ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៧៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្សល្អ គេតែងតែទុកមរដកដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុកសំរាប់មនុស្សសុចរិតវិញ។ សុភាសិត ១៣:២២
ហាស់ស្លាប់នៅបង្គោលមរណៈ
ឥឡូវ គេបានយកគាត់ចេញទៅ។ ពួកមនុស្សមួយជួរបានតាមពី ក្រោយ។ នៅពេលអ្វីៗឃើញថារៀបចំរួចស្រេចបាច់នឹងបញ្ឆេះភ្លើងហើយ គេបានសួរអ្នកប្តូរជីវិតម្តងទៀត ឱ្យលះបង់កំហុសរបស់ខ្លួន ដើម្បីសង្គ្រោះ ខ្លួនឯង។ «តើមានកំហុសអ្វី» លោកហាស់បានមានប្រសាសន៍ «ដែលខ្ញុំនឹង ត្រូវលះបង់នោះ? ខ្ញុំដឹងថាខ្ញុំគ្មានកំហុសអ្វីទាល់តែសោះ។ ខ្ញុំទូលសូមព្រះ មកធ្វើជាសាក្សីថា អ្វីៗដែលខ្ញុំបានសរសេរនិងផ្សាយ គឺដើម្បីជួយសង្គ្រោះ ព្រលឹងមនុស្សឱ្យរួចពីបាបកម្មនិងវិនាសកម្ម ម៉្លោះហើយ ខ្ញុំនឹងបញ្ជាក់ដោយ អំណរជាទីបំផុត ដោយលោហិតរបស់ខ្ញុំ ដល់សេចក្តីពិតដែលខ្ញុំបាន សរសេរ និងផ្សាយមកហើយនោះ»។
នៅពេលអណ្តាតភ្លើងឆេះជិតដល់គាត់ គាត់ក៏ចាប់ផ្តើមច្រៀង៖ «ព្រះ យេស៊ូវទ្រង់ជាព្រះរាជបុត្រានៃហ្លួងដាវីឌ សូមទ្រង់មេត្តាដល់ទូលបង្គំផង» ហើយនៅច្រៀងបន្តរហូតដល់គាត់បានស្ងាត់បាត់ឈឹងរៀងដរាបទៅ។ អ្នក កាតូលិករ៉ូមដ៏ស្វាហាប់ម្នាក់ ពិពណ៌នាពីមរណភាពរបស់ហាស់ និងរបស់ យេរ៉ូម (ដែលមិនយូរប៉ុន្មានក្រោយមកគាត់បានស្លាប់ផងដែរ) ថា៖ «ពួកគេ បានរៀបចំខ្លួនឱ្យគេដុត ហាក់បីដូចជាគេទៅបរិភោគការដូច្នោះ។ គេពុំបាន បន្លឺសម្រែក ឬកាឈឺចាប់អ្វីសោះ។ នៅពេលភ្លើងឆេះឡើង គេបានចាប់ ផ្តើមច្រៀងចម្រៀង ហើយភ្លើងកំណាចមិនអាចបញ្ឈប់គេពីការច្រៀងបានឡើយ»។
នៅពេលរូបកាយរបស់លោកហាស់ឆេះអស់ហើយ គេបានប្រមូល កម្ទេចធាតុរបស់គាត់បោះទៅក្នុងស្ទឹងរ៉ាញ ហើយកម្ទេចធាតុដែលហូរឆ្ពោះទៅសមុទ្រនេះ នឹងត្រូវបានជាគ្រាប់ពូជរាយសាយក្នុងគ្រប់ស្រុកទេសនៃ ផែនដី។ ក្នុងដែនដីដែលមិនទាន់បានដឹងឮនៅឡើយ វានឹងផ្តល់នូវភោគផល ដ៏បរិបូរ ក្នុងការធ្វើទីបន្ទាល់សម្រាប់សេចក្តីពិត។ សំឡេងក្នុងសាលាក្រុមប្រឹក្សា នៃខន់ស្តិនបានបន្លឺតបមកវិញ ឮគ្រប់សម័យដែលកំពុងមកដល់។ គំរូរបស់គាត់នឹងលើកទឹកចិត្តបណ្តាជនជាច្រើនឱ្យឈរមាំមួនទល់មុខនឹងទណ្ឌកម្មនិងសេចក្តីស្លាប់។ ឃាតកម្មនេះបានបង្ហាញដល់ពិភពលោកនូវភាពឃោរឃៅរបស់រ៉ូមដ៏មិនគួរទុកចិត្ត។ ពួកសត្រូវនៃសេចក្តីពិតបានធ្វើឱ្យអ្វីដែលគេខិតខំបំផ្លាញ បានកាន់តែឮខ្ទរខ្ទារថែមទៀត។
ប៉ុណ្នឹងហើយ នៅត្រូវការឈាមរបស់ស្មរបន្ទាល់ម្នាក់ទៀត ដើម្បីធ្វើទីបន្ទាល់សម្រាប់សេចក្តីពិត។ លោកយេរ៉ូមបានសូមឱ្យលោកហាស់មាន ចិត្តក្លាហាន និងចិត្តរឹងប៉ឹង ដោយថ្លែងថា បើលោកហាស់ធ្លាក់ទៅក្នុងគ្រោះ វិបត្តិ គាត់នឹងមកជួយ។ បន្ទាប់ពីឮដំណឹងថា គេបានចាប់អ្នកកែទម្រង់ដាក់គុកសាវកដ៏ស្មោះត្រង់បានរៀបចំខ្លួន ដើម្បីសម្រេចសេចក្តីសន្យារបស់គាត់។ គាត់បានធ្វើដំណើរទៅក្រុងខន់ស្តិនដោយគ្មានលិខិតឆ្លងកាត់។ លុះមក ដល់ ទើបបានដឹងជាក់ច្បាស់ថា គាត់បានគ្រាន់តែហុចខ្លួនឱ្យគេ ដោយពុំអាច នឹងធ្វើអ្វីដើម្បីជួយលោកហាស់បានសោះ។ គាត់បានរត់ភៀសខ្លួនតែគេចាប់ បាន ហើយនាំយកមកវិញទាំងជាប់ច្រវាក់។ នៅចំពោះមុខក្រុមប្រឹក្សាជា សម្រែកលើកដំបូង «ដុតវាទៅៗ»បានបន្លឺឡើង នៅពេលគាត់ខំឆ្លើយតប។ គេបានបោះគាត់ទៅក្នុងគុកងងឹតក្រោមដី ហើយឱ្យបរិភោគតែនំបុ័ងនិងទឹកប៉ុណ្ណោះ។ សេចក្តីឃោរឃៅនៃការដាក់គាត់ក្នុងពន្ធនាគារនេះ បាននាំមក នូវជំងឺ ហើយនិងធ្វើឱ្យគាត់ស្ទើរតែបាត់បង់ជីវិត។ ឯពួកសត្រូវរបស់គាត់វិញ ដោយខ្លាចគាត់ស្លាប់ ក៏បន្ធូរភាពតឹងរ៉ឹងបន្តិច ហើយគាត់ត្រូវជាប់នៅក្នុងគុកនោះអស់មួយឆ្នាំ។
លោកយេរ៉ូមចុះចូលនឹងក្រុមប្រឹក្សា
ការបំពានទៅលើលិខិតឆ្លងកាត់របស់លោកហាស់ បានបង្កើតឱ្យ មានកំហឹងយ៉ាងខ្លាំង។ ក្រុមប្រឹក្សាបានសម្រេចថា ជាជាងដុតលោកយេរ៉ូម យើងបង្ខំគាត់ឱ្យដកគោលជំនឿវិញ។ គេបានឱ្យគាត់ជ្រើសរើសយកការដកពាក្យសម្តី ឬក៏ការស្លាប់នៅនឹងបង្គោលមរណៈ។ ដោយបានទន់ខ្សោយ ដោយជំងឺ ការប្រព្រឹត្តដ៏តឹងរ៉ឹងក្នុងគុក និងទណ្ឌកម្មនៃកង្វល់និងការវិលវល់ក្នុងចិត្ត ការឃ្លាតឆ្ងាយពីមិត្តភក្តិ ហើយនិងការបាក់ទឹកចិត្តដោយលោក ហាស់បានស្លាប់ លោកយេរ៉ូមស៊ូទ្រាំរងទុក្ខតទៅទៀតលែងបាន។ គាត់បានស្បថសច្ចាថានឹងកាន់ខ្ជាប់នូវជំនឿកាតូលិក ហើយទទួលយល់ព្រមតាមការប្រព្រឹត្តនៃក្រុមប្រឹក្សា ក្នុងការកាត់ទោសលោកវ៉ាយឃ្លីហ្វ និងលោកហាស់ វៀរលែងតែ «សេចក្តីពិតដ៏បរិសុទ្ធ» ដែលពួកគេបង្រៀនប៉ុណ្ណោះ។
ប៉ុន្តែ នៅក្នុងភាពស្ងប់ស្ងាត់ក្នុងគុកងងឹតក្រោមដី គាត់បានឃើញ យ៉ាងជាក់ច្បាស់នូវអ្វីដែលគាត់បានប្រព្រឹត្ត។ គាត់បាននឹកគិតពីសេចក្តី ក្លាហាន និងសេចក្តីស្មោះត្រង់របស់លោកហាស់ ហើយឆ្ងល់ថាខ្លួនគាត់ចេះបដិសេធសេចក្តីពិតទៅកើត។ គាត់បានគិតពីព្រះបរមគ្រូនៃស្ថានសួគ៌ ដែលបានស៊ូទ្រាំលើឈើឆ្កាងសម្រាប់គាត់។ មុននឹងគាត់ដកពាក្យសម្តី គាត់បានមានសេចក្តីកំសាន្តចិត្តក្នុងមជ្ឈដ្ឋាននៃសេចក្តីវេទនា ដោយដឹងថាព្រះទ្រង់នឹងសព្វព្រះហប្ញទ័យ តែឥឡូវ សេចក្តីស្តាយក្រោយ និងមន្ទិលសង្ស័យបានដាក់ទណ្ឌកម្មដល់គាត់។ គាត់ដឹងថា នៅមានការដកគោលជំនឿខ្លះទៀត មុន នឹងបានសេចក្តីសុខជាមួយនឹងរ៉ូម។ ផ្លូវដែលគាត់ឈានចូលនោះ នឹងបានគ្រាន់ តែជាការឃ្លាតចាកពីជំនឿរបស់ខ្លួនតែប៉ុណ្ណោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។ សុភាសិត ១៤:២៧