ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៦៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារសេចក្តីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្តីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្តីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់។ ហេព្រើរ ១១:៥
បន្ទាប់ពីគាត់បានត្រឡប់មកពីប្រទេសអង់គ្លេសវិញ លោកវ៉ាយឃ្លីហ្វ បានទទួលការតែងតាំងពីស្តេច ឱ្យទទួលខុសត្រូវវិទ្យាល័យឡាត់ធើវឺត (Lutterworth)។ នេះគឺជាការធានាអះអាង ថាព្រះមហាក្សត្រទ្រង់ពុំបាន ទោមនស្សនឹងការនិយាយស្តីត្រង់ៗរបស់គាត់ទេ។ ឃើញថាឥទ្ធិពលរបស់ លោកវ៉ាយឃ្លីហ្វ បានកែច្នៃជំនឿនៃប្រទេសជាតិយ៉ាងខ្លាំង។
មិនយូរប៉ុន្មានសេចក្តីក្រេវក្រោធរបស់ពួកកាតូលិករ៉ូមបានជះមកលើគាត់។ គេបានផ្ញើឯកសារដែលបានបោះត្រាបីច្បាប់ បញ្ជាឱ្យរកវិធានការ បំបិទមាត់គ្រូនៃ «លទ្ធិខុសឆ្គង» ជាបន្ទាន់។
ឯកសាររបស់ស្តេចប៉ាបបានមកដល់ប្រទេសអង់គ្លេស ទាំងមានបទបញ្ជាមួយឱ្យចាប់ជនលទ្ធិខុសឆ្គងដាក់គុក។ មើលទៅដូចជាលោកវ៉ាយឃ្លីហ្វ ត្រូវធ្លាក់ទៅក្នុងការសងសឹករបស់វិហាររ៉ូមហើយ។ ប៉ុន្តែ ព្រះដែលបានមានបន្ទូលដល់ជនបុរាណនូវពាក្យ «កុំឱ្យខ្លាចអ្វីឡើយ អញជាខែល» បានឈោង ព្រះហស្តរបស់ទ្រង់មកការពារអ្នកបម្រើទ្រង់។ សេចក្តីស្លាប់បានមកដល់ ពុំមែនដល់អ្នកកែទម្រង់ទេ តែដល់មហាសង្ឃរាជដែលបានចេញច្បាប់ បំផ្លាញលោកវ៉ាយឃ្លីហ្វវិញ។
បន្ទាប់ពីមរណភាពនៃសម្តេចសង្ឃគ្រេកគូរីទី១១មក មានការ បោះឆ្នោតរវាងស្តេចសង្ឃពីរអង្គទៀត ដែលជាគូរប្រជែងនឹងគ្នា។ ម្នាក់ៗបាន អំពាវនាវដល់អ្នកស្មោះស្ម័គ្ររបស់ខ្លួន ឱ្យជួយធ្វើសង្គ្រាមនឹងម្នាក់ទៀត ទាំង ធ្វើឱ្យការទាមទាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ឡើង ដោយដាក់បណ្តាសាដ៏ អាក្រក់ដល់បច្ចាមិត្ររបស់ខ្លួន ហើយសន្យាថានឹងផ្តល់រង្វាន់នៅស្ថានសួគ៌ ដល់អ្នកគាំទ្រដល់ខ្លួន។ ភាគីប្រជែងបានធ្វើគ្រប់យ៉ាង ដើម្បីវាយប្រហារគ្នា ទៅវិញទៅមក ឯលោកវ៉ាយឃ្លីហ្វក៏បានឈប់សម្រាកមួយគ្រាសិនទៅ។
ដំណើរបែកមតិ លាយឡំនឹងការតយុទ្ធ និងអំពើពុករលួយដែលកើត មានឡើង បានរៀបចំផ្លូវសម្រាប់កំណែទម្រង់ ដោយបណ្តាជនអាចឃើញភាពពិតៗនៃប្រព័ន្ធកាតូលិករ៉ូម។ លោកវ៉ាយឃ្លីហ្វបានអំពាវនាវឱ្យបណ្តា ជនពិចារណាថាតើស្តេចសង្ឃទាំងពីរអង្គនេះ ពោលពាក្យពិតឬពាក្យមិនពិត ក្នុងការផ្តន្ទាទោសគ្នាថាជាអ្នកប្រឆាំងព្រះគ្រីស្ទនោះ។
បន្ទាប់ពីបានតាំងចិត្តស្រេចបាច់ថានឹងនាំពន្លឺទៅគ្រប់ទីកន្លែងនៃ ប្រទេសអង់គ្លេសហើយ លោកវ៉ាយឃ្លីហ្វក៏បានរៀបចំពួកគ្រូអធិប្បាយមួយ ក្រុមដែលជាជនសាមញ្ញ មានចិត្តមុះមុត ស្រឡាញ់សេចក្តីពិត ហើយនិង ប្រាថ្នាចង់ផ្សព្វផ្សាយ។ ជនទាំងនេះ បង្រៀននៅតាមទីផ្សារ តាមវិថីទីក្រុង ធំៗ ហើយនិងនៅតាមផ្លូវជនបទ ស្វែងរកមនុស្សចាស់ជរា អ្នកជំងឺ និងអ្នក ក្រីក្រ ហើយចែកចាយដល់គេនូវដំណឹងល្អនៃព្រះគុណរបស់ព្រះ។
នៅឯរដ្ឋអក្សស្វឺដ (Oxford) វិញ លោកវ៉ាយឃ្លីហ្វបានអធិប្បាយព្រះបន្ទូលរបស់ព្រះ ក្នុងបន្ទប់ធំៗនៃសាកលវិទ្យាល័យ។ គេបានឱ្យឈ្មោះគាត់ ថា «បណ្ឌិតនៃដំណឹងល្អ»។ ប៉ុន្តែ ការងារដ៏ធំបំផុតក្នុងជីវិតរបស់គាត់ គឺការ បកប្រែព្រះគម្ពីរទៅជាភាសាអង់គ្លេស ដើម្បីឱ្យមនុស្សគ្រប់រូបក្នុងប្រទេស អង់គ្លេស អាចអានអំពីកិច្ចការរបស់ព្រះ។
រុករានដោយជំងឺ
ប៉ុន្តែ ពលកម្មរបស់គាត់ ត្រូវបានបញ្ឈប់មួួយរំពេច។ ទោះជាមិនទាន់ ទាំងគ្រប់អាយុហុកសិបឆ្នាំផងក៏ដោយ ការប្រកបការងារឥតស្រាកស្រាន្ត ការសិក្សា និងការដុកដាន់នៃពួកសត្រូវ បានធ្វើឱ្យកម្លាំងរបស់គាត់ដុនដាប ហើយចាស់មុនអាយុ។ គាត់ក៏កើតមានជំងឺដ៏ធ្ងន់ធ្ងរមួយ។ ពួកស្មូមបានគិត ស្មានថា គាត់នឹងលន់តួចំពោះអំពើអាក្រក់ដែលគាត់បានប្រព្រឹត្តដល់វិហារ ហើយក៏ចេញទៅបន្ទប់គាត់ជាប្រញាប់ ដើម្បីស្តាប់ការសារភាពរបស់គាត់។ គេបានពោលថា «អាយុឯងជិតអស់ហើយ ចូរដឹងកំហុសរបស់ខ្លួនទៅ ហើយដកពាក្យដែលឯងបានពោលបង្កាច់យើង នៅនឹងមុខយើងនេះទៅ»។
អ្នកកែទម្រង់បានស្តាប់ដោយស្ងាត់ស្ងៀម។ បន្ទាប់មក គាត់ឱ្យអ្នកមើលថែរក្សាគាត់លើកគាត់ឡើងពីគ្រែ។ ដោយសំឡឹងយ៉ាងមុតទៅកាន់ពួក គេ គាត់មានប្រសាសន៍ក្នុងសំឡេងដ៏ម៉ឺងម៉ាត់ និងហ្មត់ចត់ដែលតែងតែធ្វើឱ្យគេញ័ររន្ធត់ថា «ខ្ញុំនឹងមិនស្លាប់ឡើយ តែត្រូវរស់ ហើយប្រកាសពីអំពើ អាក្រក់របស់ពួកស្មូមទៀត »។ពួកសង្ឃក៏ប្រញាប់ប្រញាល់ចេញពីបន្ទប់ ទាំងអស្ចារ្យហួសហេតុ និងទាំងអាម៉ាស់មុខ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ សុភាសិត ១៣:៦