ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៤) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៦៣

មេដឹកនាំកាតូលិករ៉ូម បានឃើញប្រផ្នូលនៃគ្រោះថ្នាក់ដែលបណ្តាលមកអំពីការងារនៃអ្នកត្រួសត្រាយតាមផ្លូវដ៏ស្រគត់ស្រគំទាំងនេះ ពីព្រោះពន្លឺនៃសេចក្តីពិតនឹងញែកចេញនូវដុំពពកខ្មៅងងឹតនៃកំហុសខុសឆ្គងដែលបានគ្របដណ្តប់បណ្តាជន ពន្លឺនឹងតម្រង់គំនិតមនុស្សទៅឯព្រះតែមួយព្រះអង្គ គត់ ហើយមិនយូរប៉ុន្មាន ឧត្តមភាពរ៉ូមនឹងត្រូវបំផ្លាញបង់មិនខាន។

បណ្តាជនទាំងនេះ ដែលកាន់ជំនឿបុរាណ គឺជាស្មរបន្ទាល់ឥតឈប់ឈរដល់សេចក្តីប្រាសចាកជំនឿរបស់រ៉ូម ម៉្លោះហើយក៏បង្កើតឱ្យមានសម្អប់ ហើយនិងការធ្វើទុក្ខបៀតបៀន។ ការបដិសេធមិនព្រមបោះបង់បទគម្ពីរ ចោល គឺជាបទល្មើសមួយ ដែលរ៉ូមមិនអាចអនុគ្រោះឱ្យបាន។

រ៉ូមប្តេជ្ញាកម្ទេចពួកវ៉លដូ

ឥឡូវនេះ ដល់ពេលចាប់ផ្តើមធ្វើសង្គ្រាមសាសនាដ៏ខ្លាំងក្លាទាស់នឹងបណ្តាជនរបស់ព្រះដែលនៅក្នុងទីលំនៅតាមភ្នំហើយ។ ពួករ៉ូមបានដាក់ឱ្យមានអ្នកសុើបរុកគួន។ ម្តងហើយម្តងទៀត ដីធ្លីដ៏មានជីវជាតិរបស់ពួកគេត្រូវបានចោលនៅទទេ លំនៅស្ថាន និងរោងប្រជុំត្រូវបានបោសរំលីងចោល។ គេមិនអាចចាប់ចោទទាស់នឹងចរិតសីលធម៌នៃក្រុមដែលត្រូវបានហាមឃាត់នេះឡើយ។ ទោសដ៏ធំរបស់ពួកគេ គឺដោយពួកគេពុំព្រមថ្វាយបង្គំព្រះទៅតាមបំណងរបស់ប៉ាប។ ចំពោះ «អំពើឧក្រិដ្ឋ» នេះ គេបានប្រឌិតអស់ទាំង ពាក្យបញ្ឈឺ និងទារុណកម្ម តាមតែមនុស្ស ឬមេកំណាចអាចធ្វើបាន ដើម្បី យកមកធ្វើទុក្ខដល់ពួកគេ។

នៅពេលរ៉ូមបានតាំងចិត្តបំបាត់ឱ្យសូន្យនូវគណៈដែលខ្លួនស្អប់ ស្តេច ប៉ាបក៏ចេញបញ្ជាថ្កោលទោសពួកគេថា ជាពួកកាន់លទ្ធិខុសឆ្គង ហើយត្រូវ យកទៅសម្លាប់។ ពួកគេពុំបានទទួលការចោទប្រកាន់ថាជាពួកមិនបានការ ឬពួកមិនស្មោះត្រង់ ឬពួកគ្មានរបៀបរៀបរយនោះទេ ប៉ុន្តែ ពួកគេត្រូវបានគេប្រកាសថាមានអាការៈជាអ្នកគោរពសាសនា និងជាអ្នកបរិសុទ្ធដែល ទាក់ទាញ «ចៀមនៅក្នុងហ្វូងពិត»។ បទបញ្ជានេះបានកោះហៅសមាជិក ទាំងអស់នៃវិហារ ឱ្យចូលរួមធ្វើចលនាប្រឆាំងនឹងពួកកាន់លទ្ធិខុសឆ្គង។ ចំពោះការចែករង្វាន់វិញ បទបញ្ជានេះ «នឹងដោះលែងអស់អ្នកដែលចូលរួមក្នុងសង្គ្រាមសាសនា ឱ្យរួចពីសម្បថណាដែលខ្លួនបានស្បថ ក៏ឱ្យរឹបអូស យកទ្រព្យសម្បត្តិទាំងឡាយណាដែលខ្លួនមិនមានសិទ្ធិនឹងយកនោះ មកធ្វើ ជារបស់ផងខ្លួន ព្រមទាំងសន្យាថាអត់ទោសបាបឱ្យអស់អ្នកដែលសម្លាប់ ជនកាន់លទ្ធិខុសឆ្គងទៀតផង។ បទបញ្ជាបានលុបចោលកិច្ចសន្យាដែល បានធ្វើឡើងជាមួយពួកវ័រឌយស៍ ដោយហាមមិនឱ្យជនទាំងអស់ផ្តល់ជំនួយអ្វីឡើយ ហើយថែមទាំងផ្តល់អំណាចឱ្យបណ្តាជនទាំងអស់ រឹបអូសយក ទ្រព្យសម្បត្តិរបស់ពួកគេទៀតផង »៣។ឯកសារនេះបានសម្តែងឱ្យឃើញ យ៉ាងច្បាស់នូវសំឡេងគ្រហឹមនៃសត្វនាគ ពុំមែនជាព្រះសូរសៀងរបស់ព្រះ គ្រីស្ទទេ។ វិញ្ញាណដដែល ដែលបានឆ្កាងព្រះគ្រីស្ទ ហើយនិងសម្លាប់ពួក សាវ័ក ដែលបានបណ្តាលចិត្តអធិរាជនេរ៉ូដែលស្រេកឃ្លានឈាម ឱ្យប្រឆាំងជំទាស់ពួកស្មោះត្រង់នៅសម័យនោះបានចេញធ្វើការបំបាត់អស់អ្នកដែលជាសំណព្វរបស់ព្រះ ឱ្យអស់ពីផែនដី។

ថ្វីបើមានសង្គ្រាមសាសនាប្រឆាំងនឹងពួកគេ ហើយនិងការទទួលរងនូវការកាប់សម្លាប់ដ៏អមនុស្សធម៌ក៏ដោយ ក៏ពួកកោតខ្លាចព្រះទាំងនេះនៅតែបញ្ជូនបេសកជនរបស់ខ្លួន ឱ្យទៅផ្សព្វផ្សាយសេចក្តីពិតដ៏វិសេសវិសាលដែរ។ មានគេដេញតាមសម្លាប់ពួកគេ តែលោហិតពួកគេបានស្រោចស្រពទៅលើពូជដែលបានសាបព្រោះ ហើយនឹងបង្កើតផលផ្លែ។

ក្នុងរបៀបនេះហើយដែលពួកវ៉លដូបានធ្វើទីបន្ទាល់សម្រាប់ព្រះ រាប់សតវត្សមុនលោកលូធើរ។ ពួកគេបានដាំគ្រាប់ពូជនៃកំណែទម្រង់ ដែលបានចាប់ផ្តើមនៅក្នុងសម័យរបស់វ៉ាយឃ្លីហ្វ ទាំងបានលូតលាស់ឡើង ហើយ ចាក់ប្ញសយ៉ាងជ្រៅនៅជំនាន់លោកលូធើរ ហើយនឹងត្រូវបាននាំបន្តទៅមុខទៅកាន់ទីបំផុតកាលទៀតផង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ​ទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។ ធីម៉ូថេទី២ ៤:៥

Powered by CAM