ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៩៨

ការខិតខំសម្របសម្រួលជាមួយរ៉ូម

សម្តេចហ្រ្វិដដឺរិកនៃសាក់សូនី បានលាក់បាំងអារម្មណ៍ពិតប្រាកដ របស់ព្រះអង្គចំពោះអ្នកកែទម្រង់។ ក្នុងពេលជាមួយគ្នា ទ្រង់បានការពារគាត់ ដោយការឃ្លាំមើលដ៏មិនចេះនឿយហត់ ដោយចាំមើលចលនារបស់គាត់ និងចលនារបស់សត្រូវរបស់គាត់។ ប៉ុន្តែ មានមនុស្សជាច្រើនដែលមិនខ្លាច នឹងបញ្ចេញសេចក្តីអាណិតមេត្តាដល់លូធើរឡើយ។ «បន្ទប់ដ៏តូចរបស់ លោកបណ្ឌិត» លោកស្ប៉ាឡាធិនបានសរសេរ «មិនអាចផ្ទុកអ្នកមកលេង ទាំងអស់បានទេ»២៦។សូម្បីតែអ្នកដែលគ្មានជំនឿដល់លទ្ធិរបស់គាត់សោះ ក៏ទប់ការកោតសរសើរមិនបានដែរ ចំពោះសេចក្តីសុចរិតដែលនាំគាត់ទៅកាន់មរណភាពដ៏ក្លាហាន ជាជាងបំពានសតិសម្បជញ្ញៈរបស់ខ្លួន។

គេបានខិតខំយ៉ាងខ្លាំង ដើម្បីទទួលការអនុញ្ញាតពីលូធើរ ឱ្យសម្រប សម្រួលជាមួយរ៉ូម។ ពួកអភិជន និងពួកក្សត្របានមានបន្ទូលដល់គាត់ថា បើគាត់នៅតែថ្កោលទោសវិហារហើយនិងក្រុមប្រឹក្សាទៀត នោះគេនឹងបំបរ បង់គាត់ចេញពីចក្រភព ហើយនឹងគ្មានអ្វីការពារខ្លួនឡើយ។ គេបានជំរុញ គាត់ម្តងទៀត ឱ្យចុះចូលទៅនឹងការជំនុំជម្រះរបស់ព្រះចៅអធិរាជ នោះទើបនឹងគ្មានអ្វីគួរឱ្យភ័យខ្លាចឡើយ។ គាត់បានតបវិញថា «ទូលបង្គំអនុញ្ញាត ដោយអស់ពីចិត្តទូលបង្គំ ថាព្រះចៅអធិរាជ ពួកក្សត្រ ហើយសូម្បីតែអ្នកគ្រីស្ទាន ដ៏មានចិត្តអាក្រក់ជាងគេក៏ដោយ គួរត្រួតពិនិត្យ ហើយវិនិច្ឆ័យកិច្ចការរបស់ទូលបង្គំចុះ ប៉ុន្តែនៅក្នុងល័ក្ខខ័ណ្ឌមួយ គឺថា គេត្រូវយកព្រះបន្ទូលរបស់ព្រះជាខ្នាតរបស់គេ។ មនុស្សលោកគ្មានអ្វីទៀតនឹងធ្វើទេ មានតែស្តាប់បង្គាប់ តាមប៉ុណ្ណោះ»។

ចំពោះការអំពាវនាវមួយទៀត គាត់មានប្រសាសន៍ថា៖ «ទូលបង្គំ យល់ព្រមលះបង់លិខិតឆ្លងកាត់របស់ទូលបង្គំ។ ទូលបង្គំដាក់ខ្លួនប្រាណ ទូលបង្គំ និងជីវិតទូលបង្គំក្នុងព្រះហស្តព្រះចៅអធិរាជ ប៉ុន្តែចំពោះព្រះបន្ទូលរបស់ព្រះវិញ មិនអាចធ្វើទៅបានឡើយ»២៧ គាត់បានថ្លែងប្រាប់ការស្ម័គ្រ ចិត្តចុះចូលនឹងក្រុមប្រឹក្សាទូទៅ ប៉ុន្តែ ក្នុងល័ក្ខខ័ណ្ឌថាក្រុមប្រឹក្សាត្រូវ សម្រេចសេចក្តីទៅតាមបទគម្ពីរវិញ។ «ក្នុងអ្វីៗដែលស្តីអំពីព្រះបន្ទូលរបស់ ព្រះ និងជំនឿនោះ គ្រប់ទាំងអ្នកគ្រីស្ទានគឺជាចៅក្រមកាត់ក្តីត្រឹមត្រូវដូចជាសម្តេចប៉ាបដែរ បើទោះជាមានក្រុមប្រឹក្សារាប់លានគាំទ្រលោកក៏ដោយ »។ ទីបំផុត ទាំងមិត្តភក្តិ និងបច្ចាមិត្ត បានយល់ជាក់ច្បាស់ថាការ ខិតខំបន្ថែម​ទៀត ដើម្បីរកការផ្សះផ្សាគ្នា ជាការឥតប្រយោជន៍ទេ។

ប្រសិនបើអ្នកកែទម្រង់បានចុះចូលតែចំណុចមួយនោះ សាតាំងនិងពួកបរិវាររបស់វានឹងទទួលជ័យជម្នះទៅហើយ។ ប៉ុន្តែភាពម៉ឺងម៉ាត់ដ៏មិនរេរារបស់គាត់ ជាមធ្យោបាយរំដោះក្រុមជំនុំ។ ឥទ្ធិពលរបស់ជនម្នាក់នេះ ដែល ហ៊ានគិត ហើយប្រព្រឹត្តសម្រាប់ខ្លួនផ្ទាល់ គឺបានបំប្រែបំប្រួលវិហារ និង ពិភពលោកទៀតផង មិនត្រឹមតែនៅក្នុងសម័យគាត់ទេ តែនៅអស់ទាំងគ្រា អនាគតផងដែរ។

បន្ទាប់ពីគាត់បានចាកចេញទៅ លូធើរមិនចង់ឱ្យគេច្រឡំថាភាព ម៉ឺងម៉ាត់របស់គាត់ ជាការបះបោរទេ ដូច្នេះគាត់ក៏បានសរសេរទៅព្រះចៅ អធិរាជថា៖ «ទូលបង្គំរួចរាល់នឹងស្តាប់បង្គាប់តាមព្រះករុណាយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិត្តិយស ឬការអាប់យស ក្នុងជីវិត ឬក្នុងសេចក្តីស្លាប់ ហើយដោយ គ្មានការលើកលែងអ្វីឡើយ វៀរលែងតែព្រះបន្ទូលរបស់ព្រះ ដែលចិញ្ចឹម ជីវិតរបស់មនុស្សប៉ុណ្ណោះ...។ នៅពេលណាមានរឿងដែលស្តីពីអនន្តភាព គឺព្រះទេដែលមានព្រះហប្ញទ័យ ពុំមែនមនុស្សត្រូវចុះចូលនឹងមនុស្សឡើយ។ ព្រោះការចុះចូលក្នុងរឿងខាងព្រលឹងវិញ្ញាណ គឺជាការគោរពថ្វាយ បង្គំពិតមែនហើយៗ គួរគប្បីធ្វើទៅដល់ព្រះអាទិករតែមួយព្រះអង្គ ប៉ុណ្ណោះ »។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។ សុភាសិត​ ១៨:៤

Powered by CAM