ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៧១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។ សុភាសិត​ ១៣:៩

រូបភាពពីរផ្ទាំងធ្វើឱ្យលោកហាស់ចាប់ចិត្តយ៉ាងខ្លាំង

ក្នុងរយៈពេលជាមួយគ្នានេះ មានជនចំឡែកពីរនាក់ដែលមកពី ប្រទេសអង់គ្លេស ជាជនរៀនសូត្រចេះដឹងដែលបានទទួលពន្លឺ ហើយបាន​អញ្ជើញមកដើម្បីផ្សព្វផ្សាយនៅក្នុងស្រុកព្រែគ។ ក្រោយមកគេបានផ្អាកការផ្សាយដំណឹងល្អ ប៉ុន្តែ ដោយមិនសុខចិត្តលះបង់គោលបំណងរបស់ខ្លួន គេក៏រកវិធានការផ្សេងទៀត។ ដោយព្រោះគេជាវិចិត្រករ និងជាអ្នកផ្សាយ ដំណឹង គេបានគូររូបភាពពីរផ្ទាំងនៅក្នុងទីប្រជុំជន។ រូបមួយតំណាងព្រះ គ្រីស្ទយាងចូលក្រុងយេរូសាឡិម «ទ្រង់សុភាព ហើយគង់លើសត្វលា» (ម៉ាថាយ ២១:៥) ទាំងមានពួកសាវ័កស្លៀកសំលៀកបំពាក់ដាចរហែក និង មានបាតជើងទទេ ធ្វើដំណើរតាមពីក្រោយ។ រូបមួយទៀតតំណាងការដង្ហែនៃសម្តេចសង្ឃមានសម្តេចសង្ឃគ្រងចីវរដ៏មានតម្លៃ និងត្រីមកុដលើសិរសា គង់លើសេះដែលបានតុបតែងយ៉ាងល្អប្រណីត។ នៅខាងមុខមានអ្នក​ផ្លុំត្រែ និងមានសមាជិកទីប្រឹក្សា និងសង្ឃជាន់ខ្ពស់ហែហមតាមពីក្រោយគួរឱ្យ​ពេចពិលរមិលមើល។

ពួកមនុស្សបានមកសម្លឹងគំនូរនោះ។ ជនគ្រប់រូបបានយល់ពី អត្ថន័យនៃគំនូរ។ មានចលនាមិនស្រួលយ៉ាងខ្លាំងនៅក្រុងព្រែគ ហើយជនចំឡែកក៏ត្រូវគេចចេញជាចាំបាច់។ ប៉ុន្តែ រូបភាពនេះធ្វើឱ្យលោកហាស់ចាប់ចិត្តជាខ្លាំង ហើយបានញុាំងឱ្យគាត់សិក្សាព្រះគម្ពីរ និងសេចក្តីបង្រៀនរបស់លោកវ៉ាយឃ្លីហ្វឱ្យបានជិតដិតថែមទៀត។

ទោះបើគាត់ពុំបានយល់ស្របនឹងអស់ទាំងកំណែទម្រង់ដែលលោកវ៉ាយឃ្លីហ្វបានគាំទ្រក៏ដោយ ក៏គាត់បានឃើញចរិយាសម្បត្តិដ៏ពិតរបស់លទ្ធិកាតូលិករ៉ូមដែរ ហើយគាត់ក៏ប្រកាសវាយប្រហារដល់សេចក្តីវាយប្ញកខ្ពស់ សេចក្តីប្រាថ្នាដ៏លើសលុប និងអំពើពុករលួយរបស់ពួកអ្នកមានតំណែងខ្ពង់ខ្ពស់។

ទីក្រុងព្រែគបានស្ថិតនៅក្រោមបម្រាមតឹងរ៉ឹង

ដំណឹងបានឮដល់ក្រុងរ៉ូម ហើយគេបានកោះហៅលោកហាស់ ឱ្យ មកឯមហាសង្ឃរាជ។ បើគាត់ទៅ នឹងប្រាកដជាស្លាប់។ ព្រះមហាក្សត្រ និង មហាក្សត្រីយ៍នៃប្រទេសបូហ៊ីមា សាកលវិទ្យាល័យ សមាជិកនៃពួកអភិជន និងមន្ត្រីរដ្ឋការ បានរួបរួមគ្នាសូមសម្តេចសង្ឃ អនុញ្ញាតឱ្យលោកហាស់ស្ថិតនៅឯក្រុងព្រែគ ហើយឱ្យអ្នកតំណាងឆ្លើយតបជំនួសវិញ។ ជាជាងយល់ ស្របទៅតាមសំណូមពរនេះ សម្តេចសង្ឃបានបន្តការជំនុំជម្រះកាត់ទោសលោកហាស់ ហើយចេញប្រកាសថាទីក្រុងព្រែគត្រូវស្ថិតក្រោមបម្រាម តឹងរ៉ឹងទៅវិញ។

នៅជំនាន់នោះ ការកាត់ទោសរបៀបនេះ បានធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើល។ ប្រជាជនមើលទៅសម្តេចសង្ឃថាជាអ្នកតំណាងព្រះ ព្រោះ លោកកាន់សោនៃស្ថានសួគ៌ និងនរក ហើយមានអំណាចដើម្បីកាត់ទោស ផង។ មានគេជឿថា បើមហាសង្ឃរាជមិនគាប់ចិត្តនឹងដកការដាក់បណ្តាសាទេ ពួកអ្នកស្លាប់នឹងត្រូវបិទចេញពីស្ថានបរមសុខហើយ។ គេបានបញ្ឈប់ អស់ទាំងសាសនកិច្ច បិទព្រះវិហារ ហើយពិធីមង្គលការត្រូវបានប្រារព្ធនៅ ទីធ្លាក្រៅព្រះវិហារ។ សពត្រូវកប់ក្នុងរណ្តៅ ឬនៅឯវាលដោយគ្មានគេប្រារព្ធពិធីអ្វីសោះ។

ក្រុងព្រែគបានពោរពេញទៅដោយភាពចលាចល។ មនុស្សមួយ ក្រុមបានជំទាស់នឹងលោកហាស់ ហើយទាមទារចង់បញ្ជូនគាត់ទៅឯទីក្រុងរ៉ូម។ ដើម្បីរំងាប់ព្យុះនេះ អ្នកកែទម្រង់បានដកខ្លួនមួយរយៈទៅឯស្រុក កំណើតគាត់វិញ។ គាត់ពុំបានបញ្ឈប់ការងាររបស់គាត់ទេ តែបានធ្វើដំណើរកាត់ស្រុកផ្សព្វផ្សាយដល់ពួកបណ្តាជនដែលចង់ស្តាប់។ នៅពេលការរំជើប រំជួលនៅឯក្រុងព្រែគបានស្ងប់ទៅលោកហាស់បានត្រឡប់មកបន្តការផ្សាយព្រះបន្ទូលរបស់ព្រះវិញ។ សត្រូវរបស់គាត់ខ្លាំងក្លាណាស់ ប៉ុន្តែ គាត់មានព្រះ មហាក្សត្រីយ៍ និងពួកអភិជនជាមិត្រ និងប្រជាជនមួយចំនួនធំបានកាន់ខាងគាត់។

លោកហាស់បានប្រកបកិច្ចការរបស់គាត់តែឯង។ ឥឡូវនេះ លោក យេរ៉ូម បានចូលរួមក្នុងកំណែទម្រង់សាសនាដែរ។ ជនទាំងពីរបានរួបរួម ជីវិតជាមួយគ្នា ហើយទោះជាគេស្លាប់ក៏នឹងមិនបែកពីគ្នាឡើយ។ នៅក្នុង គុណសម្បត្តិទាំងនោះ ដែលបង្កើតនូវចរិតលក្ខណៈមាំមួនពិតប្រាកដ ឃើញ ថាលោកហាស់គ្រាន់បើជាង។ យេរ៉ូមប្រកបដោយការដាក់ខ្លួនពិតប្រាកដ ដឹងតម្លៃរបស់ខ្លួន ហើយគាត់ក៏បន្ទន់ទៅតាមឱវាទរបស់លោកហាស់។ ក្រោមការងាររួមរបស់ពួកគេ កំណែទម្រង់បានរីកចម្រើនឡើងយ៉ាងរហ័ស។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្តី​ស្លាប់។ សុភាសិត​ ១៤:២៧

Powered by CAM