ថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៩) ​

ពន្លឺឆេះឡើងនៅប្រទេសស្វ៊ីស

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះនាម​ព្រះយេហូវ៉ា ជាប់​ប៉ម​មាំមួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ។ សុភាសិត​ ១៨:១០

ពីរឬបីសប្តាហ៍បន្ទាប់ពីកំណើតលូធើរ ក្នុងខ្ទមរបស់អ្នកជីករ៉ែនៅ ប្រទេសសាក់សូនី ឧលរិក ស្វិងកាលី† (Ulric Zwingli) ក៏បានកើតមកនៅក្នុងខ្ទមរបស់អ្នកគង្វាលសត្វនៅឯជួរភ្នំអាល់ដែរ។ ដោយទទួលការចិញ្ចឹមបីបាច់នៅក្នុងកណ្តាលទស្សនីយភាពនៃធម្មជាតិដ៏ពោរពេញទៅដោយសភាព រុងរឿងឧត្តម គំនិតដ៏ក្មេងខ្ចីរបស់គាត់បានចាប់អារម្មណ៍ទៅលើអំណាចព្រះចេស្តារបស់ព្រះ។ នៅក្បែរជីដូនរបស់គាត់ គាត់បានស្តាប់រឿងដ៏វិសេសខ្លះៗ នៃព្រះគម្ពីរ ដែលជីដូនគាត់បានប្រមូលមកពីក្នុងរឿងព្រេង ហើយនិង ទំនៀមទម្លាប់នៃវិហារ។

កាលមានអាយុ១៣ឆ្នាំ គាត់បានទៅក្រុងបឺន ដែលកាលនោះមានសាលាដ៏វិសេសបំផុតប្រចាំប្រទេសស្វ៊ីស។ ក៏ប៉ុន្តែមានគ្រោះកាចកើតឡើងនៅទីនោះ ព្រោះពួកសង្ឃថ្នាក់ទាបបានព្យាយាមលួងលោមគាត់ឱ្យបួស ចូលទៅក្នុងទីវត្តអារាម។ ដោយសារទិព្វញ្ញាណថ្នាក់ថ្នមរបស់ព្រះ ឪពុកគាត់ក៏បានទទួលព័ត៌មានស្តីអំពីគម្រោងការរបស់ពួកសង្ឃ។ គាត់យល់ថាអនាគត ដ៏ប្រពៃរបស់កូនគាត់កំពុងស្ថិតនៅក្នុងភាពមិនស្រួល រួចក៏ណែនាំឱ្យត្រឡប់ មកផ្ទះវិញ។

បទបញ្ជាត្រូវបានស្តាប់បង្គាប់ដូចចិត្ត ប៉ុន្តែ យុវជនយើងពុំអាចស្កប់ ចិត្តនៅក្នុងស្រុកកំណើតរបស់ខ្លួនបានឡើយ មិនយូរប៉ុន្មានគាត់ក៏បន្តការ សិក្សាតទៅទៀត នៅក្រុងបេសុល។ កន្លែងនេះហើយដែលស្វីងកាលីបានឮដំណឹងល្អអំពីព្រះគុណដ៏ឥតគិតថ្លៃរបស់ព្រះ។ លោកគ្រូវិតថឹមបាក់ កាល កំពុងរៀនភាសាក្រិក និងហេព្រើរ ក៏បានអានព្រះគម្ពីរបរិសុទ្ធ ម៉្លោះហើយ កាំរស្មីនៃពន្លឺពិសិដ្ឋ បានបញ្ចាំងចូលទៅក្នុងគំនិតនៃពួកសិស្សរបស់គាត់។ គាត់បានថ្លែងថា ជីវង្គតរបស់ព្រះគ្រីស្ទ គឺជាថ្លៃលោះបាបតែមួយគត់ សម្រាប់បាបជន។ ចំពោះស្វីងកាលី ពាក្យទាំងនេះគឺជារស្មីដែលរះឡើងនៅ ពេលព្រលឹម។

មិនយូរប៉ុន្មាន ស្វីងកាលីត្រូវបានហៅចេញអំពីក្រុងបេសុល ឱ្យទៅ បំពេញការងារ។ បេសកកម្មដំបូងរបស់គាត់ គឺនៅតំបន់អាល់ផាញ។ គាត់បានទទួលការចាក់ប្រេងតាំងជាសង្ឃ គាត់ «បានបូជាខ្លួន និងព្រលឹងទាំង ស្រុង ដើម្បីតាមស្វែងរកសេចក្តីពិតរបស់ព្រះ»។

នៅពេលគាត់ស្រាវជ្រាវបទគម្ពីរច្រើនកាលណា គាត់បានឃើញច្បាស់ លាស់ច្រើនកាលនោះអំពីការផ្ទុយគ្នាស្រឡះរវាងសេចក្តីពិត ហើយនិង សេចក្តីបង្រៀនខុសឆ្គងរបស់រ៉ូម។ គាត់បានចាត់ទុកថា ព្រះគម្ពីរជាព្រះ បន្ទូលរបស់ព្រះ ជាក្បួនតម្រាតែមួយគត់ដែលមិនចេះខុស។ គាត់បានយល់ ថាព្រះគម្ពីរជាអ្នកបកស្រាយដល់ខ្លួនឯង។ គាត់បានធ្វើការស្រាវជ្រាវ ជាច្រើន ដើម្បីជួយឱ្យខ្លួនគាត់អាចយល់ត្រឹមត្រូវនូវអត្ថន័យរបស់ព្រះបន្ទូល រួចហើយគាត់បានបួងសួងរកជំនួយអំពីព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់មក គាត់ ក៏សរសេរអំពីការពិសោធរបស់គាត់នៅពេលនេះថា៖ «ខ្ញុំបានចាប់ផ្តើមទូលសូមពន្លឺអំពីព្រះអង្គ ពេលនោះបទគម្ពីរក៏មានការងាយស្រួលច្រើនចំពោះ ខ្ញុំ »។

គោលលទ្ធិដែលស្វីងកាលីអធិប្បាយ ពុំមែនបានទទួលមកអំពីលូធើរ ទេ គឺជាគោលលទ្ធិនៃព្រះគ្រីស្ទ។ អ្នកកែទម្រង់ជាតិស្វ៊ីសបានថ្លែងថា «បើ លូធើរអធិប្បាយពីព្រះគ្រីស្ទ នោះគាត់ធ្វើនូវអ្វីដែលខ្ញុំកំពុងធ្វើនោះហើយ...។ ខ្ញុំពុំដែលសរសេរទៅកាន់លូធើរមួយពាក្យណាទេ ហើយលូធើរក៏ពុំដែល សរសេរមកខ្ញុំដែរ។ ចុះហេតុអ្វី?...គឺដើម្បីបង្ហាញថាព្រះវិញ្ញាណនៃព្រះមានឯកភាពគ្នា ព្រោះយើងទាំងពីរនាក់បង្រៀនអំពីគោលលទ្ធិព្រះគ្រីស្ទក្នុង សណ្ឋានដូចគ្នា ដោយគ្មានការប៉ះទង្គិចគ្នាឡើយ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ សុភាសិត​ ១៩:២៣

Powered by CAM