ថ្ងៃច័ន្ទ ទី៥ ខែមេសា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-០៤)
អ្នកកាន់ពន្លឺស្មោះត្រង់
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៥៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ។ ធីម៉ូថេទី២ ២:១៥
ក្នុងអំឡុងពេលដ៏យូរលង់នៃឧត្តមភាពរបស់វិហារកាតូលិក តែងតែមានស្មរបន្ទាល់ដែលមានជំនឿខ្ជាប់ខ្ជួនសម្រាប់ព្រះគ្រីស្ទ ទាំងចាត់ទ្រង់ទុក ដូចជាអ្នកកណ្តាលរវាងព្រះ និងមនុស្ស។ គេកាន់ព្រះគម្ពីរទុកជាក្បួនតម្រានៃជីវិត ហើយនិងញែកថ្ងៃឈប់សម្រាកពិតប្រាកដជាបរិសុទ្ធ។ គេបានជាប់ឈ្មោះជាអ្នកកាន់លទ្ធិខុសឆ្គង សំណេររបស់គេត្រូវបានបិទ ហើយនិង បំផ្លើសពីការពិត ព្រមទាំងមួលបង្កាច់ន័យទៀតផង ប៉ុន្តែ គេនៅតែឈរមាំដដែល។
គេពុំមានឈ្មោះល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រមនុស្សទេ លើកលែង តែក្នុងការចោទប្រកាន់របស់ពួកធ្វើទុក្ខបៀតបៀនតែប៉ុណ្ណោះ។ អ្វីៗដែល មានទំនងជា «លទ្ធិខុសឆ្គង» ទោះជាបុគ្គល ឬសំណេរក្តី ក៏រ៉ូមស្វែងរក បំផ្លាញចោលដែរ។ រ៉ូមបានខិតខំព្យាយាមបំផ្លាញនូវអស់ទាំងកំណត់ហេតុ របស់ខ្លួន ស្តីអំពីអំពើឃោរឃៅដល់ជនខ្វែងគំនិត។ មុនការបង្កើតគ្រឿងពុម្ព សៀវភៅមានចំនួនតិចតួច ម៉្លោះហើយគេបង្ការពួកកាតូលិករ៉ូមបានតិចតួចណាស់ពីការធ្វើតាមបំណងចិត្តរបស់គេ។ គ្រាន់តែបានកាន់អំណាចភ្លាម ប្រព័ន្ធ កាតូលិករ៉ូមក៏ស្រវាទៅច្របាច់កម្ទេចអស់អ្នកណាដែលមិនចុះសម្រុងនឹងខ្លួន។
នៅចក្រភពអង់គ្លេស (Great Britain) គ្រីស្ទសាសនាជាន់ដើមបានចាក់ប្ញសជាលើកដំបូងដោយឥតមានការពុករលួយពីការងាកចេញពីជំនឿ របស់ពួកកាតូលិករ៉ូមឡើយ។ ការធ្វើទុក្ខបៀតបៀនពីសំណាក់ពួកអធិរាជ ដែលកាន់សាសនាដទៃ គឺជាអំណោយតែមួយគត់ ដែលក្រុមជំនុំដំបូងនៃ ចក្រភពអង់គ្លេសបានទទួលអំពីរ៉ូម។ អ្នកគ្រីស្ទានជាច្រើនដែលភៀសខ្លួនពីការធ្វើទុក្ខបៀតបៀននៅក្នុងប្រទេសអង់គ្លេស បានមកជ្រកកោនក្នុង ប្រទេសស្កតឡិន (Scotland)។ បន្ទាប់មក សេចក្តីពិតត្រូវបាននាំចូលទៅ កាន់ប្រទេសអៀកឡង់ (Ireland) ហើយប្រទេសទាំងនេះបានទទួលដោយ រីករាយ។
នៅពេលដែលពួកសាក់សុង (Saxons) ឈ្លានពានចក្រភពអង់គ្លេស សាសនាដែលគោរពព្រះដទៃបានឡើងគ្រប់គ្រង ហើយពួកគ្រីស្ទានត្រូវបាន បង្ខំឱ្យដកខ្លួនទៅកាន់តំបន់ភ្នំ។ មួយសតវត្សក្រោយមក នៅក្នុងប្រទេស ស្កត់ឡិន ពន្លឺបានបញ្ចេញរស្មីដ៏ភ្លឺចិញ្ចែងដល់ទីតំបន់ឆ្ងាយៗ។ ពីប្រទេស អៀកឡង់ មានលោកកូឡាំបា (Columba) និងគូកន ដែលបានធ្វើឱ្យកោះ អាយយ៉ូណា (Iona) ទៅជាមជ្ឈមណ្ឌលនៃក្រុមបេសកជនផ្សាយដំណឹង។ ក្នុងចំណោមអ្នកផ្សាយដំណឹងល្អទាំងនេះមានអ្នករក្សាថ្ងៃសាប្បាតហ៍តាមគម្ពីរម្នាក់ ម្ល៉ោះហើយ សេចក្តីពិតនេះក៏បានចែកចាយដល់បណ្តាជនទាំងឡាយ។ សាលារៀនមួយត្រូវបានស្ថាបនាឡើងទៅឱ្យយ៉ូណា បេសកជនទាំងឡាយ បានចេញមកពីនោះ ទៅកាន់ប្រទេសស្កត់ឡិន អង់គ្លេស ស្វុីស (Switzerland) និងអ៊ីតាលី (Italy)។
រ៉ូមប្រទះនឹងសាសនាព្រះគម្ពីរ
ប៉ុន្តែ រ៉ូមបានសម្រេចថា នឹងយកចក្រភពអង់គ្លេសមកដាក់នៅក្រោមឧត្តមភាពរបស់ខ្លួន។ នៅសតវត្សទី៦ បេសកជនផ្សាយដំណឹងរបស់រ៉ូម បាន ធ្វើការបំផ្លាស់បំប្រែដល់ពួកសាក់សុងដែលគោរពព្រះដទៃ។ នៅពេលដែល កិច្ចការចេះតែចម្រើនឡើង មេដឹកនាំកាតូលិក បានមកប្រឈមមុខនឹងអ្នក គ្រីស្ទានជាន់ដើម ដែលជាជនសាមញ្ញ ដាក់ខ្លួនរាបទាប ហើយនិងមានចរិត លក្ខណៈ គោលលទ្ធិ និងចរិយាមារយាទតាមបទគម្ពីរ។ ឯពួកដឹកនាំ កាតូលិកបានកាន់ជំនឿអកុសល គាប់ចិត្តនឹងភាពអធិកអធម និងសម្តែង ប្ញកក្អេងក្អាង។ រ៉ូមបានបញ្ជាក្រុមជំនុំគ្រីស្ទានទាំងនេះ ឱ្យគោរពស្តេចសង្ឃ។ ពួកអង់គ្លេសបានឆ្លើយតបថា គេមានចិត្តស្រឡាញ់ដល់គ្រប់មនុស្ស ទាំងអស់ ប៉ុន្តែ ស្តេចប៉ាបពុំមានសិទ្ធិទទួលឧត្តមភាពនៅក្នុងវិហារឡើយ ហើយគេអាចផ្តល់ដល់លោកបានត្រឹមតែការចុះចូលដូចដែលធ្លាប់បានធ្វើចំពោះ អ្នកដើរតាមព្រះគ្រីស្ទរាល់រូបដែរប៉ុណ្ណោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។ ធីម៉ូថេទី២ ៤:៥