ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៦៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង។ ធីម៉ូថេទី២ ៤:២
ព្រះពុំអនុញ្ញាតឱ្យព្រះបន្ទូលរបស់ទ្រង់ត្រូវគេបំផ្លាញចោលទាំងស្រុង នោះទេ។ នៅប្រទេសផ្សេងៗទៀតក្នុងទ្វីបអឺរ៉ុប ព្រះវិញ្ញាណរបស់ព្រះបាន បណ្តាលឱ្យមនុស្សស្វែងរកសេចក្តីពិត ដូចជាគេស្វែងរកកំណប់នៅក្នុងទីអាថ៌កំបាំងដូច្នោះដែរ។ ព្រះបានដឹកនាំគេទៅឯបទគម្ពីរបរិសុទ្ធ ហើយគេបានសុខចិត្តទទួលពន្លឺសម្រាប់ខ្លួនគេទោះបីជាបាត់បង់ជីវិតក៏ដោយ។ ថ្វីត្បិតតែគេមិនបានឃើញគ្រប់ទាំងរឿងរ៉ាវទាំងអស់ច្បាស់លាស់ក៏ដោយ គេក៏អាចឃើញសេចក្តីពិតជាច្រើនដែលបានលាក់កប់ទុកជាយូរលង់មកហើយដែរ។
ពេលវេលាដែលត្រូវចែកចាយបទគម្ពីរដល់បណ្តាមនុស្សជាភាសាដើមរបស់គេ ក៏បានមកដល់។ ផែនប្រថពីបានកន្លងផុតពីយប់អាធ្រាត្រហើយ។ ហើយសញ្ញានៃព្រលឹមស្រាងៗបានលេចឡើងក្នុងទឹកដីជាច្រើន។
«ផ្កាយព្រឹកនៃកំណែទម្រង់» បានរះឡើងក្នុងប្រទេសអង់គ្លេស ក្នុង សតវត្សទី១៤។ នៅឯមហាវិទ្យាល័យ លោកចន វ៉ាយឃ្លីហ្វ† (John Wycliffe) មានឈ្មោះល្បីចំពោះការគោរពព្រះដ៏ខ្ជាប់ខ្ជួន ព្រមទាំងចំពោះវិជ្ជាដ៏ ជ្រៅជ្រះផងដែរ។ ដោយបានទទួលការអប់រំផ្នែកទស្សនវិទ្យានៃគរុកោសល្យ ច្បាប់វិហារ ហើយនិងច្បាប់ស៊ីវិល គាត់ក៏បានរៀបចំខ្លួន ដើម្បីនឹងប្រឡូកក្នុង ការតស៊ូសម្រាប់សេរីភាពផ្នែកស៊ីវិល និងផ្នែកសាសនា។ គាត់បានទទួល វិន័យខាងបញ្ញាពីសាលា ហើយយល់ពីឧបាយកលនៃពួកគ្រូទាំងឡាយ ទៀតផង។ កម្រិតនៃចំណេះវិជ្ជាជ្រៅជ្រះរបស់គាត់ បានធ្វើឱ្យមិត្តភក្តិ និងពួក សត្រូវទាំងឡាយគោរពគាត់គ្រប់គ្នា។ ម៉្លោះហើយ ពួកសត្រូវរបស់គាត់ពុំអាច មើលងាយដល់ដំណើរការនៃកំណែទម្រង់បាន។
លោកវ៉ាយឃ្លីហ្វបានសិក្សាបទគម្ពីរ កាលកំពុងស្ថិតនៅឯ មហាវិទ្យាល័យនៅឡើយ។ មុនពេលនេះគាត់មានសេចក្តីប្រាថ្នាដ៏លើស លប់មួយ ដែលការសិក្សាផ្នែកគរុកោសល្យ ឬសេចក្តីបង្រៀននៃព្រះវិហារក្តី ពុំអាចធ្វើឱ្យគាត់ស្កប់ចិត្តបាន។ តែអ្វីៗដែលគាត់រកមិនឃើញពីមុន ឥឡូវត្រូវ បានរកឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះវិញ។ ព្រោះក្នុងព្រះបន្ទូលរបស់ ទ្រង់ គាត់បានឃើញថា មានតែព្រះគ្រីស្ទមួយអង្គគត់ ដែលជាអ្នកសម្រុះ សម្រួលសម្រាប់មនុស្ស។ គាត់ក៏បានតាំងចិត្តថានឹងប្រកាសសេចក្តីពិតដែល គាត់បានស្រាវជ្រាវរកឃើញ។
កាលលោកវ៉ាយឃ្លីហ្វទើបតែផ្តើមកិច្ចការរបស់គាត់នោះ គាត់ពុំបានដាក់ខ្លួនប្រឆាំងនឹងវិហាររ៉ូមទេ។ ប៉ុន្តែ នៅពេលគាត់រកឃើញកំហុសនៃ ប្រព័ន្ធកាតូលិកកាន់តែច្រើនឡើងទៅ គាត់ក៏សម្តែងសេចក្តីបង្រៀននៃព្រះ គម្ពីរកាន់តែច្រើនឡើងដែរ។ គាត់បានយល់ថាវិហាររ៉ូមបានបំភ្លេចព្រះបន្ទូល របស់ព្រះ ទៅយកទំនៀមទម្លាប់របស់មនុស្សវិញ។ គាត់បានចោទប្រកាន់ ពួកសង្ឃដោយឥតខ្លាចឡើយ ព្រោះគេបានបោះបង់បទគម្ពីរចោល ហើយគាត់ក៏ទាមទារឱ្យគេប្រគល់ព្រះគម្ពីរដល់បណ្តាជនវិញ និងឱ្យមានអំណាច របស់ព្រះគម្ពីរឡើងវិញក្នុងព្រះវិហារផងដែរ។ គាត់ជាអ្នកផ្សាយដំណឹងដ៏ មានសមត្ថភាពម្នាក់ ហើយប្រកបដោយវោហារកោសល្យផង ឯជីវិតប្រចាំ ថ្ងៃរបស់គាត់ គឺជាការបង្ហាញនូវសេចក្តីពិតដែលគាត់អធិប្បាយ។ ចំណេះ ចេះដឹងនៃបទគម្ពីរ ភាពបរិសុទ្ធនៃជីវិត សេចក្តីក្លាហាន និងសេចក្តីសុចរិត របស់គាត់ បានធ្វើឱ្យអ្នកផងគាប់ចិត្តជាក្រៃលែង។ មនុស្សជាច្រើនបាន ឃើញភាពទុច្ចរិតក្នុងវិហាររ៉ូម។ គេបានស្វាគមន៍ដោយអំណរដែលលាក់ទប់ពុំបាន ដល់សេចក្តីពិតដែលលោកវ៉ាយឃ្លីហ្វសម្តែងឱ្យឃើញ។ ប៉ុន្តែ អ្នកដឹកនាំវិហារកាតូលិកទាំងឡាយបានពោរពេញទៅដោយកំហឹងវិញ ព្រោះអ្នកកែទម្រង់នេះបានចម្រើនឥទ្ធិពលខ្លាំងជាងខ្លួន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ សុភាសិត ១៣:៦