ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៦៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ។ ហេព្រើរ ១១:៧
លោកវ៉ាយឃ្លីហ្វ បានរស់នៅរហូតដល់បានប្រគល់ដល់ដៃនៃជនរួមជាតិរបស់គាត់នូវអាវុធដ៏ខ្លាំងពូកែបំផុតទាស់នឹងរ៉ូម ពោលគឺព្រះគម្ពីរដែលជាភ្នាក់ងារតែងតាំងពីស្ថានសួគ៌ ដើម្បីរំដោះបំភ្លឺ និងផ្សាយដំណឹងដល់ ប្រជាជន។ លោកវ៉ាយឃ្លីហ្វបានដឹងខ្លួនថា គាត់នៅសល់តែពីរបីឆ្នាំទៀតទេ សម្រាប់ធ្វើការងារព្រះ។ គាត់បានឃើញឧបសគ្គដែលគាត់ត្រូវជួប ប៉ុន្តែ ដោយសារព្រះបន្ទូលរបស់ព្រះបានផ្តល់ទឹកចិត្តដល់គាត់ គាត់ក៏ឈានឆ្ពោះទៅ មុខ។ ក្នុងកម្លាំងដ៏បរិបូរនៃអំណាចប្រាជ្ញាឈ្លាសវៃរបស់គាត់ ដែលពោរ ពេញទៅដោយបទពិសោធន៍នោះ ទិព្វញ្ញាណរបស់ព្រះបានរៀបចំគាត់ សម្រាប់ការនេះ ពោលគឺការងារដ៏ចម្បង។ ក្នុងលំនៅស្ថាននៃមហា វិទ្យាល័យនារដ្ឋឡាត់ធើវើត អ្នកកែទម្រង់បានធ្វើកិច្ចការរបស់ខ្លួន ដោយមិនខ្វល់ខ្វាយពីព្យុះដែលបក់បោកយ៉ាងខ្លាំងនៅខាងក្រៅឡើយ។
ទីបំផុត កិច្ចការរបស់គាត់បានសម្រេច គឺព្រះគម្ពីរទីមួយដែលបាន បកប្រែជាភាសាអង់គ្លេស។ អ្នកកែទម្រង់បានផ្តល់ដល់ពួកជនជាតិអង់គ្លេស នូវពន្លឺមួយដែលនឹងគ្មាននរណាពន្លត់បានឡើយ។ ការដែលគាត់បំបែក ឃ្នាបនៃសេចក្តីល្ងង់ខ្លៅ ដើម្បីរំដោះ និងលើកស្ទួយប្រទេសរបស់គាត់ នោះឃើញថាហួសពីការទទួលលទ្ធផលដោយមានជ័យជម្នះនៅលើវាលប្រយុទ្ធទៅទៀត។
មានតែការធ្វើពលកម្មទាំងនឿយហត់ប៉ុណ្ណោះទេ ទើបនឹងអាចចម្លងព្រះគម្ពីរឱ្យបានច្រើនបាន។ មនុស្សទាំងឡាយបានចាប់ចិត្តចង់បាន សៀវភៅនោះខ្លាំងណាស់ រហូតដល់មានការលំបាកដល់អ្នកចម្លងក្នុងការចែកចាយឱ្យទាន់សេចក្តីត្រូវការ។ ពួកអ្នកមានគេប្រាថ្នាចង់បានព្រះគម្ពីរ ទាំងមូលតែម្តង។ ខ្លះទៀត ទិញតែមួយផ្នែកៗ។ ក្នុងករណីភាគច្រើន ក្រុម គ្រួសារ បានរួមគ្នាទិញមួយក្បាលតែម្តង។ មិនយូរប៉ុន្មាន ព្រះគម្ពីររបស់ លោកវ៉ាយឃ្លីហ្វ បានចូលទៅដល់ក្នុងផ្ទះរបស់ប្រជាជន។
ឥឡូវនេះ លោកវ៉ាយឃ្លីហ្វបង្រៀនគោលលទ្ធិនៃលទ្ធិប្រូតេស្តង់ និយមយ៉ាងច្បាស់ ពោលគឺសេចក្តីសង្គ្រោះតាមរយៈជំនឿទៅលើព្រះគ្រីស្ទ ហើយនិងភាពមិនចេះខុសនៃបទគម្ពីរ។ បណ្តាជននៃប្រទេសអង់គ្លេសជិតពាក់កណ្តាល បានទទួលជឿជំនឿថ្មីនេះ។
អាការៈខាងក្រៅនៃបទគម្ពីរបានធ្វើឱ្យមានការស្រងាកចិត្តដល់ អំណាចវិហារ។ នៅពេលនោះប្រទេសអង់គ្លេសមិនទាន់ចេញច្បាប់ហាម មិនឱ្យមានព្រះគម្ពីរនៅឡើយទេ ព្រោះពុំដែលមានបោះពុម្ពជាភាសាដែល ប្រជាជននិយាយ។ តែក្រោយមក ច្បាប់នេះត្រូវបានអនុម័តឡើង និងបង្ខំឱ្យប្រតិបត្តិតាមយ៉ាងតឹងរ៉ឹងបំផុត។
ពួកអ្នកដឹកនាំនៃវិហាររ៉ូមបានគ្រោងការណ៍គ្នា ដើម្បីបំបិទមាត់អ្នក កែទម្រង់។ ជាលើកដំបូង ការប្រជុំក្រុមប្រឹក្សាប្រចាំវិហារនៃពួកសង្ឃជាន់ ខ្ពស់ បានប្រកាសថាសំណេររបស់គាត់ជាលទ្ធិខុសឆ្គង។ ដោយមានស្តេច ក្មេង រិចឈិតទី២ (Richard II) មកកាន់ខាងខ្លួនហើយ គេក៏បានទទួលព្រះ រាជក្រឹត្យមួយ ដែលឱ្យបញ្ជូនអ្នកដែលកាន់តាមលទ្ធិដែលបានហាមប្រាមនេះ ទៅដាក់គុក។
លោកវ៉ាយឃ្លីហ្វបានអំពាវនាវសូមឱ្យសភាកាត់ក្តីវិញ ជាជាងក្រុម ប្រឹក្សាប្រចាំវិហារ។ នៅចំពោះក្រុមប្រឹក្សាជាតិ គាត់បានចោទប្រកាន់ដល់ ពួកថ្នាក់ខ្ពស់ដោយឥតខ្លាចឡើយ ហើយទាមទារឱ្យមានការកែទម្រង់ ចំពោះសេចក្តីរំលោភដ៏ធំមហិមា ដែលវិហារអនុញ្ញាតឱ្យកើតឡើង។ សត្រូវរបស់គាត់ក៏មានការភាន់ច្រឡំ។ គេបានសង្ឃឹមថា អ្នកកែទម្រង់នឹងឱនទៅតាមអាជ្ញាធររបស់ស្តេច ព្រោះគាត់ចាស់ជរាហើយ មានតែម្នាក់ឯង ហើយ និងឥតមិត្រសំឡាញ់ផង។ តែផ្ទុយទៅវិញ សភាបានភ្ញាក់រលឹកដោយឧទ្ធរណ៍ ដ៏ម៉ឺងម៉ាត់របស់វ៉ាយឃ្លីហ្វ ក៏លើកលែងច្បាប់ផ្តន្ទាទោស ហើយអ្នកកែទម្រង់ក៏ទទួលសេរីភាពម្តងទៀត។
គេបានយកគាត់មកកាត់ក្តីជាលើកទី៣ ហើយឥឡូវនេះ ត្រូវកើត ឡើងនៅសាលាកាត់ក្តីនៃសាស្តាចារ្យខ្ពស់បំផុតក្នុងអាណាចក្រ។ នៅទីនេះ កិច្ចការនៃអ្នកកែទម្រង់នឹងត្រូវឈប់លែងមានជាទីអវសាន។ ពួកកាតូលិក រ៉ូមបានគិតដូច្នេះ។ ប្រសិនបើគេអាចសម្រេចគោលបំណងរបស់ខ្លួនបាន វ៉ាយឃ្លីហ្វ នឹងចេញពីតុលាការសំដៅទៅរកអណ្តាតភ្លើងតែប៉ុណ្ណោះ។
វ៉ាយឃ្លីហ្វពុំព្រមដកពាក្យ
ប៉ុន្តែ លោកវ៉ាយឃ្លីហ្វពុំបានដកពាក្យឡើយ។ គាត់បានរក្សាសេចក្តីបង្រៀនរបស់គាត់ ហើយច្រានចោលពាក្យចោទរបស់ពួកអ្នកធ្វើទុក្ខ បុកម្នេញ។ គាត់បានកោះហៅអ្នកស្តាប់នៅចំពោះសាលាកាត់ក្តី ហើយថ្លឹង ថ្លែងឧបាយកលដ៏ប៉ិនប្រសប់ និងការបោកបញ្ឆោតរបស់គេជាមួយនឹង សេចក្តីពិតដ៏អស់កល្ប។ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិត ជាមួយអ្នកស្តាប់។ ពាក្យពេចន៍របស់អ្នកកែទម្រង់បានទម្លុះចិត្តរបស់គេ ដូចជាព្រួញដែលបាញ់ចេញពីបំពង់ស្នារបស់ព្រះដូច្នោះ។ ពាក្យចោទប្រកាន់នឹង លទ្ធិខុសឆ្គងដែលគេបានបន្លឺឡើងទាស់នឹងគាត់ គាត់បានបោះទៅលើគេវិញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ សុភាសិត ១៣:៦