ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៤) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៦០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ ឯ​ឫស​មាំមួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ ដោយ​បាន​បោះ​ត្រា​ថា ព្រះអម្ចាស់​ទ្រង់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់ ហើយ​ថា ចូរ​ឲ្យ​អស់​អ្នក ដែល​ចេញ​ព្រះនាម​ព្រះអម្ចាស់ ថយ​ចេញ​ពី​សេចក្តី​ទុច្ចរិត​ទៅ។ ធីម៉ូថេទី២ ២:១៩

គោលការណ៍នៃសេចក្តីពិតដែលមានតម្លៃថ្លៃថ្នូរ

ពួកគេបានឱ្យតម្លៃគោលការណ៍នៃសេចក្តីពិត លើសជាងផ្ទះសម្បែង ដីធ្លី មិត្តភក្តិ ញាតិសន្តាន និងជីវិតខ្លួនទៅទៀត។ ពួកគេបានបង្ហាត់បង្រៀន យុវជន ឱ្យគោរពកោតខ្លាចដល់បញ្ញត្តិរបស់ព្រះ តាំងតែពួកវានៅតូចៗម៉្លេះ។ ព្រះគម្ពីរខ្សត់ណាស់ ម៉្លោះហើយ ខសំខាន់ៗ ត្រូវទន្ទេញចាំមាត់។ មានច្រើននាក់អាចសូត្រឡើងវិញនូវផ្នែកធំៗនៃគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីបាន។

ពួកគេបានទទួលការអប់រំតាំងពីវ័យកុមារ ឱ្យទ្រាំទ្រចំពោះភាព លំបាកវេទនា និងឱ្យចេះគិត និងធ្វើកិច្ចការសម្រាប់ខ្លួនឯង។ គេត្រូវបាន បង្រៀនឱ្យចេះទទួលខុសត្រូវ ឱ្យចេះប្រុងប្រយ័ត្នក្នុងការនិយាយស្តី និងឱ្យចេះយល់ដឹងនូវប្រាជ្ញានៃការស្ងៀមស្ងាត់។ ពាក្យមិនគប្បីមួយម៉ាត់ ដែលឮ ដល់ត្រចៀកសត្រូវ អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតបងប្អូនខ្លួនរាប់រយ នាក់ ដូចសត្វចចកស្វែងរកចំណីជាយ៉ាងណា ពួកសត្រូវនៃសេចក្តីពិត ក៏ដេញ តាមចាប់អស់អ្នកដែលហ៊ានអះអាងថា មានសិទ្ធិសេរីភាពខាងជំនឿសាសនា ជាយ៉ាងនោះដែរ។

ពួកវ៉លដូ បានព្យាយាមរកចិញ្ចឹមជីវិតដោយអំណត់យ៉ាងខ្លាំង។ គ្រប់ ទីកន្លែងក្នុងចំណោមភ្នំទាំងឡាយដែលអាចកាប់គាស់ភ្ជួររាស់បាន គេបានធ្វើដោយយកចិត្តទុកដាក់បំផុត។ សេដ្ឋកិច្ច និងការលះបង់ខ្លួន បានបង្កើត ជាផ្នែកមួយនៃការសិក្សាអប់រំ ដែលកូនៗទាំងឡាយបានទទួល។ ការងារ ហត់នឿយមែន ប៉ុន្តែ បានផលល្អ ជាអ្វីដែលមនុស្សត្រូវការនៅក្នុងសភាព ដុនដាបរបស់ខ្លួន។ គេបានបង្រៀនពួកយុវជនថា ឥទ្ធិពលទាំងអស់របស់ ខ្លួនជារបស់ផងព្រះ ហើយឥទ្ធិពលទាំងនោះត្រូវពង្រឹង និងពង្រីកសម្រាប់ កិច្ចការបម្រើព្រះ។

ក្រុមជំនុំវ័រឌយស៍ (Vaudois ពួកវ៉លដូ) មានសភាពប្រហាក់ប្រហែល គ្នានឹងក្រុមជំនុំនៅសម័យពួកសាវ័កដែរ។ ពួកគេបានបដិសេធឧត្តមភាព របស់ស្តេចប៉ាប និងពួកសង្ឃជាន់ខ្ពស់ ពួកគេកាន់ព្រះគម្ពីរ ទុកជាអាជ្ញាច្បាប់ ដ៏ឧត្តមតែមួយគត់ដែលមិនចេះខុស។ គ្រូគង្វាលរបស់ពួកគេ (មិនដូចជាពួកសង្ឃដ៏អ៊ឹកធឹកនៃរ៉ូមទេ) បានឱ្យចំណីដល់ហ្វូងចៀមរបស់ព្រះ ដឹកនាំចៀម ទៅរកវាលស្មៅខៀវខ្ចី ហើយនិងប្រភពទឹករស់នៃព្រះបន្ទូលបរិសុទ្ធរបស់ ទ្រង់។ ពួកគេមិនថ្វាយបង្គំព្រះនៅក្នុងវិហារស្តុកស្តម្ភ ឬខ្ពស់ស្កឹមស្កៃឡើយ គឺនៅក្នុងជ្រលងភ្នំអាល់វិញ ហើយក្នុងពេលមានអាសន្ន គេជួបជុំនៅក្រោម របាំងថ្មមាំមួន ដើម្បីស្តាប់ព្រះបន្ទូលនៃសេចក្តីពិតពីអ្នកបម្រើរបស់ព្រះ គ្រីស្ទ។ លោកគ្រូគង្វាលមិនគ្រាន់តែអធិប្បាយព្រះបន្ទូលតែប៉ុណ្ណោះទេ គាត់បានទាំងសួរសុខទុក្ខអ្នកជំងឺ បង្រៀនណែនាំពួកក្មេងៗធ្វើឱ្យមាន សាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងគ្នា និងគ្នា ជាបងជាប្អូន។ ក៏ដូចសាវ័កប៉ុលដែលជាអ្នកធ្វើតង់ដែរ គេម្នាក់ៗសុទ្ធតែបានរៀនវិជ្ជាជីវៈខ្លះទុកជារបរ ដើម្បីឧបត្ថម្ភខ្លួនកាលបើមានការចាំបាច់។

ពួកយុវជនបានទទួលការណែនាំអំពីគ្រូគង្វាលរបស់ខ្លួន។ រាល់ ពេលរៀនសូត្រ ជាទូទៅគេតែងតែយកព្រះគម្ពីរ ធ្វើជាគោលនៃការសិក្សា។ ដំណឹងល្អតាមលោកម៉ាថាយ និងយ៉ូហាន ព្រមទាំងសំបុត្រទាំងឡាយរបស់ពួកសាវ័ក ត្រូវបានរៀនទន្ទេញចាំមាត់។

ពួកគេបានចម្លងបទគម្ពីរមួយខម្តងៗ ដោយទ្រាំទ្រក្នុងការងារមិនចេះនឿយហត់ ជួនកាលនៅក្នុងរូងដីជ្រៅហើយងងឹត មានតែពន្លឺភ្លើងចន្លុះ ប៉ុណ្ណោះ។ ពពួកទេវតាពីនគរស្ថានសួគ៌បានមកចោមព័ទ្ធជុំវិញអស់អ្នកធ្វើការស្មោះត្រង់ទាំងនោះ។

សាតាំងបានជំរុញពួកសង្ឃ និងពួកសង្ឃជាន់ខ្ពស់នៃវិហារកាតូលិករ៉ូម ឱ្យកប់ចោលនូវព្រះបន្ទូលនៃសេចក្តីពិត នៅខាងក្រោមគំនរសំរាមនៃ សេចក្តីខុសឆ្គង ហើយនិងជំនឿអកុសល ប៉ុន្តែ ព្រះបន្ទូលនៃសេចក្តីពិតបានស្ថិតនៅក្នុងសភាពដ៏អស្ចារ្យដោយមិនពុករលួយ ទូទាំងយុគសម័យនៃភាព ងងឹត។ មិនខុសអំពីទូកនៅលើរលកទឹកជ្រៅឡើយ ទោះបីព្យុះសង្ឃរាគំរាមកំហែងដោយក្តីអន្តរាយយ៉ាងណាក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះនៅតែ អណ្តែតជានិច្ច។ អណ្តូងរ៉ែសំបូរដោយមាស និងប្រាក់នៅពីខាងក្រោមផ្ទៃដីជាយ៉ាងណា ព្រះគម្ពីរបរិសុទ្ធក៏មានកំណប់នៃសេចក្តីពិត ដែលនឹងបញ្ចេញឱ្យឃើញចំពោះតែអ្នកណាដែលខំស្វែងរកដោយសុភាពរាបសា និងដោយសេចក្តីអធិស្ឋានដ៏អស់អំពីចិត្តយ៉ាងនោះដែរ។ ព្រះទ្រង់បានរៀបរៀងព្រះ គម្ពីរសម្រាប់ជាសៀវភៅមេរៀន ដល់មនុស្សគ្រប់ជំពូកទុកជាការបើក សម្តែងអំពីរូបអង្គទ្រង់ផ្ទាល់។ រាល់ទាំងការយល់ដឹងនៃសេចក្តីពិត គឺជាការបើកសម្តែងដ៏ភ្លឺស្វាងនូវចរិតលក្ខណៈរបស់ព្រះដ៏ជាអ្នកនិពន្ធ។

ពួកគេបានបញ្ជូនពួកយុវជនខ្លះពីសាលារៀននៅលើភ្នំ ឱ្យទៅរៀននៅគ្រឹះស្ថានសិក្សានៅប្រទេសបារាំង និងអ៊ីតាលី ជាកន្លែងដែលមានមុខវិជ្ជា សិក្សាទូលំទូលាយជាងគេនៅក្នុងតំបន់ភ្នំភូមិកំណើតរបស់ខ្លួន។ យុវជន ដែលបានបញ្ជូនទៅនោះ ត្រូវបានជួបនឹងសេចក្តីល្បួងល្បង។ ពួកគេបាន ប្រឈមមុខនឹងភ្នាក់ងាររបស់សាតាំង ដែលជំរុញសេចក្តីបង្រៀនខុសឆ្គង និង ការបោកបញ្ឆោតដ៏គ្រោះថ្នាក់យ៉ាងប៉ិនប្រសប់បំផុតទៅលើពួកគេ ប៉ុន្តែ ការ អប់រំតាំងតែពីវ័យកុមារមក បានរៀបចំពួកគេសម្រាប់ការទាំងនេះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ​ទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។ ធីម៉ូថេទី២ ៤:៥

Powered by CAM