កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៦)៖
កោះប៉ាត់ម៉ុស
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្តីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន។ យ៉ូហានទី១ ៣:១៧
ជាងពាក់កណ្តាលសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីការរៀបចំជាពួកជំនុំគ្រិស្តសាសនិកដំបូងមក។ ក្នុងអំឡុងពេលនោះសារនៃដំណឹងល្អត្រូវបានគេប្រឆាំងជាបន្តបន្ទាប់។ សត្រូវនៃដំណឹងល្អមិនបានបន្ធូរបន្ថយការខំប្រឹងប្រែងរបស់វាទេ ហើយទីបំផុត វាក៏បានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូលអំណាចព្រះចៅអធិរាជរ៉ូមឲ្យប្រឆាំងនឹងពួកគ្រិស្តបរិស័ទ។
នៅក្នុងការធ្វើទុក្ខបុកម្នេញដ៏សាហាវដែលកើតឡើងនេះ សាវ័កយ៉ូហានបានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីបញ្ជាក់និងពង្រឹងជំនឿរបស់ពួកអ្នកជឿ។ លោកបានធ្វើទីបន្ទាល់ដែលពួកបច្ចាមិត្ររបស់លោកមិនអាចបង្រ្កាបបាន ហើយបានជួយដល់ពួកបងប្អូនរបស់លោកឲ្យមានភាពក្លាហាននិងមានភក្ដីភាពចំពោះការសាកល្បងទាំងឡាយ ដែលបានកើតឡើងដល់ពួកគេ។ នៅពេលជំនឿរបស់គ្រិស្តបរិស័ទហាក់ដូចជាមានភាពងងឹតនៅក្រោមការជំទាស់ដ៏សាហាវ ដែលពួកគេត្រូវបានបង្ខំឲ្យជួបប្រទះនោះ អ្នកបម្រើរបស់ព្រះយេស៊ូវដែលមានវ័យចំណាស់ និងបានជួបការលំបាកហើយបាននិយាយម្ដងហើយម្ដងទៀតដោយអំណាចនិងសំនួនវោហារ ពីដំណើររឿងនៃការជាប់ឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្រ្គោះ។ លោកបានរក្សាសេចក្តីជំនឿរបស់គាត់យ៉ាងខ្ជាប់ខ្ជួន ហើយមានសារនៃសេចក្តីអំណរដូចគ្នា ចេញពីបបូរមាត់របស់លោកថា «ឯសេចក្តីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត … ដូច្នេះ សេចក្តីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្តីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនិងព្រះយេស៊ូវគ្រិស្ត ជាព្រះរាជបុត្រាទ្រង់» (យ៉ូហានទី១ ១:១-៣)។
ជីវិតរបស់លោកយ៉ូហានបានរស់នៅយ៉ាងយូរ។ លោកបានឃើញការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម និងការវិនាសនៃព្រះវិហារដ៏ខ្ពស់ស្កឹមស្កៃ។ អ្នករស់រានមានជីវិតចុងក្រោយបង្អស់ក្នុងចំណោមពួកសិស្ស ដែលបានផ្សារភ្ជាប់ជាមួយព្រះអង្គសង្រ្គោះយ៉ាងជិតស្និទ្ធនេះ សាររបស់គាត់មានឥទ្ធិពលជាខ្លាំងនៅក្នុងការបញ្ជាក់ការពិត ថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ី ជាព្រះដែលដោះបាបមនុស្សលោក។ គ្មាននរណាអាចសង្ស័យពីភាពស្មោះត្រង់របស់លោកឡើយ ហើយមនុស្សជាច្រើនត្រូវបាននាំឲ្យងាកចេញពីការមិនជឿ តាមរយៈការបង្រៀនរបស់លោក។
ពួកមេដឹកនាំសាសន៍យូដាមានពេញទៅដោយសម្អប់ ប្រឆាំងទាស់នឹងលោកយ៉ូហានដោយសារតែភាពស្មោះត្រង់មិនប្រែប្រួលរបស់លោក ចំពោះកិច្ចការរបស់ព្រះគ្រិស្ត។ ពួកគេបានប្រកាសថា ការខិតខំរបស់ពួកគេប្រឆាំងនឹងគ្រិស្តបរិស័ទនឹងមិនមានប្រយោជន៍ឡើយ ដរាបណាទីបន្ទាល់របស់លោកយ៉ូហាននៅតែរោទ៍នៅក្នុងត្រចៀករបស់មនុស្សនោះ។ ដើម្បីឲ្យការអស្ចារ្យនិងការបង្រៀនរបស់ព្រះយេស៊ូវត្រូវបានគេបំភ្លេចចោល សំឡេងនៃទីបន្ទាល់ដ៏ក្លាហានត្រូវតែស្ងៀមស្ងាត់ជាមុនសិន។
គេបានកោះហៅលោកយ៉ូហានទៅកាន់ទីក្រុងរ៉ូម ដើម្បីកាត់ទោសដោយសារជំនឿរបស់លោក។ នៅទីនេះគោលលទ្ធិរបស់សាវ័កយ៉ូហានត្រូវបានគេមួលបង្កាច់នៅចំពោះមុខអាជ្ញាធរ។ សាក្សីក្លែងក្លាយបានចោទប្រកាន់លោកពីបទបង្រៀនសាសនាខុសឆ្គង ។ ដោយការចោទប្រកាន់ទាំងនេះ ខ្មាំងសត្រូវរបស់លោកសង្ឃឹមថា នឹងនាំសេចក្តីស្លាប់ឲ្យកើតឡើងដល់ សិស្សរូបនេះ។
លោកយ៉ូហានបានឆ្លើយដោយខ្លួនឯងយ៉ាងច្បាស់ និងដោយលក្ខណៈនៃការជឿជាក់ ហើយដោយភាពសាមញ្ញនិងស្មោះត្រង់បែបនេះ ធ្វើឲ្យសម្តីរបស់លោកមានប្រសិទ្ធិភាពប្រកបដោយអំណាច។ ពួកអ្នកស្ដាប់របស់លោកបានភ្ញាក់ផ្អើលនឹងប្រាជ្ញានិងវោហាររបស់លោក។ ប៉ុន្តែ ទីបន្ទាល់របស់លោកកាន់តែមានភាពជឿជាក់ សម្អប់របស់ពួកអ្នកប្រឆាំងរបស់លោកក៏កាន់តែកើនឡើងដែរ។ ព្រះចៅអធិរាជ ដូមីទៀន ពោរពេញដោយកំហឹង ។ ព្រះអង្គមិនអាចជំទាស់នឹងហេតុផលនៃអ្នកគាំទ្រដ៏ស្មោះត្រង់របស់ព្រះគ្រិស្តនេះទេ ហើយក៏មិនអាចប្រកួតប្រជែងជាមួយនឹងឫទ្ធានុភាពដែលបានបង្រៀនពីសេចក្ដីពិតរបស់លោកដែរ។ ហើយព្រះអង្គបានប្តេជ្ញាចិត្តថាគាត់នឹងបំបិទសំឡេងរបស់លោកយ៉ូហាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងទ្រង់យាងមក។ ( ថែស្សាឡូនីចទី១ ៥:២៣ )