលទ្រង់យាងចេញមក នោះទៀងដូចជាអរុណរះ» (ហូសេ ៦:៣) ។ អ្នកដែលដាក់ខ្លួននៅក្នុងកន្លែងដែលព្រះអាចបំភ្លឺ នឹងបានដូចមនុស្សដែលបោះជំហានចេញពីភាពងងឹតនាពេលកណ្តាលអាធ្រាត្រ ទៅកាន់ពន្លឺដ៏ភ្លឺចែងចាំងដូចពេលព្រះអាទិត្យរះនៅកណ្តាលថ្ងៃត្រង់។
ការញែកជាបរិសុទ្ធមានន័យថាសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍ ការស្តាប់បង្គាប់ដ៏គ្រប់លក្ខណ៍ និងការគោរពតាមព្រះហឫទ័យរបស់ព្រះទាំងស្រុង។ ព្រះបានញែកយើងជាបរិសុទ្ធតាមរយៈការស្តាប់បង្គាប់ចំពោះសេចក្តីពិត។ មនសិការរបស់យើងត្រូវបានលុបបំបាត់ចេញពីកិច្ចការនៃសេចក្តីស្លាប់ មកបម្រើព្រះដ៏មានព្រះជន្មរស់វិញ ។ យើងមិនទាន់គ្រប់លក្ខណ៍នៅឡើយទេ ។ ប៉ុន្តែ យើងមានឯកសិទ្ធិក្នុងការកាត់ចេញពីការជាប់ទាក់ទិនជាមួយនឹងភាពអាត្មានិយមនិងអំពើបាប ហើយឈានទៅដល់ភាពគ្រប់លក្ខណ៍ ។ លទ្ធភាពដ៏អស្ចារ្យ ការទទួលបានដ៏ខ្ពង់ខ្ពស់និងបរិសុទ្ធត្រូវបានព្រះប្រទានឲ្យយ៉ាងបរិបូរ។
មូលហេតុដែលមនុស្សជាច្រើននៅក្នុងពិភពលោកនាសម័យសព្វថ្ងៃនេះ មិនមានការជឿនលឿនខ្លាំង នៅក្នុងជីវិតខាងឯព្រះនោះ ពីព្រោះពួកគេបកស្រាយពីបំណងព្រះឫទ័យរបស់ព្រះ ឲ្យស្របទៅតាមអ្វីដែលពួកគេនឹងធ្វើតែប៉ុណ្ណោះ ។ ពួកគេបានអួតអាងថា ខ្លួនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ខណៈដែលពួកគេធ្វើតាមបំណងប្រាថ្នារបស់ខ្លួនទៅវិញ។ ទង្វើទាំងអស់នេះមិនមានទំនាស់ជាមួយខ្លួនឯងទេ ។ មានអ្នកផ្សេងទៀតដែលបានជោគជ័យក្នុងការតស៊ូប្រឆាំងនឹងបំណងប្រាថ្នានៃភាពអាត្មានិយមរបស់ពួកគេ ដើម្បីភាពសប្បាយរីករាយនិងភាពងាយស្រួលមួយរយៈ ។ ពួកគេមានភាពស្មោះស្ម័គ្រនិងស្មោះត្រង់ ប៉ុន្ដែ មិនមានកម្លាំងនឹងបន្តការខិតខំប្រឹងប្រែងឲ្យបានយូរអង្វែង ក្នុងការស្លាប់ខាងភាពអាត្មានិយមប្រចាំថ្ងៃនោះទេ ហើយពួកគេបិទភ្នែកដ៏ងោកងុយរបស់ពួកគេ ហើយធ្លាក់ចូលទៅក្រោមអំណាចនៃសេចក្តីល្បួង ជំនួសឲ្យការទប់ទល់នឹងវាទៅវិញ។
ការណែនាំដែលបានរៀបចំនៅក្នុងព្រះបន្ទូលរបស់ព្រះមិនទុកកន្លែងទំនេរឲ្យសម្រុះសម្រួលជាមួយនឹងអំពើអាក្រក់ឡើយ ។ ព្រះរាជបុត្រានៃព្រះបានបង្ហាញថា ទ្រង់នឹងទាញមនុស្សទាំងអស់មកឯទ្រង់ ។ ព្រះអង្គមិនបានយាងមកដើម្បីលួងលោមលោកិយនេះឲ្យលង់លក់ទេ ប៉ុន្តែ គឺដើម្បីចង្អុលបង្ហាញនូវផ្លូវតូចចង្អៀត ដែលមនុស្សទាំងអស់ត្រូវតែធ្វើដំណើរតាមផ្លូវនោះ ទីបញ្ចប់នឹងបានទៅដល់ក្លោងទ្វារនៃទីក្រុងរបស់ព្រះជាក់ជាមិនខាន។ កូនៗរបស់ទ្រង់ត្រូវតែដើរតាមផ្លូវដែលព្រះអង្គបានដឹកនាំ ទោះបីជាត្រូវលះបង់ការបណ្តែតបណ្តោយតាមភាពស្រណុកសុខស្រួលឬភាពអាត្មានិយម ទោះបីជាក្នុងតម្លៃនៃការបំពេញការងារ ឬការរងទុក្ខវេទនាយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវតែរក្សាការប្រយុទ្ធជាមួយនឹងភាពអាត្មានិយមជានិច្ចដែរ។
ការសរសើរតម្កើងដ៏ធំបំផុត ដែលមនុស្សអាចថ្វាយដល់ព្រះគឺការក្លាយជាបណ្តាញនៃការលះបង់ ដែលព្រះអង្គអាចធ្វើការតាមរយៈអ្នកនោះ។ ពេលវេលាកំពុងធ្វើដំណើរយ៉ាងលឿន ឆ្ពោះទៅរកភាពអស់កល្ប ។ សូមកុំឲ្យយើងបែរចេញពីព្រះដែលជាព្រះវរបិតារបស់យើងឡើយ ។ សូមកុំឲ្យយើងបដិសេធព្រះ ដែលយើងមិនគួរនឹងទទួលព្រះគុណរបស់ទ្រង់ ជាព្រះគុណដែលអ្នកបដិសេធមិនអាចចៀសផុតពីសេចក្តីវិនាសនោះឡើយ ។ ទ្រង់បានទាមទារចិត្តរបស់យើងទាំងស្រុង សូមថ្វាយដល់ទ្រង់ចុះ ព្រោះវាជារបស់ទ្រង់ ទាំងដោយការបង្កបង្កើតលោក និងដោយការចេញថ្លៃលោះ ។ ទ្រង់សុំប្រាជ្ញារបស់អ្នក ចូរថ្វាយទៅទ្រង់ចុះ ព្រោះវាជារបស់ព្រះអង្គ។ ទ្រង់សុំលុយពីអ្នក ចូរថ្វាយដល់ទ្រង់ចុះ ព្រោះវាជារបស់ទ្រង់ «អ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ» (កូរិនថូសទី១ ៦:១៩,២០) ។ ព្រះត្រូវការការគោរពពីមនុស្សដែលបានញែកជាបរិសុទ្ធ ដែលបានរៀបចំដោយការអនុវត្តន៍សេចក្តីជំនឿ ដែលធ្វើការដោយសេចក្ដីស្រឡាញ់ដើម្បីបម្រើទ្រង់ ។ ព្រះអង្គសុំឲ្យយើងក្លាយជារបស់ទ្រង់ទាំងស្រុងនិងជាដាច់ខាត នៅក្នុងលោកិយនេះ ដូចជាព្រះអង្គបានជំនួសយើងនៅចំពោះព្រះដែរ។
«ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ» (ថែស្សាឡូនីចទី១ ៤:៣) ។ តើនេះមិនមែនជាបំណងរបស់អ្នកផងដែរទេឬ? អំពើបាបរបស់អ្នកគរដូចភ្នំនៅចំពោះមុខអ្នក ប៉ុន្តែ ប្រសិនបើអ្នកបន្ទាបខ្លួន ហើយលន់តួអំពើបាបរបស់អ្នក ដោយជឿទុកចិត្តលើសគុណនៃព្រះដែលបានជាប់ឆ្កាងនិងមានព្រះជន្មរស់ឡើងវិញ នោះព្រះអង្គសង្រ្គោះទ្រង់នឹងអត់ទោសហើយសម្អាតអ្នកពីអំពើទុច្ចរិតទាំងអស់ផង ។ ព្រះតម្រូវឲ្យអ្នកអនុលោមទៅតាមក្រឹត្យវិន័យរបស់ទ្រង់ទាំងស្រុង ។ ក្រឹត្យវិន័យនេះគឺជាការបញ្ចេញព្រះសូរសៀងរបស់ទ្រង់មកកាន់អ្នកថាបរិសុទ្ធ ហើយនៅតែបរិសុទ្ធ ។ ចូរប្រាថ្នាចង់បានភាពគ្រប់លក្ខណ៍នៃព្រគុណរបស់ព្រគ្រិស្តចុះ ។ ចូរឲ្យចិត្តរបស់អ្នកពោរពេញទៅដោយសេចក្តីប្រាថ្នាចង់បានសេចក្តីសុចរិតរបស់ទ្រង់ កិច្ចការដែលព្រះបន្ទូលរបស់ព្រះប្រកាសគឺជាសេចក្តីសុខសាន្ត ហើយឥទ្ធិពលនៃកិច្ចការនោះស្ងប់ស្ងាត់និងពិតប្រាកដជារៀងរហូត។
នៅពេលដែលចិត្តរបស់អ្នកប្រាថ្នាចង់បានព្រះ នោះអ្នកនឹងរកឃើញព្រះគុណដ៏បរិបូររបស់ទ្រង់ដែលមិនអាចកាត់ថ្លៃបានកាន់តែច្រើនឡើងៗ ។ នៅពេលអ្នកសញ្ជឹងគិតអំពីទ្រព្យសម្បត្តិមហាសាលទាំងនេះ អ្នកនឹងទទួលបានទ្រព្យសម្បត្តិនោះ ហើយនឹងបង្ហាញពីគុណសម្បត្តិនៃការលះបង់របស់ព្រះអង្គសង្គ្រោះ ការការពារនៃសេចក្ដីសុចរិតរបស់ទ្រង់ ភាពពេញលេញនៃប្រាជ្ញារបស់ទ្រង់ និងអំណាចព្រះចេស្ដារបស់ទ្រង់ដើម្បីបង្ហាញអ្នកនៅចំពោះព្រះវរបិតា «ដោយគ្មានកន្លែងបន្ទោសបាន» (ពេត្រុសទី២ ៣:១៤)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ។ ( យ៉ូហានទី១ ៤:៧ )