ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៨១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មានទ្រព្យសម្បត្តិតិច ហើយមានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្តីទុក្ខវិញ។ សុភាសិត ១៥:១៦
សេចក្តីពិតលើជណ្តើររបស់លោកភីឡាត់
សម្តេចសង្ឃបានសន្យានូវការលើកលែងបាប ដល់អស់អ្នកដែល ដើរនឹងក្បាលជង្គង់ឡើង «ជណ្តើរលោកភីឡាត់» ដែលគេជឿថាបានយកពី ក្រុងយេរូសាឡិម មកឯក្រុងរ៉ូមដោយបាដិហារ្យដ៏អស្ចារ្យ។ ថ្ងៃមួយ លោកលូធើរកំពុងតែឡើងកាំជណ្តើរទាំងនេះ ស្រាប់តែឮសំឡេងដូចផ្គរលាន់ហាក់ បីដូចជាបន្លឺឡើងថា «មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿ» រ៉ូម ១:១៧។ គាត់ក៏ស្ទុះក្រោកឡើងក្នុងសេចក្តីអាម៉ាស់ និងសេចក្តីរន្ធត់។ ចាប់ តាំងពីពេលនោះមក គាត់បានយល់ជាក់ច្បាស់ជាងមុនៗទៅទៀត នូវកំហុស នៃការទុកចិត្តដល់កិច្ចការរបស់មនុស្សសម្រាប់សេចក្តីសង្គ្រោះ។ គាត់ក៏បាន ងាកមុខចេញពីរ៉ូម។ ចាប់ពីពេលនោះមក ការឃ្លាតចិត្តបានមានកាន់តែខ្លាំង ឡើង រហូតដល់គាត់ផ្តាច់អស់ខ្សែរយៈជាមួយវិហារកាតូលិករ៉ូមតែម្តង។
បន្ទាប់ពីត្រឡប់មកពីក្រុងរ៉ូមវិញ លោកលូធើរបានទទួលសញ្ញាប័ត្រជាបណ្ឌិតនៃសាសនវិទ្យា។ ឥឡូវនេះគាត់មានសេរីភាពដើម្បីផ្តោតចិត្តទៅនឹងបទគម្ពីរដែលគាត់ស្រឡាញ់។ គាត់បានស្បថសច្ចាថានឹងផ្សព្វផ្សាយ ដោយសេចក្តីស្មោះត្រង់ នូវព្រះបន្ទូលរបស់ព្រះ ពុំមែនគោលលទ្ធិនៃពួក សម្តេចសង្ឃនោះទេ។ គាត់លែងធ្វើជាសង្ឃសាមញ្ញទៀតហើយ តែជាអ្នកមានអំណាចផ្សាយព្រះគម្ពីរវិញ។ គាត់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួក គ្រីស្ទានទាំងឡាយ ពុំគួរទទួលគោលលទ្ធិណាក្រៅពីគោលលទ្ធិដែលស្ថិតនៅលើអំណាចនៃព្រះគម្ពីរបរិសុទ្ធនោះឡើយ។
ហ្វូងមនុស្សចូលចិត្តស្តាប់ពាក្យពេចន៍របស់គាត់ជាខ្លាំង។ ដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ និងសេចក្តីធានាថានឹងបានទទួល ការលើកទោសហើយនិងសុខសន្តិភាពតាមរយៈព្រះលោហិតលោះបាប របស់ទ្រង់ បានធ្វើឱ្យចិត្តគេរំភើបជាអនេក។ នៅឯវិតថិនបឺកមានពន្លឺភ្លឺឡើង ដែលបញ្ចេញកាំរស្មីកាន់តែត្រចះត្រចង់ថែមទៀត លុះដល់គ្រាចុងក្រោយ បង្អស់។
ប៉ុន្តែ នៅរវាងសេចក្តីពិតនិងសេចក្តីមិនពិត គឺមានទំនាស់។ ព្រះអង្គសង្គ្រោះរបស់យើងបានមានបន្ទូលថា៖ «ខ្ញុំមិនមែនមក ដើម្បីតាំងឱ្យមាន សេចក្តីមេត្រីទេ គឺឱ្យមានដាវវិញ»។ ម៉ាថាយ ១០:៣៤។ បន្ទាប់ពីការប្រសូតនៃកំណែទម្រង់បានពីរបីឆ្នាំមក លោកលូធើរមានប្រសាសន៍ថា៖ «ព្រះអង្គ អើយ...សូមទ្រង់ជំរុញកូនឱ្យទៅមុខ...។ កូនប្រាថ្នាចង់រស់ដោយសេចក្តី សុខសាន្ត ប៉ុន្តែ កូនត្រូវធ្លាក់ទៅក្នុងក្រអៅនៃចលាចលនិងការវិលវល់ទៅវិញ »។
ការលក់ច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាប
វិហាររ៉ូមបានយកព្រះគុណរបស់ព្រះ ធ្វើជាគ្រឿងលក់ដូរ។ ក្រោម សំណូមពរនៃការរៃប្រាក់កាសសម្រាប់សង់វិហារនៃសន្តបុគ្គលពេត្រុសនៅឯក្រុងរ៉ូម សម្តេចសង្ឃរាជក៏ចេញអាជ្ញាឱ្យលក់ច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាប។ គេបានសង់វិហារសម្រាប់គោរពថ្វាយបង្គំព្រះ ដោយអំពើឧក្រិដ្ឋ។ នៅពេលនេះហើយ ដែលសត្រូវដ៏ខ្លាំងពូកែរបស់លទ្ធិកាតូលិករ៉ូមនិយម ងើបឡើង ហើយនាំគ្នាធ្វើចម្បាំង ដែលរញ្ជួយបល្ល័ង្កនៃវិហារកាតូលិក ហើយ និងមកុដទាំងបីដែលនៅលើសិរសានៃមហាសង្ឃរាជ។
លោកថិតហ្សិល ជាភ្នាក់ងារដែលបានរើសតាំងឡើងឱ្យរៀបចំការលក់ដូរនូវច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាបក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានជាប់ទោសពីបទអសីលធម៌ទាស់នឹងសង្គម ហើយនិងក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែគេបានជួលគាត់ឱ្យទៅបង្កើនឡើងថែមទៀត នូវគម្រោងការកេងយក ចំណេញរបស់សម្តេចសង្ឃ នៅក្នុងប្រទេសអាល្លឺម៉ង់។ គាត់បានតំណាលប្រាប់ រឿងក្លែងក្លាយដ៏ច្បាស់ក្រឡែត ហើយនិងរឿងប្រឌិតដ៏ពីរោះស្តាប់ ដើម្បី បញ្ឆោតជនល្ងង់ខ្លៅ ឬមនុស្សជឿជំនឿអកុសល។ ប្រសិនបើគេមានព្រះ បន្ទូលរបស់ព្រះ នោះពួកគេនឹងមិនជឿដោយងាយៗឡើយ ប៉ុន្តែ ពួកគេឥត មានព្រះគម្ពីរទេ ព្រោះគេបានដកចេញពីខ្លួនអស់ហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសំរេច។ សុភាសិត ១៦:៣