ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៧៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្ស​ដែល​គិតគូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ​ទេ​តើ ប៉ុន្តែ​ឯ​មនុស្ស​ដែល​គិតគូរ​បង្កើត​ការ​ល្អ​វិញ​នោះ​នឹង​បាន​សេចក្តី​មេត្តា និង​សេចក្តី​ពិត។ សុភាសិត​ ១៤:២២

យេរ៉ូមលន់តួបាប និងមានទឹកចិត្តក្លាហានជាថ្មី

ក្រោយមក គេបានយកគាត់មកឯក្រុមប្រឹក្សាម្តងទៀត។ ការចុះចូលរបស់គាត់មិនបានគាប់ចិត្តដល់អ្នកកាត់ក្តីទេ។ មានតែការចុះចូលអស់ទាំង សេចក្តីពិត ដោយឥតមានលាក់ទុកអ្វីសោះ ទើបលោកយេរ៉ូមអាចទុកជីវិត គាត់បាន។ ប៉ុន្តែ គាត់បានតាំងចិត្តថានឹងរ៉ាយរាប់ប្រាប់ពីជំនឿរបស់គាត់ ហើយដើរតាមមិត្តរបស់គាត់ ដោយឱ្យគេដុតខ្លួនវិញ។

គាត់បានលះបង់នូវការដកពាក្យដែលគាត់បានធ្វើពីមុន ហើយក្នុងនាមជាជនហៀបនឹងស្លាប់គាត់ត្រូវការឱកាស ដើម្បីការពារខ្លួន។ ពួកសង្ឃជាន់ខ្ពស់ទាំងឡាយបានបង្ខំឱ្យគាត់គ្រាន់តែយល់ព្រម ឬបដិសេធពាក្យ ចោទទាស់នឹងគាត់ទៅបានហើយ។ លោកយេរ៉ូមបានតវ៉ាទាស់នឹងអំពើ អយុត្តិធម៌ដ៏ឃោរឃៅរបៀបនេះ។ «អស់លោកបានឃុំឃាំងខ្ញុំអស់បីរយ សែសិបថ្ងៃ ក្នុងគុកគម្រក់ដ៏សែនខ្លាច» គាត់បានមានប្រសាសន៍ «បន្ទាប់មកលោកយកខ្ញុំមកឱ្យនៅចំពោះមុខអស់លោក ហើយបើកតែត្រចៀកម្ខាង ស្តាប់ដល់សត្រូវរបស់ខ្ញុំ តែលោកមិនព្រមស្តាប់ខ្ញុំសោះ...។ មិនត្រូវធ្វើអំពើបាបទាស់នឹងសេចក្តីយុត្តិធម៌ទេ។ ចំពោះខ្ញុំវិញ ខ្ញុំគ្រាន់តែជាជនទន់ខ្សោយម្នាក់ប៉ុណ្ណោះ ជីវិតខ្ញុំមិនសំខាន់ទេ ហើយពេលខ្ញុំសូមមិនឱ្យលោកកាត់ក្តី ដោយអយុត្តិធម៌ ខ្ញុំមិនមែននិយាយសម្រាប់តែខ្លួនខ្ញុំទេ គឺសម្រាប់ ប្រយោជន៍លោកវិញទេតើ»។

នៅទីបំផុត គេក៏បានយល់ព្រមដល់សំណូមពររបស់គាត់។ នៅក្នុង វត្តមាននៃអ្នកកាត់ក្តីទាំងឡាយ លោកយេរ៉ូមបានលុតជង្គង់ចុះ ហើយ​អធិស្ឋាន សូមឱ្យព្រះវិញ្ញាណពីស្ថានសួគ៌ ណែនាំគំនិតគាត់ ប្រយោជន៍ ឱ្យគាត់អាចនិយាយនូវអ្វីដែលមិនផ្ទុយនឹងសេចក្តីពិត ឬមិនសមគួរអំពីព្រះបរមគ្រូរបស់គាត់។ សេចក្តីសន្យាបានសម្រេចចំពោះគាត់នៅថ្ងៃនោះ «នៅពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឱ្យថប់ព្រួយពីបែបនិយាយ ឬពី ពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្តីដែលត្រូវនិយាយនឹងបានប្រទាន ដល់អ្នករាល់គ្នានៅវេលានោះឯង ដ្បិតមិនមែនអ្នករាល់គ្នាដែលត្រូវនិយាយនោះទេ គឺព្រះវិញ្ញាណរបស់ព្រះវរបិតាទេតើ ដែលទ្រង់មានបន្ទូល ក្នុងខ្លួន អ្នកវិញ»។ ម៉ាថាយ ១០:១៩,២០។

អស់រយៈពេលពេញមួយឆ្នាំ លោកយេរ៉ូមបានស្ថិតនៅក្នុងគុកងងឹត ទាំងអានមិនបាន ឬមើលអ្វីមិនឃើញផង។ ប៉ុណ្ណឹងហើយ គាត់បានសម្តែង នូវការថ្លែងសេចក្តីរបស់គាត់យ៉ាងច្បាស់ និងដោយអំណាច ដូចជាគាត់មានឱកាសសិក្សាដោយគ្មានគេរំខានដូច្នោះ។ គាត់បានពន្យល់អ្នកស្តាប់ឱ្យយល់ ពីជនបរិសុទ្ធជាច្រើនតំណមក ដែលពួកចៅក្រមអយុត្តិធម៌បានផ្តន្ទាទោស។ ស្ទើរតែគ្រប់តំណអ្នកដែលចង់លើកប្រជាជនឱ្យបានខ្ពង់ខ្ពស់ក្នុងជំនាន់គេនោះ ត្រូវបានគេបដិសេធចោល។ ព្រះគ្រីស្ទផ្ទាល់ត្រូវបានគេផ្តន្ទាទោសថាជាអ្នកល្មើសច្បាប់នៅសាលាកាត់ក្តីដ៏អយុត្តិធម៌មួយ។

ឥឡូវនេះ លោកយេរ៉ូមថ្លែងពីការលន់តួរបស់គាត់ និងធ្វើជាសាក្សី ដល់ភាពឥតកំហុស និងភាពបរិសុទ្ធរបស់លោកហាស់ដែលបានស្លាប់ទៅហើយនោះ។ គាត់មានប្រសាសន៍ថា៖ «ខ្ញុំស្គាល់គាត់តាំងតែពីនៅវ័យកុមារម៉្លេះ»។ «គាត់ជាមនុស្សដ៏ល្អបំផុត ប្រកបដោយសេចក្តីយុត្តិធម៌ និងសេចក្តី បរិសុទ្ធ តែគេបានផ្តន្ទាទោសលោក ទោះជាលោកគ្មានកំហុសក៏ដោយ...។ ខ្ញុំសុខចិត្តស្លាប់វិញ ខ្ញុំនឹងមិនដកខ្លួន ដោយខ្លាចសេចក្តីវេទនា ដែលពួក សត្រូវ និងពួកអ្នកធ្វើទីបន្ទាល់ក្លែងក្លាយបានរៀបចំសម្រាប់ខ្ញុំឡើយ ហើយ ថ្ងៃណាមួយពួកគេទាំងនេះនឹងរ៉ាយរ៉ាប់ពីដំណើរនៃការក្លែងបន្លំរបស់គេ នៅ ចំពោះព្រះដ៏មានមហិទ្ធិប្ញទ្ធិ ដែលគ្មានអ្វីអាចបញ្ឆោតបានឡើយ»។

លោកយេរ៉ូមបានបន្តថា៖ «អស់ទាំងអំពើបាបដែលខ្ញុំបានប្រព្រឹត្ត តាំងតែពីយុវវ័យមក គ្មានអំពើបាបណាមួយមានទម្ងន់យ៉ាងធ្ងន់ក្នុងចិត្តខ្ញុំ ហើយបណ្តាលឱ្យមានវិប្បដិសារីខ្វល់ខ្វាយក្នុងចិត្តជាងអំពើបាបដែលខ្ញុំបានប្រព្រឹត្តក្នុងកន្លែងដ៏ស្លាប់រស់នេះទេ នៅពេលខ្ញុំបានយល់ស្របទៅនឹងការកាត់ទោសដ៏ទុច្ចរិតដល់លោកវ៉ាយឃ្លីហ្វ និងដល់ជនបរិសុទ្ធ ចន ហាស់ ដែលជាគ្រូ និងជាមិត្តរបស់ខ្ញុំនោះ។ ហ្នឹងហើយ! ខ្ញុំសូមសារភាពអស់ពី ដួងចិត្ត និងថ្លែងដោយសេចក្តីរន្ធត់ ថាខ្ញុំបានអស់សង្ឃឹមដោយខ្លាចស្លាប់ ខ្ញុំក៏បានថ្កោលទោសដល់គោលលទ្ធិរបស់គេវិញ។ ដូច្នេះខ្ញុំសូមទូលអង្វរករ...ព្រះដ៏មានឥទ្ធិប្ញទ្ធិ ឱ្យលើកលែងទោសរបស់ខ្ញុំ តាមតែទ្រង់សព្វព្រះហប្ញទ័យ ហើយទោសនេះជាពិសេស ជាទោសដ៏អាក្រក់អសោចជាងអ្វីៗទាំងអស់»។

ដោយចង្អុលទៅពួកចៅក្រម គាត់មានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា «អស់លោកបានផ្តន្ទាទោសដល់លោកវ៉ាយឃ្លីហ្វ និងលោកហាស់...។ អ្វីៗដែលគេទាំងឡាយយល់ស្រប ហើយនិងអ្វីៗដែលគេបង្ហាញថាខុសមិនបាននោះ ខ្ញុំក៏អះអាងដូចពួកគេដែរ»។

គេបានបន្លប់ពាក្យរបស់គាត់។ ពួកសង្ឃជាន់ខ្ពស់ ញ័រខ្លួនដោយ កំហឹង ក៏ស្រែកឡើងថា៖ «តើត្រូវការបញ្ជាក់អ្វីបន្តទៀត? យើងឃើញផ្ទាល់ ភ្នែករបស់យើងហើយនូវការរឹងចចេសជាទីបំផុតនៃអ្នកបែកឆ្វេង»

មិនរញ្ជួយដោយព្យុះកំណាចនេះ លោកយេរ៉ូមបានឧទានឡើងថា៖ «ថាម៉េចៗ តើលោកគិតថា ខ្ញុំខ្លាចស្លាប់ឬ? លោកបានឃុំឃាំងខ្ញុំអស់ពេញ មួយឆ្នាំ ក្នុងគុកដ៏គម្រក់គួរខ្លាច ដែលអាក្រក់ជាងសេចក្តីស្លាប់ទៅទៀត...។ ខ្ញុំគ្រាន់តែសម្តែងពីការអស្ចារ្យនៃភាពឃោរឃៅដ៏ក្រៃលែងនេះ ដែលបានប្រព្រឹត្តដល់ជនគ្រីស្ទានម្នាក់ប៉ុណ្ណោះទេតើ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្តី​ស្លាប់។ សុភាសិត​ ១៤:២៧

Powered by CAM