ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៥៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ។ ធីម៉ូថេទី២ ២:៣
ឥឡូវនេះ ឥរិយាពិតប្រាកដនៃប្រព័ន្ធកាតូលិករ៉ូមបានសម្តែងឱ្យ ឃើញហើយ។ មេដឹកនាំនៃវិហាររ៉ូមបាននិយាយឡើងថា «បើអ្នករាល់គ្នាមិនទទួលបងប្អូនដែលនាំមកឱ្យអ្នករាល់គ្នានូវសន្តិភាពទេ នោះអ្នករាល់គ្នានឹងទទួលសត្រូវដែលនាំមកឱ្យអ្នករាល់គ្នានូវសង្គ្រាមវិញ»១។ សង្គ្រាមនិងអំពើ បោកបញ្ឆោត ត្រូវបានយកមកប្រើប្រឆាំងនឹងអ្នកទាំងនេះ ដែលជាអ្នកមានជំនឿស្មោះត្រង់ចំពោះគម្ពីរ រហូតទាល់តែក្រុមជំនុំទាំងឡាយនៃចក្រភព អង់គ្លេស ត្រូវបានវិនាសខ្ទេចខ្ទី ឬក៏ត្រូវបង្ខំឱ្យចុះចូលចំពោះស្តេចប៉ាប។
នៅក្នុងទឹកដីទាំងឡាយណាដែលហួសពីអំណាចច្បាប់របស់រ៉ូម ទីនោះ បានកើតមានក្រុមជំនុំគ្រីស្ទានអស់ជាច្រើនសតវត្ស ដែលស្ថិតស្ថេរនៅស្ទើរតែផុតស្រឡះពីអំណាចពុករលួយនៃវិហារកាតូលិក។ ពួកគេនៅតែចាត់ទុកព្រះគម្ពីរថា ជាក្បួនតម្រាតែមួយគត់នៃជំនឿ។ អ្នក គ្រីស្ទានទាំងនេះ ជឿថាច្បាប់ របស់ព្រះតែងតែនៅស្ថិតស្ថេរជានិច្ច ហើយគេរក្សាថ្ងៃសប្បាតហ៍តាមក្រឹត្យវិន័យទី៤។ ក្រុមជំនុំទាំងឡាយដែលកាន់ជំនឿនេះ ព្រមទាំងអនុវត្តតាមផងនោះ គឺមាននៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ហើយ និងនៅក្នុងចំណោមពួកអាមិន្នី (Armenians) នៅអាស៊ីផងដែរ។
ពួកវ៉លដូ (Waldenses) ជាអ្នកដែលបានឈរឡើងមុនគេ ជំទាស់ នឹងអំណាចកាតូលិក។ នៅក្នុងទឹកដីដែលពួកកាតូលិកគ្រប់គ្រងពេញទី ក៏មានការតទល់ដ៏ខ្លាំងក្លាចំពោះអំពើខុសឆ្គង និងអំពើពុករលួយដែរ។ ជាច្រើនសតវត្សកន្លងមក ក្រុមជំនុំនៅជួរភ្នំផាយម៉ន់† ក៏បានស្ថិតនៅក្នុង ឯករាជ្យភាព ប៉ុន្តែ ពេលវេលាក៏បានមកដល់ នៅពេលដែលរ៉ូមបន្តឹងឱ្យចុះ ចូល។ ប៉ុន្តែ អ្នកខ្លះដែលបដិសេធមិនចុះចូលចំពោះប៉ាប និងសង្ឃជាន់ខ្ពស់ នៅតែតាំងចិត្តរក្សាភាពបរិសុទ្ធ និងភាពសាមញ្ញនៃជំនឿរបស់ខ្លួន។ ការ បាក់បែកក៏កើតមានឡើង។ អស់អ្នកដែលតោងជាប់ទៅនឹងជំនឿបុរាណ ឥឡូវនេះក៏បានដកខ្លួនចេញ។ ខ្លះបានចាកចោលភ្នំអាល់ ដែលជាស្រុក កំណើតខ្លួន លើកទង់សញ្ញានៃសេចក្តីពិតនៅក្នុងទឹកដីបរទេស អ្នកខ្លះទៀតដកថយទៅកាន់ជ្រលងភ្នំក្រំថ្មដាច់ស្រយាល ហើយរក្សាការពារសេរីភាព ក្នុង ការថ្វាយបង្គំព្រះរបស់ខ្លួននៅទីនោះ។
ជំនឿសាសនារបស់ពួកគេ បានស្ថិតនៅលើសំណេរនៃព្រះបន្ទូល របស់ព្រះ។ អ្នកស្រែចម្ការដ៏ក្រីក្រនោះ ដែលបានលាក់កំបាំងពីពិភពលោក ពុំបានរកឃើញសេចក្តីពិតដែលផ្ទុយអំពីគោលលទ្ធិរបស់វិហារកាតូលិកដោយខ្លួនឯងទេ ព្រោះជំនឿសាសនារបស់ពួកគេជាកេរ្តិ៍ដំណែលពីមាតាបិតាមក។ ពួកគេបានស្កប់ចិត្តចំពោះជំនឿនៃក្រុមជំនុំពួកសាវ័ក។ ក្រុមជំនុំដ៏ពិតរបស់ព្រះគ្រីស្ទគឺជា «ក្រុមជំនុំនៅក្នុងទីរហោស្ថាន» ពុំមែនជាពួកមាន ប្ញកក្រអឺតក្នុងតំណែងខ្ពស់ ដែលបានតាំងបល្ល័ង្កនៅក្នុងទីក្រុងធំរបស់ លោកីយ៍ឡើយ ពួកគេជាអ្នករក្សាការពារកំណប់នៃសេចក្តីពិតដែលព្រះទ្រង់ បានប្រគល់ដល់បណ្តាជនរបស់ទ្រង់ ឱ្យចែកដល់ពិភពលោក។
មូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយ ដែលបណ្តាលឱ្យមានការបែកបាក់ក្រុមជំនុំពិតប្រាកដចេញអំពីរ៉ូម គឺជាការស្អប់ខ្ពើមរបស់រ៉ូមដល់ថ្ងៃសប្បាតហ៍នៃព្រះគម្ពីរ។ ដូចបានទាយទុកមកហើយ អំណាចកាតូលិកបានជាន់ពន្លិចក្រឹត្យវិន័យរបស់ព្រះទៅក្នុងដី។ វិហារទាំងឡាយដែលនៅ ក្រោមការគ្រប់គ្រងរបស់កាតូលិក ត្រូវបានបង្ខំឱ្យគោរពថ្ងៃអាទិត្យ។ នៅក្នុងចំណោមកំហុសខុសឆ្គងទាំងឡាយដែលកំពុងកើនឡើងជាលំដាប់នោះ មាន ជនពិតប្រាកដរបស់ព្រះជាច្រើនបានភាន់គំនិតជាខ្លាំង ព្រោះក្នុងពេលដែលគេរក្សាថ្ងៃសប្បាតហ៍ គេត្រូវឈប់ធ្វើការនៅថ្ងៃអាទិត្យទៀត។ ប៉ុន្តែ ធ្វើប៉ុណ្ណេះហើយ មេដឹកនាំកាតូលិកនៅតែមិនស្កប់ចិត្តទៀត។ គេបញ្ជាឱ្យប្រមាថដល់ថ្ងៃឈប់សម្រាក ហើយបានផ្តន្ទាដល់អស់អ្នកណាដែលហ៊ានគោរពថ្ងៃនេះ។ ពួកវ៉លដូមានព្រះគម្ពីរជាភាសារបស់ខ្លួនរាប់រយឆ្នាំមុន សម័យកែទម្រង់ទៅទៀត។ ត្រង់នេះហើយដែលធ្វើឱ្យពួកគេក្លាយជាកម្មវត្ថុពិសេសនៃការធ្វើទុក្ខបៀតបៀន។ ពួកគេបានប្រកាសថា វិហាររ៉ូមគឺជាបាប៊ីឡូន នៃវិវរណៈដែលប្រាសចាកជំនឿ។ ពួកគេក៏បានក្រោកឡើងតទល់នឹងអំពើ ពុករលួយរបស់រ៉ូម ដោយឥតខ្លាចមានគ្រោះអន្តរាយដល់ជីវិតឡើយ។ នៅ ក្នុងរយៈយុគសម័យនៃការងាកចេញពីជំនឿ មានពួកវ៉លដូដែលបានបដិសេធឧត្តមភាពរបស់រ៉ូម និងបដិសេធនូវការ ថ្វាយបង្គំរូបសំណាក ព្រមទាំងបានរក្សាថ្ងៃសប្បាតហ៍ពិតប្រាកដទៀតផង។
នៅខាងក្រោយកំពែងចោតដ៏ខ្ពស់ត្រដែតនៃភ្នំទាំងឡាយ គឺជាទីកន្លែងលាក់ខ្លួនរបស់ពួកវ៉លដូ។ ជននិរទេសដ៏ស្មោះត្រង់ទាំងនោះ បានចង្អុល បង្ហាញកូនខ្លួនទៅឯកំពូលភ្នំដ៏ខ្ពស់ៗសំបើម រួចក៏និយាយប្រាប់អំពីព្រះដែល មានព្រះបន្ទូលស្ថិតស្ថេរនៅដូចភ្នំដ៏អស់កល្បជានិច្ចទាំងនោះដែរ។ ព្រះបានបង្កើតភ្នំទាំងឡាយឱ្យឈរមាំមួន ហើយគ្មានដៃមនុស្សណាអាចមកច្រាន ចេញបានឡើយ លើកលែងតែព្រះដ៏មានមហិទ្ធិប្ញទ្ធិគ្មានទីបំផុតប៉ុណ្ណោះ។ ក៏ដូចគ្នានឹងការដែលទ្រង់កសាងច្បាប់របស់ព្រះអង្គដែរ ដៃរបស់មនុស្សពុំអាចដកភ្នំពីគ្រឹះរបស់វា រួចបោះចោលទៅក្នុងសមុទ្របានឡើយ យ៉ាងណា មិញ ក៏ពុំអាចប្តូរសិក្ខាបទណាមួយនៃក្រឹត្យវិន័យរបស់ព្រះបានដែរ។ ពួក ធម្មយាត្រាទាំងនោះពុំបានសោកសៅចំពោះភាពលំបាកវេទនានៃជីវិតឡើយ ពួកគេពុំដែលកំព្រាឯកោនៅក្នុងភាពស្ងប់ស្ងាត់របស់ភ្នំឡើយ។ ពួកគេមានអំណរដោយមានសេរីភាពថ្វាយបង្គំព្រះ។ ពួកគេច្រៀងសរសើរព្រះពីច្រាំងកំពូលភ្នំខ្ពស់ ហើយកងទ័ពរ៉ូមមិនអាចបំបិទមាត់ពួកគេមិនឱ្យច្រៀង ថ្លែងអំណរព្រះគុណបានឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។ ធីម៉ូថេទី២ ៤:៥