ថ្ងៃច័ន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៦)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ គ្មាន​សេចក្តី​ភ័យ​ខ្លាច​ណា នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ឡើយ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្តី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្តី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្តី​ស្រឡាញ់​នៅ​ឡើយ​ទេ។ យ៉ូហានទី១ ៤:១៨

លោកយ៉ូហានត្រូវគេបោះចូលទៅក្នុងខ្ទះខ្លាញ់ដែលកំពុងពុះ។ ប៉ុន្តែ ព្រះជាម្ចាស់បានថែរក្សាអាយុជីវិតរបស់អ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់ ដូចជាទ្រង់បានថែរក្សាកំឡោះហេព្រើរបីនាក់ក្នុងគុកភ្លើងដូច្នោះដែរ ។ ពួកអ្នកដែលបានបោះលោកយ៉ូហានចូលក្នុងខ្ទះបានប្រកាសថា អ្នកដែលជឿលើការបោកបញ្ឆោតរបស់ព្រះយេស៊ូវគ្រិស្តពីស្រុកណាសារ៉ែតត្រូវតែវិនាសដូច្នេះ តែលោកយ៉ូហានបានប្រកាសថា ព្រះជាម្ចាស់របស់ខ្ញុំ បានប្រគល់ព្រះអង្គ​យ៉ាងអត់ធ្មត់ ចំពោះអ្វីៗទាំងអស់ដែលសាតាំងនិងពួកទេវតារបស់វាបានបង្កើតឡើង ដើម្បីធ្វើឲ្យទ្រង់ត្រូវអាម៉ាស់និងទទួលទារុណកម្ម ។ ព្រះអង្គ​បានលះបង់ព្រះជន្ម ដើម្បីសង្គ្រោះពិភពលោក ។ ខ្ញុំមានកិត្តិយសដោយត្រូវបានអនុញ្ញាតឲ្យរងទុក្ខដោយសារទ្រង់។ ខ្ញុំជាមនុស្សកម្សោយនិងមានបាប។ ព្រះគ្រិស្តទ្រង់បរិសុទ្ធ គ្មានស្លាកស្នាម និងឥតសៅហ្មង ។ ព្រះអង្គមិនបាន​ប្រព្រឹត្តអំពើបាបទេ ហើយក៏មិនបានរកឃើញកំហុសនៅក្នុងព្រះឱស្ឋទ្រង់ដែរ។

ពាក្យទាំងនោះមានឥទ្ធិពលជាខ្លាំង ហើយអ្នកដែលបានបោះលោកយ៉ូហានចូលទៅក្នុងខ្ទះខ្លាញ់ពុះនោះ ក៏បានយកលោកចេញមកវិញ។

ដៃនៃការធ្វើទុក្ខបុកម្នេញបានធ្លាក់មកលើសាវ័កយ៉ូហានយ៉ាងខ្លាំង ជា​ថ្មី​ម្តងទៀត ។ ដោយព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ គេបានបញ្ជូនលោកយ៉ូហានទៅកោះប៉ាត់ម៉ុស ជាកន្លែងដែលគេបានកាត់ទោសលោក «ដោយ​ព្រោះព្រះបន្ទូល និងសេចក្តីបន្ទាល់ពីព្រះយេស៊ូវគ្រិស្ត» (វិវរណៈ ១:៩) ។ នៅទីនេះសត្រូវរបស់លោកបានគិតថា ឥទ្ធិពលរបស់លោកនឹងលែងមានតទៅទៀតហើយ ទីបំផុតលោកនឹងត្រូវស្លាប់ ដោយការលំបាកខាងរាងកាយនិងខាងផ្លូវចិត្ត។

ប៉ាត់ម៉ុស គឺជាកោះដ៏សោះកក្រោះដែលពោរពេញទៅដោយផ្ទាំងថ្ម នៅក្នុងសមុទ្រ អេហ្គីន ដែលរដ្ឋាភិបាលរ៉ូមបានជ្រើសរើសយកធ្វើជាកន្លែងសម្រាប់និរទេសឧក្រិដ្ឋជន ប៉ុន្តែ ចំពោះអ្នកបម្រើរបស់ព្រះ ភាពងងឹតនេះ​បានក្លាយជាទ្វារនៃឋានសួគ៌ទៅវិញ។ នៅទីនេះលោកបានឃ្លាតឆ្ងាយពីឆាកដែលរវល់មមាញឹក និងពីការខំប្រឹងប្រែងនៃការងារពីអតីតកាល លោក​បានប្រកបជាមួយនឹងព្រះ ជាមួយព្រះគ្រិស្ត និងពួកទេវតានៅឋានសួគ៌ ហើយលោកបានទទួលការណែនាំពីព្រះអង្គ ដើម្បីពួកជំនុំ សម្រាប់គ្រប់​ពេលអនាគត។ ព្រះបានបើកបង្ហាញអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅចុងបញ្ចប់នៃប្រវត្តិសាស្រ្តរបស់ផែនដី នៅចំពោះលោក។ ហើយនៅទីនោះលោកបានសរសេរអំពីការបើកសម្តែងដែលលោកបានទទួលមកពីព្រះនេះ ។ ពេលដែលសំឡេងរបស់លោកមិនអាចធ្វើជាទីបន្ទាល់អំពីព្រះដែលលោកស្រឡាញ់និងបម្រើ នោះសារដែលព្រះបានប្រទានដល់លោកនៅលើឆ្នេរសមុទ្រដ៏សោះកក្រោះនោះ ត្រូវចេញទៅដូចជាចង្កៀងដែលឆេះ ហើយប្រកាសពីគោលបំណងពិតប្រាកដរបស់ព្រះអម្ចាស់ ចំពោះមនុស្សគ្រប់ជាតិសាសន៍នៅលើផែនដី។

លោកយ៉ូហានបានរួបរួមជាមួយព្រះអាទិកររបស់លោក នៅក្នុងចំណោមជ្រលងភ្នំនិងផ្ទាំងថ្មនៃកោះប៉ាត់ម៉ុស ។ លោកបានពិនិត្យមើលពីអតីតកាលរបស់លោក ហើយគិតអំពីព្រះពរដែលលោកបានទទួល នោះសេចក្តីសុខសាន្តក៏បានបំពេញចិត្ដលោក ។ លោកបានរស់នៅក្នុងជីវិតជាគ្រិស្តបរិស័ទ ហើយលោកអាចនិយាយដោយជំនឿថា «យើងរាល់គ្នាដឹងថា យើងបាន​កន្លង​ផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ» (យ៉ូហានទី១ ៣:១៤)។ ប៉ុន្តែ ព្រះចៅអធិរាជដែលបាននិរទេសលោកយ៉ូហានមិនអាចមានសេចក្តីសុខសាន្តបែបនេះនោះទេ។ លោកអាចសម្លឹងមើលត្រឡប់ថយក្រោយ ទៅលើ​សមរភូមិ និងការសម្លាប់រង្គាល នៅឯផ្ទះដ៏ដាច់ស្រយាល ទៅឯស្ត្រីមេម៉ាយនិងកុមារកំព្រាដែលកំពុងយំ ដែលជាផលផ្លែនៃសេចក្តីប្រាថ្នាដ៏មានមហិច្ឆតារបស់លោកសម្រាប់ភាពដ៏ខ្ពង់ខ្ពស់។

នៅក្នុងផ្ទះនៅលើកោះដាច់ស្រយាលរបស់គាត់ លោកយ៉ូហានអាចសិក្សាយ៉ាងជិតស្និទ្ធជាងពេលមុនៗ ជាមួយនឹងការបើកសម្តែង​ពីព្រះចេស្តា របស់ព្រះ ដែលបានកត់ត្រានៅក្នុងសៀវភៅនៃធម្មជាតិ និងនៅក្នុងទំព័រនៃការបណ្តាលពីព្រះវិញ្ញាណបរិសុទ្ធ (ព្រះគម្ពីរ)។ ការសញ្ជឹងគិតពីកិច្ចការ​នៃ​ការបង្កើតលោក និងការគោរពដល់ស្ថាបត្យកម្មរបស់ព្រះ គឺជាក្តីអំណរ​សម្រាប់​លោក។ នៅក្នុងឆ្នាំដែលកន្លងមក ភ្នែករបស់លោកត្រូវបានស្វាគមន៍ដោយការមើលឃើញព្រៃដែលគ្របដណ្តប់ដោយជ្រលងភ្នំបៃតងខ្ចី និងតំបន់វាលទំនាបដែលពោរពេញទៅដោយដើមឈើមានផ្លែផ្កា ហើយលោកធ្លាប់រីករាយក្នុងការតាមដាននូវប្រាជ្ញានិងជំនាញរបស់ព្រះអាទិករនៅក្នុង​សម្រស់​នៃធម្មជាតិ ។ ឥឡូវនេះ លោកត្រូវបានហ៊ុំព័ទ្ធដោយឈុតឆាកដែលមនុស្សជាច្រើនហាក់ចាត់ទុកថាជាទីងងឹតនិងមិនគួរឲ្យចាប់អារម្មណ៍។ ប៉ុន្ដែ ចំពោះ​លោកយ៉ូហានគឺមិនដូច្នោះទេ ។ ខណៈដែលស្ថានភាពនៅជុំវិញលោកហាក់ដូចជាសោះកក្រោះនិងដាច់ស្រយាល ឋានសួគ៌ដ៏ខៀវខ្ចី ដែលនៅពីលើក្បលលោកហាក់ដូចជាភ្លឺថ្លានិងស្រស់បំព្រង ដូចជាផ្ទៃមេឃដែលនៅពីលើទីក្រុងយេរូសាឡិមជាទីស្រឡាញ់របស់លោកដែរ។ នៅក្នុងព្រៃ ផ្ទាំងថ្ម​ដ៏​រឹងមាំ នៅក្នុងអាថ៌កំបាំងនៃជម្រៅនៅក្នុងសិរីល្អរបស់វេហា លោកបាន​អាន​មេរៀនសំខាន់ៗ ។ ទាំងអស់នេះបានបញ្ចេញសារ​នៃអំណាច​និង​សិរីល្អ​របស់ព្រះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មក។ ( ថែស្សាឡូនីចទី១ ៥:២៣ )

Powered by CAM