ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៧៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូចបង់​វិញ។ សុភាសិត​ ១៣:២០

ព្រះគុណរបស់ព្រះបានទ្រទ្រង់គាត់។ ក្នុងរយៈកាលនៃការរងទុក្ខ អស់រាប់អាទិត្យ មុននឹងការកាត់ទោសចុងក្រោយបង្អស់ ភាពសន្តិសុខនៃ ស្ថានសួគ៌បានស្ថិតនៅក្នុងខ្លួនគាត់។ «ខ្ញុំសរសេរសំបុត្រនេះ» គាត់បានមាន ប្រសាសន៍ទៅមិត្តសំឡាញ់ម្នាក់ «ក្នុងគុករបស់ខ្ញុំ និងដោយដៃជាប់ច្រវាក់ ហើយកំពុងរំពឹងចាំការកាត់ទោសដល់ស្លាប់នៅថ្ងៃស្អែក...។ ដោយសារ ជំនួយនៃព្រះយេស៊ូវគ្រីស្ទ នៅពេលដែលយើងនឹងជួបគ្នាម្តងទៀត ក្នុងសន្តិភាព ដ៏ផ្អែមត្រជាក់នៃជីវិតនាអនាគតកាល អ្នកនឹងដឹងថា ព្រះមានសេចក្តីមេត្តា ករុណាយ៉ាងណាដល់ខ្ញុំ និងដឹងថាទ្រង់បានជ្រោមជ្រែងខ្ញុំដោយប្រសិទ្ធិភាពក្នុងភ្នក់នៃសេចក្តីល្បួង និងសេចក្តីវេទនាយ៉ាងណាហើយ»។

ជ័យជម្នះនៅឯនាយ

ក្នុងគុកងងឹត គាត់បានស្រម័យឃើញជ័យជម្នះនៃជំនឿពិតប្រាកដ។ ក្នុងសុបិនរបស់គាត់ គាត់បានឃើញសម្តេចសង្ឃ និងពួកសង្ឃ កំពុងលុបចោលរូបភាពព្រះគ្រីស្ទដែលគាត់បានគូរនៅលើជញ្ជាំងព្រះវិហារនាក្រុង ព្រែគ។ «សុបិននិមិត្តនេះបានធ្វើឱ្យលោកខ្វល់ខ្វាយចិត្ត៖ ប៉ុន្តែ ស្អែកឡើង គាត់បានឃើញវិចិត្រករជាច្រើន កំពុងតែរវល់កែលម្អរូបទាំងនេះ បានចំនួន កាន់តែច្រើនថែមទៀត ហើយថែមទាំងមានពណ៌ចាំងជ្រះជាងមុនទៀតផង...។ ពួកអ្នកគំនូរ ដែលហ៊ុមព័ទ្ធដោយមនុស្សដ៏សន្ធឹកសន្ធាប់ ក៏បាន ឧទានថា៖ ឥឡូវនេះ ចូរឱ្យស្តេចសង្ឃ និងពួកសង្ឃមកចុះ គេនឹងមិនអាច លុបវាចោលបានទៀតឡើយ» អ្នកកែទម្រង់បានមានប្រសាសន៍ថា៖ «រូបភាពរបស់ព្រះគ្រីស្ទនឹងមិនត្រូវបានលុបចោលឡើយ។ គេបានប៉ងចង់ បំផ្លាញចោល តែនឹងត្រូវបានគូរសាជាថ្មីក្នុងចិត្តមនុស្សទាំងអស់ ដោយអ្នកផ្សាយដំណឹងដែលពូកែជាងខ្ញុំវិញ»។

ជាលើកចុងក្រោយបង្អស់ គេបានយកលោកហាស់មកឯក្រុមប្រឹក្សា ជាការប្រជុំដ៏មហោឡារិកមួយ មានព្រះចៅអធិរាជ ពួកព្រះអម្ចាស់នៃ ចក្រភព ពួករាជតំណាង សមាជិកក្រុមប្រឹក្សា ពួកសង្ឃ និងមនុស្សដ៏ សន្ធឹកសន្ធាប់។

នៅពេលគេសុំឱ្យគាត់សម្រេចចិត្តចុងក្រោយបង្អស់ លោកហាស់ បានថ្លែងនូវការបដិសេធមិនព្រមសារភាពថាខ្លួនខុស។ ដោយផ្តោតចក្ខុទៅមហាក្សត្រដែលបានប្រែពាក្យសម្តី ដោយគ្មានអៀនខ្មាស គាត់ក៏ថ្លែងថា៖ «ខ្ញុំបានតាំងចិត្តដោយចំណង់របស់ខ្ញុំ ថានឹងមានវត្តមានក្នុងក្រុមប្រឹក្សានេះ ក្រោមសេចក្តីការពារពីសាធារណជន និងការជឿទុកចិត្តដល់ព្រះចៅ អធិរាជដែលមានវត្តមាននៅទីនេះ»៩។ព្រះភ័ក្ត្ររបស់អធិរាជសិជ្ជីសម៉ាន់ ឡើងពណ៌ក្រហម នៅពេលគ្រប់ទាំងភ្នែកបានក្រឡេកមកកាន់ទ្រង់។

ការកាត់ទោសក៏បានប្រកាស ហើយពិធីនៃសេចក្តីអាប់យសបាន ចាប់ផ្តើមឡើង។ នៅពេលគេជំរុញឱ្យគាត់ដកពាក្យរបស់គាត់ម្តងទៀត លោក ហាស់បានតបវិញដោយងាកទៅឯប្រជាជនថា៖ «តើឱ្យខ្ញុំមើលទៅស្ថាន សួគ៌ដោយមុខរបៀបណា? តើឱ្យខ្ញុំមើលទៅបណ្តាជនទាំងឡាយ ដែលខ្ញុំ បានផ្សាយដំណឹងល្អដ៏បរិសុទ្ធដល់គេ យ៉ាងដូចម្តេចទៅ? ទេ ខ្ញុំឱ្យតម្លៃលើសេចក្តីសង្គ្រោះរបស់គេលើសជាងរូបកាយទុគ៌តនេះ ដែលឥឡូវមាន វាសនាត្រូវស្លាប់»។ គេបានដោះចីវរចេញម្តងមួយៗ ហើយសង្ឃជាន់ខ្ពស់ម្នាក់ៗដាក់បណ្តាសា នៅពេលគេប្រារព្ធពិធីរបស់គេ។ ទីបំផុត «គេបាន បំពាក់មួកមួយ ឬមួកមានរាងដូចសាជីជ្រុងធ្វើពីក្រដាស នៅលើសិរសា របស់គាត់ ហើយមានគូររូបអារក្សដ៏គួរឱ្យខ្លាចនៅលើមួកនោះ ព្រមទាំង មានពាក្យ «មេបែកឆ្វេង» នៅពីខាងមុខផង។ ‘ខ្ញុំនឹងពាក់មកុដនៃសេចក្តី អាម៉ាស់មុខនេះ ដោយអំណរជាទីបំផុត‘ លោកហាស់មានប្រសាសន៍ ‘សម្រាប់ព្រះអង្គ ឱព្រះយេស៊ូវអើយ ព្រោះទ្រង់បានពាក់មកុដបន្លាសម្រាប់ទូលបង្គំ‘»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្តី​ស្លាប់។ សុភាសិត​ ១៤:២៧

Powered by CAM