ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៤) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៦២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹងទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្តី​ពិត​វិញ។ ធីម៉ូថេទី២ ២:២៥

បាបជនត្រូវបានតម្រង់ទៅឯព្រះគ្រីស្ទ

ពួកវ៉លដូ មានចំណង់ចង់ចែកចាយដល់ព្រលឹងស្រេកឃ្លានទាំងនេះ នូវព្រះរាជសារនៃសេចក្តីសុខសន្តិភាព ហើយនិងចង់ប្រាប់គេថា ព្រះគ្រីស្ទជាសេចក្តីសង្ឃឹមរបស់គេតែមួយគត់នៃសេចក្តីសង្គ្រោះ។ ចំពោះគោលលទ្ធិ ដែលថា ការប្រព្រឹត្តល្អអាចលោះនូវការរំលងច្បាប់របស់ព្រះបាន ពួកគេ ចាត់ទុកថាជាលទ្ធិកុហកវិញ។ គុណសម្បត្តិរបស់ព្រះអង្គសង្គ្រោះដែលបានសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ គឺជាគោលនៃជំនឿ របស់អ្នកគ្រីស្ទាន។ ការពឹងផ្អែកនៃព្រលឹងវិញ្ញាណទៅលើព្រះគ្រីស្ទ ត្រូវតែ តភ្ជាប់ឱ្យបានកៀកស្និទ្ធ ដូចគ្នានឹងអវយវៈទៅនឹងរាងកាយ ឬដូចជាមែកទៅ នឹងដើមយ៉ាងនោះដែរ។

សេចក្តីបង្រៀនរបស់ពួកប៉ាប និងពួកសង្ឃ បានដឹកនាំមនុស្សឱ្យ មើលទៅចរិតលក្ខណៈរបស់ព្រះ ព្រមទាំងព្រះគ្រីស្ទ ថាប្រកបដោយភាព តឹងរ៉ឹង ហើយនិងប្រកបដោយការហាមប្រាម ថាទ្រង់ពុំមានសេចក្តីអាណិត អាសូរទាល់តែសោះដល់មនុស្ស រហូតដល់ត្រូវអំពាវនាវដល់ពួកសង្ឃ និង សន្តបុគ្គល។ ចំពោះអស់អ្នកដែលមានចិត្តគំនិតភ្លឺស្វាង គេមានចំណង់ចង់ ជម្រះឱ្យស្រឡះនូវរបាំងទាំងឡាយដែលសាតាំងបានបង្គរឡើង ប្រយោជន៍ឱ្យមនុស្សអាចចូលមកឯព្រះដោយផ្ទាល់ លន់តួបាបរបស់ខ្លួន ដើម្បីទទួល ការអត់ទោស និងសុខសន្តិភាព។


ការឈ្លានពាននគររបស់សាតាំង

បេសកជនវ័រឌយស៍ បានចម្លងផ្នែកខ្លះៗនៃបទគម្ពីរបរិសុទ្ធ ដោយ ប្រុងប្រយ័ត្នជាទីបំផុត។ ពន្លឺនៃសេចក្តីពិត ក៏បានជ្រួតជ្រាបដល់មនុស្សជា ច្រើនដែលមានគំនិតងងឹត រហូតដល់ព្រះសុរិយានៃសេចក្តីសុចរិត ចាំងជះ រស្មីព្យាបាលរបស់ព្រះអង្គទៅក្នុងចិត្តមនុស្ស។ ជារឿយៗ អ្នកស្តាប់ចង់ឱ្យគេអានអត្ថបទខ្លះនៃបទគម្ពីរម្តងហើយម្តងទៀត ដើម្បីបញ្ជាក់ថាខ្លួនបានស្តាប់ឮច្បាស់លាស់។

មនុស្សជាច្រើនបានឃើញថា ការដែលមនុស្សធ្វើជាអ្នកកណ្តាលឱ្យបាបជន គឺជាអំពើដ៏អសារឥតការមែន។ ពួកគេបានឧទានឡើងដោយ អំណរថា៖ «ព្រះគ្រីស្ទគឺជាសង្ឃរបស់ខ្ញុំ ព្រះលោហិតទ្រង់ជាយញ្ញបូជារបស់ខ្ញុំ អាសនាទ្រង់ជាទីលន់តួទោសរបស់ខ្ញុំ» ។ជំនន់នៃពន្លឺដែលបានបង្ហូរមក​លើពួកគេ នោះច្រើនសម្បើមណាស់ ធ្វើឱ្យគេហាក់ដូចជាបានលើកឡើងទៅកាន់ស្ថានសួគ៌ដូច្នោះ។ គ្រប់ទាំងការភ័យខ្លាចចំពោះសេចក្តីស្លាប់ ត្រូវ បានរលាយបាត់អស់។ ឥឡូវនេះប្រសិនបើគេជាប់គុកដោយព្រោះការលើកតម្កើងព្រះអង្គប្រោសលោះរបស់ខ្លួន ក៏គេមិនខ្លាចដែរ។

ព្រះបន្ទូលព្រះ ត្រូវបានយកចេញមកអាននៅទីស្ងាត់ ជួនកាលអាន ឱ្យមនុស្សម្នាក់ស្តាប់ ជួនក្រុមតូចដែលចង់ឃើញពន្លឺ។ ជារឿយៗគេបាន ចំណាយពេលពេញមួយយប់តែម្តង សម្រាប់អានជារបៀបនេះ។ ជារឿយៗ មានការលាន់មាត់ថា៖ «តើព្រះអង្គនឹងទទួលតង្វាយរបស់ខ្ញុំមែនឬ? តើទ្រង់ នឹងញញឹមដាក់ខ្ញុំឬទេ? តើទ្រង់នឹងអត់ទោសឱ្យខ្ញុំមែនឬ?» ចម្លើយបានចែង ថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាឈប់សម្រាក»។ ម៉ាថាយ ១១:២៨។

ព្រលឹងដ៏សប្បាយរីករាយទាំងនោះ បានត្រឡប់ទៅកាន់ស្រុកភូមិ របស់ខ្លួនវិញ ដើម្បីចែកចាយពន្លឺ និងដើម្បីផ្សព្វផ្សាយប្រាប់ដល់អ្នកដទៃអំពីការពិសោធថ្មីរបស់គេ តាមតែខ្លួនអាចធ្វើទៅបាន។ ពួកគេបានរកឃើញផ្លូវ ដ៏ពិត ហើយមានជីវិត! បទគម្ពីរបានមានបន្ទូលដល់ចិត្តរបស់អស់អ្នកដែលប៉ងចង់បានសេចក្តីពិត។

អ្នកនាំសារនៃសេចក្តីពិត បានធ្វើដំណើរចេញទៅ។ នៅក្នុងករណី ភាគច្រើន អ្នកស្តាប់របស់គេពុំបានសួរថា តើមកពីពេលណា ឬទៅវិញនៅ ពេលណាទេ។ ពួកគេមានការរំជួលចិត្តជាខ្លាំងបានជាពុំបាននឹកគិតសួរពី សំណួរដូច្នោះឡើយ។ គេនឹកក្នុងចិត្តថា តើគាត់ជាទេវតាមកអំពីស្ថានសួគ៌ ឬ?

ក្នុងករណីភាគច្រើន អ្នកនាំសារនៃសេចក្តីពិតបានធ្វើដំណើរទៅ កាន់ស្រុកផ្សេងទៀត ឬក៏បាត់បង់ជីវិតនៅក្នុងគុកងងឹត ឬប្រហែលត្រូវរលេះរលួយនៅសល់តែឆ្អឹងនៅនឹងទីកន្លែងដែលគាត់បានធ្វើបន្ទាល់អំពីសេចក្តី ពិតក៏មាន។ ប៉ុន្តែ ពាក្យពេចន៍ដែលគាត់បានបន្សល់ទុកនៅខាងក្រោយបានធ្វើការនៅក្នុងចិត្តមនុស្ស។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ​ទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។ ធីម៉ូថេទី២ ៤:៥

Powered by CAM