ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៨៤

លោកលូធើរបានញាប់ញ័រ នៅពេលគាត់មើលមកកាន់ខ្លួនឯង ជា មនុស្សម្នាក់ដែលប្រឆាំងនឹងអំណាចដ៏ខ្លាំងបំផុតនៃផែនដី។ គាត់បាន សរសេរថា «តើខ្ញុំជានរណាដែលហ៊ានជំទាស់នឹងព្រះករុណាព្រះមហា សង្ឃរាជ ធ្វើឱ្យស្តេចទាំងឡាយនៃផែនដី និងលោកីយ៍ទាំងមូលញាប់ញ័រ នោះ?...គ្មាននរណាម្នាក់អាចដឹងថាខ្ញុំបានរងទុក្ខដល់ប៉ុនណា ក្នុងអំឡុង​ពីរឆ្នាំ​ដំបូង ហើយតូចចិត្តប៉ុនណានោះដែរទេ ខ្ញុំហាក់បីដូចជាអស់សង្ឃឹមទៅ ហើយ។»១៤​។ ប៉ុន្តែ នៅពេលសេចក្តីពឹងផ្អែករបស់មនុស្សបាបបរាជ័យទៅ គាត់បានមើលទៅឯព្រះវិញ។ ព្រោះគាត់អាចផ្តេកខ្លួនដោយក្តីសុខសាន្តទៅក្នុងព្រះហស្តដ៏មានព្រះចេស្តា។

លូធើរបានសរសេរទៅមិត្តរបស់គាត់ម្នាក់ថា៖ «កាតព្វកិច្ចទីមួយ របស់សម្លាញ់ គឺត្រូវចាប់ផ្តើមដោយការអធិស្ឋាន...។ កុំសង្ឃឹមអ្វីពីការងារឬពីការយល់ដឹងរបស់ឯងឡើយ៖ តែត្រូវទុកចិត្តទាំងស្រុងទៅលើព្រះ ហើយនិងទៅក្នុងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់វិញ »១៥។ នេះជាមេរៀន ដ៏សំខាន់បំផុត ចំពោះអ្នកដែលមានអារម្មណ៍ថា ព្រះបានហៅគេមកដើម្បី បើកបង្ហាញសេចក្តីពិតដ៏ភ្លឺត្រចះត្រចង់ដល់អ្នកដទៃសម្រាប់សម័យនេះ។ ព្រោះ ក្នុងការប៉ះទង្គិចជាមួយអំណាចអាក្រក់ យើងត្រូវការអ្វីមួយដែលលើសជាងបញ្ញានិងឧត្តមគតិរបស់មនុស្សទៅទៀត។

លូធើរពឹងផ្អែកលើព្រះគម្ពីរមួយប៉ុណ្ណោះ

នៅពេលពួកសត្រូវទាំងឡាយ ពឹងផ្អែកទៅនឹងទំនៀមទម្លាប់ និង ប្រពៃណី លូធើរបានទប់ទល់នឹងពួកគេជាមួយនិងព្រះគម្ពីរប៉ុណ្ណោះ ដោយបង្ហាញភ័ស្តុតាងដែលគេឆ្លើយពុំបាន។ សេចក្តីអធិប្បាយ និងសំណេររបស់ លោកលូធើរ បានបញ្ចាំងកាំរស្មីដាស់រំលឹក និងបំភ្លឺមនុស្សរាប់ពាន់នាក់។ ព្រះបន្ទូលរបស់ព្រះ គឺដូចជាដាវមុខពីរ ចាក់ទម្លុះចិត្តនៃពួកបណ្តាជន។ ភ្នែក របស់ពួកបណ្តាជនដែលសម្លឹងទៅសាសនពិធីរបស់មនុស្ស និងអ្នកសម្រុះសម្រួលជាយូរមកហើយនោះ ឥឡូវគេងាកដោយជំនឿ មកឯព្រះគ្រីស្ទ និង ការជាប់ឆ្កាងរបស់ទ្រង់វិញ។

សេចក្តីចាប់ចិត្តយ៉ាងខ្លាំងដែលរាលដាលពាសពេញនេះ ធ្វើឱ្យ អាជ្ញាធរនៃវិហាររ៉ូមភ័យខ្លាច។ ម៉្លោះហើយ គេក៏បានកោះហៅលូធើរមកឯ ក្រុងរ៉ូម។ មិត្តភក្តិទាំងឡាយរបស់គាត់បានដឹងយ៉ាងច្បាស់ពីសេចក្តីគ្រោះថ្នាក់ ដែលគម្រាមកំហែងដល់គាត់នៅក្នុងទីក្រុងដ៏ពុករលួយនោះ ជាទីក្រុងដែលបានស្រវឹងដោយឈាមរបស់ពួកប្តូរបង់ជីវិតដើម្បីព្រះយេស៊ូវ។ ពួកគេបានធ្វើសំណូមពរឱ្យគេចោទសួរនៅប្រទេសអាល្លឺម៉ង់វិញ។

ការនេះបានចាប់ផ្តើមឡើង ហើយសម្តេចសង្ឃក៏បានចាត់ សង្ឃទូតឱ្យមកកាត់ក្តី។ នៅក្នុងសេចក្តីបង្គាប់ដល់ភ្នាក់ងារនេះ មានចែងថា លូធើរត្រូវជាប់ឈ្មោះជាអ្នកកាន់លទ្ធិខុសឆ្គងរួចស្រេចទៅហើយ។ ដូច្នេះ សង្ឃទូត «ត្រូវផ្តន្ទាទោស ហើយនិងបង្ខំលោកឱ្យព្រមតាម ដោយឥតបង្អែ បង្អង់ឡើយ»។ គេបានឱ្យអំណាចដល់សង្ឃទូត ឱ្យ «ដាក់កំហិតយ៉ាងតឹង តែងដល់លោក ក្នុងគ្រប់ទីកន្លែងនៃប្រទេសអាល្លឺម៉ង់ ឱ្យបំបរបង់ ដាក់ បណ្តាសា ព្រមទាំងផ្តាច់ខ្សែរយៈដល់អស់អ្នកដែលទាក់ទងនឹងលោក» ពោលគឺត្រូវកាត់កាលមនុស្សទាំងអស់ ទោះជាមានមុខតំណែងក្នុងវិហារ ឬ ក្នុងរដ្ឋក្តី ដែលមិនព្រមចាប់លូធើរហើយនិងអ្នកកាន់លទ្ធិរបស់គាត់ មកឱ្យ រ៉ូមសងសឹក លើកលែងតែព្រះចៅអធិរាជប៉ុណ្ណោះ។

ក្នុងឯកសារនោះ មិនឃើញមានស្លាកស្នាមនៃគន្លងធម៌គ្រីស្ទាន ឬ សេចក្តីយុត្តិធម៌អ្វីទាល់តែសោះ។ លូធើរគ្មានឱកាសអ្វីនឹងពន្យល់ឬការពារស្ថានភាពរបស់គាត់សោះ តែបែរជាត្រូវគេប្រកាសថាជាជនបែកឆ្វេងម្នាក់ទៅវិញ ហើយក្នុងថ្ងៃដដែលនោះឯង គេបានទិតៀន ចោទប្រកាន់កាត់ ទោស ហើយនិងផ្តន្ទាទោសទៀតផង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះយេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សំរេច។ សុភាសិត​ ១៦:៣

Powered by CAM