ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៣) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៥៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស ។ ម៉ាថាយ ១៣:៣៧

ថ្វីបើមានបាបធម៌នោះស្ថិតស្ថេរនៅក៏ដោយ សូម្បីតែនៅក្នុងចំណោម ពួកដឹកនាំនៃវិហាររ៉ូមក៏ឥទ្ធិពលរបស់វិហារហាក់ដូចជាកើនឡើងជាលំដាប់ដែរ។ នៅជិតចុងសតវត្សទី៨ ប៉ាបបានដាក់ការអះអាងជាមុនថា នៅក្នុង យុគដំបូងនៃក្រុមជំនុំ សង្គ្រាជនៃរ៉ូមបានសណ្ឋិតដោយអំណាចដដែលខាង ព្រលឹងវិញ្ញាណ ដូចនៅពេលឥឡូវនេះដែរ។ ដើម្បីកសាងសេចក្តីអះអាង នេះ ត្រូវប្រើមធ្យោបាយខ្លះ ដើម្បីសម្តែងឱ្យឃើញអំណាច ហើយការនេះត្រូវ បានបណ្តុះបណ្តាលដោយបិតានៃសេចក្តីភូតភរ។ សំណេរពីបុរាណ ត្រូវ បានចារិកឡើងដោយពួកសង្ឃ។ បទបញ្ជារបស់ក្រុមប្រឹក្សាដែលពុំទាន់បានឮពីមុនក៏ត្រូវបានរកឃើញ ស្ថាបនានូវឧត្តមភាពរបស់ប៉ាបនៅទូទាំង សាកលលោក តាំងតែពីសម័យដើមម៉្លេះ។ ក្រុមជំនុំដែលបានបដិសេធ សេចក្តីពិត ក៏ទទួលយកសេចក្តីបោកបញ្ឆោតទាំងនេះ ទាំងលោភលន់។

អ្នកសំណង់ដ៏ស្មោះត្រង់ខ្លះ ដែលនៅលើគ្រឹះដ៏ពិត (កូរិនថូសទី១ ៣:១០,១១) មានការស្មុគស្មាញក្នុងចិត្តជាខ្លាំង ព្រមទាំងបានខកខានផង នៅពេលសំរាមនៃគោលលទ្ធិក្លែងក្លាយមករាំងស្ទះការងារ។ ដូចជាពួកសង់ ជញ្ជាំងយេរូសាឡិម ក្នុងសម័យហោរានេហេមាដែរ មានអ្នកខ្លះរួចរាល់ និង និយាយថា៖ «កម្លាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏ មានច្រើនសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន»។នេហេមា ៤:១០។ ដោយខ្សោះល្វើយក្នុងការតស៊ូប្រឆាំងនឹងអំពើបៀតបៀន អំពើក្លែងបន្លំ អំពើទុច្ចរិត ហើយនិងគ្រប់ទាំងការរាំងជល់ដទៃទៀតដែល សាតាំងប្រឌិតឡើង ដើម្បីរារាំងដំណើរលូតលាស់របស់ពួកគេ អ្នកខ្លះដែល ជាជាងសង់ដ៏ស្មោះត្រង់ ក៏បានបាក់ទឹកចិត្ត ហើយដើម្បីឱ្យមានសន្តិភាព និងសន្តិសុខដល់ទ្រព្យសម្បត្តិ និងជីវិតរបស់ខ្លួន គេក៏ងាកចេញពីគ្រឹះដ៏ពិត នោះទៅ។ អ្នកដទៃទៀតដែលពញ្ញាក់នឹងការប្រឆាំងនៃសត្រូវរបស់ខ្លួននោះ ក៏ប្រកាសឡើងដោយឥតញញើតថា៖ «កុំឱ្យខ្លាចគេឡើយ ចូរនឹករព្ញកដល់ ព្រះអម្ចាស់ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាចវិញ» (ខ១៤) ហើយគេបានបន្ត កិច្ចការតទៅទៀត ម្នាក់ៗប្រដាប់ដោយដាវនៅចង្កេះរៀងៗខ្លួន។ អេភេសូរ ៦:១៧។

វិញ្ញាណសម្អប់ និងវិញ្ញាណប្រឆាំងនឹងសេចក្តីពិតដដែលនេះ បាន បណ្តាលចិត្តពួកសត្រូវនៃព្រះនៅគ្រប់ជំនាន់ ហើយពួកបម្រើរបស់ទ្រង់ក៏ ត្រូវមានការរហ័សរហួន និងភក្តីភាពដដែលនោះដែរ។ ព្រះបន្ទូលរបស់ព្រះ គ្រីស្ទចំពោះពួកសាវ័កនៅគ្រាដំបូង ក៏បានតម្រូវដល់ពួកដើរតាមទ្រង់នៅ គ្រាចុងបញ្ចប់នេះដែរ៖ «ឯសេចក្តីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ»។ ម៉ាកុស ១៣:៣៧។

ភាពងងឹតហាក់ដូចជាចេះតែរីកក្រាស់ឡើងៗ។ ការថ្វាយបង្គំរូបកាន់តែមានជាទូទៅ។ មានការដុតទៀតនៅចំពោះរូបសំណាក ហើយមានការ សូត្រធម៌ ឬការបន់ស្រន់នៅចំពោះរូបទាំងនោះទៀតផង។ ទំនៀមទម្លាប់ និង ជំនឿអកុសលដ៏មិនសមហេតុផលបានឈ្នះ។ គំនិតរបស់មនុស្សត្រូវបានគ្រប់ គ្រងទាំងស្រុងដោយជំនឿអកុសលដែលសូម្បីតែសេចក្តីរកហេតុផល ក៏ ហាក់ដូចជាយោលយោគខុសទំនងដែរ។ នៅពេលដែលពួកសង្ឃ និងពួក សង្ឃជាន់ខ្ពស់ ត្រេកត្រអាលនឹងសេចក្តីភ្លើតភ្លើនកាមគុណ និងអំពើពុក រលួយនោះ តើមានបណ្តាជនអ្វីគួររំពឹងក្រៅពីការលិចខ្លួនទៅក្នុងភាពអវិជ្ជា និងបាបធម៌នោះ!

មានអំពើឥតកោតក្រែងរបស់វិហារកាតូលិករ៉ូមមួយទៀត នៅសតវត្ស ទី១១ ប៉ាបគ្រេកូរីទី៧បានប្រកាសអះអាងនូវភាពគ្រប់លក្ខណ៍នៃវិហាររ៉ូម។ ក្នុងសំណើទាំងឡាយដែលលោកបានលើកឡើងនោះ មានសំណើមួយ ដែលអះអាងថា វិហារពុំដែលមានកំហុសខុសឆ្គង ក៏នឹងមានថ្ងៃខុសដែរ យោងទៅតាមបទគម្ពីរ។ ប៉ុន្តែ ភ័ស្តុតាងបទគម្ពីរ ពុំស្របតាមការអះអាងនោះ ឡើយ។ សម្តេចសង្ឃរាជដ៏ក្រអឺត ក៏បានប្រកាសថាមានអំណាចនឹងទម្លាក់អធិរាជទាំងឡាយផង ព្រមទាំងបានប្រកាសបញ្ជាក់ទៀតថា ពាក្យពេជន៍ ដែលខ្លួនបញ្ចេញរួចហើយ មិនត្រូវមាននរណាកែប្រែឡើយ ប៉ុន្តែ ខ្លួនអាច មានបុព្វសិទ្ធិកែប្រែ នូវការសម្រេចចិត្តនៃអ្នកដទៃទាំងអស់បាន។

ឧទាហរណ៍ដ៏គួរកត់សម្គាល់មួយនៃចរិតលក្ខណៈជិះជាន់ របស់អ្នកគាំទ្រង់នៃសេចក្តីមិនចេះខុសនេះ បានសម្តែងក្នុងការប្រព្រឹត្តចំពោះព្រះចៅ អធិរាជអាល្លឺម៉ង់ ហិនរីទី៤។ ដោយមហាក្សត្រហ៊ានបដិសេធអំណាចច្បាប់ របស់ប៉ាប ព្រះអង្គត្រូវបានកាត់កាលចេញ ព្រមទាំងត្រូវបានទម្លាក់ពីបល្ល័ង្កទៀតផង។ ដោយភ័យខ្លាចចំពោះការបោះបង់ឱ្យនៅតែលតោល ហើយនិងការគំរាមកំហែងនៃពួកអម្ចាស់របស់ខ្លួនផ្ទាល់ ដែលបានជ្រោមជ្រែងឱ្យបះបោរ ប្រឆាំងនឹងទ្រង់ដោយបញ្ញត្តិរបស់ប៉ាប ព្រះចៅហិនរីក៏មានព្រះតំរិះថាចាំបាច់ ត្រូវតែរកសន្តិភាពជាមួយរ៉ូមវិញ។ ដោយមានការជូនដំណើរអំពីមហេសី និងអ្នកបម្រើស្មោះត្រង់ម្នាក់ផង ទ្រង់ក៏បានធ្វើដំណើរឆ្លងកាត់ជួរភ្នំអាល់ នៅក្នុងពាក់កណ្តាលខែរងា ដើម្បីទៅបន្ទាបខ្លួននៅចំពោះប៉ាប។ នៅពេលទៅដល់ប្រាសាទដែលជាកន្លែងរបស់ប៉ាបគ្រេកកូរី ហើយគេក៏បាននាំទ្រង់ ចូលទៅកាន់ទីនាំងខាងក្រៅដោយគ្មានអង្គរក្ស ហើយនៅទីនោះនាពេល ត្រជាក់ខ្លាំងនៃរដូវរងា ទាំងមានព្រះសិរ និងព្រះបាទនៅទទេ និងពាក់ សំលៀកបំពាក់ដ៏គួរវេទនា ព្រះអង្គបានទន្ទឹងរង់ចាំសេចក្តីអនុញ្ញាតរបស់ ប៉ាបឱ្យចូលជួប។ លុះដល់ទ្រង់អត់អាហារបានបីថ្ងៃ ហើយនិងធ្វើការលន់តួ ទើបស្តេចសង្ឃនេះព្រមអត់ទោសឱ្យព្រះចៅ។ ប៉ុណ្ណឹងហើយក៏ដោយ អធិរាជ ត្រូវរង់ចាំនូវការយល់ព្រមរបស់ប៉ាបជាមុនសិន មុននឹងសម្រេចការអ្វី ឬ អនុវត្តអំណាចជារាជាធិរាជវិញ។ ចំណែកឯគ្រេកកូរី បានរីករាយចំពោះ ជោគជ័យរបស់ខ្លួនណាស់ អួតក្អេងក្អាងថាការបំបាក់ប្ញកខ្ពស់របស់ស្តេច ទាំងឡាយ គឺជាភារកិច្ចរបស់ខ្លួន។

ឃើញថាមានភាពផ្ទុយគ្នាយ៉ាងស្រឡះ រវាងស្តេចសង្ឃដ៏ក្រអឺតក្រទម នេះ ហើយនិងភាពរាបទាប និងភាពទន់ភ្លន់របស់ព្រះគ្រីស្ទ ដែលតំណាង អង្គទ្រង់ជាអ្នកនៅនឹងទ្វារចិត្ត ទាំងអង្វរករសុំចូល ដើម្បីនាំមកនូវការអត់ ទោស និងសន្តិភាព ហើយដែលបានបង្រៀនពួកសិស្សថា៖ «អ្នកណាក្នុង ពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញ»។ ម៉ាថាយ ២០:២៧។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ ម៉ាថាយ ២០:២៧-២៨

Powered by CAM