ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៣) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៥៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ គ្រា​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្តី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ។ ម៉ាថាយ ២៤:៩

នៅក្នុងសតវត្សទី៦ ប្រព័ន្ធកាតូលិកត្រូវបានស្ថាបនាឡើងយ៉ាងរឹងមាំ។ កៅអីអំណាចរបស់ខ្លួនត្រូវបានតាំងនៅក្នុងទីក្រុងនៃរាជាធិរាជ ហើយ សង្គ្រាជរបស់រ៉ូម ត្រូវបានប្រកាសធ្វើជាមេដឹកនាំលើវិហារទាំងមូល។ សាសនា ដទៃក៏បានចុះចូលនឹងប្រព័ន្ធកាតូលិក។ សត្វនាគបានប្រគល់ដល់សត្វនោះ នូវ «ប្ញទ្ធិ និងបល្ល័ង្ករបស់វា»។ វិវរណៈ ១៣:២។ ឥឡូវនេះអំឡុងពេល១២៦០ ឆ្នាំនៃការគាបសង្កត់របស់វិហារកាតូលិក ដែលបានទស្សន៍ទាយទុកនៅក្នុងគម្ពីរដានីយ៉ែល និងវិវរណៈបានចាប់ផ្តើមហើយ។ ដានីយ៉ែល ៧:២៥; វិវរណៈ ១៣:៥,៧។ ជនគ្រីស្ទាន ត្រូវបានបង្ខំឱ្យលះបង់បូរណភាពរបស់ខ្លួន ហើយទទួលពិធីបុណ្យ និងការថ្វាយបង្គំរបស់កាតូលិក បើពុំនោះត្រូវបន្សឹកជីវិតខ្លួននៅក្នុងគុកងងឹត ឬក៏ទទួលរងគ្រោះដល់ស្លាប់ដោយការព្យួរក ដោយការខ្ទប់ដង្ហើម ឬដោយការកាត់ក្បាលនឹងពូថៅ។ ឃើញថាបាន សម្រេចតាមបន្ទូលព្រះយេស៊ូវហើយ «ទោះទាំងឪពុកម្តាយ បងប្អូន ញាតិ សន្តាន ហើយមិត្តសំឡាញ់ ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនិងសម្លាប់អ្នក រាល់គ្នាខ្លះដែរ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។ លូកា ២១:១៦,១៧។ ការធ្វើទុក្ខបៀតបៀនបានបើកឡើងដល់អ្នកស្មោះត្រង់ ដោយកំហឹងដ៏សម្បើមអស្ចារ្យជាងពីពេលមុនទៅទៀត ហើយលោកីយ៍ក៏ បានក្លាយទៅជាសមរភូមិដ៏ល្វឹងល្វើយមួយ។ អស់រយៈកាលរាប់រយឆ្នាំ ក្រុមជំនុំនៃព្រះគ្រីស្ទបានរកកន្លែងជ្រកកោននៅក្នុងទីដាច់ស្រយាល និងទី អាប់អួ។ ដូចហោរាបានចែងថា៖ «ស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះ ព្រះបានរៀបកន្លែងឱ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ ថ្ងៃ»។ វិវរណៈ ១២:៦។

ការឡើងកាន់អំណាចរបស់វិហាររ៉ូម ជាកំណត់សម្គាល់នៃការចាប់ផ្តើមនៃយុគសម័យងងឹត។ អំណាចរបស់វិហារនេះកើនឡើងប៉ុនណាសេចក្តីងងឹតក៏កាន់តែមានខ្លាំងឡើងប៉ុណ្ណោះដែរ។ ជំនឿត្រូវបានផ្ទេរចេញពីព្រះ គ្រីស្ទដែលជាគ្រឹះដ៏ពិតប្រាកដ ទៅឯស្តេចប៉ាបនៃរ៉ូមវិញ។ ផ្ទុយពីការជឿទុកចិត្តចំពោះព្រះរាជបុត្រនៃព្រះ សម្រាប់ការអត់ទោសបាប និងសម្រាប់សេចក្តីសង្គ្រោះដ៏អស់កល្ប មនុស្សបានបែរមកគោរពប៉ាប ពួកសង្ឃ និងពួកសង្ឃជាន់ខ្ពស់ដែលប៉ាបប្រគល់អំណាចឱ្យទៅវិញ។ បណ្តាជនបានទទួល ការបង្រៀនថា ប៉ាបជាស្ពានមេត្រីរបស់ខ្លួននៅផែនដី ហើយថាគ្មាននរណា ចូលទៅឯព្រះបានទេ ម៉្លោះហើយបណ្តាជនត្រូវតែស្តាប់បង្គាប់ទាំងស្រុង។ ការងាកចេញពីសេចក្តីតម្រូវរបស់ប៉ាប នឹងត្រូវទទួលទារុណកម្មជាដំណំទៅលើផ្លូវកាយ និងផ្លូវចិត្ត ចំពោះជនណាដែលជំទាស់។ ដូច្នេះគំនិតរបស់ មនុស្សក៏បានបែរចេញអំពីព្រះ ទៅឯបុគ្គលឃោរឃៅ ហើយខុសឆ្គងវិញទេ គឺលើសពីនោះទៅទៀត គឺបែរទៅឯស្តេចនៃសេចក្តីងងឹតតែម្តង ដែលអនុវត្តអំណាចរបស់វាតាមរយៈពួកគេ។ អំពើបាបបានបន្លំខ្លួននៅខាងក្នុងអាវផាយដ៏ស្រគត់ស្រគំ។ កាលបើបទគម្ពីរត្រូវបានបិទជិត ហើយមនុស្សចាត់ខ្លួនឯង ជាធំហើយ នោះយើងមានឃើញតែអំពើក្លែងបន្លំ អំពើឆបោក និងអំពើ ទុច្ចរិតដ៏ទាបថោកប៉ុណ្ណោះ។ ការលើកកម្ពស់នូវច្បាប់ និងប្រពៃណីរបស់ មនុស្ស បញ្ជាក់ឱ្យឃើញនូវអំពើពុករលួយដែលជាលទ្ធផលនៃការផាត់ ចោលច្បាប់របស់ព្រះ។

គ្រាអន្តរាយដល់ក្រុមជំនុំ

គ្រានោះជាគ្រាអន្តរាយដល់ក្រុមជំនុំព្រះគ្រីស្ទ។ ជនស្មោះត្រង់ដែលទ្រទ្រង់ខ្នាតសីលធម៌មានតិចតួចណាស់។ ថ្វីបើសេចក្តីពិតត្រូវបានទុកនៅដោយគ្មានអ្នកថ្លែងទីបន្ទាល់ក៏ដោយ ក៏មានពេលខ្លះ កំហុស និងជំនឿ អកុសល ហាក់ដូចជាបានឈ្នះទាំងស្រុង ហើយសាសនាពិតហាក់ដូចជានឹង ត្រូវរលាយបាត់អំពីផែនដីដូច្នោះ។ ដំណឹងល្អត្រូវរសាត់បាត់ ប៉ុន្តែ ទម្រង់ សាសនាកើតច្រើនឡើងជាលំដាប់ ហើយមនុស្សត្រូវរងបន្ទុកដ៏លំបាកក្នុងការខំធ្វើឱ្យបានត្រឹមត្រូវ។

គេមិនគ្រាន់តែបង្រៀនឱ្យមើលទៅប៉ាប ថាជាអ្នកសម្រុះសម្រួល របស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងឱ្យជឿទុកចិត្តចំពោះការប្រព្រឹត្តរបស់ខ្លួន ដើម្បីលាងបាបទៀតផង។ ធម្មយាត្រាដ៏សែនឆ្ងាយ ការធ្វើទុក្ករកិរិយា ការ ថ្វាយបង្គំវត្ថុបុរាណ ការដំឡើងវិហារ ចេតិយ និងអាសនា ការបង់ប្រាក់កាស ដ៏ច្រើនដល់វិហារ អំពើទាំងនេះ ហើយនិងអំពើស្រដៀងគ្នាជាច្រើនទៀត ត្រូវ បានបង្គាប់ឱ្យធ្វើដើម្បីរំងាប់សេចក្តីក្រោធរបស់ព្រះ ឬដើម្បីឱ្យទ្រង់សព្វព្រះ ទ័យ ធ្វើមើលតែព្រះទ្រង់ជាមនុស្សដែលខ្ញាល់នឹងរឿងកំប៉ិកកំប៉ុក ឬស្ងប់ ព្រះទ័យដោយអំណោយ ឬដោយអំពើទុក្ករកិរិយាដូច្នោះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ ម៉ាថាយ ២០:២៧-២៨

Powered by CAM