ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៦៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ព្រះ​បាន​ផ្គត់ផ្គង់​សេចក្តី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ។ ហេព្រើរ ១១:៤០

អ្វីដែលបានធ្វើឱ្យគាត់បានជាមនុស្សយ៉ាងដូច្នោះនោះ គឺជាព្រះគម្ពីរ ទេ។ ការសិក្សាព្រះគម្ពីរនឹងធ្វើឱ្យគ្រប់ទាំងចិត្តគំនិត អារម្មណ៍ និងសេចក្តី ប្រាថ្នាបាបខ្ពង់ខ្ពស់ឡើង ដែលការសិក្សាដទៃទៀតមិនអាចផ្តល់ឱ្យបាន។ ការសិក្សាផ្តល់នូវលំនឹងនៃគោលបំណង សេចក្តីក្លាហាន និងសេចក្តីអត់ធ្មត់។ ការសិក្សាបទគម្ពីរដោយយកចិត្តទុកដាក់អស់ពីចិត្ត និងដោយមានចិត្ត គោរពប្រតិបត្តិ នឹងផ្តល់ដល់ពិភពលោកនូវមនុស្សមានប្រាជ្ញាមាំមួន និង គន្លងធម៌ដ៏ថ្លៃថ្លាជាងការទទួលការហ្វឹកហ្វឺនដ៏ខ្លាំងក្លាអំពីទស្សនវិទ្យារបស់ មនុស្សទៅទៀត។

សិស្សរបស់លោកវ៉ាយឃ្លីហ្វ មានដូចជាពួកវ៉ាយឃ្លីហ្វ និងពួក ឡុលឡាត។ ពួកទាំងនេះ បានខ្ចាត់ខ្ចាយទៅកាន់ទឹកដីផ្សេងៗទៀត ទាំងនាំ ដំណឹងល្អទៅជាមួយផង។ ឥឡូវនេះ ដោយមេដឹកនាំរបស់ពួកគេទទួល អនិច្ចកម្មទៅ ពួកអ្នកអធិប្បាយបានប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់ជាងមុនទៅទៀត។ មានមនុស្សដ៏សន្ធឹកសន្ធាប់បានចូលមកស្តាប់។ ក្នុងចំណោម អ្នកប្រែចិត្តជឿ មានខ្លះជាត្រកូលអភិជន និងមហេសីរបស់ស្តេចផង។ នៅ កន្លែងជាច្រើន គេបានដករូបចម្លាក់ដែលជានិមិត្តរូបថ្វាយបង្គំរបស់លទ្ធិរ៉ូម ចេញពីព្រះវិហារ។

ប៉ុន្តែ មិនយូរប៉ុន្មាន ការធ្វើទុក្ខបុកម្នេញដ៏ឥតមេត្តាក៏បានផ្ទុះឡើង ដល់អ្នកដែលហ៊ានទទួលព្រះគម្ពីរជាមាគា៌របស់ខ្លួន។ ជាលើកដំបូងក្នុង ប្រវត្តិសាស្ត្រនៃប្រទេសអង់គ្លេស គេបានចេញច្បាប់ឱ្យសម្លាប់ពួកសាវ័កនៃដំណឹងល្អនៅនឹងបង្គោលពិឃាត។ ការប្តូរជីវិតបានកើតឡើងជាបន្តបន្ទាប់។ គេបានដេញចាប់ពួកគេ ដោយចាត់ទុកថាជាសត្រូវនៃព្រះវិហារ និងជាអ្នក ក្បត់នគរ តែពួកអ្នកគាំទ្រនៃសេចក្តីពិត នៅតែបន្តការផ្សព្វផ្សាយក្នុងទីលាក់កំបាំង ទាំងរកទីជម្រកក្នុងផ្ទះអ្នកក្រីក្រ ហើយជាញឹកញយ គេបានពួនក្នុង ច្រកភ្នំ និងរូងភ្នំផង។

ការប្រឆាំងដ៏មិនឆេវឆាវ ហើយដ៏អត់ទ្រាំ ទាស់នឹងអំពើពុករលួយនៃ ជំនឿសាសនា នឹងត្រូវបានបន្តអស់រាប់សតវត្ស។ ពួកគ្រីស្ទាននៅសម័យ ដើមនោះ បានរៀនស្រឡាញ់ព្រះបន្ទូលរបស់ព្រះ ហើយទទួលរងទុក្ខយ៉ាងអត់ធ្មត់ចំពោះការនេះ។ ភាគច្រើនបានលះបង់សម្បត្តិលោកីយ៍សម្រាប់ព្រះ គ្រីស្ទ។ អស់អ្នកដែលបានអនុញ្ញាតឱ្យស្នាក់នៅតាមផ្ទះរបស់ខ្លួន បានទំនុកបម្រុងឱ្យពួកស្ងួនភ្ងាដែលគេបំបរបង់ចេញ ជ្រកកោនជាមួយដោយរីករាយ ហើយនៅពេលគេបណ្តេញចេញដែរនោះ គេបានពេញចិត្តនឹងជីវិតជាជនដែលគេបណ្តេញចោលដែរ។ អ្នកដែលធ្វើទីបន្ទាល់ដ៏ឥតខ្លាចអំពីសេចក្តីពិត ក្នុងគុកក្រោមដី និងក្នុងពេលគេដាក់ទារុណកម្ម និងពេលគេដុតនោះ ពុំមែន មានចំនួនតិចទេ ពួកគេបានអរសប្បាយដោយត្រូវបានរាប់ថាមានតម្លៃ ដោយបានស្គាល់ «សេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់»។

សេចក្តីស្អប់ខ្ពើមរបស់ពួកកាតូលិករ៉ូមនៅតែមិនស្កប់ស្កល់ទៀត ក្នុងពេលដែលសាកសពរបស់លោកវ៉ាយឃ្លីហ្វស្ថិតនៅក្នុងផ្នូរហើយនោះ។ ជាង សែសិបឆ្នាំបន្ទាប់ពីគាត់បានស្លាប់ទៅ គេបានគាស់យកធាតុរបស់គាត់ទៅ ដុតជាសាធារណៈ ហើយចោលផេះទៅក្នុងអូរជិតខាងទៅ។ អ្នកនិពន្ធ ចំណាស់ម្នាក់បានមានប្រសាសន៍ថា «អូរនេះហូរនាំផេះទៅស្ទឹងអេវ៉ន ហើយពីស្ទឹងអេវ៉នទៅទន្លេសេវឺន ពីទន្លេសេវឺនទៅដៃសមុទ្រ ហើយក៏ហូរ នាំចូលទៅក្នុងមហាសមុទ្រ។ ដូច្នេះកម្ទេចផេះរបស់លោកវ៉ាយឃ្លីហ្វ ក៏បានជានិមិត្តរូបនៃគោលលទ្ធិរបស់គាត់ ដែលឥឡូវនេះត្រូវផ្សព្វផ្សាយទូទាំង ពិភពលោក»។

តាមរយៈសំណេររបស់លោកវ៉ាយឃ្លីហ្វ លោកចន ហាស់នៃ ប្រទេសបូហ៊ីមា បានលះបង់ចោលកំហុសជាច្រើននៃលទ្ធិរ៉ូមនិយម។ ពី ប្រទេសបូហ៊ីមា កិច្ចការបានពង្រីកទៅទឹកដីផ្សេងៗទៀត។ ព្រះហស្តរបស់ ព្រះ បានរៀបចំផ្លូវសម្រាប់កំណែទម្រង់ដ៏ចម្បង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​សុចរិត​តែង​តែ​ការពារ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់​រមែង​ផ្តួល​មនុស្ស​មាន​បាប​វិញ។ សុភាសិត​ ១៣:៦

Powered by CAM