ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៨០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។ សុភាសិត ១៥:១៥
សេចក្តីសុខសាន្តជាមួយនឹងព្រះ
ការប៉ងប្រាថ្នារកសេចក្តីសុខសាន្តជាមួយនឹងព្រះ បាននាំឱ្យគាត់ បូជាជីវិតធ្វើជាសង្ឃ។ ទីនេះគាត់ត្រូវធ្វើការដែលមិនគួរគប្បី ហើយនិងត្រូវសុំទានពីផ្ទះមួយទៅផ្ទះមួយ។ គាត់បានស៊ូទ្រាំនឹងសេចក្តីអាម៉ាស់នេះ ដោយជឿថាជាការចាំបាច់ ព្រោះតែអំពើបាបរបស់គាត់។
ទោះជានៅពេលសម្រាន្តឬពេលទទួលទានអាហារដ៏ស្តួចស្តើងក៏ដោយ ក៏គាត់ឆ្លៀតរំលែកពេលសិក្សាព្រះបន្ទូលរបស់ព្រះដោយអំណរដែរ។ គាត់បានឃើញព្រះគម្ពីរមួយ ចងតម្កល់នៅនឹងជញ្ជាំងសាលា ហើយគាត់ ចេញចូលទៅអានជាញឹកញយ។
គាត់បានរស់នៅក្នុងជីវិតដ៏តឹងតែងមួយ ដែលខំព្យាយាមដោយតម អត់ តមដេក ហើយវាយដំខ្លួន ដើម្បីរំងាប់និស្ស័យអាក្រក់របស់គាត់។ ក្រោយមក គាត់បានមានប្រសាសន៍ថា «ប្រសិនបើសង្ឃអាចទៅស្ថានសួគ៌ ដោយសង្ឃកិច្ចរបស់គេនោះ នោះខ្ញុំពិតជាត្រូវបានទៅស្ថានសួគ៌ហើយ...។ ប្រសិនបើនៅតែបន្តយូរជាងនេះទៅទៀត នោះខ្ញុំគួរស្តាយនូវភាពអាប់ឱន របស់ខ្ញុំ លុះដល់ស្លាប់ជាមិនខាន»៣។ទោះជាខិតខំព្យាយាមយ៉ាងណា ក៏ ព្រលឹងដ៏ធ្ងន់ដោយបន្ទុករបស់គាត់ រកសេចក្តីធូរស្រាលមិនឃើញសោះ។ ទីបំផុត គាត់ស្ទើរតែអស់សង្ឃឹម។
នៅពេលមើលទៅដូចជាមិនស្រួល ព្រះបាននាំមិត្តម្នាក់មកឯគាត់។ លោកស្ទ័រភិត្យបានបើកបង្ហាញព្រះបន្ទូលរបស់ព្រះ ដល់គំនិតរបស់លូធើរ ហើយបានសូមឱ្យគាត់កុំមើលមកឯខ្លួនគាត់តែត្រូវបែរទៅមើលឯព្រះយេស៊ូវវិញ។ «ជាជាងដាក់ទណ្ឌកម្មដល់ខ្លួន ដោយព្រោះតែបាបកម្មរបស់អ្នកនោះ ចូរទម្លាក់ខ្លួនទៅក្នុងព្រះហស្តនៃព្រះអង្គសង្គ្រោះវិញ។ ចូរទុកចិត្តលើទ្រង់ លើភាពសុចរិតនៃព្រះជន្មរបស់ទ្រង់ ហើយនិងទៅលើសេចក្តីប្រោសលោះបាបនៃជីវង្គតរបស់ទ្រង់វិញ...។ ព្រះរាជបុត្ររបស់ព្រះ...បានក្លាយមក ជាមនុស្ស ដើម្បីបញ្ជាក់ដល់អ្នកនូវការអនុគ្រោះពីស្ថានសួគ៌...។ ចូរស្រឡាញ់ ដល់ព្រះដែលស្រឡាញ់យើងជាមុនចុះ»៤។ ពាក្យរបស់គាត់បានធ្វើឱ្យលោក លូធើរចាប់ចិត្តយ៉ាងខ្លាំង។ សេចក្តីសុខសាន្តក៏បានចូលមកក្នុងព្រលឹងដ៏ ក្រៀមក្រំរបស់គាត់។
គេបានបំបួសលោកលូធើរឱ្យធ្វើជាសង្ឃ ហើយត្រូវបានគេឱ្យធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិតថិនបឺក។ គាត់បានចាប់ផ្តើមអធិប្បាយ អំពីគម្ពីរទំនុកតំកើង ដំណឹងល្អ និងអំពីសំបុត្រពួកសាវ័ក ដល់ពួកមនុស្ស ដែលចូលចិត្តស្តាប់។ លោកស្ទ័រភិត្ស ដែលជាអ្នកដឹកនាំគាត់ បានបបួលឱ្យ លោកឡើងអធិប្បាយលើអាសនា។ ប៉ុន្តែ លោកលូធើរមានការរួញរា គិតថាខ្លួនមិនសមនឹងនិយាយដល់មនុស្សជំនួសព្រះយេស៊ូវឡើយ។ លុះក្រោយ ពីការតស៊ូជាយូរមក ទើបលូធើរព្រមតាមសំណូមពររបស់មិត្តទាំងឡាយ របស់គាត់។ គាត់ពូកែខាងបទគម្ពីរណាស់ ហើយព្រះគុណរបស់ព្រះបាន សណ្ឋិតលើគាត់។ ការសម្តែងសេចក្តីពិតយ៉ាងច្បាស់ និងអំណាចដែល លោកសម្តែងនោះ បានធ្វើឱ្យគេយល់យ៉ាងជាក់លាក់ ហើយចិត្តគេក៏បាន រំភើបនឹងវោហាររបស់គាត់ដែរ។
លូធើរនៅតែជាកូនប្រុសពិតប្រាកដនៃវិហារកាតូលិករ៉ូមដដែល លោកពុំដែលគិតថានឹងបានកើតជាអ្វីទៀតសោះឡើយ។ គេបាននាំគាត់ឱ្យទៅទស្សនាទីក្រុងរ៉ូម ហើយគាត់បានធ្វើដំណើរដោយជើង ស្នាក់នៅតាមវត្ត អារាមកាតូលិកតាមផ្លូវ។ គាត់មានការអស្ចារ្យជាខ្លាំងចំពោះភាពរុងរឿងនិង គ្រឿងល្អប្រណីតគ្រប់យ៉ាងដែលគាត់បានឃើញ។ ពួកសង្ឃទាំងឡាយ បាន ស្នាក់នៅក្នុងបន្ទប់ដ៏ស្តុកស្តម្ភ ប្រដាប់ខ្លួនដោយស្បង់ចីវរដ៏មានតម្លៃ ហើយ ឆាន់ភត្តាហារដ៏ថ្លៃបំផុត។ គំនិតរបស់លោកលូធើរ បានក្លាយទៅជាវិលវល់ពន់ពេកក្រៃ។
ទីបំផុត គាត់បានឃើញទីក្រុងភ្នំប្រាំពីរ ពីចម្ងាយ។ គាត់បានក្រាប ខ្លួនទៅនឹងដី ហើយឧទានថា៖ «ក្រុងរ៉ូមដ៏បរិសុទ្ធអើយ ខ្ញុំសូមធ្វើគារវកិច្ចចំពោះអ្នក»៥។លោកបានទស្សនាវិហារទាំងឡាយ ហើយស្តាប់រឿងព្រេងដ៏ ពីរោះ ដែលគ្រូសង្គ្រាជនិងសង្ឃទាំងឡាយ តំណាលប្រាប់ម្តងទៀត ព្រមទាំង ប្រារព្ធអស់ទាំងសង្ឃកិច្ចដែលត្រូវធ្វើ។ គាត់ឃើញមានទស្សនីយភាពដ៏ អស្ចារ្យគ្រប់ទីកន្លែងមានដូចជាភាពទុច្ចរិតក្នុងចំណោមភិក្ខុសង្ឃ និងរឿង កំប្លែងដ៏មិនសមរម្យពីពួកសង្ឃជាន់ខ្ពស់។ កាត់បានតក់ស្លុតជាខ្លាំងនឹងការ ប្រមាថរបស់ពួកគេ ក្នុងពេលបុណ្យលៀងព្រះអម្ចាស់។ គាត់បានប្រទះ ឃើញមានសេចក្តីឥតប្រមាណ និងសេចក្តីត្រេកត្រអាល។ លោកបាន សរសេរថា «គ្មាននរណាអាចស្មានដល់អំពើបាបកម្ម និងអំពើខូចកេរ្តិ៍ឈ្មោះដែលរ៉ូមបានប្រព្រឹត្តទេ...។ គេទម្លាប់និយាយថា ‘បើមានស្ថាននរកមែននោះ ក្រុងរ៉ូមគឺសង់នៅលើស្ថាននោះហើយ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសំរេច។ សុភាសិត ១៦:៣